ចំណេះវិជ្ជាខាងផ្លូវព្រះពុទ្ធសាសនា

|
ព្រះវិសុទ្ធវង្ស ហួត តាត អាចារ្យបង្រៀននៅសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ បានអធិប្បាយហើយរៀបរៀងឡើង ព.ស. ២៤៧០ ។
ទេសនារម្ភោ សូមអស់លោកអ្នកទាំងឡាយប្រុងចាំស្ដាប់ ! អាត្មានឹងអធិប្បាយពីសេចក្ដីដែលមានប្រយោជន៍ដល់លោកអ្នកទាំងឡាយ តាមសមគួរដល់ភាសិតរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើង និងតាមមតិរបស់អាត្មាដែលជាអ្នកអធិប្បាយនេះខ្លះ ដើម្បីនឹងឱ្យអស់លោកអ្នកទាំងឡាយស្ដាប់ងាយយល់ ងាយចូលចិត្ត ព្រោះការស្ដាប់នេះ កាលបើស្ដាប់ពុំបានមិនដឹងជាថាដូចម្ដេច នោះទោះបីស្ដាប់អស់ប៉ុន្មានឆ្នាំ ក៏ជាការឥតប្រយោជន៍ប្រហែលគ្នានឹងមិនស្ដាប់ កាលបើស្ដាប់បានយល់សេចក្ដី សូម្បីតែស្ដាប់តែមួយរំពេច ក៏ឈ្មោះថាបានស្ដាប់ដោយប្រពៃ ។ អស់អ្នកទាំងឡាយសុទ្ធតែជាខេមរជាតិ គេដឹងសព្វប្រទេសថាជាជាតិអ្នកកាន់ព្រះពុទ្ធសាសនា គួរតែឱ្យមានសេចក្ដីរីករាយក្នុងចិត្តថាមានភព្វមានសំណាង បានមកចួបប្រទះព្រះពុទ្ធដែលជាពាក្យប្រដៅដ៏ថ្លៃថ្លាវិសេស ព្រោះពុទ្ធសាសនាជាគុណជាតិដ៏ឧត្ដម អាចធ្វើអ្នកដែលប្រតិបត្តិតាមឱ្យបានចម្រើនដោយការចេះដឹងនិងសេចក្ដីថ្លៃថ្លា ។ តែអ្នកដែលមានឈ្មោះថាកាន់ព្រះពុទ្ធសាសនាចំពួកខ្លះ ដែលបានសិក្សាឱ្យស្គាល់ជាក់នូវរសជាតិព្រះពុទ្ធសាសនា នៅមានគំនិតង៉េងង៉ាងដោយសេចក្ដីងឿងឆ្ងល់ ដូចជាអ្នកខ្លះដែលបានឃើញអ្នកកាន់ព្រះពុទ្ធខ្លះដែលពុំសូវចេះដឹង ជាអ្នកទាបថោក ជាអ្នកក្រីក្រលំបាក ក៏ចូលចិត្តថាព្រះពុទ្ធសាសនាទាបថោកណាស់ ធ្វើអ្នកដែលប្រតិបត្តិតាមឱ្យល្ងង់ ឱ្យទាបទាបថោក ឱ្យក្រីក្រលំបាក ម្ល៉ោះហើយក៏មិនយកចិត្តទុកដាក់នឹងព្រះពុទ្ធសាសនា ឱ្យជាការមាំមួនឡើយ នេះមកពីអ្នកគិតនេះឯង មិនបានសិក្សា មិនបានពិនិត្យឱ្យឃើញតាមការណ៍ពិតមែន ។ សព្វថ្ងៃនេះមានអ្នកកាន់ព្រះពុទ្ធសាសនា ជាអ្នកចេះដឹង ជាអ្នកខ្ពង់ខ្ពស់ ជាអ្នកមានទ្រព្យសម្បត្តិ ក៏មានជាច្រើនរូបណាស់ដែរ តែមិនទាញយកមកជាគ្រឿងដឹកនាំគំនិត ។ ម្យ៉ាងទៀត មានអ្នកដែលមិនកាន់ព្រះពុទ្ធសាសនាជាអ្នកឥតមានចេះដឹងអ្វីសោះ ជាអ្នកទាបថោក ជាអ្នកក្រីក្រលំបាក ក៏សឹងមានជាច្រើនរាប់មិនអស់ អ្នកមានគំនិត ហេតុដូចម្ដេចក៏គិតឱ្យឃើញហេតុនេះ ផង ? ម្យ៉ាងទៀត មានមនុស្សចំពួកខ្លះបានចូលមកសិក្សាចំណេះវិជ្ជាខាងផ្លូវព្រះពុទ្ធសាសនាមានចំណេះអក្សរជាដើម នៅទីវត្តអារាមដែលជាទីបណ្ដុះនៃពូជចំណេះខាងព្រះពុទ្ធសាសនាតាំងពីក្មេងមក អ្នកខ្លះបានទាំងបួសថែមទៀត តែមិនខំប្រឹងរៀនសូត្រឱ្យចេះដឹងប្រាកដមែនទែន លុះដល់វេលាដែលចេញពីវត្តអារាមទៅ បានទៅសិក្សាចំណេះវិជ្ជាឯទៀតក្រៅពីលទ្ធិព្រះពុទ្ធសាសនា ក៏ត្រឡប់ឃើញថាព្រះពុទ្ធសាសនាមិនរៀបរយ មិនថ្លៃថ្លាប្រពៃដូចជាចំណេះវិជ្ជាឯទៀត ម្ល៉ោះហើយក៏នាំគ្នានិយាយបង្អាប់ចំណេះដែលចេះពីវត្តអារាមទៅ គឺថាបើឃើញចំណេះណាមួយមិនប្រាកដ ឬឃើញអក្សរដែលអ្នកណាមួយគេសរសេរមិនល្អ ក៏នាំគ្នានិយាយថាចំណេះវត្តអក្សរវត្តប្រើមិនកើត ដូចជាទីវត្តរមែងតែធ្វើមនុស្សអ្នករៀនមិនឱ្យចេះប្រាកដ ត្រង់ខ្លួនឯងដែលខ្ជិលរៀននោះមិនគិតឃើញដល់ នេះ មកពីគំនិតដែលគិតឃើញខុស ព្រោះលុះក្នុងអំណាចនៃសេចក្ដីភាន់ច្រឡំ ។ អស់លោកទាំងឡាយប្រយត្នកុំឱ្យភាន់ច្រឡំគំនិតដូចមនុស្សចំពួកខ្លះដែលគិតឃើញខុសដូចខាងលើនេះឡើយ ត្រូវចូលចិត្តឱ្យមាំថា ព្រះពុទ្ធសាសនានេះជាច្បាប់ប្រដៅមនុស្សដែលជឿប្រតិបត្តិតាម ឱ្យមានប្រាជ្ញា ឱ្យមានចំណេះវិជ្ជា ឱ្យបានថ្លៃថ្លា ឱ្យមានរបៀបរៀបរយល្អ ឱ្យបានសេចក្ដីសុខដូចសេចក្ដីអធិប្បាយតទៅនេះ កិរិយាកើតឡើងនៃព្រះពុទ្ធសាសនា ពាក្យថា “ពុទ្ធសាសនា” ដែលយើងកាន់សព្វថ្ងៃនេះ ចែកចេញជាពីរបទ គឺពុទ្ធ ជាបទ ១ សាសនា ជាបទ ១ ។ ពុទ្ធនេះជាឈ្មោះនៃមនុស្សអស្ចារ្យ ១ នាក់ ដែលកើតក្នុងសក្យត្រកូល ជាតិជាក្សត្រនៅក្នុងមជ្ឈិមប្រទេស គឺប្រទេសដែលគេហៅសព្វថ្ងៃនេះថាជាស្រុកឥណ្ឌាឬស្រុកអាំងប៉ែកខាងជើង បើគិតចំនួនឆ្នាំថយក្រោយពីឥឡូវនេះទៅទល់នឹងកាលសម័យដែលមនុស្សអស្ចារ្យនោះកើតឡើង នោះយូរចំនួនជាង ២.៥៥០ ឆ្នាំមកហើយ ។ មនុស្សអស្ចារ្យនោះមានឈ្មោះថា សិទ្ធត្ថ បានសោយរាជ្យតាំងពីព្រះជន្ម ១៦ ឆ្នាំ ដល់មកព្រះជន្ម ២៩ ឆ្នាំ បានពិចារណាឃើញច្បាស់នូវសេចក្ដីទុក្ខព្រួយដែលកើតឡើងអំពីជាតិគឺ ខន្ធ ៥ អំពីជរាគឺចាស់គ្រាំគ្រា អំពីព្យាធិ គឺសេចក្ដីឈឺចាប់ អំពីមរណៈ គឺសេចក្ដីស្លាប់ ដោយប្រាជ្ញាដ៏ក្លាហានហើយមិនអាចនឹងទ្រាំនៅក្នុងនិវេសនដ្ឋាន ដែលជាទីជោកជាំដោយកាមគុណទាំង ៥ បានឡើយ ក៏ចេញបួសខំប្រែងស្វែងរកធម៌ដើម្បីនឹងរម្លត់បង់នូវសេចក្ដីទុក្ខព្រួយទាំងនោះ ដរាបដល់បានសម្រេចនូវប្រាជ្ញាដ៏ថ្លៃថ្លាវិសេសឈ្មោះថា “សម្ពោធិញ្ញាណ” ដែលយើងធ្លាប់ហៅមក ធ្លាប់ឮមកថាព្រះអង្គបានត្រាស់ ។ មនុស្សអស្ចារ្យនេះហើយ ដែលមាននាមថា “ពុទ្ធ” ប្រែថាព្រះអង្គចេះគ្មានសល់ ឬថាព្រះអង្គជ្រាបច្បាស់នូវសេចក្ដីពិតមែន ឬថាព្រះអង្គភ្ញាក់ហើយអំពីដេកលក់គឺសេចក្ដីល្ងង់ ។ ព្រះពុទ្ធជាម្ចាស់នេះ កាលដែលព្រះអង្គបានត្រាស់ហើយ ទ្រង់បានពិចារណាឃើញសត្តនិករគឺពពួកមនុស្សនិងទេវតា ដែលកើតឡើងក្នុងលោកមានសន្ដានក្រាស់ដោយមោហៈគឺសេចក្ដីល្ងង់ មិនដឹងថាខ្លួនធ្លាក់លិចនៅក្នុងសមុទ្រដ៏ធំពោលគឺសង្សារវដ្ដ ដែលជាទីប្រកបដោយទុក្ខភ័យមិនដឹងថាខ្លួនច្រឡោតនៅលើគំនរភ្លើងទាំង ៥ ពោលគឺកាមគុណ ៥ ដែលជាគ្រឿងនាំបណ្ដាលឱ្យបានសេចក្ដីទុក្ខលំបាកសេចក្ដីរោលរាលជានិច្ច មានតែសេចក្ដីធ្វេសប្រហែស ឥតមានគំនិតគិតស្វែងរកឧបាយនឹងរលាស់ខ្លួនឱ្យរួចផុតពីក្នុងមហាសមុទ្រ ឬពីក្នុងគំនរភ្លើងនោះឡើយ ដោយសញ្ញាវិបល្លាស គឺសេចក្ដីសម្គាល់ខុសថាជាទីប្រកបដោយសេចក្ដីសុខស្រួលវិញ ។ ព្រះអង្គទ្រង់ឃើញថា សត្តនិករទាំងអស់ជាច្រើនមានគំនិតគិតធ្លោយយ៉ាងនេះ មកពីមោហធម៌ដែលស្រោបគំនិតសត្វបិទបាំងជិត ហើយដឹកនាំសត្វឱ្យធ្វើនូវអំពើខុសផ្សេងៗ មោហៈដែលបិទគំនិតមនុស្ស ហើយដឹកនាំមនុស្សសត្វទៅនោះ ឧបមាដូចជាសេចក្ដីល្ងង់របស់ពពួកសត្វមមាច សត្វកណ្ដូបជាដើម បិទបាំងមិនឱ្យស្គាល់ថាជាគ្រឿងក្ដៅឡើយ ហើយបណ្ដាលឱ្យអាចហានចូលទៅក្នុងភ្លើង ដរាបដល់សេចក្ដីវិនាស ។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ពិចារណាឃើញដូច្នោះហើយ ក៏កើតមានព្រះទ័យប្រកបដោយមហាករុណា គឺសេចក្ដីអាណិតធំដល់ពួកមនុស្សសត្វទាំងនោះ ប្រាថ្នានឹងជួយដោះឱ្យរួចចេញពីសេចក្ដីងងឹតល្ងង់ ដើម្បីនឹងឱ្យកើតមានប្រាជ្ញាភ្លឺស្វាងឡើង នឹងបានស្គាល់ទុក្ខ-សុខ អាក្រក់-ល្អ និងគុណ-ទោស ហើយនឹងស្វែងរកឧបាយដោះខ្លួនឱ្យរួចចេញចាកគ្រឿងទុក្ខ ។ ទើបព្រះអង្គទ្រង់សម្ដែងធម៌ទេសនាប្រដៅសត្តនិករ រាប់ចំនួនឆ្នាំតាំងពីព្រះអង្គបានត្រាស់ហើយ ដរាបដល់ថ្ងៃដែលព្រះអង្គចូលបរិនិព្វានបានចំនួន ៤៥ ឆ្នាំគត់ ។ ធម៌ទេសនាជាពាក្យប្រដៅទាំងអស់ របស់ព្រះសម្មាសម្ពុទ្ធនោះឈ្មោះថា “សាសនៈ” គឺដែលយើងធ្លាប់ហៅថា “សាសនា ឬសាស្នា” ប្រែថា “ពាក្យឬធម៌ជាច្បាប់សម្រាប់ប្រៀនប្រដៅ” បើរួមពាក្យថា “ពុទ្ធ” ភ្ជាប់មកនឹងពាក្យថា “សាសនា” ជាពាក្យ ១ ម៉ាត់ ហៅថា “ពុទ្ធសាសនា” ប្រែថា “ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ” គឺច្បាប់សម្រាប់ប្រដៅមនុស្សសត្វមិនឱ្យល្ងង់ ឱ្យកើតមានប្រាជ្ញាស្គាល់គ្រឿងពិតមែន ឬឱ្យកើតមានចំណេះវិជ្ជា ឬថាច្បាប់សម្រាប់ប្រដៅសត្វ ឱ្យចេះគិតស្វែងរកឧបាយនឹងដោះខ្លួនឱ្យរួចពីគ្រឿងទុក្ខ ឱ្យបានដល់នូវសេចក្ដីសុខ ។ តម្លៃនៃព្រះពុទ្ធសាសនា ព្រះពុទ្ធសាសនានេះ គួរអស់លោកអ្នកទាំងឡាយជ្រាបថា ជាពាក្យប្រដៅមានតម្លៃដោយក្រៃលែង ។ ពាក្យប្រដៅទាំងនោះមានពាក្យខ្លះ ត្រូវគ្នានឹងពាក្យសុភាសិតរបស់អ្នកប្រាជ្ញទាំងឡាយអំពីបុរាណ ដែលមនុស្សក្នុងលោកគេបានចេះរៀងៗមកតាំងអំពីមុនព្រះសម្មាសម្ពុទ្ធបានត្រាស់មកក៏មាន ពាក្យខ្លះជាពាក្យប្រដៅផុតវិស័យគំនិតមនុស្សនិងទេវតាទាំងអស់ ក្រៅតែអំពីព្រះសម្មាសម្ពុទ្ធ ឥតមានអ្នកណាមួយនឹងមានគំនិតគិតបង្កើតឡើងបានដូចនោះក៏មានជាច្រើនអន្លើ ដូចសេចក្ដីដែលសម្ដែងដោយសង្ខេបតទៅនេះ ១- ព្រះពុទ្ធសាសនាដែលមានឡើងដំបូង ក្នុងស្រុកមជ្ឈិមប្រទេស ៗ នោះ កាលមុនដែលមិនទាន់ព្រះពុទ្ធសាសនា មនុស្សក្នុងប្រទេសទាំងនោះនាំគ្នាប្រព្រឹត្តប្រតិបត្តិតាមលទ្ធិសាសនាព្រាហ្មណ៍ដោយច្រើន ជាផ្លូវប្រតិបត្តិតឹងពេកក៏មាន ធូរពេកក៏មាន ដូចយ៉ាងប្រតិបត្តិបង្អត់អាហារខ្លួនឱ្យលំបាករូបកាយ ដេកលើបន្លា និងអាំងភ្លើងក្នុងវេលាថ្ងៃក្នុងរដូវក្ដៅជាដើម ជាសេចក្ដីប្រតិបត្តិឥតប្រយោជន៍ទាំងអស់ ក៏ឥតមានមនុស្សណាមួយគិតឃើញថាឥតប្រយោជន៍ ហើយនឹងរើគំនិតរកផ្លូវប្រតិបត្តិថ្មីទៀតឡើយ ។ ដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បានត្រាស់ឡើង ទ្រង់បានសម្ដែងធម៌ទេសនាជាដំបូង កែប្រែសេចក្ដីប្រតិបត្តិទាំងនោះ គឺពន្យល់មិនឱ្យប្រតិបត្តិតាម ហើយឱ្យប្រតិបត្តិតាមបែបយ៉ាង ដែលព្រះអង្គទ្រង់ជ្រាបថាមានប្រយោជន៍ពិតវិញ ធម៌ទេសនាជាដំបូងនោះ ព្រះអង្គសម្ដែងថា “ទ្វេមេ ភិក្ខវេ បព្វជិតេន ន សេវិតព្វា” ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រតិបត្តិដ៏លាមកអាក្រក់ទាំងពីរយ៉ាងនេះ បព្វជិតមិនគួរសេព គឺថាមិនត្រូវប្រតិបត្តិឡើយ សេចក្ដីប្រតិបត្តិអាក្រក់ពីរយ៉ាងនោះ គឺកាមសុខល្លិកានុយោគ ការប្រកបខ្លួនឱ្យជាប់ចំពាក់ដោយសេចក្ដីសុខក្នុងកាមទាំងឡាយ ១ អត្តកិលមថានុយោគ ការប្រកបសេចក្ដីលំបាកដល់ខ្លួនឱ្យនឿយហត់ឥតប្រយោជន៍ ១ ។ សេចក្ដីប្រតិបត្តិទាំង ២ យ៉ាងនេះ ជាការនាំឱ្យសាបសូន្យ មិនជាសេចក្ដីចម្រើនទេ មិនតែប៉ុណ្ណោះឡើយថែមទាំងបណ្ដាលឱ្យបាននូវសេចក្ដីទុក្ខព្រួយទៀត ។ ឯតេ ខោ ភិក្ខវេ ឧភា អន្តេ អនុបគម្ម មជ្ឈិមា បដិបទា ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រតិបត្តិជាកណ្ដាលដែលមិនលាយច្រឡំនឹងសេចក្ដីប្រតិបត្តិទាំង ២ យ៉ាងនោះ តថាគតបានត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិធ្វើឱ្យកើតប្រាជ្ញា ឱ្យកើតសេចក្ដីដឹងច្បាស់ប្រាកដ ប្រព្រឹត្តទៅដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីសេចក្ដីដឹងក្រៃពេក ដើម្បីសេចក្ដីដឹងល្អ ដើម្បីព្រះនិព្វាន ។ ក៏សេចក្ដីប្រតិបត្តិជាកណ្ដាលនោះដូចម្ដេច ? សេចក្ដីប្រតិបត្តិជាកណ្ដាលនោះ គឺធម៌ដែលគួរស្វែងរកមានអង្គ ៨ ហៅថា “អដ្ឋង្គិកមគ្គ” ជាគ្រឿងចេញផុតចាកសត្រូវគឺកិលេស ។ អដ្ឋង្គិមគ្គទាំង ៨ នោះគឺ សម្មាទិដ្ឋិ ប្រាជ្ញាយល់ត្រូវ ១ សម្មាសង្កប្បោ សេចក្ដីត្រិះរិះត្រូវ ១ សម្មាវាចា សម្ដីនិយាយត្រូវ ១ សម្មាកម្មន្តោ ការងារត្រូវ ១ សម្មាអាជីវោ ចិញ្ចឹមជីវិតត្រូវ ១ សម្មាវាយាមោ ព្យាយាមត្រូវ ១ សម្មាសតិ សេចក្ដីរឭកត្រូវ ១ សម្មាសមាធិ កិរិយាតម្កល់ចិត្តត្រូវ ១ ។ ២- មានធម៌ជាពុទ្ធសាសនាម្យ៉ាងទៀត ហៅថា “សច្ចធម៌” ជាធម៌ប្រកាសនូវសេចក្ដីពិតមែន ជាសេចក្ដីកំបាំងនឹងគំនិតប្រាជ្ញារបស់មនុស្សទេវតាទាំងអស់ កាលមុនដែលពុំទាន់មានព្រះពុទ្ធសាសនា នោះឥតមានអ្នកណាមួយចេះប្រដៅគ្នាឱ្យគិតឃើញត្រូវដូចសច្ចធម៌នេះឡើយ បើទុកជាមានអ្នកឃើញខ្លះ ក៏គ្រាន់តែឃើញព្រឹលៗ មិនច្បាស់លាស់ លុះដល់ព្រះអង្គបានត្រាស់ឡើង ទើបព្រះអង្គសម្ដែងអំពីធម៌ពិតមែននោះឱ្យអស់មនុស្សទេវតាទាំងឡាយបានស្គាល់ច្បាស់ច្រើនគ្នាឡើង ហៅថា “អរិយសច្ច” ៗ នេះមាន ៤ យ៉ាងគឺ ១- ទុក្ខ កិរិយាកើតនៃខន្ធ ៥ កិរិយាចាស់គ្រាំគ្រានៃខន្ធ ៥ កិរិយាឈឺចាប់នៃខន្ធ ៥ កិរិយាបែកធ្លាយនៃខន្ធ ៥ គឺសេចក្ដីស្លាប់ប៉ុណ្ណោះជាដើម ជាគ្រឿងទុក្ខ ។ អរិយសច្ចធម៌ទាំង ៤ នេះ បណ្ដាលមនុស្សមានប្រាជ្ញាទាំងប៉ុន្មាន តែបានឮបានស្ដាប់ ហើយគិតតាមទំនងលំអានធម៌នេះទៅ ក៏នឹងជឿប្រាកដថាត្រូវពិតមែន ដូចក្នុងសម័យសព្វថ្ងៃនេះ បានដំណឹងថាពួកអ្នកប្រាជ្ញក្នុងប្រទេសធំៗ ដូចក្នុងប្រទេសអឺរ៉ុប គេបានពិនិត្យដល់ព្រះពុទ្ធសាសនាត្រង់នេះក៏មានសេចក្ដីស្ងើចអស្ចារ្យសរសើរថា ព្រះពុទ្ធចេះសម្ដែងធម៌ត្រូវពិតមែនណាស់ ។ ៣- មានធម៌ជាពុទ្ធសាសនាម៉្យាងទៀតសម្រាប់ប្រដៅមនុស្ស ឱ្យចេះគិតពិចារណាដល់រូបកាយ ឱ្យឃើញថាមិនទៀង ថាជាទុក្ខ និងឱ្យឃើញថាមិនមែនជារបស់ខ្លួន ហៅថា “ព្រះត្រៃលក្ខណៈ” ជាប្រយោជន៍នឹងកុំឱ្យសត្វទាំងឡាយមានសេចក្ដីស្រវឹងទៅក្នុងរូបកាយ ។ ធម៌ជារបៀបនៃព្រះពុទ្ធសាសនា ដែលនាំយកមកពន្យល់ក្នុងទីនេះបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីឱ្យឃើញជាតួយ៉ាងនៃព្រះពុទ្ធសាសនាដែលមានតម្លៃវិសេស ព្រោះជាពាក្យប្រដៅផុតវិស័យមនុស្សនិងទេវតាគិតប្រដៅឱ្យដូចពុំបានឡើយ ។ ដែលនៅមានតទៅទៀតនោះច្រើនណាស់ មិនមានពេលល្មមនឹងនាំយកមកអធិប្បាយឱ្យសព្វគ្រប់បាន ព្រោះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ឡើង បានសម្ដែងធម៌ជាពាក្យប្រដៅអស់ ៤៥ ឆ្នាំ ទើបព្រះអង្គបរិនិព្វានទៅ ព្រះសង្គីតិកាចារ្យគឺពួកសិស្សរបស់ព្រះអង្គតមក លោកបានសង្គាយនារួបរួមពាក្យប្រដៅរបស់ព្រះអង្គទុកជា ៣ ផ្នែក ហៅថា “ព្រះត្រៃលក្ខណបិដក” គឺវិន័យបិដក ១ សុត្តន្តបិដក ១ អភិធម្មបិដក ១ បិដកទាំង ៣ នេះដូចជាទូសម្រាប់ដាក់នូវរបស់មានតម្លៃ គឺព្រះពុទ្ធសាសនានេះឯង ។ ម៉្យាងទៀត ព្រះពុទ្ធសាសនាដែលជាពាក្យប្រដៅមនុស្សសត្វឱ្យមានប្រយោជន៍ឱ្យបានសេចក្ដីសុខនោះ មិនមែនប្រដៅឱ្យតែបានប្រយោជន៍នឹងសុខក្នុងបរលោកមុខ ដែលយើងមើលទៅមិនឃើញនោះទេ ជាពាក្យប្រដៅឱ្យបានទាំងប្រយោជន៍នឹងសេចក្ដីសុខក្នុងលោកនេះផង ដូចសេចក្ដីរៀបរាប់ដោយសង្ខេបតទៅនេះ ១ ព្រះអង្គប្រដៅមនុស្សមិនឱ្យប្រព្រឹត្តតាមអបាយមុខ ៦ យ៉ាង គឺមិនឱ្យមិនផឹកសុរា ១ មិនឱ្យដើរលេងតាមច្រកល្ហកក្នុងវេលាយប់ ១ មិនឱ្យដើរមើលល្បែងមហោស្រព ១ មិនឱ្យលេងល្បែងភ្នាល់ មានបៀប៉ោជាដើម ១ មិនឱ្យសមគំនិតនឹងមនុស្សខូចយកធ្វើជាមិត្តសម្លាញ់ ១ មិនឱ្យខ្ជិលធ្វើការងាររកស៊ី ១ ។ ព្រះពុទ្ធសាសនាដែលនាំយកមកពន្យល់បន្តិចបន្តួចប៉ុណ្ណោះនេះ ឱ្យឃើញថាជាពាក្យប្រដៅមនុស្សសត្វឱ្យមានប្រយោជន៍ក្នុងបច្ចុប្បន្ននេះផង ។ សូមអស់លោកទាំងឡាយជ្រាបនេះ ព្រះពុទ្ធសាសនានេះបើអ្នកណាមួយបានកាន់ បានសិក្សា បានសង្កេតពិនិត្យមើលឱ្យសព្វគ្រប់ទៅគង់នឹងបានដឹងជាប្រាកដ ថាមានរសជាតិដ៏ថ្លៃថ្លា អាចឱ្យសម្រេចប្រយោជន៍ដល់ខ្លួនអ្នកប្រតិបត្តិក្នុងបច្ចុប្បន្ននេះផង ក្នុងបរលោកខាងមុខផង ។ ឯសាសនាឯទៀតដែលមានក្នុងស្រុកយើងក៏សុទ្ធតែមានពាក្យប្រដៅឱ្យមនុស្សប្រតិបត្តិល្អដោយឡែកដែរ យើងមិនបន្តុះបង្អាប់សាសនារបស់គេនោះទេ ព្រោះចូលចិត្តថា ធម្មតាពាក្យប្រដៅដែលហៅសាសនានីមួយៗ បើប្រសិនជាប្រដៅឱ្យមនុស្សប្រព្រឹត្តធ្វើនូវអំពើសុទ្ធតែអាក្រក់នោះ តើអ្នកណាគេនឹងខំប្រតិបត្តិតាម គឺមានពាក្យប្រដៅឱ្យធ្វើល្អដែរ បើមិនមានច្រើនក៏គង់មានខ្លះ ល្មមតែអ្នកដែលចូលចិត្តជឿយកមកប្រតិបត្តិតាមបាន តែទោះបីមានដូច្នោះក្ដីក៏គង់មិនមានលើសលុបជាងព្រះពុទ្ធសាសនាឡើយ ក្នុងសាសនាឯទៀតបើមានសេចក្ដីប្រតិបត្តិត្រូវល្អប៉ុន្មាន សេចក្ដីប្រតិបត្តិនោះក៏សឹងមានបរិបូណ៌គ្រប់គ្រាន់ខាងព្រះពុទ្ធសាសនាឯណេះឥតមានខ្វះ ព្រោះព្រះពុទ្ធសាសនានេះកើតមានឡើងមុនសាសនាឯទៀតៗជាច្រើន ។ ហេតុដូច្នោះ អស់លោកអ្នកទាំងឡាយដែលបានចូលមកកាន់ព្រះពុទ្ធសាសនាហើយ គួរតាំងចិត្តប្រតិបត្តិឱ្យស៊ប់សួន បើមានកិច្ចធុរៈរវល់ចំពោះខ្លួនច្រើន មិនអាចនឹងប្រតិបត្តិឱ្យពេញបន្ទុកបាន ក៏គប្បីប្រតិបត្តិយ៉ាងតិចល្មមសមគួរដល់កម្លាំងដែលអាចនឹងប្រតិបត្តិច្រើនយ៉ាង តាមជាន់នៃអ្នកប្រតិបត្តិ ដូចសេចក្ដីអធិប្បាយតទៅក្នុងខាងមុខ ។ ម្យ៉ាងទៀត ការប្រតិបត្តិតាមព្រះពុទ្ធសាសនានេះ ដូចក្នុងសម័យឥឡូវនេះជាការលំបាកនឹងចេះដឹងពេកទេ ពិតមែនជាព្រះពុទ្ធសាសនាប្រៀបដូចជារបស់មានតម្លៃតម្កល់នៅក្នុងទូដ៏មាំមួនពោលគឺព្រះត្រៃបិដក ហើយចាក់សោ គឺថាភាសាបាលី អ្នកដែលមិនចេះភាសាបាលីដូចគេឥតមានកូនសោនៅដៃ មិនអាចនឹងចាក់បើកទូយករបស់មានតម្លៃ គឺព្រះពុទ្ធសាសនាមកបាន ឯសព្វថ្ងៃនេះក្នុងស្រុកយើងកូនសោកាន់តែមានក្រែលដែរហើយ កូនសោនោះគឺគម្ពីរសាត្រា ឬសៀវភៅដែលគេប្រែពីភាសាបាលីមកជាភាសាយើងហើយបោះពុម្ពឡើង កាលបើបានសៀវភៅប្រែធម៌អាថ៌ទាំងនោះមកក៏ដូចគេមានកូនសោនៅដៃ អាចនឹងចាក់ទូគឺព្រះត្រៃបិដកបើកយករបស់មានតម្លៃគឺព្រះពុទ្ធសាសនា មកប្រដាប់តាក់តែងខ្លួនគឺប្រតិបត្តិតាមដូចប្រាថ្នាបាន ។ ពុទ្ធសាសនបដិបត្តិ សេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដែលអ្នកកាន់សាសនាត្រូវប្រព្រឹត្តប្រតិបត្តិតាមនោះ បើចែកដោយសង្ខេបមាន ៣ ជាន់គឺ ៖ ក្នុងឱកាសនេះ នឹងអធិប្បាយតែត្រង់សេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធសាសនាជាន់ខាងក្រោម សម្រាប់មនុស្សជាបុថុជ្ជន សេចក្ដីប្រតិបត្តិនោះមានបែបផ្សេងគ្នាជាពីរយ៉ាង គឺសេចក្ដីប្រតិបត្តិសម្រាប់អ្នកបួស ១ សម្រាប់គ្រហស្ថ ១ ។ នឹងសម្ដែងតែត្រង់សេចក្ដីប្រតិបត្តិសម្រាប់គ្រហស្ថ ដោយសង្ខេបដូចមានតទៅនេះ ផ្លូវប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដែលគ្រហស្ថត្រូវប្រតិបត្តិនោះមានច្រើនប្រការ មានតាំងពីកិច្ចដែលតម្កល់ខ្លួននៅក្នុងព្រះត្រៃសរណគមន៍ ដរាបដល់សេចក្ដីប្រតិបត្តិធ្វើខ្លួនឱ្យតម្កល់នៅក្នុងអរិយភូមិ មានសោតាបត្តិមគ្គជាដើម ។ អ្នកដែលប្រតិបត្តិក្នុងព្រះពុទ្ធសាសនា កាលជាន់ដើមពីក្នុងពុទ្ធសម័យ ឬក៏ក្នុងកាលខាងក្រោយតពីព្រះជាបរមគ្រូទ្រង់ចូលបរិនិព្វានរៀងមក ក៏រមែងប្រតិបត្តិទៅតាមសមគួរដល់សទ្ធាចិត្តរបស់ខ្លួនទីទៃៗ អ្នកខ្លះបានតម្កល់នៅក្នុងព្រះត្រៃសរណគមន៍ អ្នកខ្លះតម្កល់ខ្លួននៅក្នុងនិច្ចសីល និងឧបោសថសីល និងសុចរិតទាំង៣ប្រការ អ្នកខ្លះក៏បានប្រតិបត្តិតាមគន្លងនៃសមថភាវនានិងវិបស្សនាភាវនា ដរាបដល់ធ្វើខ្លួនឱ្យផុតជាតិជាបុថុជ្ជន ឱ្យតម្កល់នៅក្នុងទីអរិយភូមិបាន ។ អស់លោកអ្នកទាំងឡាយ ក៏សុទ្ធតែជាអ្នកប្រកបដោយកិច្ចកង្វល់ ក្នុងការងារដែលត្រូវ បើមិនអាចនឹងប្រតិបត្តិឱ្យសព្វគ្រប់បាន ក៏គប្បីប្រតិបត្តិឱ្យសមគួរដល់ស្ថានដែលត្រូវបានឈ្មោះថាជាអ្នកកាន់ព្រះពុទ្ធសាសនា ត្រឹមតែសេចក្ដីខាងក្រោយនេះគឺ សេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធសាសនាដូចរៀបរាប់ខាងលើនេះ សូម្បីបន្តិចប៉ុណ្ណេះ ក៏គង់តែនឹងមានប្រយោជន៍ដល់អ្នកដែលប្រតិបត្តិតាមដូចសេចក្ដីខាងក្រោយនេះ ៖ ម្យ៉ាងទៀត សូមអស់លោកអ្នកទាំងឡាយជ្រាបថាផលប្រយោជន៍ដែលកើតឡើងអំពីសេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដូចសេចក្ដីអធិប្បាយក្នុងខាងលើនេះ ។ |