Reading Article
Public date : 22, Sep 2023 (40,600 Read)
អនិសង្សសីល ៥

|
បញ្ចសីលសមាទានិយត្ថេរាបទាន ក្នុងបិដកលេខ ៧២ ទំព័រ១៧៣។
គ្រានោះ ខ្ញុំកើតជាបុរសអ្នកស៊ីឈ្នួល ក្នុងក្រុងចន្ទវតី ខ្ញុំរវល់តែនឹងការងាររបស់ជនដទៃ មិនបាននូវបព្វជា្ជ។
ខ្ញុំគិតថា បុគ្គលទាំងឡាយ ដែលត្រូវងងឹតធំបិទបាំងហើយរមែងឆេះដោយភ្លើង ៣ យ៉ាង អញគប្បីគេចចេញដោយឧបាយណាហ្ន៍។ អញជាមនុស្សកំព្រា ធ្វើនូវការឈ្នួល ទាំងទេយ្យធម៌ក៏មិនមាន បើដូច្នោះគួរតែអញរក្សាសីល ៥ ឲ្យពេញលេញ។ មានព្រះថេរៈមួយ អង្គឈ្មោះ និសភៈ ជាសាវ័ករបស់ព្រះមុនី ព្រះនាម អនោមទស្សី ខ្ញុំក៏ចូលទៅរក ព្រះថេរៈអង្គនោះ ហើយទទួលនូវសិក្ខាបទទាំង ៥ ក្នុងសម័យនោះ អាយុ (របស់សត្វ) មានប្រមាណមួយសែនឆ្នាំ ខ្ញុំរក្សាសីល ៥ ឲ្យបរិបូណ៍ អស់កាលប៉ុណ្ណោះដែរ។ លុះមរណកាលមកដល់ព្រមហើយ ទេវតាទាំងឡាយលួងលោមខ្ញុំថា នែ អ្នកនិទុ៍ក្ខ រថដែលទឹមដោយសេះ ១ ពាន់នេះ មកប្រាកដដល់អ្នកហើយ។ កាលបើចិត្តជាខាងក្រោយ កំពុងប្រព្រឹត្តទៅ ខ្ញុំបានរំលឹកនូវសីលរបស់ខ្ញុំ ខ្ញុំបានទៅកាន់ឋានតាវត្តឹង្ស ដោយសារអំពើដែលខ្ញុំធ្វើល្អហើយនោះ។ ខ្ញុំបានជាធំជាងទេវតាសោយរាជ្យ មានពួកស្រីអប្សរចោមរោម សោយសេចក្តីសុខដ៏ជាទិព្វអស់ ៣០ ដង។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៧៥ ដង បានសោយរាជ្យប្រទេសដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យជាតិ។ ខ្ញុំចុត្យចាកទេវលោក ត្រូវកុសលមួយដាស់តឿន ក៏មកកើតក្នុងត្រកូលមហាសាលដ៏ស្តុកស្តម្ភ ក្នុងក្រុងសាវត្ថី ។ កាលសាសនារបស់ព្រះជិនស្រី កំពុងរុងរឿង មាតានិងបិតារបស់ខ្ញុំបាន ទទួលនូវសិក្ខាបទទាំង ៥ ក្នុងកាលជិតចូលវស្សា។ ខ្ញុំបានទទួលសីលជាមួយ (និងមាតា) ហើយបានដល់នូវអរហត្ត។ ខ្ញុំមានអាយុ ៥ ឆ្នាំអំពីកំណើត បានដល់នូវអរហត្ត ព្រះពុទ្ធមានចក្ខុ ទ្រង់ជ្រាបនូវគុណ (របស់ខ្ញុំ) ហើយទ្រង់ឲ្យឧបសម្បទាជាភិក្ខុដល់ខ្ញុំ។ ![]() ខ្ញុំរក្សានូវសិក្ខាបទទាំង ៥ ពេញលេញ ខ្ញុំមិនដែលទៅកាន់កំណើត អសុរកាយអស់កប្ប នឹងប្រមាណមិនបានអំពីភទ្ទកប្បនេះ។ ខ្ញុំនោះបានទទួលនូវយស ព្រោះហេតុនៃសីលទាំងនោះ ខ្ញុំកាលសម្តែងនូវកោដិនៃកប្ប គប្បីសម្តែងជាឯកទេស (មួយចំណែកៗ)។ ខ្ញុំរក្សាសីលទាំង ៥ ហើយបាននូវត្រៃហេតុ គឺខ្ញុំជាអ្នកមាន អាយុវែង ១ មានទ្រព្យច្រើន ១ មានប្រាជ្ញាមោះមុត ១ ។ មួយទៀត ខ្ញុំសម្តែងនូវភាពជាខ្លួនជាបុរសដ៏ក្រៃលែងជាងជនទាំងពួង អន្ទោលទៅក្នុងភពតូច និងភពធំ ហើយតែងបាននូវឋានៈទាំងនុះ។ សាវ័កទាំងឡាយ របស់ព្រះជិនស្រីកាលប្រព្រឹត្ត ក្នុងសីលនឹងប្រមាណមិនបាន បើលោកនៅត្រេកអរ ក្នុងភព តើនឹងបានផលដូចម្តេចទៅ។ សីល ៥ ដែលខ្ញុំជាអ្នកស៊ីឈ្នួលគេ មានព្យាយាមប្រព្រឹត្តល្អហើយ ខ្ញុំបានរួចចាកចំណងទាំងពួង ក្នុងថ្ងៃនេះដោយសារសីលនោះ។ ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំរក្សាសីល ៥ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសីល ៥ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថា ព្រះបញ្ចសីលសមាទានិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។ ដកស្រង់ចេញពីសៀវភៅ “ឃរាវាសធម៌”រៀបរៀងដោយ មុនីកោសល្យ នៅ-ហៃឡុន ៕
ដោយ៥០០០ឆ្នាំ |