Tueday, 07 Feb B.E.2566  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 239,303
Today
Yesterday 203,479
This Month 1,489,067
Total ២៩៩,៨៥២,២៧៨
Flag Counter
Online
Reading Article
Public date : 06, Jul 2022 (1,787 Read)

ចេតិយជាតក



 

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការចូលទៅកាន់ផែនដី របស់ទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ធម្មោ ហវេ ហតោ ហន្តិ ដូច្នេះជាដើម ។ រឿងរ៉ាវបច្ចុប្បន្នថា ក្នុងថ្ងៃមួយ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ទេវទត្តធ្វើមុសាវាទ ហើយចូលទៅកាន់ផែនដី កើតក្នុងអវីចិនរក។ ព្រះសាស្ដា យាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នានិយាយរឿងអ្វី ? កាលភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ទើបព្រះសាស្ដា ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន ក៏ទេវទត្តបានចូលទៅកាន់ផែនដីដែរ ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកសម្ដែងថា ៖
    
ក្នុងអតីតកាល គ្រាកាលបឋមកប្ប មានព្រះរាជាមួយព្រះអង្គព្រះនាមថា មហាសម្មតៈ ទ្រង់មានព្រះជន្មាយុ ១ អសង្ខេយ្យ ។ 
បុត្ររបស់ព្រះបាទមហាសម្មតរាជ មានព្រះនាមថា  រោជៈ ។
បុត្ររបស់ព្រះបាទរោជៈ ព្រះនាមថា វររោជៈ ។ 
បុត្ររបស់ព្រះបាទវររោជៈ ព្រះនាមថា  កល្យាណ ។ 
បុត្ររបស់ព្រះបាទកល្យាណ ព្រះនាមថា  វរកល្យាណ ។ 
បុត្ររបស់ព្រះបាទវរកល្យាណ ព្រះនាមថា  ឧបោសថ ។
បុត្ររបស់ព្រះបាទឧបោសថ ព្រះនាមថា  វរឧបោសថ ។
បុត្ររបស់ព្រះបាទវរឧបោសថ ព្រះនាមថា  មន្ធាតុ ។
បុត្ររបស់ព្រះបាទមន្ធាតុ ព្រះនាមថា  វរមន្ធាតុ ។
បុត្ររបស់ព្រះបាទវរមន្ធាតុ ព្រះនាមថា  វរៈ ។
បុត្ររបស់ព្រះបាទវរៈ ព្រះនាមថា ឧបវរៈ តែមនុស្សទាំងឡាយហៅព្រះអង្គថា 
ឧបរិវរៈ ។ 

ព្រះបាទឧបរិវរៈនោះសោយរាជសម្បត្តិនៅសោត្ថិយនគរ ក្នុងដែនចេតិយរដ្ឋ, ទ្រង់មានរាជឫទ្ធិ ៤ យ៉ាង គឺ 
. ឧបរិចរោ អាកាសគាមី ត្រាច់ទៅខាងលើ ដើរលើអាកាសបាន ។
. ចត្តារោ នំ ទេវបុត្តា ចតូសុ ទិសាសុ ខគ្គហត្ថា រក្ខន្តិ មានទេវបុត្រ ៤ អង្គកាន់ព្រះខ័ននៅចាំរក្សាក្នុងទិសទាំង ៤ ។
. កាយតោ ចន្ទនគន្ធោ វាយតិ មានក្លិនខ្លឹមចន្ទន៍ផ្សាយចេញអំពីកាយ ។
. មុខតោ ឧប្បលគន្ធោ មានក្លិនឧប្បលផ្សាយចេញអំពីមាត់ ។ 

ព្រះបាទឧបរិវរៈនោះមានព្រាហ្មណ៍បុរោហិតម្នាក់ ឈ្មោះថា កបិល ។ កបិល-ព្រាហ្មណ៍នោះមានប្អូនមួយឈ្មោះថា កោរកលម្ពៈ គេជាសម្លាញ់ដ៏ជិតស្និទ្ធរបស់ព្រះបាទឧបរិវរៈ បានសិក្សាសិល្បសាស្ត្រ ជាក្នុងត្រកូលអាចារ្យតែមួយជាមួយនឹងព្រះអង្គ ។
 
ព្រះបាទឧបរិវរៈកាលនៅជាកុមារបានប្ដេជ្ញានឹងកោរកលម្ពៈនោះថា “កាលយើងបានរាជសម្បត្តិ នឹងប្រទានតំណែងបុរោហិតដល់អ្នក” ។ ព្រះអង្គកាលបានសោយរាជ្យហើយ មិនអាចនឹងដកកបិលព្រាហ្មណ៍ ដែលជាបុរោហិតរបស់ព្រះបិតា ឲ្យចេញពីតំណែងបុរោហិតឡើយ ។ ព្រះរាជាតែងសម្ដែងការកោតក្រែង ដោយសេចក្ដីគោរព ក្នុងកាលដែលបុរោហិតចូលមកគាល់ព្រះអង្គ ។ ព្រាហ្មណ៍បុរោហិតសង្កេតឃើញអាការៈនោះ ហើយគិតថា “ធម្មតាការគ្រប់គ្រងរាជសម្បត្តិ គួរដល់អ្នកដែលវ័យប្រហាក់ប្រហែលគ្នា ទើបសមគួរ អញនឹង​ទូល​លាព្រះរាជាហើយនឹងបួស” គិតដូច្នេះរួច ទើបទូលព្រះរាជាថា “បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំចាស់ហើយ កុមារក្នុងផ្ទះ (របស់ទូលព្រះបង្គំ) ក៏មាន សូមព្រះអង្គតែងតាំងកុមារនោះឲ្យជាបុរោហិតចុះ ទូលព្រះបង្គំនឹងបួស” យ៉ាងនេះហើយ ក៏បានសូមរាជានុញ្ញាតតែងតាំងបុត្រ (របស់ខ្លួន) ឲ្យជាបុរោហិត ហើយចូលទៅកាន់រាជឧទ្យាន បួសជាឥសី និងធ្វើឈានអភិញ្ញាឲ្យកើតឡើង ហើយសម្រេចការរស់នៅក្នុងឧទ្យាននោះ ដោយអាស្រ័យបុត្រ (ជាអ្នកទំនុកបម្រុង) ។

កោរកលម្ពៈចងអាឃាតនឹងបងប្រុសថា “កបិលព្រាហ្មណ៍នេះសូម្បីបួសហើយ មិនប្រគល់តំណែងបុរោហិតដល់យើង” ។ ថ្ងៃមួយ កាលព្រះរាជាប្រថាប់ ហើយត្រាស់កថាជាសុខថា ម្នាលកោរកលម្ពៈ អ្នកមិនបានតំណែងបុរោហិតឬ ?  កោរកលម្ពៈក៏ទូលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំបានទេ បងប្រុសរបស់ខ្ញុំ គាត់បាន ។ ព្រះរាជសួរថា ចុះក្រែង បងប្រុសរបស់អ្នកបួសហើយតើ ? កោរកលម្ពៈទូលថា ពិតមែនហើយព្រះអង្គ គាត់បួសហើយ តែគាត់ប្រគល់តំណែងបុរោហិតដល់កូនរបស់គាត់ ។ 

ព្រះរាជាត្រាស់ថា បើយ៉ាងនោះ អ្នកចូរធ្វើជាបុរោហិតចុះ ។ កោរកលម្ពៈទូលថា បពិត្រព្រះអង្គ ខ្ញុំមិនអាចឲ្យបងប្រុសឃ្លាតចាកតំណែង តាមប្រពៃណីឡើយ ។ ព្រះរាជាត្រាស់ថា បើយ៉ាងនោះមែន យើងនឹងធ្វើអ្នកឲ្យជាបង ហើយធ្វើបងរបស់អ្នកឲ្យជាប្អូន ។ កោរកលម្ពៈទូលសួរថា ព្រះអង្គនឹងធ្វើដូចម្ដេច ? ព្រះរាជាត្រាស់ថា យើងធ្វើមុសាវាទ ។

កោរកលម្ពៈទូលថា បពិត្រព្រះរាជា ព្រះអង្គមិនដឹងឬ បងប្រុសរបស់ខ្ញុំជាអ្នកមានធម៌ដ៏ចម្លែកច្រើន ជាអ្នកទ្រទ្រង់វិជ្ជា ក្នុងកាលណា បងប្រុសរបស់ខ្ញុំនឹងបោកបញ្ឆោតព្រះអង្គដោយធម៌ដ៏ចម្លែក គឺ នឹងធ្វើដូចជា ទេវបុត្រទាំង ៤ ឲ្យបាត់ទៅ, នឹងធ្វើដូចជា ឲ្យមានក្លិនល្អ ក្លិនអាក្រក់ផ្សាយចេញអំពីកាយ និងមាត់, នឹងធ្វើដូចជា ឲ្យព្រះអង្គធ្លាក់ចុះពីអាកាស មកលើផែនដី, នឹងធ្វើដូចជា ឲ្យព្រះអង្គត្រូវផែនដីស្រូប ក្នុងកាលនោះ ព្រះអង្គមិនអាចនឹងតាំងក្នុងពាក្យរបស់ខ្លួនឡើយ ។  

ព្រះរាជាត្រាស់ថា អ្នកកុំសម្គាល់យ៉ាងនេះឡើយ យើងអាចធ្វើបាន ។ កោរកលម្ពៈទូលសួរថា ព្រះអង្គនឹងធ្វើពេលណា ? ព្រះបាទឧបរិវរៈត្រាស់ថា រាប់អំពីថ្ងៃនោះទៅ ៧ ថ្ងៃទៀត ។ សេចក្ដីថ្លែងការនោះ បានឮទូទៅ ក្នុងនគរទាំងអស់ ។ សេចក្ដីត្រិះរិះកើតឡើងដល់មហាជនយ៉ាងនេះថា “បានឮថា ព្រះរាជាធ្វើមុសាវាទ ធ្វើអ្នកធំឲ្យជាអ្នកតូច ធ្វើអ្នកតូចឲ្យជាអ្នកធំ ហើយប្រទានតំណែងដល់អ្នកតូច ឈ្មោះថា មុសាវាទនោះ ដូចជាអ្វី ជាពណ៌ខៀវ ឬជាពណ៌ដទៃមានពណ៌លឿងជាដើម” ។ បានឮមកថា ក្នុងកាលនោះ ជាកាលដែលសត្វលោកពោលនូវពាក្យសច្ចៈ មនុស្សទាំងឡាយមិនស្គាល់ថា ឈ្មោះថា មុសាវាទ មានសភាពសដូចម្ដេចឡើយ ។  

ចំណែកបុត្ររបស់បុរោហិតស្ដាប់ពាក្យនោះហើយ ក៏ទៅកាន់សំណាក់បិតា ប្រាប់បិតាថា បពិត្រលោកឪពុក បានឮថា ព្រះរាជាធ្វើមុសាវាទ ធ្វើលោកឪពុកឲ្យជាអ្នកតូច ហើយនឹងប្រទានតំណែងដល់ពូរបស់ខ្ញុំវិញ ។  កបិលឥសីពោលថា នែកូន ព្រះរាជាសូម្បីធ្វើមុសាវាទ ក៏មិនអាចដកហូតតំណែងរបស់ឪពុកបានដែរ ។ រួចគាត់សួរថា ព្រះរាជានឹងមុសាវាទក្នុងថ្ងៃណា ? បុត្ររបស់គាត់ពោលថា បានឮថា រាប់អំពីថ្ងៃនេះទៅ ៧ ថ្ងៃទៀត ។ 

កបិលតាបសពោលថា បើយ៉ាងនោះ កាលនោះ អ្នកចូរប្រាប់យើង ។ ក្នុងថ្ងៃទី ៧ មហាជនមកជួបជុំគ្នាត្រង់ព្រះលានហ្លួង ដោយគិតថា “យើងនឹងមើលនូវមុសាវាទ” ដូច្នេះទើបចងគ្រែលើគ្រែ ហើយឋិតនៅ ។ បុត្របុរោហិតក៏ទៅប្រាប់បិតា ។ ព្រះរាជាប្រដាប់តាក់តែងហើយ យាងចេញទៅ ឋិតនៅលើអាកាស ត្រង់ព្រះលានហ្លួង នៅកណ្ដាលមហាជន ។ 

ចំណែកកបិលតាបសហោះមកតាមអាកាស ក្រាលសំពត់និសីទនៈ អង្គុយពែនភ្នែន នៅខាងមុខព្រះរាជា ហើយពោលថា បពិត្រមហារាជ បានឮថា ព្រះអង្គធ្វើមុសាវាទ ធ្វើអ្នកតូចឲ្យជាអ្នកធំ ហើយប្រទានតំណែងដល់អ្នកនោះ តើពិតឬទេ ? ព្រះបាទឧបរិវរៈពោលថា ពិតមែនហើយ លោកអាចារ្យ យើងនឹងពោលយ៉ាងនោះ ។
   
គ្រានោះ តាបសឲ្យឱវាទព្រះរាជាថា បពិត្រមហារាជ ឈ្មោះថា មុសាវាទ ជាកម្មកម្ចាត់គុណដ៏ធ្ងន់ នឹងញ៉ាំងព្រះអង្គឲ្យកើតក្នុងអបាយភូមិ ៤, ធម្មតា ព្រះរាជា កាលធ្វើមុសាវាទ រមែងសម្លាប់នូវធម៌ ព្រះរាជានោះកាលសម្លាប់ធម៌ហើយ ក៏រមែងសម្លាប់ខ្លួនឯងដែរ ដូច្នេះហើយ លោកក៏ពោលគាថាទី ១ ថា     
ធម្មោ ហវេ ហតោ ហន្តិ,     នាហតោ ហន្តិ កិញ្ចនំ;
តស្មា ហិ ធម្មំ ន ហនេ,         មា ត្វំ ធម្មោ ហតោ ហនិ។

ធម៌ដែលបុគ្គលសម្លាប់ហើយ រមែងសម្លាប់វិញដោយពិត ធម៌ដែលបុគ្គលមិនបានសម្លាប់ រមែងមិនសម្លាប់វិញ តិចតួចឡើយ ព្រោះហេតុនោះ ព្រះអង្គមិនត្រូវសម្លាប់ធម៌ ព្រះអង្គកុំឲ្យធម៌ដែលព្រះអង្គសម្លាប់ហើយ ត្រឡប់សម្លាប់ព្រះអង្គវិញបានឡើយ ។
    
បណ្ដាបទទាំងនោះ បទថា ធម្មោ (ធម៌) លោកអធិប្បាយថា បានដល់ ជេដ្ឋាបចាយ-នធម៌ (ធម៌គឺសេចក្ដីគោរពកោតក្រែងបុគ្គលរៀមច្បង) ។

លំដាប់នោះ កបិលតាបសកាលនឹងឲ្យឱវាទព្រះរាជាឲ្យក្រៃលែងឡើងថែមទៀត ទើបពោលថា បពិត្រមហារាជ ប្រសិនបើព្រះអង្គធ្វើមុសាវាទ ឫទ្ធិទាំង ៤ នឹងអន្តរធាន ដូច្នេះហើយ ក៏ពោលគាថាទី ២ ថា   

អលិកំ ភាសមានស្ស,         អបក្កមន្តិ ទេវតា;
បូតិកញ្ច មុខំ វាតិ,         សកដ្ឋានា ច ធំសតិ;
យោ ជានំ បុច្ឆិតោ បញ្ហំ,     អញ្ញថា នំ វិយាករេ។

កាលបើសេ្តច ពោលពាក្យកុហក ពួកទេវតារមែងគេចចេញ (លែងរក្សា) សេ្តចណាជា្របកាលគេសួរប្រស្នា ហើយព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ព្រះឱស្ឋសេ្តចនោះ រមែងមានក្លិនស្អុយ ផ្សាយចេញទៅ ទាំងសេ្តចនោះទៀត រមែងឃ្លាតចាកកនែ្លងរបស់ខ្លួន ។

ព្រះរាជាស្ដាប់ពាក្យនោះហើយ ភ័យខ្លាច រួចសម្លឹងមើលកោរកលម្ពៈ ។ ពេលនោះ កោរក​លម្ពៈពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមព្រះអង្គកុំភ័យឡើយ ខ្ញុំព្រះអង្គបានពោលពាក្យនោះនឹងព្រះអង្គជាដំបូងហើយតើ ។ ព្រះរាជាសូម្បីបានស្ដាប់ពាក្យរបស់កបិល តាបសហើយ ក៏មិនអើពើ កាលនឹងធ្វើនូវពាក្យដែលខ្លួនពោលឲ្យនៅខាងមុខ ទើបត្រាស់ថា បពិត្រលោកម្ចាស់ លោកត្រូវជាប្អូន កោរកលម្ពៈត្រូវជាបង ។ គ្រានោះ ទេវបុត្រទាំង ៤ គិតថា “ពួកយើងនឹងមិនរក្សានូវស្ដេចដែលពោលមុសាវាទឡើយ” ដូច្នេះទើបបោះព្រះខ័នចោលនៅនឹងបាទមូល ហើយអន្តរធានបាត់ទៅ ព្រមនឹងពេលដែលព្រះរាជាពោលមុសានោះ​ឯង,មាត់ក៏មានក្លិនអាក្រក់ផ្សាយចេញទៅ ហាក់ដូចជាក្លិនពងមាន់ស្អុយបែក និងកាយក៏មានក្លិនអាក្រក់ផ្សាយចេញទៅ ហាក់ដូចជាក្លិនវច្ចកុដិដែលបើកចំហ, ព្រះអង្គក៏ធ្លាក់ចុះអំពីអាកាស មកឋិតនៅលើផែនដី, សូម្បីឫទ្ធីទាំង ៤ ក៏វិនាសទៅ  ។    

លំដាប់នោះ មហាបុរោហិតពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមព្រះអង្គកុំភ័យឡើយ បើព្រះអង្គពោលពាក្យពិត ខ្ញុំព្រះអង្គនឹងធ្វើព្រះអង្គឲ្យតាំងនៅដូចដើមវិញទាំាំងអស់ ដូច្នេះទើបពោលគាថាទី ៣ ថា    

សចេ ហិ សច្ចំ ភណសិ,     ហោហិ រាជ យថា បុរេ;
មុសា ចេ ភាសសេ រាជ,     ភូមិយំ តិដ្ឋ ចេតិយ។

បពិត្រព្រះរាជា បើប្រសិនជាព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គឋិតនៅលើផែនដី ។

ព្រះរាជានោះ សូម្បីកបិលតាបសពោលថា “បពិត្រមហារាជ សូមទ្រង់មើលចុះ កាលព្រះអង្គពោលមុសាវាទតែម្ដងប៉ុណ្ណោះ ឫទ្ធិទាំង ៤ របស់ព្រះអង្គក៏អន្តរធានទៅ សូមទ្រង់ពិចារណាចុះ សូម្បីឥឡូវនេះ ទូលព្រះបង្គំអាចធ្វើព្រះអង្គឲ្យជាប្រក្រតីដូចដើមវិញបាន” ដូច្នេះហើយទ្រង់ពោលថា “លោកពោលយ៉ាងនេះ ប្រាថ្នានឹងបោកញ្ឆោតយើង” រួចព្រះអង្គពោលមុសាវាទជាលើកទី ២ (ធ្វើឲ្យ) ព្រះអង្គចូលទៅកាន់ផែនដីត្រឹមកជើង ។

លំដាប់នោះ ព្រាហ្មណ៍តាបសពោលនឹងព្រះរាជាម្ដងទៀតថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ សូម្បីឥឡូវនេះ ទូលបង្គំអាចធ្វើឲ្យព្រះអង្គតាំងនៅដូចប្រក្រតីវិញបាន រួចហើយលោកក៏ពោលគាថាទី ៤ ថា      
   
អកាលេ វស្សតី តស្ស,         កាលេ តស្ស ន វស្សតិ;
យោ ជានំ បុច្ឆិតោ បញ្ហំ,     អញ្ញថា នំ វិយាករេ។

សេ្តចណាជា្រប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ភ្លៀងរមែងធ្លាក់ចុះ ក្នុងកាលមិនគួរ (ក្នុងដែន) របស់សេ្តចនោះ ភ្លៀងរមែងមិនធ្លាក់ចុះ ក្នុងកាលគួរ (ក្នុងដែនរបស់សេ្តចនោះ) ។
    
លំដាប់នោះ សូម្បីកបិលតាបសពោលនឹងព្រះរាជា ដែលកំពុងចូលទៅកាន់ផែនដីដរាបដល់ត្រឹមស្មងជើង ដោយផលមុសាវាទ ថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោលគាថាទី ៥ ថា   

សចេ ហិ សច្ចំ ភណសិ,     ហោហិ រាជ យថា បុរេ;
មុសា ចេ ភាសសេ រាជ,     ភូមិំ បវិស ចេតិយ។

បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលនូវពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមព្រះអង្គចូលទៅកាន់ផែនដី (ត្រឹមព្រះជាណុ) ។

ព្រះបាទឧបរិវរៈនៅតែពោលមុសាវាទជាលើកទី ៣ ថា បពិត្រលោកម្ចាស់ លោកជាប្អូន កោរកលម្ពៈជាបង ដូច្នេះហើយ ទ្រង់ចូលទៅកាន់ផែនដីដរាបដល់ត្រឹមព្រះជាណុ ។
ពេលនោះ កបិលតាបសពោលនឹងព្រះរាជាម្ដងទៀតថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា   

ជិវ្ហា តស្ស ទ្វិធា ហោតិ,         ឧរគស្សេវ ទិសម្បតិ;
យោ ជានំ បុច្ឆិតោ បញ្ហំ,     អញ្ញថា នំ វិយាករេ។

បពិត្រព្រះអង្គជាធំក្នុងទិស សេ្តចណាជា្របកាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ អណ្តាតរបស់សេ្តចនោះ រមែងបែកជាពីរដូចជាអណ្តាតនៃពស់ ។ 

សចេ ហិ សច្ចំ ភណសិ,     ហោហិ រាជ យថា បុរេ;
មុសា ចេ ភាសសេ រាជ,     ភិយ្យោ បវិស ចេតិយ។

បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះគឺត្រឹមចង្កេះ) ។

គ្រាតាបសពោល ២ គាថានេះហើយ លោកពោលទៀតថា ឥឡូវនេះ ទូលបង្គំអាចធ្វើព្រះអង្គឲ្យជាប្រក្រតីបាន ។ ព្រះរាជាសូម្បីស្ដាប់ពាក្យរបស់តាបសហើយ ក៏ទ្រងមិនអើពើ ពោលមុសាវាទជាគម្រប់ ៤ ថា បពិត្រលោកម្ចាស់ លោកត្រូវជាប្អូន កោរកលម្ពៈត្រូវជាបង ដូច្នេះហើយ ទ្រង់ចូលទៅក្នុងផែនដីដរាបត្រឹមចង្កេះ ។

លំដាប់នោះ ព្រាហ្មណ៍ពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា      

ជិវ្ហា តស្ស ន ភវតិ,         មច្ឆស្សេវ ទិសម្បតិ;
យោ ជានំ បុច្ឆិតោ បញ្ហំ,     អញ្ញថា នំ វិយាករេ។

បពិត្រព្រះអង្គជាធំក្នុងទិស ស្តេចណាជ្រាប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ស្តេចនោះ មិនមានអណ្តាត ដូចត្រី ។

សចេ ហិ សច្ចំ ភណសិ,     ហោហិ រាជ យថា បុរេ;
មុសា ចេ ភាសសេ រាជ,     ភិយ្យោ បវិស ចេតិយ។

បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមព្រះអង្គចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះគឺត្រឹមផ្ចិត) ។

ព្រះរាជាធ្វើមុសាវាទជាគម្រប់ ៥ ថា បពិត្រលោកម្ចាស់ លោកត្រូវជាប្អូន កោរកលម្ពៈត្រូវជាបង ដូច្នេះហើយ ទ្រង់ចូលទៅក្នុងផែនដីដរាបត្រឹមព្រះនាភី (ផ្ចិត)  ។ 
លំដាប់នោះ ព្រាហ្មណ៍ពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា

ថិយោវ តស្ស ជាយន្តិ,         ន បុមា ជាយរេ កុលេ;
យោ ជានំ បុច្ឆិតោ បញ្ហំ,     អញ្ញថា នំ វិយាករេ។

សេ្តចណាជ្រាប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ក្នុងត្រកូលស្តេចនោះ កើតតែកូនស្រី កូនប្រុសមិនកើតទេ ។

សចេ ហិ សច្ចំ ភណសិ,     ហោហិ រាជ យថា បុរេ;
មុសា ចេ ភាសសេ រាជ,     ភិយ្យោ បវិស ចេតិយ។

បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គ ចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះ គឺត្រឹមដោះ) ។

ព្រះរាជាមិនអើពើនឹងពាក្យរបស់តាបស ពោលមុសាវាទជាគម្រប់ ៦ ទ្រង់ក៏ចូលទៅក្នុងផែនដីដរាបដល់ត្រឹមដោះ ។ 

លំដាប់នោះ ព្រាហ្មណ៍ពោលនឹងព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កំណត់មើលចុះ ដូច្នេះហើយ ក៏ពោល ២ គាថា ថា

បុត្តា តស្ស ន ភវន្តិ,         បក្កមន្តិ ទិសោទិសំ;
យោ ជានំ បុច្ឆិតោ បញ្ហំ,     អញ្ញថា នំ វិយាករេ។

សេ្តចណាជា្រប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ កូនប្រុសរបស់សេ្តចនោះ រមែងមិនមានឡើយ បើជាមាន រមែងគេចចេញទៅកាន់ទិសតូចទិសធំបាត់អស់ ។

សចេ ហិ សច្ចំ ភណសិ,     ហោហិ រាជ យថា បុរេ;
មុសា ចេ ភាសសេ រាជ,     ភិយ្យោ បវិស ចេតិយ។

បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះទៅទៀត គឺលិចផុត) ។

ដោយទោសនៃការសេពគប់បាបមិត្រ ធ្វើឲ្យព្រះរាជាមិនអើពើនឹងពាក្យតាបស ហើយទ្រង់ពោលមុសាវាទជាគម្រប់ ៧ យ៉ាងនោះទៀត ។ គ្រានោះ ផែនដីក៏បើកចំហ សំណាញ់អណ្ដាតភ្លើងតាំងឡើងពីអវីចិនរក ចាប់យកព្រះរាជា ។

ស រាជា ឥសិនា សត្តោ,     អន្តលិក្ខចរោ បុរេ;
បាវេក្ខិ បថវិំ ចេច្ចោ,         ហីនត្តោ បត្វ បរិយាយំ។

សេ្តចនោះ កាលពីដើមត្រាច់ទៅ ក្នុងអាកាសបាន (ដល់មកខាងក្រោយ) ត្រូវឥសីផ្តាសា ហើយ ក៏បែរជាមានសភាពសាបសូន្យ ដល់វេនរបស់ខ្លួន ចូលទៅកាន់ផែនដី ។ 

តស្មា ហិ ឆន្ទាគមនំ,         នប្បសំសន្តិ បណ្ឌិតា;
អទុដ្ឋចិត្តោ ភាសេយ្យ,         គិរំ សច្ចូបសំហិតំ។

ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ ទើបមិនសរសើរ នូវការលុះក្នុងអំណាចនៃ
សេចក្តីប្រាថ្នា បុគ្គលគួរជាអ្នកមានចិត្តមិនប្រទូស្ត ហើយពោលនូវវាចាដ៏ប្រកបដោយសច្ចៈ ។

ពីរគាថានេះ ជាអភិសម្ពុទ្ធគាថា ។ មហាជនដល់នូវសេចក្ដីភ័យខ្លាច ដោយឃើញថា ព្រះបាទចេតិយរាជជេរឥសី ធ្វើមុសាវាទ ហើយចូលទៅកាន់អវីចិនរក ។ ចំណែកព្រះរាជបុត្រទាំង ៥ របស់ព្រះរាជា មកហើយ ក្រាបចុះទាបជើងរបស់ព្រាហ្មណ៍ពោលថា សូមលោកជាទីពឹងរបស់ពួកយើង ។ 

ព្រាហ្មណ៍ពោលថា ម្នាលរាជបុត្រ បិតារបស់អ្នកញ៉ាំងធម៌ឲ្យវិនាស ធ្វើមុសាវាទ ជេរឥសី ក៏ចូលដល់អវីចិនរក ធម្មតាធម៌រមែងសម្លាប់អ្នកសម្លាប់ធម៌ សូម្បីអ្នកទាំងឡាយក៏មិនអាចនឹងនៅក្នុងទីនេះឡើយ ។ បណ្ដារាជបុត្រទាំងនោះ ឥសីពោលនឹងរាជបុត្រដែលបងគេបង្អស់ថា អ្នកចូរមក ហើយចេញទៅតាមទ្វារទិសខាងកើត ទៅត្រង់រហូត អ្នកនឹងឃើញហត្ថិ-រតន៍ ដែលមានសម្បុរសសុទ្ធ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា ហត្ថិបុរៈ ។ 

ហៅរាជបុត្រទី ២ មកប្រាប់ថា អ្នកចូរចេញទៅតាមទ្វារទិសខាងត្បូង ទៅត្រង់រហូត អ្នកនឹងឃើញអស្សរតន៍ ដែលមានសម្បុរសសុទ្ធ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា អស្សបុរៈ ។

ហៅរាជបុត្រទី ៣ មកប្រាប់ថា អ្នកចូរចេញទៅតាមទ្វារទិសខាងលិច ទៅត្រង់រហូត អ្នកនឹងឃើញកេសរសីហៈ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា សីហបុរៈ ។     

ហៅរាជបុត្រទី ៤ មកប្រាប់ថា អ្នកចូរចេញទៅតាមទ្វារទិសខាងជើង ទៅត្រង់រហូត អ្នកនឹងឃើញចក្កបញ្ជរ ដែលសម្រេចដោយរតនៈទាំងពួង ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា ឧត្តរបញ្ចាល ។

ហៅរាជបុត្រទី ៥ មកប្រាប់ថា នែរាជបុត្រ អ្នកមិនអាចនៅក្នុងទីនេះទេ, ចូរធ្វើមហាស្តូបក្នុងនគរនេះ រួចចេញទៅតាមទ្វារទិសខាងលិចឆៀងខាងជើង ទៅត្រង់រហូត អ្នកនឹងឃើញភ្នំពីរទង្គិចគ្នា ឮសំឡេងទទ្ទរៈ ហើយឲ្យគេកសាងនគរ រស់នៅក្នុងទីនោះ ដោយសញ្ញានោះ នគរនោះ នឹងមានឈ្មោះថា ទទ្ទរបុរៈ ។

ជនទាំង ៥ នោះ ទៅតាមសញ្ញានោះៗ ហើយកសាងនគរ និងរស់នៅក្នុងទីនោះៗ ។
ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីកាលមុន ទេវទត្តក៏ធ្វើមុសាវាទ ហើយត្រូវផែនដីស្រូបដែរ ដូច្នេះហើយ ព្រះអង្គប្រជុំជាតកថា 

តទា ចេតិយរាជា ទេវទត្តោ អហោសិ ព្រះបាទចេតិយៈ ក្នុងកាលនោះ បានមកជាទេវទត្ត 
កបិលព្រាហ្មណោ បន អហមេវ អហោសិំ ចំណែកកបិលព្រាហ្មណ៍ គឺតថាគតនេះឯង ។
ចេតិយជាតក ៕ 

(ជាតកដ្ឋកថា ខុទ្ទកនិកាយ ជាតក អដ្ឋកនិបាត បិដកលេខ ៥៩ ទំព័រ ១២៣)
ថ្ងៃ អង្គារ ៦ រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០
ថ្ងៃទី  ២៦ ខែ មីនា ព.ស. ២៥៦២ គ.ស.២០១៨
ដោយស.ដ.វ.ថ.

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 27, Jul 2019 (25,534 Read)
រឿង​ទុដ្ឋ​កុមារ​
Public date : 06, Nov 2020 (23,567 Read)
រឿង​នាង​កាញ្ចនទេវី
Public date : 04, Apr 2022 (3,798 Read)
បិង្គិយានីទេវិវត្ថុ
Public date : 04, Jun 2022 (21,103 Read)
រឿង​អគ្គិទត្ត​បុរោ​ហិត
Public date : 05, Jan 2023 (30,941 Read)
រឿងនាងកេសការី
Public date : 25, Jul 2019 (12,491 Read)
រឿង​សាមណេរ ៤ រូប​ជា​ព្រះ​អរហន្ត
Public date : 19, Sep 2021 (16,069 Read)
រឿងព្រាហ្មណ៍ចាស់
Public date : 30, Jul 2021 (13,847 Read)
រឿង​សោម​ទត្ត​ព្រាហ្មណ៏
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).