Reading Article
Public date : 01, Apr 2022 (71,844 Read)
ពិធីបុណ្យចូលឆ្នាំខ្មែរ

|
មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្ធពិធីចូលឆ្នាំថ្មីដែលជាប្រពៃណីរបស់ប្រជាជាតិរៀងៗខ្លួន។ គ្រាន់តែគេនិយមកំណត់ពេលវេលានៃ ការរៀបចំបុណ្យនេះបែ្លកៗគ្នាស្របទៅតាម ជំនឿទំនៀមទម្លាប់ និងប្រពៃណីរបស់គេប៉ុណ្ណោះ។ ជនជាតិខ្មែរយើង ក៏មានប្រវត្តិធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលជារៀងរាល់ឆ្នាំរហូតមក យើងបានប្រទះ ឃើញឯកសារជាច្រើន ដែលនិយាយពីពិធីបុណ្យចូលឆ្នាំនិងឧស្សាហ៍ បានស្តាប់ការនិទានរឿងរបស់ចាស់ទុំជាច្រើន។
ប្រវត្តិៈ មានតំណាលថា នៅដើមនៃភទ្ទកប្បមាន សេដ្ឋីម្នាក់មានបុត្រមួយ ឈ្មោះធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេសរៀន ចេះចប់ត្រៃវេទតាំងពីអាយុបាន ៧ឆ្នាំ។ សេដ្ឋីបិតាបានសាង ប្រាសាទឲ្យនៅទៀបដើមជ្រៃមួយធំ នៅឆ្នេរទន្លេ ដែលជាទីនៅនៃបក្សីទាំងឡាយធម្មបាលកុមារនោះ បានចេះទាំងភាសាបក្សី ទាំងពួងផង ហើយបានជាអាចារ្យសម្ដែងមង្គល ផេ្សងៗដល់មនុស្សទាំងពួងផង។ គ្រានោះមនុស្សលោករមែងរាប់អានព្រះមហាព្រហ្ម និងកុបិលមហាព្រហ្ម ១អង្គទៀតដែលជាអ្នកសម្ដែងមង្គលដល់មនុស្សទាំងពួង។ ពេលនោះកុបិលមហាព្រហ្ម បានជ្រាបព័ត៌មានក៏ចុះមកសួរបញ្ហា និងធម្មបាលកុមារ ៣ "ខ" ដោយសន្យាទុកថា បើដោះប្រស្នាបាននឹងកាត់ព្រះសិរទ្រង់ដើម្បី បូជាចំពោះធម្មបាលកុមារតែបើដោះមិនរួចនឹងកាត់ក្បាលធម្មបាលកុមារវិញ។ ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ថ្ងៃសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ថ្ងៃហើយក៏នៅតែគិតមិនឃើញដឹងខ្លួនថាព្រឹកនេះនឹង ត្រូវស្លាប់ដោយអាជ្ញាកុបិលមហាព្រហ្មជាប្រាកដហើយ។ ដូច្នេះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង ទើបចុះពីប្រាសាទទៅដេកពួននៅ ក្រោមដើម ត្នោតមួយគូ ដើមត្នោតនោះ សត្វឥន្ទ្រីញីឈ្មោលធ្វើសំបុក អាស្រ័យនៅ វេលាយប់ឥន្ទ្រីញីសួរឥន្ទ្រីឈ្មោលថា ព្រឹកនេះយើងបានអាហារពីណាស៊ី? ឥន្ទ្រីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកុបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។ ឥន្ទ្រីញីសួរថា ប្រស្នានោះដូចម្ដេច ? ឥន្ទ្រីឈ្មោលឆ្លើយថា : វេលាព្រឹកសិរីសួស្ដីស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅមុខ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ខ១ ទៀតថា ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅទ្រូងហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង ខ១ ទៀតថា វេលាល្ងាចសិរីស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅជើងហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង។ ធម្មបាលកុមារបានលឺដូច្នេះ ក៏ត្រឡប់ទៅប្រាសាទវិញ។ ព្រឹកឡើងកុបិលមហាព្រហ្មក៏មកសួរប្រស្នា ធម្មបាលកុមារ ឆ្លើយដោះស្រាយ តាមដែលបានលឺមក កុបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧នាក់ដែលជា បាទបរិចាវិកាព្រះឥន្ទ្រ មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ព្រះសិរដើម្បីបូជាចំពោះធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើបោះទៅលើអាកាសភ្លៀងនោះនឹងរាំង បើចោលក្នុងមហាសមុទ្រនោះទឹកនឹងរីងស្ងួតហួតអស់ ដូច្នេះសូមឲ្យកូនទាំង ៧នាក់ យកពានមកទទួលព្រះសិរបិតា ថាហើយព្រះអង្គក៏កាត់ព្រះសិរហុច ទៅឲ្យ ព្រះនាងទុង្សាជាកូនច្បង ព្រះនាងទុង្សាក៏បានយកពានមកទទួលព្រះសិរបិតា រួចហែប្រទក្សិណភ្នំព្រះសុមេរុ ៦០នាទីទើបអញ្ជើញទៅប្រតិស្ឋានទុក ក្នុងមណ្ឌលេះនៅក្នុងគុហាគន្ធមាលី ភ្នំកៃលាស បូជាគ្រឿងទិព្វផេ្សងៗ ព្រះវិស្សកម្មទេវបុត្រ ក៏និមិត្តរោងទិព្វធ្វើពីកែវ ៧ប្រការ ឈ្មោះថា "ភគ វតីសភា" ឲ្យជាទីប្រជុំនៃទេវតាលុះដល់គម្រប់ ១ឆ្នាំជា សង្ក្រាន្តតនាងទេពធីតាទាំង ៧ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ព្រះសិរកុបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ ភ្នំព្រះសុមេរុជារៀងរាល់ៗឆ្នាំហើយត្រឡប់ទៅស្ថានទេវលោកដើម្បីតម្កល់វិញ។ ឈ្មោះទេពធីតាមហាសសង្ក្រាន្តត និងគ្រឿងអាភរណៈ
ទំនៀមចូលឆ្នាំ
ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្តត ថ្ងៃទី២ ជាថ្ងៃវណបត ថ្ងៃទី៣ ជាថ្ងៃឡើងស័ក។ អែការកំនត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំនត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំនែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានយ៉ាងទៀងទាត់ ដោយអាស្រ័យតាមក្បួនហោរាសាស្ត្របែបបុរាណគឺក្បួនមហាសសង្ក្រាន្តតនេះអែង។ តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើងត្រូវលើខែណា ? ថ្ងៃណា ? ចាប់ពីត្រឹមសម័យក្រុងនគរធំឡើងទៅខ្មែរយើងប្រើចន្ទគតិ (វិធីដើរនៃព្រះចន្ទ) ទើបកំនត់យកខែមិគសិរជាខែចូលឆ្នាំ ហើយជាខែទី១ ខែកក្តិក ជាខែទី១២ ។ លុះក្រោយមកទើបគេនិយមប្រើសុរិយគតិ (វិធីដើរនៃព្រះអាទិត្យ) ជាសំខាន់វិញហើយកំនត់ចូលឆ្នាំក្នុងខែចែត្រ (ខែទី៥) ដែលជាឆ្នាំកំនត់ព្រះអាទិត្យចូលកាន់មេរាសី ហើយថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ចែត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ ។ មហាសសង្ក្រាន្តតដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា «សាមញ្ញសសង្ក្រាន្តត» (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជាសសង្ក្រាន្តត)។ មហាសសង្ក្រាន្តតដែលប្រើរបៀបគន់គូរតាមចន្ទគតិហៅថា «អាយន្តសសង្ក្រាន្តត» (ពេលដែលព្រះអាទិត្យដើរបញ្ឈៀងមិនត្រង់ពីលើ) ។ គេនៅប្រើចន្ទគតិអែបគ្នា នឹងសុរិយគតិដែរ ព្រោះចន្ទគតិមានទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិច្រើន ។ ចំនែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិមិនបានទៀងទាត់ជាថ្ងៃណាមួយទេ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលទៀតក្នុងវេលារនោចទៅវិញ ។ ប៉ុន្តែនៅក្នុងរវាង១ខែគឺមិនមុនថ្ងៃ ៤កើត ខែចែត្រ និងមិនហួសថ្ងៃ ៤កើត ខែពិសាខទេ ដូចនេះសសង្ក្រាន្តតខ្លះធ្លាក់ទៅក្នុងខែពិសាខក៏មាន ។ ចំពោះពិធីផ្សេងៗខ្មែរយើងមានរៀបចំតាមប្រពៃណីដូចតទៅ នៅពេលមុនចូលឆ្នាំគេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារសំអាតផ្ទះសំបែង រែកទឹកដាក់ពាង រកអុសទុកកាត់សំលៀកបំពាក់ថ្មីៗជាដើម ។ ថ្ងៃចូលឆ្នាំមកដល់គេរៀបគ្រឿងសក្ការៈបូជាសំរាប់ទទួលទេវតាថ្មីមាន : បាយសីមួយគូ ស្លាធម៌១គូ ធូប៥ ទៀន៥ ទឹកអប់១គូ ផ្កាភ្ញី លាជ ទឹកមួយផ្តិល និងភេសជ្ជៈ នំនែក ផ្លែឈើគ្រប់មុខ។ ចំនែកផ្ទះសំបែងគេតុបតែងរំលេចដោយអំពូលអគ្គិសនីខ្សែតូចៗចំរុះពណ៌ រឺចង្កៀងគោម គ្រប់ពណ៌សំរាប់ទទួលទេព្តាថ្មី។ លុះដល់វេលាកំនត់ទេព្តាថ្មីចុះមកហើយ គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់ បន់ស្រន់សុំសេចក្តីសុខចំរើនគ្រប់ប្រការពីទេព្តាថ្មី ។ ចំពោះគ្រឿងសក្ការៈ និងក្រយាស្ងើយដាក់ថ្វាយទេព្តោនាះ គេនិយមតំរូវតាមចិត្តទេវតាដែលនឹងត្រូវចុះក្នុងឆ្នាំនីមួយៗ។ ឧទាហរណ៍ : បើទេវតាដែលត្រូវចុះមកនោះសោយល្ង សន្តែក គេដាក់សន្តែក ល្ង ថ្វាយ...ឯពិធី ៣ថ្ងៃនៃថ្ងៃចូលឆ្នាំនោះគឺ :
វាលុកចេតិយៈ
ពាក្យសាមញ្ញហៅថា «ពូនភ្នំខ្សាច់» ។ ការពូនភ្នំនេះគឺគេយកខ្សាច់សុទ្ធមកចាក់នៅកន្ដាលទីធ្លាដែលគេបានកំនត់ រួចពូនអោយចេញជារាងចេតិយបែរមុខទៅទិសខាងកើត ហើយគេសន្មត់ហៅថា «វាលុកចេតិយ» គឺតំនាងអោយព្រះចូលាមនីចេតិយដែលសាងសំរាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ។ ការពូនភ្នំនេះ បច្ចុប្បន្នតំបន់ខ្លះ គេនិយមពូនភ្នំអង្ករនៅសាលាឆាន់ រឺក្នុងព្រះវិហារផងដែរ។ ភ្នំខ្សាច់ដែលគេពូនមិនមានកំនត់ថា ត្រូវមានខ្នាតតូចខ្ពស់ទាបប៉ុណ្ណាទេ គឺប្រព្រឹត្តទៅតាមការពេញចិត្តរបស់អ្នកស្អាង។ ប៉ុន្តែចាំបាច់ត្រូវមានភ្នំមួយនៅកន្ដាល ហើយត្រូវមានភ្នំតូចៗ ៤ ព័ទ្ធជុំវិញគ្រប់ទិសតូចទាំង ៤ ។ នៅជុំវិញភ្នំគេមានធ្វើរាជវត័ តុបតែងលំអស្លឹកដូង ស្លឹករំសែជាបួនជ្រុងមានទ្វារ ចេញចូលតាមទិសធំទាំង ៤ ។ នៅជុំវិញរាជវ័តគេមានរៀបរានទេវតាគ្រប់ទិសទាំង ៨។ នៅលើរានទេវតានិមួយៗគេរៀបស្លាធម៌មួយគូបាយសីមួយថ្នាក់ មួយគូ ទៀន៥ ធូប៥ ផ្កាភ្ញី និងអុជទៀនធូបថ្វាយ ។ នៅពីមុខភ្នំខ្សាច់ក្រៅរាជវត័ គេរៀបរានធំៗបីទៀត សំរាប់ថ្វាយព្រះយមរាជ ស្ថិតនៅកន្ដាលខាងឆ្វេងរានព្រះយមរាជ គឺរានព្រះពុទ្ធគុណ និងខាងស្តាំគឺរានព្រះពិស្នុការរានធំទាំងបីនេះ គឺគេរៀបគ្រឿងសក្ការៈបូជាដូចរានទេវតាដែរ តែបាយសីខ្ពស់រហូតដល់ ៩ថ្នាក់ និងមានដាក់សំលៀកបំពាក់ឆ្វេងស្តាំ ហើយមានដាក់ក្រយាថ្វាយសោយទៀតផង។ ការសាងវាលុកចេតិយនេះ ដោយគេសំគាល់ថា នឹងបានជាផល្លានិសង្សវិសេសវិសាលណាស់ ដូចមានសំដែងក្នុងរឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រ ។ មានត... អានបន្ថែម អត្ដន័យនៃបុណ្យចូលឆ្នាំខ្មែរ
តើខ្មែរយើង និយមចូលឆ្មាំថ្មី នៅ ថ្ងៃ ខែ ឆ្មំាណា ?
ជារៀងរាល់ឆ្នាំ ខ្មែរនិយមរៀបចំពិធី បុណ្យចូលឆ្នាំថ្មី ប្រពីណី ជាតិនៅថ្ងៃទី១៣ មេសា (យូរៗ ម្ដង ថ្ងៃទី១៤ ) ត្រូវនិងខែចែត្រ តាម ចន្ទគតិ ។ ខ្មែរកំណត់យកពេលបុណ្យ ចូលឆ្នាំថ្មី ខែមេសា (ខែចែត្រ) នេះ ពីព្រោះខែចែត្រ ជាដើមឆ្នាំដែលព្រះអាទិត្យ ចូលកាន់មេរាសី គឺព្រះអាទិត្យ ដើរចំពីក្បាល ជាសង្ក្រាន ។ តាមប្រពីណី ខ្មែរនិយមរៀបចំចូលឆ្នាំ ចំនួន ៣ ថ្ងៃគឺ ៖ ថ្ងៃទីមួយ ជាថ្ងៃចូលឆ្នាំ ថ្ងៃទីពីរ ជាថ្ងៃ វណបទ ថ្ងៃទីបីជាថ្ងៃឡើងស័ក ជនជាតិណាក៏ពួកគេ ប្រារព្ឋធ្វើបុណ្យ ចូលឆ្នាំថ្មីរបស់ គេដែរ ។
ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ ព្រោះយើងយលថាបុណ្យចូលឆ្នាំថ្មី មានអត្ដន័យយ៉ាងជ្រាលជ្រៅ ។ ខ្មែរមានជំនឿថា ក្នុងអឡុងពេលមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល ឧបទ្រពចង្រៃផ្សេងៗ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ដអន្ឋក្រ ជួនកាលមានគ្រោះជំងឺរូបរឹតរាងកាយ ជូនកាលទៀត បានប្រព្រិត្ដអំពើសៅហ្មង មិនគប្បី។ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ដ ដើម្បីអោយអស់កង្វល់ ហើយអោយមានសេរីសួស្ដី មានសេរីសូស្ដី មានសុភមង្គលនៅក្នុងឆ្នាំថ្មី ។ |