Reading Article
Public date : 12, Jan 2023 (2,214 Read)
ឆវិសោធនសូត្រ

|
សម័យមួយព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនាមហាវិហារ-ព្រះជេតពន ព្រះអង្គទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយ អំពីភិក្ខុក្នុងសាសនានេះព្យាករព្រះអរហត្តផល ដោយពាក្យថា ខីណា ជាតិ ( ខ្ញុំដឹងច្បាស់ថា ) ជាតិអស់ហើយ វុសិតំ ព្រហ្មចរិយំ ព្រហ្មចរិយ ខ្ញុំបានប្រព្រឹត្តហើយ ដូច្នេះជាដើម ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវត្រេកអរ មិនត្រូវហាមឃាត់នូវភាសិតរបស់ភិក្ខុនោះឡើយ ។ នៅក្នុងព្រះសូត្រ ព្រះអង្គទ្រង់លើកយកពួកធម៌ ៦ មកជាបញ្ហាសាកសួរ ដើម្បីរកភាពបរិសុទ្ធហ្មត់ចត់ប្រាកដប្រជា ទើបព្រះសូត្រមានឈ្មោះថា ឆវិសោធនសូត្រ ។ ពួកធម៌ ៦ ១-វោហារ ៤ គឺ ទិដ្ឋេ សុតេ មុតេ វិញ្ញាតេ ។ ២-ឧបាទានក្ខន្ធ ៥ មានរូបូបាទានក្ខន្ធជាដើម ។ ៣-ធាតុ ៦ មានបឋវីធាតុជាដើម ។ ៤-អាយតនៈខាងក្នុង និងខាងក្រៅ ៦ ។ ចំពោះពួកធម៌ ៤ ពួកនេះ គប្បីសួរថា ចុះអ្នកដ៏មានអាយុដឹងដូចម្ដេច ឃើញដូចម្ដេច ទើបចិត្តផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំក្នុងពួកធម៌នេះ ។ ៥-កាយដែលប្រកបដោយវិញ្ញាណ ។ ៦-និមិត្តទាំងអស់ជាខាងក្រៅ ។ ចំពោះពួកធម៌ពីរពួកខាងក្រោយនេះ គប្បីសួរថា ចុះអ្នកដ៏មានអាយុ ដឹងដូចម្ដេច ឃើញដូចម្ដេច បានជាដកនូវអហង្ការមមង្ការមានានុស័យក្នុងកាយដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងអស់ជាខាងក្រៅនេះផង ។ នៅខាងចុងនៃព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវត្រេកអរ អនុមោទនា នឹងភាសិតរបស់ភិក្ខុនោះថា សាធុ ។ លុះភិក្ខុត្រេកអរ អនុមោទនានឹងភាសិតរបស់ភិក្ខុនោះថា សាធុ ហើយ ត្រូវនិយាយថា ម្នាលអាវុសោ យើងពេញជាមានលាភ ម្នាលអាវុសោ អត្តភាពជាមនុស្សយើងបានល្អហើយ ដោយយើងបានឃើញលោកដ៏មានអាយុ ជាអ្នកប្រព្រឹត្តធម៌ល្អប្រាកដដូច្នោះ ។ សូមអនុមោទនា ! សិក្សាព្រះសូត្រភាគ១៥ ដោយ៥០០០ឆ្នាំ |