Reading Article
Public date : 12, Dec 2021 (2,695 Read)
រឿងសេដ្ឋីបុត្របីនាក់

|
ក្នុងគម្ពីរតិក្កនិបាត មានសេចក្ដីដំណាលថា ក្នុងអតីតកាលកន្លងទៅយូរហើយមានសេដ្ឋីបុត្របីនាក់ជាសម្លាញ់នឹងគ្នា នៅក្នុងក្រុងពារាណសី ឯក្នុងក្រុងនោះមានស្រះឈូកមួយ មានបុរសម្នាក់អ្នករក្សាស្រះឈូកជាមនុស្សកំបុតច្រមុះ ។
ថ្ងៃមួយសេដ្ឋីបុត្រទាំងបីនាក់ចង់ប្រដាប់តែងខ្លួនដោយកម្រងផ្កា ទើបនាំគ្នាដើរចូលទៅកាន់សម្នាក់អ្នករក្សាស្រះឈូកដោយប៉ងថា យើងទាំងអស់គ្នានឹងពោលពាក្យមិនពិត សរសើរគុណបុរសកំបុត្រច្រមុះនេះ ហើយនឹងសូមផ្កាគាត់ លុះគិតហើយ ទើបចូលទៅឈរជិតបុរសនោះ លុះគិតហើយ ទើបចូលទៅឈរជិតបុរសនោះ សេដ្ឋីបុត្រជាបឋម (ទី១) កាលរៀបនឹងសូមផ្កាក៏សូត្រជាបទគាថាថា ៖ យថា កេសា ច មស្សុចឆិន្នំ ឆិន្នំ វិរូហតិ ឯវំរូហតុ តេ នាសា បទុមំ ទេហិ យាចិតោ ប្រែថា សក់និងពុកចង្កាគេកោរកាត់ហើយគង់ដុះឡើងវិញបានយ៉ាងណា ច្រមុះរបស់អ្នកចូរឱ្យដុះឡើងដូចសក់និងពុកចង្កានោះចុះ ឯខ្ញុំត្រូវការសូមផ្កាអ្នក អ្នកចូរឱ្យផ្កាដល់ខ្ញុំ ។ ![]() សេដ្ឋីបុត្រជាគម្រប់ពីរ កាលរៀបនឹងសូមផ្កាក៏សូត្រជាបទគាថា ថា យថា សារទិកំ ពីជំខេត្តេ វុត្តំ វិរូហតិ ឯវំ រូហតុ តេ នាសាបទុមំទេហិ យាចិតោ ប្រែថា ធម្មតាពូជដែលបុគ្គលសាបព្រោះ ក្នុងស្រែឬក្នុងចម្ការ ក្នុងរដូវសរទកាល គឺរដូវសម្រកតែងលូតលាស់ដុះឡើងបានយ៉ាងណា ច្រមុះរបស់អ្នកចូរឱ្យលូតលាស់ដុះឡើងដូចពូជទាំងនោះចុះ ឯខ្ញុំត្រូវការសូមផ្កាអ្នក អ្នកចូរឱ្យផ្កាដល់ខ្ញុំ ។ ![]() បុរសអ្នករក្សាស្រះឈូកក៏ខឹងអន់ចិត្ត មិនឱ្យផ្កាឈូកដល់សេដ្ឋីបុត្រទាំងពីរនាក់នោះឡើយ ព្រោះសេដ្ឋីបុត្រទាំងពីរនាក់នោះពោលពាក្យមុសាវាទ ។ ឯសេដ្ឋីបុត្រជាគម្រប់បី កាលរៀបនឹងសូមផ្កាក៏ពោលពាក្យពិតសូត្រជាបទគាថាថា ឧភោបិ បលបន្តេ តេ អបិ បទុមានិ ទស្សតិ វជ្ជុំ វា តេ ន វា វជ្ជុំ នត្ថិ នាសាយ រូហនា ទេហិ សម្ម បទុមានិ តស្ស មេ សម្ម យាចិតោ ប្រែថា សេដ្ឋីបុត្រទាំងពីរនាក់នោះ ពោលពាក្យមិនពិតចំពោះអ្នកដោយគំនិតគិតថា អ្នកនឹងឱ្យផ្កាមិនខាន ក៏នាំគ្នាពោលពាក្យប្រៀបធៀបក្ដី មិនពោលក្ដី ពាក្យនោះមិនជាប្រមាណដល់ចិត្តអ្នក ឯចំណែកខ្ញុំៗគិតថា ធម្មតាច្រមុះបើកំបុតហើយវាមិនដែលដុះវិញទេ តែពាក្យនេះខ្ញុំមិនពោលសំដៅដល់ច្រមុះអ្នកទេ ខ្ញុំមកនេះមានបំណងតែនឹងសូមផ្កាប៉ុណ្ណោះ អើសម្លាញ់ ខ្ញុំត្រូវការសូមផ្កាអ្នក ចូរសម្លាញ់ អ្នកឱ្យផ្កាដល់ខ្ញុំដោយស្រួលចុះ បុរសអ្នករក្សាស្រះឈូកក៏តបថា អ្នកទាំងពីរនាក់នោះពោលពាក្យមុសាវាទ ឯអ្នកនេះពោលពាក្យតាមសភាវៈពិត ខ្ញុំនឹងឱ្យផ្កាដល់អ្នក ថាហើយក៏កាច់ផ្កាយកមកចងជាបាច់ហុចឱ្យទៅ ។ ![]() បុគ្គលអ្នកប្រព្រឹត្តពោលពាក្យមុសាវាទហើយ នឹងខាតលាភដូចរឿងសេដ្ឋីបុត្រទាំងពីរនាក់នោះឯង អ្នកលះចោលមិនពោលពាក្យមុសាវាទហើយ នឹងបានលាភចម្រើនដូចសេដ្ឋីបុត្រជាគម្រប់បី ដែលនាំមកក្នុងរឿងជាមួយគ្នានេះ ។ ចប់រឿងសេដ្ឋីបុត្រ៣នាក់ ។ ដោយ៥០០០ឆ្នាំ |