Reading Article
Public date : 16, Jun 2023 (47,789 Read)
សម្បត្តិនិងវិបត្តិនៃឧបាសក

|
«សម្បត្ដិនៃឧបាសក ៥យ៉ាង»
ធម្មជាតិដែលញ៉ាំងសីលនិងអាជីវធម៌នៃឧបាសកឲ្យបរិបូណ៌ឲ្យបរិសុទ្ធប្រពៃឈ្មោះថា “ សម្បត្តិ” សម្បត្តិនោះមាន ៥យ៉ាងគឺ៖ ១-សទ្ធោ ហោតិ ឧបាសកមានសេចក្តីជឿជាក់ច្បាស់ក្នុងគុណព្រះរតនត្រ័យ។ ២-សីលវា ហោតិ ឧបាសកមានសីល។ ៣-ន កោតុហលមង្គលិកោ ហោតិ ឧបាសកមិនប្រកបដោយមង្គលភ្ញាក់ផ្អើល។ ៤-កម្មំ បច្ចេតិ នោ មង្គលំ ឧបាសកប្រកាន់ជឿថា កម្មជាកុសលនិងអកុសលឲ្យផល មិនប្រកាន់ជឿមង្គលមានឫក្សពារវេលាជាដើមឲ្យផលឡើយ។ ៥-ន ឥតោ ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ ឥធ ច បុព្វការំ ករោតិ ឧបាសកមិនសែ្វងរកទក្ខិណេយ្យបុគ្គល គឺបដិគ្គាហកៈ អ្នកទទួលទានខាងក្រៅព្រះពុទ្ធសាសនាឡើយ ហើយធ្វើទានតែក្នុងទក្ខិណេយ្យបុគ្គលក្នុងព្រះពុទ្ធសាសនានេះ។ ![]() ឧបាសកឯណាប្រកបដោយសម្បត្តិ ៥យ៉ាងនេះហើយ ឧបាសកនោះឈ្មោះថា “ ឧបាសករតនៈ “ គឺឧបាសកដូចជារតនវត្ថុមានកែវជាដើមផង ឈ្មោះថា “ ឧបាសកបទុមៈ” គឺជាឧបាសកដូចជាផ្កាឈូកមានពណ៌ក្រហមផង ឈ្មោះថា “ ឧបាសកបុណ្ឌរីក” គឺឧបាសកដូចជាផ្កាឈូកមានពណ៌សផង។ «វិបត្តិនៃឧបាសក ៥យ៉ាង» ធម្មជាតិដែលញ៉ាំងសីលនិងអាជីវធម៌នៃឧបាសកឲ្យវិនាសឈ្មោះថា “ វិបត្តិ” វិបត្តិនោះ មាន ៥យ៉ាងគឺ៖
![]() ![]() ១-អស្សទ្ធោ ហោតិ ឧបាសកមិនជឿគុណព្រះរតនត្រ័យ។ ២-ទុស្សីលោ ហោតិ ឧបាសកទ្រុស្តសីល។ ៣-កោតុហលមង្គលិកោ ហោតិ ឧបាសកប្រកបដោយមង្គលភ្ញាក់ផ្អើល។ ៤-មង្គលំ បច្ចេតិ នោ កម្មំ ឧបាសកប្រកាន់ជឿថា មង្គលមានឫក្សពារវេលាជាដើមឲ្យផល មិនប្រកាន់ជឿថាកម្មកុសល និងអកុសល ឲ្យផលឡើយ។ ៥-ឥតោ ច ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ តត្ថ ច បុព្វការំ ករោតិ ឧបាសកសែ្វងរកតែទក្ខិណេយ្យបុគ្គល គឺបដិគ្គាហកៈអ្នកទទួលទានខាងក្រៅព្រះពុទ្ធសាសនា ហើយធ្វើនូវទានដល់ទក្ខិណេយ្យបុគ្គលខាងក្រៅព្រះពុទ្ធសាសនានោះ។ ![]() ឧបាសកឯណា ប្រកបដោយវិបត្តិ ៥យ៉ាងនេះ ត្រង់វិបត្តិឯណាមួយហើយ ឧបាសកនោះឈ្មោះថា “ ឧបាសកចណ្ឌាល” គឺឧបាសកដូចជាមនុស្សចណ្ឌាលផង ឈ្មោះថា “ ឧបាសកមលៈ” គឺឧបាសកមានធម៌មន្ទិលសៅហ្មងផង ឈ្មោះថា “ ឧបាសកបដិកិដ្ឋៈ” គឺ ឧបាសកដែលអ្នកប្រាជ្ញទាំងឡាយលោកតិះដៀលផង។ (ដកស្រង់ចេញពីសៀវភៅគិហិបដិបត្តិពិស្តារ របស់ ម.ឧ កៅ-ឈឺន) ដោយ៥០០០ឆ្នាំ
|