Reading Article
Public date : 13, Mar 2023 (6,488 Read)
សិរិជាតក

|
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវសិរិចោរព្រាហ្មណ៍ម្នាក់ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យំ ឧស្សុកា សង្ឃរន្តិ ដូច្នេះជាដើម ។
បច្ចុប្បន្នវត្ថុក្នុងជាតកនេះ មានពិស្ដារហើយក្នុងខទិរង្គារជាតក (សុត្តន្តបិដក ខុទ្ទក-និកាយ ជាតក ឯកកនិបាត កុលាវកវគ្គ បិដកលេខ ៥៨ ទំព័រ១៨) នោះឯង ។ ចំណែកក្នុងក្នុងជាតកនេះ មិច្ឆាទិដ្ឋិទេវតាដែលនៅនឹងខ្លោងទ្វារទីបួន ក្នុងផ្ទះរបស់អនាថបិណ្ឌិកសេដ្ឋីនោះ កាលធ្វើនូវទណ្ឌកម្ម បាននាំទ្រព្យ ៥៤ កោដិ មកបំពេញក្នុងឃ្លាំង ហើយបានក្លាយជាសម្លាញ់នឹងអនាថបិណ្ឌិកសេដ្ឋី ។ លំដាប់នោះ អនាថបិណ្ឌិកសេដ្ឋីបាននាំនូវទេវតានោះទៅកាន់សម្នាក់របស់ព្រះសាស្ដា ។ ព្រះសាស្ដាសម្ដែងធម៌ដល់ទេវតានោះ ទេវតានោះបានស្ដាប់ធម៌ហើយ ក៏បានជាព្រះសោតាបន្ន ។ ចាប់តាំងពីពេលនោះមក យសដូចដើមក៏កើតមានដល់លោកសេដ្ឋីវិញ ។ គ្រានោះ មានព្រាហ្មណ៍អ្នកដឹងនូវសិរីលក្ខណៈដែលរស់នៅក្នុងក្រុងសាវត្ថីមួយរូប គិតថា អនាថបិណ្ឌិកសេដ្ឋីធ្លាក់ខ្លួនក្រ ហើយមានឥស្សរៈវិញទៀត បើដូច្នោះ យើងនឹងទៅធ្វើអាការៈដូចជាប្រាថ្នានឹងឃើញនូវគាត់ ហើយលួចនូវសិរីអំពីផ្ទះរបស់គាត់ រួចនឹងត្រឡប់មក ។ ព្រាហ្មណ៍នោះទៅកាន់ផ្ទះរបស់លោកសេដ្ឋី កាលលោកសេដ្ឋីធ្វើសក្ការៈនិងសម្មានៈហើយពោលពាក្យជាទីរលឹកថា លោកមកដើម្បីប្រយោជន៍អ្វី ? ព្រាហ្មណ៍ក៏ ពិនិត្យមើលថា សិរីឋិតនៅទីណាហ៎្ន ។ សេដ្ឋីមានមាន់ពណ៌សសុទ្ធប្រៀបដូចស័ង្ខដែលគេខាត់ហើយ ដាក់ក្នុងទ្រុងមាស សិរីតាំងនៅលើជុកមាន់នោះ ។ ព្រាហ្មណ៍កាលក្រឡេកមើល បានដឹងភាពនៃសិរីដែលតាំងនៅក្នុងទីនោះ ទើបពោលថា បពិត្រមហាសេដ្ឋី ខ្ញុំញ៉ាំងនូវមាណព ៥០០ ឲ្យពោលនូវមន្ត, ព្រោះអាស្រ័យមាន់មួយដែលរងាវខុសកាល មាណពនិងខ្ញុំទើបលំបាក, បានឮថា មាន់នេះរងាវត្រូវកាល ខ្ញុំដើម្បីត្រូវការមាន់នេះ លោកមេត្តាឲ្យមាន់នេះដល់ខ្ញុំផង ។ សេដ្ឋីពោលថា នែព្រាហ្មណ៍ លោកចូរចាប់យកចុះ យើងឲ្យមាន់នេះដល់លោក ។ ក្នុងខណៈដែលលោកសេដ្ឋីពោលថា ឲ្យ ប៉ុណ្ណោះ សិរីក៏ឃ្លាតចាកជុកមាន់ មកឋិតនៅលើដួងកែវមណី ដែលនៅលើក្បាលដំណេក ។ ព្រាហ្មណ៍បានដឹងនូវភាពនៃសិរីដែលតាំងនៅក្នុងកែវមណី ទើបសូមកែវមណីនោះ។ក្នុងខណៈដែលលោកសេដ្ឋីពោលថា យើងឲ្យសូម្បីនូវកែវមណី ដូច្នេះ សិរីក៏ផ្លាស់ចេញអំពីកែវមណី ទៅតាំងនៅលើឈើច្រត់ដែលរក្សាទុកលើក្បាលដំណេក ។ ព្រាហ្មណ៍បានដឹងនូវភាពនៃសិរីដែលតាំងនៅនឹងឈើច្រត់នោះ ទើបសូម្បីនូវឈើច្រត់នោះទៀត ។ លោកសេដ្ឋីពោលថា លោកចូរកាប់យកចុះ ដូច្នេះ ក្នុងខណៈដែលលោកសេដ្ឋីពោលនោះឯង សិរីក៏គេចចេញអំពីឈើច្រត់ ទៅប្រតិស្ឋាននៅលើក្បាលភរិយារបស់សេដ្ឋីដែលឈ្មោះថា បុញ្ញលក្ខណទេវី ។ សិរិចោរព្រាហ្មណ៍ដឹងភាពនៃសិរីដែលតាំងនៅក្នុងទីនោះ គិតថា នោះជាភណ្ឌៈដែលសេដ្ឋីលះមិនបាន ទើបមិនអាចនឹងសូមនូវរបស់នោះ ដូច្នេះហើយ ក៏ប្រាប់នូវការមកដល់សេដ្ឋីថា បពិត្រមហាសេដ្ឋី ខ្ញុំមកដើម្បីនឹងលួចសិរីក្នុងផ្ទះរបស់លោក ប៉ុន្តែសិរីដែលតាំងនៅនឹងជុកមាន់របស់លោក បានប្រាសចេញអំពីទីនោះ ក្នុងពេលដែលលោកឲ្យដល់ខ្ញុំ មកតាំងនៅនឹងកែវមណី, ពេលលោកឲ្យកែវមណី ក៏មកតាំងនៅនឹងឈើច្រត់, ពេលលោកឲ្យឈើច្រត់ សិរីក៏ប្រាសចេញអំពីនោះ មកតាំងនៅលើក្បាលរបស់បុញ្ញលក្ខណទេវី ខ្ញុំគិតថា នេះជាភណ្ឌៈដែលលោកលះឲ្យមិនបាន ភណ្ឌៈនេះក៏ខ្ញុំមិនគួរកាន់យក ខ្ញុំមិនអាចនឹងលួចសិរីរបស់លោកបាន, សិរីរបស់លោកចូរនៅក្នុងសម្នាក់លោកចុះ ថាហើយ ទើបក្រោកឡើយ ចៀសចេញទៅ ។ អនាថបិណ្ឌិកសេដ្ឋីគិតថា នឹងក្រាបទូលហេតុការណ៍នេះដល់ព្រះមានព្រះភាគ ទើបទៅកាន់ព្រះវិហារ (វត្តអារាម) បូជាព្រះសាស្ដា និងថ្វាយបង្គំហើយអង្គុយក្នុងទីដ៏សមគួរមួយ បានក្រាបទូលរឿងរ៉ាវទាំងអស់ដល់ព្រះតថាគត ។ ព្រះសាស្ដាស្ដាប់រឿងនោះហើយ ត្រាស់ថា ម្នាលគហបតី មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលសិរីរបស់មនុស្សដទៃ ទៅក្នុងទីដទៃ សូម្បីក្នុងកាលមុន សិរីដែលកើតឡើងដល់មនុស្សអ្នកឥតបុណ្យ ហើយបានទៅកាន់បាទមូលរបស់មនុស្សអ្នកមានបុណ្យ ដូច្នេះហើយ ទ្រង់ដែលអនាថបិណ្ឌិកសេដ្ឋីទូលអង្វរអារាធនា ទើបនាំយកអតីតនិទានមកសម្ដែងថា ៈ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរនគរពារាណសី ។ ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ កាលមានវ័យចម្រើនឡើងហើយ បានសិក្សានូវសិល្បៈក្នុងនគរតក្កសិលា រួចក៏នៅគ្របគ្រងផ្ទះ កាលមាតាបិតាធ្វើកាលកិរិយាហើយ ជាអ្នកមានសេចក្ដីសង្វេគ បានចេញចាកផ្ទះ បួសជាឥសីក្នុងហិមវន្តប្រទេស បានញ៉ាំងអភិញ្ញា និងសមាបត្តិឲ្យកើតឡើង ។ ដោយកាលកន្លងទៅអស់កាលយូរ ព្រះពោធិសត្វក៏ទៅកាន់ជនបទដើម្បីប្រយោជន៍ដល់ការសេពនូវរសជូរនិងប្រៃ ហើយបាននៅក្នុងឧទ្យាន របស់ព្រះរាជា ពារាណសី ក្នុងថ្ងៃស្អែកឡើង កាលត្រាច់ភិក្ខា ព្រះពោធិសត្វក៏បានទៅកាន់ទ្វារផ្ទះរបស់ហត្ថាចារ្យ ។ នាយហត្ថាចារ្យនោះជ្រះថ្លាក្នុងអាចារៈ និងវិហារធម៌របស់តាបសនោះ ក៏ថ្វាយនូវភិក្ខា ហើយឲ្យតាបសគង់នៅក្នុងឧទ្យាន និងទំនុកបម្រុងអស់កាលជានិច្ច ។ គ្រានោះ មានមនុស្សអ្នករកឧសចិញ្ចឹមជីវិតមួយរូប នាំឈើទាំងឡាយមកអំពីព្រៃ មិនអាចនឹងទៅដល់ទ្វារនគរ ។ ក្នុងវេលាល្ងាប ទើបធ្វើនូវគំនរឈើជាក្បាលដំណេក ដេកក្នុងខ្ទមទេវតាមួយ ។ (នៅទីនោះ) មានមាន់ជាច្រើនដែលអ្នកស្រុកលែងទុកក្នុងខ្ទមទេវតា នាំគ្នាដេកលើដើមឈើមួយដែលនៅមិនឆ្ងាយពីទីនោះ ។ បណ្ដាមាន់ទាំងនោះ ក្នុងវេលាជិតភ្លឺ មាន់ដែលដេកខាងលើគេ បានញ៉ាំងអាចម៍ឲ្យធ្លាក់ចុះលើសរីរៈរបស់មាន់ដែលដេកខាងក្រោម ។ មាន់ខាងក្រោមសួរថា អ្នកណាជុះអាចម៍ដាក់សរីរៈរបស់យើង ? មាន់ខាងលើឆ្លើយថា គឺ យើង ។ មាន់ខាងក្រោមពោលថា ព្រោះហេតុអ្វី ? មាន់ខាងលើពោលថា ព្រោះមិនបានពិចារណា (បានបន្តិច) ក៏ជុះអាចម៍ម្ដង ។ បន្ទាប់មក មាន់សូម្បីទាំងពីរក៏ក្រោធដាក់គ្នានឹងគ្នា ហើយធ្វើនូវជម្លោះថា កម្លាំងរបស់អ្នកប៉ុណ្ណា កម្លាំងរបស់អ្នកប៉ុណ្ណា ។ លំដាប់នោះ មាន់ដែលដេកខាងក្រោមថា ក្នុងព្រឹកនេះ អ្នកបានសម្លាប់យើង ហើយស៊ីសាច់ដែលចម្អិនដោយរងើកភ្លើង នឹងបានទ្រព្យមួយពាន់ ។ មាន់ដែលដេកខាងលើពោលថា អម្ភោ នែអ្នកដ៏ចម្រើន អ្នកកុំនិយាយដោយអាងអានុភាពមានប្រមាណប៉ុណ្ណេះឡើយ ព្រោះថា អ្នកណាបានស៊ីសាច់ដ៏ធាត់របស់យើងនឹងបានជាព្រះរាជា, អ្នកស៊ីសាច់ខាងក្រៅ បើបុរសនឹងបានតំណែងជាសេនាបតី, បើស្ត្រីនឹងបានតំណែងជាអគ្គមហេសី ។ ចំណែកអ្នកដែលបានស៊ីសាច់និងឆ្អឹងរបស់យើង បើជាគ្រហស្ថនឹងបានជានាយឃ្លាំង, បើជាបព្វជិតនឹងបានជាជីតុនរបស់រាជត្រកូល ។ បុរសអ្នករកឧសបានស្ដាប់ពាក្យរបស់មាន់ទាំងនោះហើយ គិតថា កាលយើងបានរាជសម្បត្តិហើយ កិច្ចដោយទ្រព្យមួយពាន់រមែងមិនមាន ដូច្នេះហើយ ទើបឡើងសន្សឹមៗទៅចាប់មាន់ដែលដេកខាងលើ យកមកសម្លាប់ ធ្វើនូវថ្នក់ ដោយគិតថា យើងនឹងជាព្រះរាជា ដូច្នេះហើយ ទើបដើរទៅ ចូលកាន់ព្រះនគរក្នុងវេលាទ្វារបើកនោះឯង ធ្វើនូវមាន់ឲ្យមិនមានស្បែក លាងទឹកឲ្យស្អាត បានឲ្យមាន់បជាបតី (ប្រពន្ធ) ដោយពោលថា សាច់មាន់នេះ អូនចូរតាក់តែង (ចម្អិន) ឲ្យល្អ ។ ភរិយានោះតាក់តែងសាច់មាន់ និងភត្តរួចក៏បង្អោនជូនដល់បុរសជាប្ដីនោះថា បពិត្រសាមិ បងចូរបរិភោគចុះ ។ ស្វាមីនាងពោលថា ហៃអូនសម្លាញ់ដ៏ចម្រើនអើយ សាច់នេះមានអានុភាពធំណាស់ បងបរិភោគសាច់នេះ បងនឹងជាព្រះរាជា អូននឹងបានជាអគ្គមហេសី យើងកាន់យកភត្ត និងសាច់នោះ ទៅកាន់ច្រាំងទន្លេគង្គា មុជហើយ យើងនឹងបរិភោគ ដូច្នេះហើយ ទើបដាក់ភាជនៈដែលដាក់ភត្តនៅនឹងច្រាំង រួចក៏ចុះទៅមុជទឹក ។ ក្នុងខណៈនោះ រលកទឹកត្រូវខ្យល់បក់មក ក៏កៀរយកភាជនៈភត្តហូរទៅ ។ ភាជនៈភត្តត្រូវក្រសែទឹកបន្សាត់នាំទៅ ពេលនោះ មហាមាត្យដែលជាហត្ថាចារ្យមួយរូប កំពុងញ៉ាំងដំរីឲ្យមុជទឹក ក្នុងទន្លេដែលនៅខាងក្រោមក្រសែទឹក បានឃើញហើយឲ្យគេរើសឡើងមក បើកមើល ហើយសួរថា អ្វីហ្នឹង ? ពួកបរិវារឆ្លើយថា បពិត្រលោកម្ចាស់ គឺភត្ត និងសាច់មាន់ ។ មហាមាត្យនោះទើបឲ្យគេបិទភាជនៈភត្តនោះ ហើយឲ្យបោះត្រា រួចបញ្ជូនទៅឲ្យភរិយាដោយពោលថា នាងកុំបើកភត្តនេះ ដរាបដល់យើងមក ។ ចំណែកបុរសអ្នករកឧសនោះ មានផ្ទៃពោះហើមប៉ោង ព្រោះត្រូវទឹកនិងខ្សាច់ដែលចូលតាមមាត់ ទើបគេចទៅ ។ លំដាប់នោះ ទិព្វចក្ខុកតាបសដែលជាកុលូបកៈរបស់នាយហត្ថាចារ្យនោះ កាលពិចារណា (មើល) ដោយទិព្វចក្ខុបានឃើញថា ឧបដ្ឋាករបស់យើង មិនផុតពីតំណែង ហត្ថាចារ្យ កាលណាហ៎្ន នឹងបាននូវសម្បត្តិ ដូច្នេះហើយ បានឃើញនូវបុរសនោះ និងដឹងនូវហេតុនោះ ទើបប្រញាប់ទៅកាន់ផ្ទះ ហើយអង្គុយលើអាសនៈរបស់នាយហត្ថាចារ្យ ។ នាយហត្ថាចារ្យមកហើយ ថ្វាយបង្គំតាបស រួចអង្គុយក្នុងទីសមគួរមួយ ទើបឲ្យគេនាំភាជនៈភត្តនោះមកហើយពោលថា អ្នកទាំងឡាយចូរអង្គាសព្រះតាបសដោយសាច់និងបាយ ។ តាបសកាន់យកនូវតែភត្ត មិនកាន់យកសាច់ដែលគេថ្វាយ ដោយពោលថា យើងនឹងចាត់ចែងនូវសាច់នេះ ។ កាលនាយហត្ថាចារ្យពោលថា ចូរចាត់ចែងចុះ លោកម្ចាស់ ។ តាបសក៏ឲ្យគេធ្វើជាចំណែកមួយ ៗ មានសាច់ធាត់ជាដើម ហើយឲ្យសាច់ធាត់ដល់នាយហត្ថាចារ្យ, សាច់ខាងក្រៅឲ្យដល់ភរិយារបស់គាត់, ឆ្អឹងនិងសាច់ តាបសឆាន់ដោយខ្លួនឯង ។ តាបសនោះ កាលទៅក្នុងវេលាដែលបញ្ចប់នូវភត្តកិច្ចហើយ ទើបពោលថា អ្នកនឹងបានជាព្រះរាជាក្នុងថ្ងៃទីបីអំពីថ្ងៃនេះ ចូរអ្នកកុំប្រមាទ ដូច្នេះហើយ ក៏ចៀសចេញទៅ ។ ក្នុងថ្ងៃទីបី ព្រះរាជាក្នុងសាមន្តរដ្ឋមួយព្រះអង្គ (លើកទ័ព) មកឡោមព័ទ្ធនគរ ពារាពណី ។ ស្ដេចពារាណសីឲ្យនាយហត្ថាចារ្យកាន់យកភេទជាព្រះរាជា ហើយបញ្ជាឲ្យឡើងលើដំរីដើម្បីប្រយុទ្ធ ។ ព្រះរាជាអង្គឯង ក្លែងភេទដែលមិនមានអ្នកណាស្គាល់ ត្រាច់ទៅក្នុងពួកសេនា ទ្រង់បានត្រូវដោយកូនសរដែលមានកម្លាំងខ្លាំងមួយ ស្ដេចក៏ចូលទិវង្គតក្នុងពេលនោះឯង ។ នាយហត្ថាចារ្យបានដឹងនូវភាពដែលព្រះរាជាចូលទិវង្គតហើយ ទើបឲ្យគេនាំយកកហាបណៈដ៏ច្រើន ឲ្យត្រាស់វាយស្គរប្រកាសថា អ្នកណាត្រូវការទ្រព្យចូលច្បាំងនៅខាងមុខ ។ ពលកាយបានញ៉ាំងនូវជីវិតរបស់ព្រះរាជាសាមន្តរដ្ឋ ឲ្យអស់ទៅក្នុងពេលមួយរំពេចនោះឯង ។ អាមាត្យទាំងឡាយធ្វើនូវសរីរកិច្ចរបស់ព្រះរាជាហើយ កាលប្រជុំប្រឹក្សាគ្នាថា យើងនឹងធ្វើអ្នកណាឲ្យជាព្រះរាជា ក៏ពោលថា ព្រះរាជារបស់យើង កាលមានព្រះជន្ម បានប្រទាននូវភេទរបស់ខ្លួនឲ្យដល់នាយហត្ថាចារ្យ នាយហត្ថាចារ្យនេះធ្វើនូវចម្បាំង បានរក្សានូវរាជសម្បត្តិនេះ ពួកយើងនឹងឲ្យរាជសម្បត្តិនេះដល់គាត់ ដូច្នេះហើយ បានអភិសេកនាយហត្ថាចារ្យនោះដោយរាជសម្បត្តិ និងធ្វើនូវភរិយារបស់គាត់ឲ្យជាអគ្គមហេសី ។ ព្រះពោធិសត្វបានជារាជកុលូបកៈ ។ ព្រះសាស្ដាបាននាំអតីតនិទាននេះមកហើយ កាលទ្រង់ត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ទើបព្រះអង្គត្រាស់ព្រះគាថាទាំងឡាយ ២ ថា យំ ឧស្សុកា សង្ឃរន្តិ, អលក្ខិកា ពហុំ ធនំ; សិប្បវន្តោ អសិប្បា ច, លក្ខិវា តានិ ភុញ្ជតិ។ ពួកបុគ្គលឥតបុណ្យ ខ្វល់ខ្វាយ ប្រមូលទ្រព្យណាដ៏ច្រើន ចំណែកខាងបុគ្គល អ្នកមានបុណ្យ ទោះមានសិល្បៈក្ដី មិនមានសិល្បៈក្ដី ក៏រមែងបានបរិភោគនូវទ្រព្យទាំងនោះ ។ សព្ពត្ថ កតបុញ្ញស្ស, អតិច្ចញ្ញេវ បាណិនោ; ឧប្បជ្ជន្តិ ពហូ ភោគា, អប្បនាយតនេសុបិ។ ភោគៈទាំងឡាយច្រើន រមែងកន្លងនូវពួកបុគ្គលឥតបុណ្យ កើតឡើងសម្រាប់បុគ្គល អ្នកមានបុណ្យធ្វើហើយ ក្នុងទីទាំងពួងសូម្បីក្នុងទីមិនមែនជាកន្លែងសម្រាប់កើត ។ បណ្ដាបទទាំងនោះ បទថា យំ ឧស្សុកា សេចក្ដីថា បុគ្គលដែលមិនមានបុណ្យ ដល់សេចក្ដីខ្វល់ខ្វាយក្នុងកាប្រមូលទ្រព្យ គឺកើតឆន្ទៈប្រមូលទ្រព្យដ៏ច្រើនដោយការងារ ។ បាលីថា យេ ឧស្សុកា ដូច្នេះក៏មាន អធិប្បាយថា បុរសទាំងឡាយណា ព្យាយាមប្រមូលទ្រព្យ នឹងមានសិប្បៈ ដោយអំណាចនៃសិល្បៈដំរីជាដើម ឬមិនមានសិល្បៈក៏ដោយ ដោយហោចទៅ គ្រាន់តែធ្វើការដោយតម្លៃឈ្លួលក៏រមែងប្រមូលទ្រព្យដ៏ច្រើនទុកបាន ។ បទថា លក្ខិវា តានិ ភុញ្ជតិ សេចក្ដីថា បុរសដែលមានបុណ្យកាលនឹងបរិភោគនូវផលនៃបុណ្យរបស់ខ្លួន សូម្បីនឹងមិនធ្វើនូវការងារអ្វី ក៏រមែងបានប្រើប្រាស់ទ្រព្យ ដែលពោលថា ទ្រព្យច្រើន ។ បទថា អតិច្ចញ្ញេវ បាណិនោ សេចក្ដីថា កន្លងនូវសត្វទាំងឡាយដទៃនោះឯង ។ ឯវអក្សរគប្បីប្រកបដោយបទខាងដើមនោះ មានសេចក្ដីថា បុគ្គលដែលបានធ្វើបុណ្យ រមែងកន្លងពួកសត្វដែលមិនបានធ្វើបណ្យដទៃ ក្នុងទីទាំងពួង ។ បទថា អប្បនាយតនេសុបិ សេចក្ដីថា ពិតមែនហើយ ភោគៈទាំងឡាយដ៏ច្រើន ទាំងជាសវិញ្ញាណកៈនិងអវិញ្ញាណកៈរមែងកើតឡើង សូម្បីក្នុងទីដែលមិនមែនជាកន្លែងកើត គឺ រតនៈទាំងឡាយរមែងកើតឡើងក្នុងទីដែលមិនមែនជាកន្លែងធ្វើរតនៈ, មាសទាំងឡាយរមែងកើត ក្នុងទីមិនមែនកន្លែងកើតមាស, ដំរីទាំងឡាយរមែងកើតក្នុងទីមិនមែនកន្លែងកើតដំរីជាដើម ។ ក្នុងបណ្ដាទ្រព្យទាំងនោះ កែវមុក្ដានិងកែវមណីជាដើមរមែងកើតក្នុងទីមិនមែនកន្លែងកើត គប្បីសម្ដែងរឿងរបស់ព្រះបាទទុដ្ឋគាមណិមហារាជ ។ ចំណែកព្រះសាស្ដាកាលត្រាស់ព្រះគាថា ២ នេះហើយ ទើបត្រាស់តទៅថា ម្នាលគហបតី ឈ្មោះថា ទីកើតដទៃដែលស្មើដោយបុណ្យរបស់សត្វទាំងឡាយនេះ រមែងមិនមាន, ព្រោះរតនៈទាំងឡាយ រមែងកើតឡើងសូម្បីក្នុងទីមិនមែនកន្លែងកើត ដល់អ្នកមានបុណ្យទាំងឡាយប៉ុណ្ណោះ ដូច្នេះហើយ ព្រះអង្គទើបសម្ដែងព្រះធម៌ថា ឯស ទេវមនុស្សានំ, សព្ពកាមទទោ និធិ; យំ យទេវាភិបត្ថេន្តិ, សព្ពមេតេន លព្ភតិ។ កំណប់ទ្រព្យ គឺបុណ្យណា ជាប់តាមខ្លួនទៅបាន អ្នកប្រាជ្ញ ធ្វើនូវកំណប់ទ្រព្យគឹបុណ្យនោះ កំណប់ទ្រព្យ គឺបុណ្យនុ៎ះ ឲ្យនូវសេចក្តីប្រាថ្នា គ្រប់យ៉ាងដល់ទេវតា និងមនុស្សទាំងឡាយ ពួកទេវតា និងមនុស្សទាំងឡាយប្រាថ្នានូវផលណា ៗ ផលទាំងពួងនោះៗ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ ។ សុវណ្ណតា សុសរតា, សុសណ្ឋានា សុរូបតា; អាធិបច្ចបរិវារោ, សព្ពមេតេន លព្ភតិ។ ភាពជាអ្នកមានសម្បុរផូរផង់ មានសំឡេងពីរោះ ទ្រង់ទ្រាយល្អ រូបល្អ ជាអធិបតី មានយស បរិវារ ផលទាំងអស់ រមែងបានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ ។ បទេសរជ្ជំ ឥស្សរិយំ, ចក្កវត្តិសុខំ បិយំ; ទេវរជ្ជម្បិ ទិព្ពេសុ, សព្ពមេតេន លព្ភតិ។ ភាពជាស្តេចប្រទេសរាជ ឥស្សរិយយស សេចក្តីសុខរបស់ស្តេចចក្រពត្តិជាទីស្រឡាញ់ ភាពជាស្តេចនៃទេវតាក្នុងទេពនិកាយទាំងឡាយ ផលទាំងអស់រមែងបានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ។ មានុស្សិកា ច សម្បត្តិ, ទេវលោកេ ច យា រតិ; យា ច និព្ពានសម្បត្តិ, សព្ពមេតេន លព្ភតិ។ សម្បត្តិជារបស់មនុស្សណាផង សេចក្តីត្រេកអរ ក្នុងទេវលោកណាផង សម្បត្តិគឺព្រះនិព្វានណាផង សម្បត្តិទាំងអស់ រមែងបានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ ។ មិត្តសម្បទមាគម្ម, យោនិសោវ បយុញ្ជតោ; វិជ្ជាវិមុត្តិវសីភាវោ, សព្ពមេតេន លព្ភតិ។ ភាពនៃបុគ្គលកាលអាស្រ័យមិត្តសម្បទា បើប្រកបសេចក្តីព្យាយាម ដោយឧបាយ ដែលត្រូវ ជាអ្នកស្ទាត់ក្នុងវិជ្ជានិងវិមុត្តិ ឥដ្ឋផលទាំងអស់ បានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ ។ បដិសម្ភិទា វិមោក្ខា ច, យា ច សាវកបារមី; បច្ចេកពោធិ ពុទ្ធភូមិ, សព្ពមេតេន លព្ភតិ។ បដិសម្ភិទា វិមោក្ខ សាវកបារមីញាណ បច្ចេកពោធិញាណ និងភូមិណាៗ ឥដ្ឋផលទាំងអស់ រមែងបានដោយកំណប់ទ្រព្យគឺបុណ្យនុ៎ះ ។ ឯវំ មហត្ថិកា ឯសា, យទិទំ បុញ្ញសម្បទា; តស្មា ធីរា បសំសន្តិ, បណ្ឌិតា កតបុញ្ញតំ។ បុញ្ញសម្បទានេះ ឲ្យសម្រេចប្រយោជន៍ដ៏ធំ ដោយប្រការដូច្នេះ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងនោះ ជាធីរជន ទើបសរសើរនូវភាពនៃបុគ្គលជាអ្នកមានបុណ្យធ្វើទុកហើយ ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ខុទ្ទកបាឋ និធិកណ្ឌសូត្រ បិដកលេខ ៥២ ទំព័រ ១៥) ឥឡូវនេះ កាលនឹងទ្រង់សម្ដែងរតនៈទាំងឡាយនោះ ដែលជាទីតាំងនៅនៃសិរីរបស់អនាថបិណ្ឌិកសេដ្ឋី ព្រះមានព្រះភាគទើបត្រាស់ថា កុក្កុដោ ដូច្នេះជាដើម ។ (ពាក្យថាពេញថា ) កុក្កុដោ មណយោ ទណ្ឌោ, ថិយោ ច បុញ្ញលក្ខណា; ឧប្បជ្ជន្តិ អបាបស្ស, កតបុញ្ញស្ស ជន្តុនោ។ មាន់ឈ្មោលក្ដី កែវមណីក្ដី ឈើច្រត់ក្ដី នាងបុញ្ញលក្ខណាទេវី ជាប្រពន្ធ (របស់សេដ្ឋី) ក្ដី រមែងកើតឡើងដល់អនាថបណ្ឌិកសេដ្ឋី អ្នកមិនមានបាប ជាអ្នកមានបុណ្យធ្វើហើយ ។ បណ្ដាបទទាំងនោះ បទថា ទណ្ឌោ លោកពោលសំដៅយក ឈើច្រត់, បទថា ថិយោ បានដល់ បុញ្ញលក្ខណទេវីដែលជាភរិយារបស់លោកសេដ្ឋី ។ ពាក្យដ៏សេស ងាយស្រួលហើយ ។ ព្រះសាស្ដាបានត្រាស់គាថានេះហើយ ទ្រង់ប្រជុំជាតកថា តទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជា អានន្ទ ។ កុលូបកតាបសោ បន អហមេវ សម្មាសម្ពុទ្ធោ អហោសិំ ចំណែក កុលូបកតាបស គឺ តថាគតជាព្រះសម្មាសម្ពុទ្ធ នេះឯង ។ ចប់ សិរីជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត អព្ភន្តរវគ្គ បិដកលេខ ៥៨ ទំព័រ ១៥៩) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ |