Reading Article
Public date : 23, Mar 2023 (3,031 Read)
កាយគតាសតិ ៩ យ៉ាង របស់ព្រះសារីបុត្រ

|
កាយគតាសតិ ៩ យ៉ាង របស់ព្រះសារីបុត្រ មានដូចជា៖
១. ពួកអ្នកផងដាក់វត្ថុស្អាតក្តី ដាក់វត្ថុមិនស្អាតក្តី ដាក់លាមកក្តី ដាក់មូត្រក្តី ដាក់ទឹកមាត់ក្តី ដាក់ខ្ទុះក្តី ដាក់ឈាមក្តី លើផែនដី ផែនដីមិនធុញទ្រាន់ មិននឿយណាយ មិនខ្ពើមរអើម ដោយវត្ថុនោះទេ យ៉ាងណាមិញ បពិ្រតព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយផែនដី ជាចិត្តទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ យ៉ាងនោះឯង ។ ២. ពួកអ្នកផង លាងវត្ថុស្អាតក្តី លាងវត្ថុមិនស្អាតក្តី លាងលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ក្នុងទឹក ទឹករមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើមដោយវត្ថុនោះទេ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយទឹក ជាចិត្តធំទូលាយប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៣. ភ្លើងតែងឆេះវត្ថុស្អាតក្តី ឆេះវត្ថុមិនស្អាតក្តី ឆេះលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ភ្លើងរមែងមិនធុញទ្រាន់ ឬនឿយណាយ ឬខ្ពើមរអើមដោយវត្ថុនោះ យ៉ាងណាមិញ បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយភ្លើង ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៤. ខ្យល់បក់វត្ថុស្អាតក្តី បក់វត្ថុមិនស្អាតក្តី បក់លាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ខ្យល់រមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើម ដោយវត្ថុនោះ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយខ្យល់ ជាចិត្តធំលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៥. បុគ្គលជូតវត្ថុស្អាតក្តី ជូតវត្ថុមិន ស្អាតក្តី ជូតលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ដោយសំពត់សម្រាប់ជូតធូលី ៗ រមែងមិនធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើមនឹងវត្ថុនោះទេ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយសំពត់សម្រាប់ជូតធូលី ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនព្យាបាទ ក៏យ៉ាងនោះឯង ។ ៦. ចណ្ឌាលកុមារក្តី ចណ្ឌាលកុមារីក្តី មានដៃកាន់កព្ចើា ស្លៀកពាក់សំពត់រេចជាយ ចូលទៅកាន់ស្រុកក្តី និគមក្តី រមែងដាក់ចិត្តឲ្យទាប ហើយចូលទៅ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយចណ្ឌាលកុមារ ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៧. គោឧសភបាក់ស្នែងជាសត្វស្លូត ដែលគេទូន្មានហើយ បង្ហាត់ល្អហើយ ដើរទៅកាន់ច្រកតាមច្រក ដើរទៅកាន់ផ្លូវបែក តាមផ្លូវបែក មិនដែលបៀតបៀនអ្វី ៗ ដោយជើងក្តី ដោយស្នែងក្តី យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានចិត្តស្មើដោយគោឧសភបាក់ស្នែង ជាចិត្តធំ ទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង ។ ៨. ស្រ្តី ឬបុរសកំលោះ ឬជំទង់ ប្រកបដោយជាតិជាអ្នកស្អិតស្អាង គប្បីធុញទ្រាន់ នឿយណាយ ខ្ពើមរអើម នឹងសាកសពពស់ ឬសាកសពកូនសុនខ ដែលជាប់ត្រង់ក យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គរមែងធុញទ្រាន់ នឿយណាយ ខ្ពើមរអើមនឹងកាយស្អុយនេះ ក៏យ៉ាងនោះឯង ។ ៩. បុរសរក្សាភាជនៈសម្រាប់ដាក់ខ្លាញ់ ដែលមានរន្ធតូច-ធំ ហូរចេញចូល យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គរក្សានូវកាយនេះ ដែលមានរន្ធតូច-ធំហូរចេញចូល ក៏យ៉ាងនោះឯង ។ (សុត្តន្តបិដក អង្គុត្តរនិកាយ នវកនិបាត បឋមបណ្ណាសក សីហនាទវគ្គ សីហនាទសូត្រ បិដកលេខ ៤៩ ទំព័រ ៤៦) ដោយសដវថ ដោយ៥០០០ឆ្នាំ
|