Reading Article
Public date : 12, Dec 2021 (4,675 Read)
ផលនៃការនិយាយាកុហក

|
ក្នុងគម្ពីរតេរសនិបាត នាំមកសម្ដែងអំពីទោសនៃមុសាវាទថា កាលក្នុងអតីតកាលកន្លងទៅយូរហើយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងនៅជាពោធិសត្វនៅឡើយ ទៅកើតក្នុងត្រកូលចណ្ឌាលក្នុងចណ្ឌាលគ្រាម ព្រះអង្គជាបណ្ឌិតចេះមន្តធ្វើឈើឱ្យមានផ្កាផ្លែក្នុងរដូវមិនគួរកាល ។
ថ្ងៃមួយពោធិសត្វចេញទៅព្រៃពីព្រឹក ទើបរាយមន្តធ្វើដើមស្វាយមួយដើម នៅចម្ងាយ៧ជំហានអំពីកន្លែងដែលព្រះអង្គឈរ ទើបព្រះអង្គយកទឹកចំនួន១០០កម្បង់ទៅស្រប់លើដើមស្វាយៗ នោះមានស្លឹកចាស់ជ្រុះអស់មួយរំពេច លាស់ស្លឹកខ្ចីឡើងបញ្ចេញផ្កាផ្លែទុំក្នុងពេលនោះ ពោធិសត្វបេះយកមកបរិភោគក៏មានឱជារសប្រហែលដូចរសទិព្វ ព្រះអង្គបរិភោគលុះត្រាតែឆ្អែត ហើយបេះដាក់អំរែករែកទៅផ្ទះ ចែកបុត្តភរិយាផង លក់ដូរផង ។ ![]() កាលនោះ មានព្រាហ្មណ៍ម្នាក់ បានសូមរៀនមន្តពីពោធិសត្វ ៗ ក៏ឱ្យរៀនហើយផ្ដាំថា បើមានអ្នកណាមួយសួរថា ព្រាហ្មណ៍ឯងរៀនមន្តនេះពីសម្នាក់អ្នកណាៗ ចូរព្រាហ្មណ៍ឯងប្រាប់គេឱ្យត្រង់កុំកុហកហ្នះ តែប្រាប់ដោយមុសាវាទហើយមន្តនេះ នឹងវិនាសទៅវិញមិនលែងឡើយ ព្រាហ្មណ៍ទទួលបណ្ដាំហើយ ដើររៀងៗទៅដល់ក្រុងពារាណសី បានចូលទៅធ្វើជានាយច្បារក្នុងសម្នាក់ព្រះបាទពារាណសី តែងប្រតិបត្តិតាមវិធីមន្ត ផ្លែស្វាយក៏ចេះតែផ្លែឥតអាក់មិនថារដូវណាព្រាហ្មណ៍ក៏បានរង្វាន់ច្រើនបរិបូណ៌ ។ ថ្ងៃជាខាងក្រោយទៀត ព្រះបាទពារាណសីមានបន្ទូលសួរថា នែព្រាហ្មណ៍អ្នកឯងរៀនមន្តនេះមកពីសម្នាក់អ្នកណា គ្រូដើមរបស់អ្នកឈ្មោះអ្វី ព្រាហ្មណ៍អៀនខ្មាសមិនហ៊ានក្រាបទូលទៅឈ្មោះពោធិសត្វជាគ្រូដើម ព្រោះពោធិសត្វនៅក្នុងត្រកូលចណ្ឌាល ប្រែជាក្រាបទូលដោយពាក្យមុសាវាទថា រៀនមន្តនេះពីសម្នាក់អាចារ្យទិសាបាមោក្ខវិញ មន្តក៏អន្តរធានបាត់ទៅក្នុងមួយរំពេចនោះ ព្រាហ្មណ៍មិនដឹងជាមន្តរបស់ខ្លួនវិនាសសោះ ។ ![]() លុះដល់ព្រះបាទពារាណសីយាងទៅប្រពាតឱទ្យានស្ដេចមានបន្ទូលថា នែមាណព ចូរអ្នកនាំផ្លែស្វាយមកមើល ព្រាហ្មណ៍រាយមន្តទៅមិនបានកើតផ្លែស្វាយដូចបំណង ទើបដឹងជាក់ថា មន្តរបស់អាត្មាវិនាសហើយ ស្ដេចសួរពីរបីដង ទើបព្រាហ្មណ៍ក្រាបទូលតាមពិត ស្ដេចទ្រង់ខ្ញាល់បង្គាប់ឱ្យធ្វើទោស រាជបុត្រក៏ធ្វើទោសតាមព្រះរាជឱង្ការហើយប្រាប់ថា បើព្រាហ្មណ៍ឯងទៅសូមទោសគ្រូដើមរបស់អ្នក ក្រែងអ្នកនឹងបានមន្តនេះមកវិញ ទើបអ្នកនឹងបាននៅក្នុងដែននេះតទៅទៀត បើអ្នកមិនទៅសូមទោសទេ ចូរអ្នកដើរចេញពីដែននេះឱ្យឆាប់ទៅ ព្រាហ្មណ៍ដល់នូវទោសរកទីពឹងមិនបាន ទើបដើរទៅកាន់សម្នាក់ពោធិសត្វជាគ្រូដើម សូមរៀនមន្តទៀត ព្រះអង្គមិនព្រមឱ្យរៀន ហើយទ្រង់ត្មះតិះដៀលថា ឱ្យរៀនទៀតឯណាបាន មនុស្សពោលពាក្យមុសាវាទដូចព្រាហ្មណ៍ឯងនេះមានមន្តមកពីណា ចូរព្រាហ្មណ៍ឯងចៀសចេញទៅ យើងមិនគាប់ចិត្តនឹងបុគ្គលពោលមុសាវាទដូចព្រាហ្មណ៍ឯងនេះទេ ព្រាហ្មណ៍ដល់នូវទោសរកទីពឹងមិនបាន ទើបមកគិតក្នុងចិត្តថា បើអាត្មាអញរកទីពឹងមិនបានដូច្នេះ ហើយនឹងរស់នៅជាមនុស្សធ្វើអ្វី ស្លាប់ទៅវិញប្រសើរជាង គិតហើយក៏ដើរចូលទៅក្នុងព្រៃ ដល់នូវមរណភាពឥតទីពឹងឡើយ ។ បុគ្គលអ្នកប្រព្រឹត្តពោលពាក្យមុសាវាទ១ ហើយគង់នឹងដល់នូវទោសទុក្ខដូចរឿងព្រាហ្មណ៍នេះឯង ។ ចប់រឿង អម្ពមន្តជាតក ។ ដោយ៥០០០ឆ្នាំ |