Reading Article
Public date : 04, May 2020 (59,419 Read)
រឿងមហាសាលព្រាហ្មណ៍

|
គ្រានោះ ព្រាហ្មណមហាសាលម្នាក់ មានខ្លួនសៅហ្មង មានសំពត់ដណ្តប់ក៏សៅហ្មង បានចូលទៅរក ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះ បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ។
ព្រោះហេតុអ្វី ព្រាហ្មណ៍ទើបចូលទៅរកព្រះដ៏មានព្រះភាគ ? ព្រោះមានរឿងបានពោលមកថា ក្នុងផ្ទះ របស់ព្រាហ្មណ៍នោះ មានប្រាក់ដល់ទៅ ៨ សែន ។ ព្រាហ្មណ៍នោះបានធ្វើអាវាហមង្គលដល់បុត្រ ៤ នាក់ ចាយប្រាក់អស់ដល់ទៅ ៤ សែន ។
លំដាប់នោះ កាលដែលនាងព្រាហ្មណីជាភរិយារបស់ព្រាហ្មណ៍ បានធ្វើកាលកិរិយាហើយ បុត្រទាំងឡាយ បានប្រឹក្សាគ្នាថា បើបិតានឹងនាំយកនាងព្រាហ្មណីដទៃមក ត្រកូលយើងនឹងបែកដោយអំណាចបុត្រដែលកើតក្នុងផ្ទៃរបស់នាង ទៅយើង យើងនឹងសង្គ្រោះបិតា របស់យើង ។បុត្រទាំង ៤ នាក់នោះ ទំនុកបម្រុងដោយអាហារបរិភោគ និង គ្រឿងស្លៀកដណ្តប់ជាដើម សុទ្ធតែប្រណីតៗ ព្រមទាំងធ្វើការគក់ច្របាច់ដៃជើងទៀតផង ។
ថ្ងៃមួយ កាលដែលព្រាហ្មណ៍នោះឯង សម្រាកថ្ងៃហើយក្រោកឡើង ទើបនាំគ្នាគក់ច្របាច់ឲ្យគាត់ ហើយពោលទោស ក្នុងការនៅគ្រប់គ្រងផ្ទះ ម្នាក់ពោលយ៉ាងនេះ ម្នាក់ពោលយ៉ាងនោះ ទើបអង្វរបិតាថា ពួកកូននឹងទំនុក បម្រុងបិតារបៀបនេះ រហូតអស់ជីវិត សូមបិតាកុំព្រួយ ឲ្យតែប្រាក់ដែលនៅសល់ទាំងប៉ុន្មាន ដល់ពួកកូនមក ។ ព្រាហ្មណ៍បាន ឲ្យប្រាក់ដល់បុត្រម្នាក់ៗ មួយសែន ហើយបែងចែកគ្រឿងឧបភោគបរិភោគទាំងអស់ ជាបួនចំណែកឲ្យ ដល់កូន ទុកតែសំពត់ស្លៀកដណ្តប់របស់ខ្លួនតែប៉ុណ្ណោះ ។
បន្ទាប់ពីចែកទ្រព្យសម្បត្តិហើយ បុត្រច្បងបានទំនុកបម្រុងព្រាហ្មណ៍ជាបិតាបាន ២-៣ ថ្ងៃ ពេលដែល ព្រាហ្មណ៍ងូតទឹកហើយដើរចូលផ្ទះ កូនប្រសាស្រីឈរនៅនឹងស៊ុមទ្វារ ក៏បាននិយាយជាមួយព្រាហ្មណ៍ យ៉ាងនេះថា ម៉េចបានជាឪឯងឲ្យប្រាក់កូនច្បងតែប៉ុណ្ណឹង បើចែកឲ្យដូចតែគ្នាអ៊ីចឹង ម៉េចបាននៅតែ ជាមួយនឹងកូនច្បង ឬមកអំពីអត់ស្គាល់ផ្លូវទៅផ្ទះកូនផ្សេងទៀត ? ព្រាហ្មណ៍ក្រោធខឹង ពោលថា យើ ! ស្រីថោក ចង្រៃយក៍ ហើយក៏បានទៅផ្ទះកូនដទៃ ។ ទៅបានត្រឹមតែ ២-៣ ថ្ងៃ ក៏រត់ទៅផ្ទះកូនដទៃទៀត ដោយទំនងដូចៗ គ្នា ។
កាលដែលមិនអាចចូលទៅផ្ទះកូនណាមួយបាន ក៏បួសជាអ្នកស្លៀកដណ្តប់ សំពត់ពណ៌ស ត្រាច់ភិក្ខាចារ ។ ដោយកាលកន្លងទៅ ក៏ចាស់ជរា មានរាងកាយទ្រុឌទ្រោមស្លេកស្លាំង ព្រោះការបរិភោគមិនល្អ ខ្វះខាត ទាំងដំណេកក៏លំបាក ។ ពេលមួយ ត្រឡប់មកពីភិក្ខាចារ ដេកកន្លែង មួយលក់ទៅ ភ្ញាក់ឡើងក្រោកអង្គុយ ពិចារណាខ្លួនឯង ឃើញថាមិនបានទីពឹងក្នុងបុត្រ ទើបគិតថា យើងបានស្តាប់មកថា ព្រះសមណគោតម មានព្រះភក្ត្រមិនចងចិញ្ចើម មានតែព្រះភក្ត្រស្រស់ ចរចាគួរ ឲ្យសប្បាយចិត្ត ឆ្លាតក្នុងបដិសណ្ឋារៈ ដូច្នេះ យើងអាចចូលទៅគាល់ព្រះសមណគោតមបាន ។
ព្រោះហេតុនោះ ទើបព្រាហ្មណ៍រៀបរយសំពត់ស្លៀកដណ្តប់ កាន់ភិក្ខាភាជនៈចូលទៅគាល់ព្រះដ៏មានព្រះភាគ ដល់ទីប្រថាប់ ។ លុះព្រាហ្មណមហាសាលនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកមានខ្លួនសៅហ្មង មានសំពត់ដណ្តប់ក៏សៅហ្មង តើព្រោះហេតុអ្វី ? ព្រាហ្មណ៍ក្រាប បង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គមានកូន ៤ នាក់ ក្នុងក្រុងនេះឯង កូនទាំងនោះ កាន់ យកទ្រព្យដែលជារបស់ខ្ញុំព្រះអង្គទាំងអស់ រួចហើយ ដឹងថា ខ្ញុំព្រះអង្គអស់ទ្រព្យសម្បត្តិហើយ ទើប ប្រឹក្សាសមគំនិតគ្នាជាមួយនឹងភរិយារបស់គេរៀងៗ ខ្លួន បណ្តេញខ្ញុំព្រះអង្គចេញអំពីផ្ទះ សូមព្រះអង្គ ទ្រង់ជ្រាប ។
ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូររៀននូវគាថាទាំងឡាយនេះ ហើយសូត្រ ក្នុងរោងជាទីប្រជុំ នៅពេលដែលពួកមហាជនកំពុងប្រជុំគ្នា ទាំងដែលកូនទាំងឡាយរបស់អ្នក អង្គុយ ប្រជុំក្នុងទីនោះផងដែរថា ៖
យេហិ ជាតេហិ នន្ទិស្សំ យេសញ្ច ភវមិច្ឆិសំតេ មំ ទារេហិ សំបុច្ឆ សាវ វាទេន្តិ សូករំ ។ ខ្ញុំត្រេកអរ ដោយកូនទាំងឡាយណា ដែលកើតហើយផង ប្រាថ្នានូវសេចក្តីចម្រើន ដល់កូនទាំងឡាយ ណាផង កូនទាំងនោះ ក៏សមគំនិតគ្នាជាមួយនឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំ ដូចជាឆ្កែបណ្តេញ ជ្រូក ។
អសន្តា កិរ មំ ជម្មា តាត តាតាតិ ភាសរេ រក្ខសា បុត្តរូបេន តេ ជហន្តិ វយោគតំ ។ កូនទាំងឡាយ ជាអសប្បុរស លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូច អារក្សទឹកដែលមកដោយរូបជាកូន លះបង់នូវខ្ញុំដែលមានអាយុ ចូលដល់បច្ឆិមវ័យហើយ ។
អស្សោវ ជិណ្ណោ និព្ភោគោ ខាទនា អបនីយតិ ពាលកានំ បិតា ថេរោ បរាគារេសុ ភិក្ខតិ ។ បិតាចាស់របស់បុគ្គលទាំងឡាយ មិនមានអ្វីបរិភោគ តែងសូមទានប្របផ្ទះនៃជនដទៃ ដូចជាសេះចាស់ ប្រើប្រាស់មិនបាន គេនាំចេញចាកចំណី ។
ទណ្ឌោវ កិរ មេ សេយ្យោ យញ្ចេ បុត្តា អនស្សវា ចណ្ឌម្បិ គោណំ វារេតិ អថោ ចណ្ឌម្បិ កុក្កុរំអន្ធការេ បុរេ ហោតិ គម្ភីរេ គាធមេធតិ ទណ្ឌស្ស អានុភាវេន ខលិត្វា បដិតិដ្ឋតីតិ ។ ឈើច្រត់របស់ខ្ញុំប្រសើរ កូនទាំងឡាយដែលមិនស្តាប់បង្គាប់ មិនប្រសើរដូចជាឈើច្រត់ឡើយ ព្រោះ ឈើច្រត់ រមែងការពារគោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់ទៅមុខក្នុងទីងងឹតក៏បាន ស្ទង់ក្នុងទឹក ជ្រៅក៏បាន បុគ្គលភ្លាត់រអិលគង់ទប់ទៅវិញបាន ដោយអានុភាពនៃឈើច្រត់ ។
លំដាប់នោះឯង ព្រាហ្មណមហាសាលនោះ បានរៀននូវព្រះគាថាទាំងឡាយនេះ ក្នុងសម្នាក់ព្រះដ៏មាន ព្រះភាគ គឺរៀនសូត្រទាល់តែរត់មាត់ ។ ក្នុងថ្ងៃដែលពួកព្រាហ្មណ៍ប្រជុំគ្នា ទាំងដែលពួកបុត្រប្រដាប់ ដោយគ្រឿងអលង្ការទាំងពួង ចូលកាន់ទីប្រជុំនោះហើយអង្គុយលើអាសនៈយ៉ាងធំ កណ្តាលពួក ព្រាហ្មណ៍ ។
ព្រាហ្មណ៍ចាស់ជាបិតាគិតថា នេះជាពេលរបស់យើងហើយ ទើបចូលទៅកណ្តាលទីប្រជុំ លើកដៃឡើងពោលថា អស់លោកដ៏ចម្រើនទាំងឡាយ ខ្ញុំមានបំណងនឹងពោលគាថាដល់លោកទាំង ឡាយ កាលដែលខ្ញុំពោលដល់លោកទាំងឡាយ តើលោកទាំងឡាយស្តាប់ខ្ញុំទេ ? កាលដែលពួក ព្រាហ្មណ៍ពោលថា ពោលចុះ ព្រាហ្មណ៍ ពួកយើងនឹងស្តាប់ ដូច្នេះ ទើបបានឈរពោលពេលនោះតែម្តង នូវព្រះគាថា ដែលមានសេចក្តីថា ៖
ខ្ញុំត្រេកអរ ដោយកូនទាំងឡាយណា ដែលកើតហើយផង ប្រាថ្នានូវសេចក្តីចម្រើន ដល់កូនទាំងឡាយ ណាផង កូនទាំងនោះ ក៏សមគំនិតគ្នាជាមួយនឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំ ដូចជាឆ្កែបណ្តេញ ជ្រូក ។ កូនទាំងឡាយ ជាអសប្បុរស លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូច អារក្សទឹកដែលមកដោយរូបជាកូន លះបង់នូវខ្ញុំដែលមានអាយុ ចូលដល់បច្ឆិមវ័យហើយ ។
បិតាចាស់របស់បុគ្គលទាំងឡាយ មិនមានអ្វីបរិភោគ តែងសូមទានប្របផ្ទះនៃជនដទៃ ដូចជាសេះចាស់ ប្រើប្រាស់មិនបាន គេនាំចេញចាកចំណី ។ ឈើច្រត់របស់ខ្ញុំប្រសើរ កូនទាំងឡាយដែលមិនស្តាប់បង្គាប់ មិនប្រសើរដូចជាឈើច្រត់ឡើយ ព្រោះ ឈើច្រត់ រមែងការពារគោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់ទៅមុខក្នុងទីងងឹតក៏បាន ស្ទង់ក្នុងទឹក ជ្រៅក៏បាន បុគ្គលភ្លាត់រអិលគង់ទប់ទៅវិញបាន ដោយអានុភាពនៃឈើច្រត់ ។
ដោយសម័យនោះឯង ពួកមនុស្សមានប្រពៃណីដូច្នេះថា បុគ្គលណា បរិភោគសម្បត្តិនៃមាតាបិតា ហើយ មិនចិញ្ចឹមមាតាបិតា បុគ្គលនោះ ត្រូវសម្លាប់ចោល ព្រោះហេតុដូច្នោះហើយ បុត្រទាំងអស់របស់ ព្រាហ្មណ៍ ទើបក្រាបចុះក្បែរជើងទាំងពីររបស់បិតា ហើយអង្វរថា លោកឪពុកអើយ សូមលោកឪពុកឲ្យ ជីវិតដល់ពួកកូនផង ព្រោះទឹកចិត្តរបស់បិតាទន់ភ្លន់ដល់កូនៗ ព្រាហ្មណ៍ជាបិតាទើបពោលថា បពិត្រ លោកដ៏ចម្រើនទាំងឡាយ សូមលោកទាំងឡាយ កុំឲ្យកូនៗ ដ៏ល្ងង់ខ្លៅរបស់ខ្ញុំនេះវិនាសឡើយ ពួកគេ នឹងចិញ្ចឹមមើលថែដល់ខ្ញុំតទៅ ។
លំដាប់នោះ មនុស្សទាំងឡាយបានពោលទៅរកកូនៗ ទាំងនោះដូច្នេះថា នែ ! ពួកអ្នកឯងចូរប្រុងចាំ ស្តាប់ណ៎ា ចាប់តាំងពីថ្ងៃនេះនៅ បើពួកអ្នកមិនប្រណិប័តន៍បិតារបស់អ្នកឯងឲ្យល្អទេ ពួកយើងនឹង សម្លាប់ពួកអ្នកឯងចោល ជាមិនខាន ។ កូនៗ ទាំងនោះមានការភ័យខ្លាច ទើបនាំបិតាទៅកាន់ផ្ទះដើម្បី ប្រណិប័តន៍ ។ ឲ្យបិតាអង្គុយលើតាំង ហើយលើកឡើងនាំទៅដោយខ្លួនឯង ។ យកប្រេងលាបខ្លួន ហើយគក់ច្របាច់ ដល់ពេលងូតទឹក ឲ្យងូតទឹកដែលអប់ដោយគ្រឿងក្រអូប និង ជូនគ្រឿងស្លៀក ដណ្តប់ ដោយគូសំពត់មួយគូម្នាក់ៗ ។
កូនទាំងអស់បានហៅប្រពន្ធរបស់ខ្លួនមកប្រាប់ថា ចាប់តាំងពី ថ្ងៃនេះទៅ ពួកនាងចូរប្រណិប័តន៍បិតារបស់យើងឲ្យល្អ បើពួកនាងប្រមាទ ពួកយើងនឹងបណ្តេញពួក នាងឲ្យចេញពីផ្ទះ រួចហើយ កូនៗ បានជូនអាហារភោជនយ៉ាងប្រណីត អញ្ជើញបិតាបរិភោគ ។ ព្រាហ្មណ៍បានអាហារល្អ មានដំណេកយ៉ាងសប្បាយ ត្រឹមតែ ២-៣ ថ្ងៃប៉ុណ្ណោះ ក៏មានកម្លាំង មានរាង កាយស្រស់បស់ ។
ព្រាហ្មណ៍សម្លឹងមើលអត្តភាព ហើយគិតថា យើងបានសម្បត្តិនេះព្រោះអាស្រ័យ ព្រះសមណគោតម ទើបកាន់គ្រឿងបណ្ណាការធ្វើដំណើរទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ ហើយក៏អង្គុយក្នុងទីសមគួរ ។
ព្រាហ្មណ៍ បានដាក់ថ្វាយសំពត់មួយគូ ទៀបបាទមូលនៃព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់ទទួលដោយសេចក្តី អនុគ្រោះ រួចហើយព្រាហ្មណ៍បានពោលពាក្យនេះ គឺក្រាបទូលព្រះដ៏មានព្រះភាគ ក្នុងពេលទទួល សរណគមន៍រួចហើយនោះឯង យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពួកកូនៗ បានឲ្យភត្តាហារ ប្រចាំដល់ខ្ញុំព្រះអង្គ ៤ ចំណែក ខ្ញុំព្រះអង្គសូមថ្វាយដល់ព្រះអង្គ ២ ចំណែកក្នុង ៤ ចំណែកនោះ ឯខ្ញុំ ព្រះអង្គនឹងបរិភោគខ្លួនឯង ២ ចំណែក ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ អ្នកកុំបូជា ដល់តថាគត ចំពោះចំណែកដែលល្អឡើយ តថាគតនឹងទៅដល់កន្លែង តាមដែលតថាគតត្រូវទៅ ។ ព្រាហ្មណ៍ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងដូច្នោះឯង ហើយបានថ្វាយបង្គំព្រះដ៏មានព្រះភាគត្រឡប់ទៅផ្ទះ ។ ទៅដល់ផ្ទះហើយ បានហៅពួកកូនមកប្រាប់ថា កូនៗ ទាំងឡាយ ព្រះសមណ គោតមជាសម្លាញ់របស់ឪ នៅពេលព្រះអង្គយាងមកដល់ ចូរកូនៗ កុំភ្លេចថ្វាយភត្តាហារជាប្រចាំរបស់ឪ នៅពេលព្រះអង្គយាងមកដល់ ចូរកូនៗ កុំភ្លេចថ្វាយភត្តាហារជាប្រចាំរបស់ឪ ២ ចំណែក ដល់ព្រះអង្គ ណ៎ា ។ ពួកកូននាំគ្នាទទួលថា ល្អហើយឪ ។
ព្រឹកស្អែកឡើង ព្រះដ៏មានព្រះភាគទ្រង់ប្រដាប់ដោយបាត្រនិងចីវរ ទ្រង់យាងទៅកាន់គេហដ្ឋានរបស់ កូនប្រុសច្បង ។ កូនប្រុសច្បងបានទទួលបាត្រចាកព្រះហស្ត រួចយាងព្រះអង្គចូលទៅកាន់គេហដ្ឋាន ថ្វាយទីគង់ប្រថាប់ដ៏ប្រណីតហើយ ទើបបានថ្វាយនូវភោជនដ៏ប្រណីតឧត្តម ថ្ងៃបន្ទាប់មកទៀត ព្រះ បរមសាស្តាស្តេចយាងទៅកាន់គេហដ្ឋាននៃកូនម្នាក់ទៀត ជាបន្តបន្ទាប់ ព្រះអង្គស្តេចយាងទៅកាន់ គេហដ្ឋាននៃបុត្ររបស់ព្រាហ្មណ៍ គ្រប់គ្នាតាមលំដាប់ ដោយប្រការដូច្នេះឯង ។ ពួកកូនៗ ទាំងនោះ គ្រប់គ្នាបានធ្វើសក្ការៈដូចៗ គ្នា ។
ក្រោយមក ថ្ងៃមួយ នៅឯគេហដ្ឋានរបស់កូនប្រុសច្បងមានពិធីមង្គល ។ កូនបាននិយាយនឹងបិតាថា បពិត្របិតា ពួកយើងនឹងថ្វាយមង្គលដល់អ្នកណា ? ព្រាហ្មណ៍ជាបិតាពោលថា ពួកយើងអត់ស្គាល់អ្នក ដទៃណាឡើយ ព្រះសមណគោតមជាសម្លាញ់របស់ឪមិនមែនទេឬ ។ កូនច្បងបានពោលថា បើដូច្នោះ បិតាចូរយាងព្រះសមណគោតមមកដើម្បីសោយភត្តាហារក្នុងថ្ងៃស្អែកព្រមដោយភិក្ខុសង្ឃ ៥០០ អង្គ។ ព្រាហ្មណ៍៍ក៏បានធ្វើដូច្នោះ តាមពាក្យរបស់កូន ។
ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនូវការអារាធនាហើយ ហែហមទៅដោយព្រះភិក្ខុសង្ឃ ស្តេចយាងទៅ តាមកាលកំណត់ ចូលកាន់គ្រឹះស្ថានរបស់បុត្រច្បងដែលប្រដាប់តាក់តែងដោយគ្រឿងប្រដាប់ផ្សេងៗ។ បុត្រច្បងបាននិមន្តព្រះសង្ឃដែលមានព្រះពុទ្ធអង្គជាប្រមុខ គង់លើអាសនៈដែលបានក្រាលទុកហើយ បានថ្វាយនូវបាយាស ដែលមានទឹកតិច ព្រមទាំងខាទនីយាហារផ្សេងៗ ទៀត ។
កូនទាំងអស់បានមក ជួបជុំគ្នា សមគួរតាមវេលា បានក្រាបទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ពួកខ្ញុំព្រះ អង្គបានប្រណិប័តន៍បិតារបស់ពួកខ្ញុំព្រះអង្គ ដោយមិនបានប្រមាទឡើយ សូមព្រះអង្គទ្រង់ទតមើលនូវ អត្តភាព ។
ព្រះបរមសាស្តាទ្រង់ត្រាស់ថា ការចិញ្ចឹមបីបាច់ថែរក្សាមាតាបិតា ដែលពួកអ្នកបានធ្វើហើយ គឺជាការល្អ ពួកបុរាណបណ្ឌិតបានធ្លាប់ប្រព្រឹត្តមកហើយយ៉ាងស្មោះស្មើ ។ ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់នូវនាគរាជជាតក ប្រកាសអរិយសច្ច ៤ ក្នុងពេលចប់ព្រះធម៌ទេសនា ព្រាហ្មណ៍ព្រមទាំងកូន ៤ នាក់ ទាំងកូនប្រសាស្រី ៤ នាក់ទៀតនោះ បានបញ្ជូនញាណទៅតាមក្រសែព្រះធម៌ តាំងនៅក្នុង សោតាបត្តិផល ។
ចាប់តាំងពីពេលនោះមក ព្រះបរមសាស្តា ស្តេចពុំបានយាងទៅកាន់ផ្ទះនៃជនទាំងនោះទៀតឡើយ ក្នុងកាលទាំងពួង ។
ដោយ៥០០០ឆ្នាំ
|