Reading Article
Public date : 14, May 2022 (10,674 Read)
ថ្ងៃវិសាខបូជា

|
បុណ្យប្រារព្វ (ថ្ងៃទ្រង់ប្រសូត, ទ្រង់ត្រាស់ដឹង, ទ្រង់បរិនិពា្វន)
១.ថ្ងៃទ្រង់ប្រសូត គ្រាកាលព្រះនាងសិរិមហាមាយាអគ្គមហេសីរបស់ព្រះបាទសុទ្ធោទននៃនគរកបិលព័ស្តុតាំងព្រះគភ៍ដល់ថ្ងៃប្រសូត ព្រះនាងបានទទួលរាជានុញ្ញាតពីព្រះរាជាដើម្បីទៅប្រសូតបុត្រនៅនគរទេវទហ:ដែលជាប្រពៃណីនិយមរបស់មនុស្សនាសម័យនោះ។លុះព្រះនាងយាងមកដល់ត្រង់ចន្លោះនគរកបិលព័ស្តុនិងនគរទេវទហៈព្រះនាងទ្រង់បញ្ជាឲ្យរាជអាមាត្រឈប់សម្រាកក្រោមដើមសាលព្រឹក្សដ៏ធំមួយក្នុងឧទ្យានលុម្ពិនីប្រទេសនេប៉ាល់ នាកាលសព្វថ្ងៃនេះ។ ![]() រំពេចនោះ ព្រះនាងមានអារម្មណ៍ថានឹងប្រសូតបុត្រ ដើមសាលព្រឹក្សហាក់ដូចជាយល់ពីរាជបំណងទើបបានបង្អោនមែកចុះមកឲ្យព្រះនាងចាប់។ព្រះនាងបានប្រសូតបុត្រាមួយព្រះអង្គដ៏ស្រស់ស្អាតនៅថ្ងៃ១៥កើត ខែវិសាខ ឆ្នាំ ច មុនពុទ្ធស័ករាជ៨០ឆ្នាំ។ បន្ទាប់ពីប្រសូតបាន៥ថ្ងៃ ព្រះញាតិថ្វាយព្រះនាមព្រះរាជកុមារថា”សិទ្ធត្ថ” ដែលមានន័យថា “អ្នកញ៉ាំងប្រយោជន៍ឲ្យសម្រេច”។ កាឡទេវិលតាបសដែលអាស្រ័យនៅជិតភ្នំហិមពាន្តបានជ្រាបដំណឹងនេះហើយក៏ចូលមកកាន់រាជវាំងភ្លាមហើយព្យាករណ៍ថា”រាជកុមារនេះនឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធឃើញច្បាស់នូវព្រះនិព្វានដ៏បរិសុទ្ធយ៉ាងក្រៃលែងទ្រង់ញ៉ាំងប្រយោជន៍ដល់ពពួកជនយ៉ាងច្រើនរាប់ចំនួនមិនបានព្រះអង្គនឹងប្រកាសនូវធម្មចក្រទូទាំងសកលលោក”។ ![]() ២.ថ្ងៃទ្រង់ត្រាស់ដឹង ចាប់ផ្តើមពីការចេញសាងព្រះផ្នូសបាន៦ឆ្នាំ ព្រះសិទ្ធត្ថទ្រង់បានត្រាស់ដឹងជាព្រះពុទ្ធទៀបគល់ពោធិព្រឹក្សត្រង់ផ្ចិតផែនដី ស្ថិតនៅតំបន់ឧរុវេលាសេនានិគម នាពេលទៀបភ្លឺថ្ងៃ ១៥កើត ខែវិសាខ ឆ្នាំរកាមុនពុទ្ធស័ករាជ ៤៥ ឆ្នាំ។ បច្ចុប្បន្នស្ថានទីនេះហៅថា”ពុទ្ធគយា”ដែលជាតំបន់មួយស្ថិតក្នុងក្រុងគយា នៃរដ្ឋពីហារប្រទេសឥណ្ឌា។ ព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងនូវ”អរិយសច្ច”ដែលប្រែថា”សេចក្តីពិតដ៏ប្រសើរ”ឬ”សេចក្តីពិតដែលមាននៅក្នុងជីវិតរបស់ មនុស្សគ្រប់គ្នាទាំងអស់មិនថា អ្នកមាន អ្នកក្រ ឬអាក្រក់ល្អនោះទេ”។ អរិយសច្ចនោះមាន ៤ យ៉ាងគឺ:
១.ទុក្ខសច្ច សេចក្តីទុក្ខដែលមាននៅក្នុងខ្លួនសត្វលោក។ ២.ទុក្ខសមុទយ ហេតុដែលនាំឲ្យកើតសេចក្តីទុក្ខ។
៣.និរោធសច្ច សេចក្តីសុខដែលមិនមានទុក្ខលាយឡំក៏ជា សេចក្តីពិតដែលមនុស្សគ្រប់គ្នាអាចស្វែងរកបាន។
៤.មគ្គសច្ច ផ្លូវកណ្តាលតែមួយគត់ដែលជាវិធីរំដោះខ្លួនឲ្យចេញចាកសេចក្តីទុក្ខគឺ មគ្គមានអង្គ ៨ ប្រការ។
សច្ច:ទាំងឡាយ៤ប្រការនេះដែលព្រះសម្មាសម្ពុទ្ធទ្រង់ព្យាយាមស្វែងរកដើម្បីប្រយោជន៍ដល់មនុស្សច្រើនគ្នា។ ![]() ៣.ថ្ងៃទ្រង់បរិនិព្វាន
រាប់តាំងពីព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងនូវសច្ចធម៌ ហើយស្តេចយាងសម្តែងធម៌ដល់សព្វសត្វបាន៤៥ឆ្នាំ ។ លុះព្រះជន្ម ៨០វស្សាព្រះអង្គបានគង់ចាំវស្សាក្នុងវេឡុគ្រាម ជិតក្រុងវេសាលីដែន វជ្ជី។ក្នុងអំឡុងនៃការចាំវស្សាទីនោះ ព្រះអង្គមានអាពាធយ៉ាងខ្លាំង គ្រានោះគឺថ្ងៃ១៥កើតពេញបូណ៌មី ខែវិសាខព្រះពុទ្ធជាម្ចាស់ព្រមដោយភិក្ខុសង្ឃទាំងឡាយបានទទួលនូវចង្ហាន់បិណ្ឌបាតតាមការនិមន្តពីសំណាក់នាយចុន្ទ។ បន្ទាប់មក ព្រះអង្គបានសោយចង្ហាន់នាយចុន្ទរួចអាពាធរបស់ព្រះអង្គក៏ចាប់ផ្តើមធ្ងន់ទៅៗតាមលំដាប់ ហើយស្តេចយាងទៅកាន់ក្រុងកុសិនារា។ សូម្បីខណ:ដែលព្រះអង្គកំពុងអាពាធធ្ងន់ក្តី ក៏ព្រះអង្គនៅតែប្រទាននូវឱវាទជាបច្ឆឹមវាចាថា”ម្នាលភិក្ខុទាំងឡាយសង្ខារធម៌ទាំងឡាយមានកិរិយារលត់ទៅជាធម្មតាអ្នកទាំងឡាយចូរញ៉ាំងកិច្ចទាំងឡាយដែលជាប្រយោជន៍របស់ខ្លួននិងប្រយោជន៍អ្នកដ៏ទៃឲ្យ សម្រេចដោយសេចក្តីមិនប្រមាទចុះ”រួចហើយព្រះអង្គក៏បរិនិព្វាននៅក្រោមដើមសាលព្រឹក្សទាំងគូនាក្រុងកុសិនារាក្នុងប្រទេសឥណ្ឌាបច្ចុប្បន្ននេះ។ វិសាខបូជា ថ្ងៃវិសាខបូជា គឺជាថ្ងៃដែលមានសារ:សំខាន់យ៉ាងក្រៃលែងសម្រាប់ពុទ្ធសាសនិកទូទាំងសកលលោក ជាថ្ងៃឈប់សម្រាកពីការងាររបស់មន្រ្តីរាជការក្នុងបណ្តាប្រទេសអ្នកគោរពរាប់អានព្រះពុទ្ធសាសនាជាច្រើននិងជាថ្ងៃសំខាន់របស់ពិភពលោក យោងតាមមតិរួមរបស់ទីប្រជុំអង្ការសហប្រជាជាតិព្រោះជាថ្ងៃដែលមានព្រឹត្តិការណ៍ដ៏ធំ៣ផ្សេង ៗគ្នានិងមានន័យសំខាន់ជាទីបំផុតនៅក្នុងព្រះពុទ្ធសាសនាគឺថ្ងៃប្រសូត ត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ដោយហេតុការណ៍ទាំង៣នោះបានកើតឡើងក្នុងថ្ងៃនិងខែជាមួយគ្នាគឺថ្ងៃ ១៥ កើត ខែវិសាខផ្សេងគ្នាតែឆ្នាំគ្នាប៉ុណ្ណោះ។
សម្រាប់ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសកាន់ព្រះពុទ្ធសាសនាដទៃទៀតដែរ ជារៀងរាល់ឆ្នាំតែងតែប្រារព្ភកម្មវិធីវិសាខបូជានៅតាមបណ្តាស្ថាប័នរដ្ឋ និងស្ថាប័នផ្សេងៗទៀតជាពិសេសនៅតាមវត្តអារាមនានា ជាក់ស្តែងនៅពុទ្ធស័ករាជ២៥៥៥ ឈានចូល ២៥៥៦នេះ វត្តមណីរតនារាមក្រោមការដឹកនាំរបស់ព្រះតេជគុណវជិរប្បញ្ញោ សាន សុជា ព្រះសង្ឃនិងគណកម្មការអាចារ្យរួមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់បានរៀបចំវិសាខបូជាដោយមានគោលបំណងដូច្នេះ ១. ដើម្បីរក្សានូវវប្បធម៌និងប្រពៃណីដ៏ផូរផង់នេះ ជាកេរ្តិ៍មត៌កសម្រាប់មនុស្សជំនាន់ក្រោយ។ ២. ដើម្បីសាមគ្គីភាពនៅក្នុងសង្គម និងសាមគ្គីភាពរវាង ពុទ្ធសាសនិក ចូលរួមចំណែកក្នុងការកាត់បន្ថយបញ្ហាផ្សេងៗដែលបានកើតឡើងនៅក្នុងសង្គម។ ៣. ដើម្បីផ្សព្វផ្សាយនូវពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធនិងធ្វើឲ្យពុទ្ធបរិស័ទកាន់តែយល់ច្បាស់នូវសារ:សំខាន់របស់វិសាខបូជា។
ដោយ៥០០០ឆ្នាំ |