ជីវប្រវត្តិសម្ដេចព្រះមហាឃោសានន្ទ

|
មហាឃោសានន្ទ (ព្រះនាមពេញ សម្តេចព្រះមហាឃោសានន្ទ) (២៣ ឧសភា ១៩១៣ - ១២ មីនា ២០០៧) ជាសម្តេចសង្ឃរាជដែលទទួលស្គាល់ដោយប្រជាជនកម្ពុជានិរទេស ដោយព្រះអង្គបានគង់នៅក្រៅប្រទេសកម្ពុជា ក្នុងអំឡុងពេលសម័យខ្មែរក្រហម និងសម័យកុម្មុយនិស្តនៅប្រទេសកម្ពុជា ។ ព្រះនាមរបស់ព្រះអង្គជាភាសាបាលី គឺ « ឃោសានន្ទ » ដែលមានន័យថា ជា « អ្នកឃោសនាដោយរីករាយ » (ឃោស ៖ សំឡេងប្រកូក, សម្រែកខ្លាំង, ការបន្លឺសំឡេង + អានន្ទ ៖ សេចក្តីសប្បាយ, សេចក្តីរីករាយ, សេចក្តីសុខសាន្ត, ប្រាមោទ្យ) ។ ព្រះអង្គប្រសូតនៅខេត្តតាកែវ នៅប្រទេសកម្ពុជានាឆ្នាំ ១៩១៣ នៅក្នុងគ្រួសារអ្នកស្រែនៅទន្លេចតុមុខ ។ កាលនៅពីក្មេង ព្រះអង្គមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើព្រះពុទ្ធសាសនា និងបានចូលបម្រើជាក្មេងវត្ត កាលពីអាយុ ៨ ឆ្នាំ ។ ព្រះសង្ឃក្នុងវត្តស្ងើចក្មេងវត្តរូបនោះណាស់ ហើយនៅអាយុ ១៤ ឆ្នាំ ព្រះអង្គបានបួសជាលោកនេន ។ ព្រះអង្គបានសិក្សាភាសាបាលីនៅពុទ្ធិកសាលាក្នុងវត្ត ហើយបន្ទាប់មកទៀត បាននិមន្តទៅបំពេញការសិក្សានៅពុទ្ធិកវិទ្យាល័យ នៅភ្នំពេញនិងខេត្តបាត់ដំបង មុននឹងនិមន្តទៅប្រទេសឥណ្ឌា ដើម្បីស្វែងរកការសិក្សាបន្ថែមទៅលើភាសាបាលីនៅវិទ្យស្ថាន « នវនាលន្ទាមហាវិហារ » ឯរដ្ឋពិហារ ប្រទេសឥណ្ឌា ។ ការអប់រំ នៅឆ្នាំ ១៩៦៥ ព្រះមហាឃោសានន្ទ បានចាកចេញពីប្រទេសកម្ពុជា ទៅភាវនាធម៌នៅក្នុងវត្តរបស់ព្រះអាចារ្យ ប៉ែន ធម្មធរោ (พระอาจารย์แป้น ธมฺมธโร) គឺ វត្តឆាយណា (วัดชายนา) នៅក្នុងព្រៃមួយ ជិតទីរួមខេត្តនគរស្រីធម្មរាជ នៅភាគខាងត្បូងនៃប្រទេសថៃ ។ បួនឆ្នាំក្រោយមក ពោលគឺក្នុងអំឡុងពេលដែលព្រះអង្គនៅតែកំពុងសិក្សានៅក្នុងវត្តព្រៃរបស់ព្រះអាចារ្យធម្មធរោនោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចាប់ផ្តើមទម្លាក់គ្រាប់បែកនៅប្រទេសកម្ពុជា ក្នុងគោលបំណងកាត់ផ្ដាច់ផ្លូវលំហូជីមិញ និងបញ្ចប់សង្គ្រាមវៀតណាម ។ ប្រទេសកម្ពុជាត្រូវរងការបំផ្លិចបំផ្លាញខ្ទេចខ្ទី ហើយប្រជាជនត្រូវបែកខ្ញែកព្រាត់ប្រាសគ្នា ។ សម័យខ្មែរក្រហម នៅគ្រានោះ មានជនជាតិខ្មែរជាច្រើន បានចាប់ផ្តើមរត់ចេញពីប្រទេសកម្ពុជា ទៅផ្តុំគ្នាតាមបណ្តោយព្រំប្រទល់ប្រទេសថៃ ដោយតំណាលទាំងរឿងរ៉ាវដែលអ្នកក្រៅ ពិបាកជឿ ស្តីពីរបបប្រល័យពូជសាសន៍ដ៏គួរឲ្យភ័យរន្ធត់នោះ ។ នៅឆ្នាំ ១៩៧៨ ព្រះមហាឃោសានន្ទ បានចាកចេញពីអាស្រមបទក្នុងព្រៃ ហើយបាននិមន្តទៅដល់ជំរំជនភៀសខ្លួននៅតាមព្រំប្រទល់ប្រទេសថៃនិងខ្មែរ និងបានចាប់ផ្តើមជួយផ្គត់ផ្គង់ដល់ជនភៀសខ្លួនដែលរត់មកប្រទេសថៃនោះ ។ នៅតាមជំរំនានា ជនភៀសខ្លួន ដែលខានបានជួបព្រះសង្ឃជាច្រើនឆ្នាំមកនោះ ពេលឃើញមុខព្រះមហាឃោសានន្ទ ក៏រំភើបចិត្តយ៉ាងក្រៃលែង ហើយក៏ស្រក់ទឹកភ្នែកស្រែកយំ កាលណាព្រះមហាឃោសានន្ទសូត្រមន្ត្រ ដែលជនជាតិខ្មែរធ្លាប់ឮធ្លាប់សូត្រជាច្រើនជំនាន់ច្រើនតំណមុនឆ្នាំសូន្យនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម ។ ព្រះអង្គបានចែករំលែកនូវអត្ថបទព្រះធម៌ដល់ជនភៀសខ្លួនជាធម្មទាន សម្រាប់ចម្រើនព្រះបរិត្ត និងបំផុសគំនិត ដើម្បីលើកទឹកចិត្តរបស់ជនភៀសខ្លួនដ៏វេទនាទាំងនោះ ។ ការស្ថាបនាឡើងវិញ នៅពេលដែលរបប ប៉ុល ពត រលំនាឆ្នាំ ១៩៧៩ ព្រះមហាឃោសានន្ទ គឺជាព្រះសង្ឃ ១ អង្គ ក្នុងចំណោមព្រះសង្ឃខ្មែរ ៣០០០ អង្គ ដែលបានផុតពីស្លាប់ ក្នុងចំណោមព្រះសង្ឃចំនួន ៦ ម៉ឺនអង្គនៅប្រទេសកម្ពុជាមុនឆ្នាំ ១៩៧៦ ។ ក្នុងឆ្នាំ ១៩៧៩ នៅតាមជាយដែនខ្មែរ-ថៃ ព្រះអង្គបានកសាងវត្តក្នុងជំរំជនភៀសខ្លួនទាំងឡាយ ហើយបានបំបួសព្រះសង្ឃជាតិខ្មែរ ទោះបីជាមានការហាមប្រាមពីអាជ្ញាធរយោធាថៃក៏ដោយ ។ នៅឆ្នាំ ១៩៨០ ព្រះមហាឃោសានន្ទ និងបព្វជិតសាសនាគ្រីស្ទាន ១ រូប គឺគ្រូគង្វាល ភីធ័រ ឡរ៉ែន្ស ផនដ៍ (Peter L. Pond) បានបង្កើត « បេសកកម្មអន្តរសាសនាដើម្បីសន្តិភាពនៅកម្ពុជា » ។ លោកទាំងពីរ បានរកឃើញអតីតព្រះសង្ឃនិងដូនជី រាប់រយអង្គ និងរាប់រយនាក់ ដែលបានរួចពីស្លាប់ ដើម្បីឲ្យពួកអតីតសង្ឃនិងដូនជីទាំងនោះ អាចបួសឬកាន់សីល ១០ ឡើងវិញ និងកាន់កាប់មុខងារឡើងវិញ ក្នុងវត្តអារាមខ្មែរទូទាំងពិភពលោកផងដែរ ។ នៅខែមិថុនា ឆ្នាំ ១៩៨០ រដ្ឋាភិបាលថៃសម្រេចចិត្តបង្ខំជនភៀសខ្លួនរាប់ពាន់នាក់ឲ្យធ្វើមាតុភូមិនិវត្តន៍ ។ លោកគ្រូគង្វាល ផនដ៍ និងព្រះមហាឃោសានន្ទ ក៏បានរៀបចំការតវ៉ាប្រឆាំងនឹងការធ្វើមាតុភូមិនិវត្តន៍ទាំងបង្ខំនូវជនភៀសខ្លួនពីជំរំស្រះកែវ (សាកែវ) ។ នៅឆ្នាំ ១៩៨៨ ព្រះសង្ឃខ្មែរមួយក្រុម ដែលបាននិរទេសខ្លួនចាកចេញពីប្រទេសកម្ពុជា បានជ្រើសតាំងព្រះមហាឃោសានន្ទ ជាសង្ឃរាជ ។ ព្រះមហាឃោសានន្ទ បានយល់ព្រមទទួលឋានៈនេះជាបណ្តោះអាសន្ន ដរាបដល់ប្រទេសកម្ពុជានឹងមានសន្តិភាពឡើងវិញ ។ នៅជំនាន់នោះ គឺនៅទសវត្សរ៍ឆ្នាំ ១៩៨០ សម្តេចព្រះមហាសង្ឃរាជនៅប្រទេសកម្ពុជា គឺ សម្តេច ទេព វង្ស ដែលរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោមការគាំទ្រពីសាធារណរដ្ឋសង្គមនិយមវៀតណាម បានតែងតាំងកាលពីឆ្នាំ ១៩៨១ ។ ធម្មយាត្រា គេបានដាក់ឈ្មោះព្រះអង្គថា ជា « មហាត្មៈគន្ធី នៃប្រទសកម្ពុជា » ។ លោកស្រី ឃ្លែរប៊ន ផិល្ល (Claiborne Pell) ដែលជាប្រធានគណៈកម្មាធិការការបរទេសនៃព្រឹទ្ធសភាអាមេរិកាំង បានស្នើឈ្មោះរបស់ព្រះអង្គ ចំពោះរង្វាន់សន្តិភាពណូបែល[១៣] ។ គេក៏បានស្នើព្រះនាមព្រះអង្គ ចំពោះរង្វាន់នេះ នៅឆ្នាំ ១៩៩៥, ១៩៩៦ និង ១៩៩៧ ដោយយល់ឃើញសកម្មភាពរបស់ព្រះអង្គក្នុងការនាំសន្តិភាពដល់ប្រទេសកម្ពុជា ។ ព្រះមហាឃោសានន្ទ ក៏មានតួនាទីជាទីប្រឹក្សាឲ្យ « ពុទ្ធសាសនិកសម្ព័ន្ធដើម្បីសន្តិភាព » (Buddhist Peace Fellowship) ហើយព្រះអង្គគង់ម្តងម្កាលនៅវត្តអារាមបាលិលេយ្យ ដែលកសាងដោយជនភៀសខ្លួនខ្មែរ នៅទីក្រុងហ្វ៊ីឡាឌែលហ៊្វីយ៉ា រដ្ឋផេនស៊ីលវ៉ានីញ៉ា ស.រ.អា. ។ សម្តេចព្រះមហាឃោសានន្ទ បានទទួលអនិច្ចធម្មនៅក្រុងន័រធ៍ហាំប៍តុន រដ្ឋម៉ាស្សាឈូសេត្តស៍ នៃសហរដ្ឋអាមេរិក នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០០៧ ៕ |