Reading Article
Public date : 13, Jun 2022 (2,369 Read)
ភិក្ខុលួចក្លិន

|
(បុទុមបុប្ផសូត្រទី ១៤)
សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះឯង ភិក្ខុនោះត្រឡប់មកពី បិណ្ឌបាត ធ្វើភត្តកិច្ចស្រេចហើយ ក្នុងវេលាក្រោយភត្ត ក៏ចុះកាន់ស្រះបោក្ខរណី រួចហិតផ្កាឈូក។ គ្រានោះឯង ទេវតាដែលនៅអាស្រ័យ ក្នុងដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើភិក្ខុ នោះឱ្យសង្វេគ ទើបចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ក៏ពោលគាថានឹងភិក្ខុនោះថា៖ លោកហិតផ្កា ដែលកើតក្នុងទឹកនុ៎ះ ដែលគេមិនបាន ឱ្យបពិត្រលោកអ្នកនិរទុក្ខ ការហិតនុ៎ះ ជាអង្គមួយនៃការលួច លោកឈ្មោះថា ជាអ្នកលួចក្លិន។ ភិក្ខុនោះតបថា អាត្មាមិនបាននាំទៅ មិនបានកាច់ទេ គ្រាន់តែហិតផ្កាដែលកើតក្នុងទឹក អំពីចម្ងាយទេតើ ចុះហេតុ ដូចម្តេចបានជាអ្នកនិយាយថា អាត្មាលួចក្លិន ។ (ក្នុងកាលនោះ មានតាបសម្នាក់ចុះជីកគាស់ ក្រអៅឈូក កាច់ផ្កាឈូក ភិក្ខុពោលតទៅទៀត ថា ) ចុះបុរសដែលមានអំពើផ្តេសផ្តាស ជីកគាស់ក្រអៅឈូក កាច់ផ្កាឈូកយ៉ាងនេះ ហេតុអ្វីក៏អ្នកមិនថាឱ្យបុរសនុះផ៎ង ។ ទេវតាតបថា បុរសដែលល្មោភផ្តេសផ្តាស ជាអ្នកប្រឡាក់ដោយកិលេសហួសកំណត់ ពាក្យរបស់ខ្ញុំមិនមានក្នុង បុរសនោះទេ ខ្ញុំគួរនិយាយតែនឹងលោកម្នាក់ ព្រោះបុគ្គល ដែលឥតមានទីទួល ពោលគឺកិលេស ជាអ្នកស្វែងរកសេចក្តី ស្អាត អស់កាលជានិច្ច សូម្បីមានបាបប៉ុនចុងសក់ ក៏ប្រាកដដូចជាប៉ុនមេឃ ។ ភិក្ខុនោះតបថា ម្នាលទេវតា អ្នកស្គាល់អាត្មាមែន អ្នកអនុគ្រោះអាត្មាមែន ម្នាលទេវតា កាលណាបើអ្នកឃើញអាត្មាធ្វើដូច្នេះ អ្នកគប្បីនិយាយឱ្យអាត្មាទៀតចុះ ។ ទេវតាតបថា ខ្ញុំមិនបានចិញ្ចឹមលោកទេ មិនមែនគ្រាន់ បើជាងលោកទេ លោកគប្បីទៅកាន់សុគតិដោយកម្មណា បពិត្រភិក្ខុ លោកត្រូវដឹងកម្មនោះដោយខ្លួនលោកចុះ ។ គ្រានោះឯង ភិក្ខុនោះ លុះទេវតានោះ ធ្វើឱ្យសង្វេគ ហើយ ក៏ដល់នូវសេចក្តីសង្វេគ ។ ចប់បទុមបុប្ផសូត្រ ……………………………….. បុគ្គលត្រូវតែមានស្មារតី ដឹងនូវទោសកំហុសរបស់ ខ្លួនឯង ទោះបីធំ ឬតូច ហើយប្រញាប់លះបង់ចោល ឬ ខំព្យាយាមកែលម្អ ព្រោះថា អ្នកដទៃមិនងាយបានដឹងរឿង រ៉ាវសព្វគ្រប់របស់យើងទេ ជួនកាលបានដឹងដែរ ប៉ុន្តែមិន ហ៊ានប្រាប់ ជួនកាលទៀតនោះ ថែមទាំងពោលសរសើរនូវ ទោសកំហុសរបស់យើងទៀតផង ។ ការមាននូវលោភៈ ជាប់ជំពាក់ក្នុងរូប សំលេង ក្លិន រស ផោដ្ឋព្វ បុគ្គលក្នុងលោកកម្របានឃើញតាមពិត ថា ជាទោស ថាជាបាបអកុសលដែលគួរខ្លាច ព្រោះមិនមានការ អប់រំនូវសតិ ឬដោយការវង្វេងភ្លេចសតិ តាមពិតលោភៈនេះ វានាំមកនូវបញ្ហាកង្វល់ក្នុងបច្ចុប្បន្នផង វាជាអរិយសច្ចៈទី២ គឺហេតុដែលនាំឱ្យកើតទុក្ខក្នុងវដ្តៈផង ។ សព្វបើគ្រាន់តែហិតក្លិនផ្កា ក៏គង់ទេវតាពោលទោស ហើយប្រាប់ថា បុគ្គលអ្នកស្វែងរកសេចក្តីស្អាតអស់កាលជានិច្ច សូម្បីមានបាបប៉ុនចុងសក់ ក៏ប្រាកដដូចជាប៉ុនមេឃ ចុះបើខ្ញុំ ឯណេះវិញ មានបាបប៉ុនមេឃ ឃើញប៉ុនចុងសក់ ជួនកាល ស្រវាំងភ្នែក ខ្ញុំរកមើលមិនឃើញផង តើវាយ៉ាងម៉េចេទៅខ្ញុំ ហ្នឹង បើបាបច្រើនម្លឹងៗ សណ្តោងយកទៅស្ថានសួគ៌រួចដែរ ឬអត់ ឬក៏ត្រូវទប់ខ្លួនមិនជាប់ ដោយសារបាបធ្ងន់ពេកវាទាញ ទៅក្រោមទេដឹង (ខ្ញុំ=ខ្ញុំតណ្ហា) ។ ការមើលឃើញបាបល្អិតៗតូចៗដោយសារកម្លាំង របស់សតិប្បដ្ឋាន ការដឹងទោសថាជាទោសពិត សូម្បីតូច ល្អិត ដោយសេចក្តីមិនប្រមាទ ប្រៀបបីដូចរាជបុរសចាប់ចោរបាន ។សតិប្បដ្ឋានជាផ្លូវតែមួយគត់ នាំទៅរកការត្រាស់ ដឹង និង ការរួចផុតចាកទុក្ខទាំងពួង។ យើងតែងឃាត់អ្នកដទៃ មិនឱ្យថើបផ្កា ព្រោះថា សំរាប់ថ្វាយព្រះ ឬផ្កានៅនឹងដើម ដោយអាងថា សំរាប់ថ្វាយ ទេវតា ប៉ុន្តែទេវតាចង្អុលបង្ហាញទោសនៃការហិតក្លិនផ្កាឈូក ដល់ភិក្ខុ ព្រោះឃើញដល់លោភៈ ជាទុក្ខសមុទយៈ គឺហេតុនាំឱ្យ កើតទុក្ខ ជាការរំលឹកដាស់តឿនឱ្យមានសតិថ្នាក់សតិប្បដ្ឋាន។ ក្នុងលោកនេះបើមិនមានបុគ្គលអ្នកត្រាស់ដឹងសច្ចធម៌ទេនោះ តើអ្នកណាអាចសំដែងប្រាប់បានថា លោភៈ ជា ហេតុនាំឱ្យកើតទុក្ខ មានជាតិទុក្ខជាដើម ។ មិនចំពោះតែការហិតក្លិនផ្កាឈូកប៉ុណ្ណោះទេ ឱ្យតែ តណ្ហាកើតឡើង ឈ្មោះថាជាចោរដោយបរមត្ថ ព្រោះអ្វីៗ ក្នុងលោក សុទ្ធតែមិនទៀង ជាទុក្ខ ជាផលរបស់ហេតុមិន មែនរបស់ខ្លួន ប៉ុន្តែតណ្ហាតែងតែប្រកាន់ថា នុះជា៎របស់យើង នេះឯងឈ្មោះថាចោរដោយបរមត្ថ ត្រូវទទួលទារុណកម្ម ដោយកងទុក្ខ ១២ កង ជាប់ក្នុងទ្រុងមច្ចុរាជ ។ ស្រង់ចាកពីសៀវភៅ ជំនួយសតិភាគ៣ រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស។ ដោយ៥០០០ឆ្នាំ
|