Reading Article
Public date : 24, Aug 2020 (43,464 Read)
ជីវិតនិងពេលវេលា

|
ជីវិតនិងពេលវេលា
គេតែងនិយាយថា ”ពេលវេលា គឺជាមាសប្រាក់” តាមពិតពាក្យនិយាយនេះ មិនទាន់ត្រឹមត្រូវទាំងស្រុងនៅឡើយទេ ព្រោះថាមាសប្រាក់ដែលបាត់បង់ទៅ ជួនកាលអាចរកមកវិញបាន តែពេលវេលាដែលកន្លងទៅ មិនអាចត្រឡប់មកវិញបានទេ។
ដូច្នេះ តម្លៃនៃពេលវេលា មិនអាចរករបស់ខាងក្រៅខ្លួនណាមួយមកវាស់វែងបានឡើយ។ បើពិចារណាឲ្យដិតដល់ទៅ មានតែជីវិតប៉ុណ្ណោះ ដែលអាចវាស់វែងទៅនឹងពេលវេលាបាន ព្រោះថា ជីវិតក៏ជារបស់ដែលបាត់បង់ហើយ មិនអាចត្រឡប់មកវិញបានដូចជាពេលវេលាដែរ។
តាមន័យនៃបរមត្ថធម៌ ពេលវេលាជារបស់ដែលមិនមានដោយសភាវៈត្រឹមតែជាការបញ្ញតិ្ត និងកំណត់ចំណាំឲ្យដឹងគ្នាតែប៉ុណ្ណោះ ឯរបស់ដែលមានពិត គឺការកើតនិងការលត់ទៅនៃតួជីវិតនេះទេ ក៏មិនមានការបញ្ញតិ្ត ឬកំនត់ចំណាំពេលវេលាសម្រាប់ហៅដែរ។ ពេលវេលាកន្លងទៅមួយថ្ងៃ
ជីវិតក៏ត្រូវបាត់បង់អស់មួយថ្ងៃ ពេលវេលាកន្លងទៅមួយខែ ជីវិតក៏ត្រូវបាត់បង់អស់មួយខែ ពេលវេលាទៅមួយឆ្នាំ ជីវិតក៏ត្រូវបាត់បង់អស់មួយឆ្នាំ ពេលវេលាកន្លងទៅច្រើនប៉ុណ្ណា ជីវិតក៏ត្រូវបាត់បង់ទៅច្រើនប៉ុណ្ណោះ។ ![]() ព្រោះហេតុដូច្នោះ មិនគួរទុកដាក់ពេលវេលាស្មើត្រឹមតែមាសប្រាក់ឡើយ ។ យើងអាចនិយាយបានថា ពេលវេលាមានតម្លៃសម្រាប់បំពេញកិច្ចការផ្សេងៗទៀត ក្រៅពីការរកប្រាក់ ព្រោះជីវិតនេះមិនមែនអស់នូវកង្វល់ ដោយគ្រាន់តែមានមាសប្រាក់សោះឡើយ ប្រសិនបើមាសប្រាក់ ពិតជាអាចដោះស្រាយសេចក្ដីទុក្ខគ្រប់យ៉ាងបានមែន ម្ល៉េះសមពួកអ្នកមានទ្រព្យច្រើនលែងចេះឈ្លោះទាស់ទែងគ្នា សម្លាប់គ្នា និងការធ្វើអត្តឃាតទៅហើយ។ ក្នុងសង្គម ធ្លាប់បានឮថា មនុស្សជាច្រើន ពេលដែលគេ បបួលឲ្យស្ដាប់ធម៌ឬសិក្សាព្រះធម៌ តែងតែឆ្លើយថា ”ចង់ដែរ តែមិនមានពេល ព្រោះជាប់ការងារ” នេះគ្រាន់តែជាពាក្យដោះសាប៉ុណ្ណោះ។ សួរថា ពិតជារវល់មែន ហេតុអ្វីក៏មានពេលកម្សាន្តច្រើនម្ល៉េះ? ដូចជា ពេលដើរលេង ពេលជប់លៀង ពេលស្ដាប់ចម្រៀង ពេលនិយាយដើមគេ ពេលមើលទូរទស្សន៏ជាដើម។ ដូច្នេះ ការឆ្លើយថា “ ដែលខ្ញុំស្ដាប់ ឬសិក្សាធម៌ មិនបានព្រោះតែខ្ញុំរវល់ពេក” នេះ គឺ ចម្លើយមិនសមហេតុផលទេ ចម្លើយដែលត្រូវគួរឆ្លើយថា “ ការដែលខ្ញុំស្ដាប់ឬ សិក្សាធម៌មិនបាន ព្រោះតែខ្ញុំមិនមានសទ្ធា” នេះទើបសមហេតុផល ព្រោះថាកាលណាមានសទ្ធាហើយ ពិតជាអាចឆ្លៀតពេលបានគ្រប់ៗគ្នាទាំងអស់ បើទុកជាមិនអាចទៅស្ដាប់ ឬសិក្សាផ្ទាល់អំពីព្រះធម្មកថិក ក៏អាចឆ្លៀតស្ដាប់តាមវិទ្យុ ឬកាសែត ឬក៏អានសៀវភៅធម៌នៅតាមផ្ទះបានខ្លះមិនខាន។ ![]() អ្នកខ្លះទៀត មិនមែនថាគេមិនចង់ស្ដាប់ មិនចង់សិក្សាទេ តែគេមានគំនិតជាទុទិដ្ធិនិយមថា ពេលដែលនៅវ័យក្មេង គេមិនទាន់ត្រូវការធម៌ទេ ព្រោះត្រូវប្រកបមុខរបរចិញ្ចឹមជីវិត ដល់ពេលចាស់ គេមុខជានឹងចូលទៅរកធម៌មិនខាន ការនិយាយបែបនេះហាក់ដូចជាច្បាស់ក្នុងចិត្តថា គេមិនស្លាប់ពីក្មេងឡើយ។ សូមផ្ដាំមនុស្សគ្រប់ជំនាន់ថា យើងអាចដាក់កាលវិភាគសម្រាប់ធ្វើការងារផ្សេងៗបាន តែមិនអាចដាក់កាលវិភាគសម្រាប់ស្លាប់បានទេ បើទុកជាចង់ដាក់ ក៏ដាក់មិនត្រូវដែរ វៀរលែងតែមនុស្សធ្វើអត្តឃាត ដោយសេចក្ដីថា ទោះបីជាយើងរវល់រហូតគ្មានពេលចូលបង្គន់ក៏ដោយ តែមិនអាចរវល់រហូតដល់ថ្ងៃស្លាប់នោះទេ។ អ្នកណាទុកពេលវេលាស្មើនឹងមាសប្រាក់ អ្នកនោះឈ្មោះថាទុកជីវិតខ្លួនឯងស្មើនឹងមាសប្រាក់ ហើយស្ម័គ្រចិត្តធ្វើជាទាសកររបស់មាសប្រាក់រហូត។ តាមពិត ជីវិតនេះថ្លៃណាស់ មិនមែនមានតម្លៃស្មើតែនឹងមាសប្រាក់ឡើយ ព្រោះថា បើ ទុកជាមាននរណាម្នាក់យកលុយច្រើនប៉ុណ្ណាមកទិញជីវិតយើងៗ ពិតជាមិនព្រមលក់ដាច់ខាត់។ ថេរៈវេលាចេះតែកន្លង
១០ឆ្នាំ១០ដងមិនយឺនយូរឡើយ ចង់បានសម្រេចត្រូវប្រឹងប្រែងឲ្យហើយ បើនៅកន្តើយពិតជាអស់ពេល
ដោយ៥០០០ឆ្នាំ
|