Reading Article
Public date : 13, Mar 2023 (5,106 Read)
សីលានិសំសជាតក

|
ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឧបាសកអ្នកមានសទ្ធាម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា បស្ស សទ្ធាយ សីលស្ស ដូច្នេះជាដើម ។
បានឮថា ឧបាសកនោះ ជាអរិយសាវក ជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ថ្ងៃមួយ គាត់ដើរទៅកាន់វត្តជេតពន ដល់ឆ្នេរស្ទឹងអចិរវតី ក្នុងពេលរសៀល កាលមិនឃើញទូកត្រង់ច្រាំងស្ទឹង ព្រោះម្ចាស់ទូកទៅស្តាប់ធម៌ ទើបចម្រើនបីតិដែលមាន ព្រះពុទ្ធជាអារម្មណ៍ឲ្យមាំ ហើយចុះកាន់ស្ទឹង ជើងរបស់គាត់មិនលិចទឹកទេ ដូចដើរលើ ផែនដី ពេលដើរទៅដល់កណ្តាលស្ទឹងគាត់ឃើញរលក បីតិដែលមានព្រះពុទ្ធជា អារម្មណ៍របស់គាត់ក៏ខ្សោយទៅ ជើងរបស់គាត់ផ្តើមលិចចុះ គាត់ក៏ផ្គងបីតិដែលមានព្រះពុទ្ធជាអារម្មណ៍ឲ្យមាំ ដើរលើខ្នងទឹកទៅដល់វត្តជេតពន ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរមួយ ។ ព្រះបរមសាស្តា ទ្រង់ធ្វើបដិសណ្ឋារៈហើយត្រាស់សួរថា ម្នាលឧបាសក អ្នកធ្វើ ដំណើរតាមផ្លូវមកដល់ទីនេះ ប្រហែលជាហត់នឿយបន្តិចហើយមើលទៅ ។ឧបាសកនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គកាន់យកបីតិមានព្រះពុទ្ធជាអារម្មណ៍ ទើបបានទីពឹងលើខ្នងទឹក ដូចជាន់ផែនដីដើរមក ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលឧបាសក មិនមែនតែអ្នកប៉ុណ្ណោះទេ ដែល រឭកដល់ពុទ្ធគុណហើយបាននូវទីពឹងនោះ សូម្បីក្នុងកាលមុន ឧបាសកទាំងឡាយក៏មានរឭកដល់ពុទ្ធគុណហើយបាននូវទីពឹងក្នុងពេលដែលទូកលិចកណ្តាលសមុទ្ទដែរ ។ កាល ឧបាសកនោះក្រាបបង្គំអារាធនា ទើបទ្រង់នាំយកអតីតនិទានមកសម្តែងដូចតទៅថា ៖ ក្នុងអតីតកាល ក្នុងសាសនាព្រះសម្មាសម្ពុទ្ធកស្សប ព្រះអរិយសាវកថ្នាក់សោតា បន្នមួយរូប ឡើងជិះទូកទៅជាមួយកុដុម្ពិកៈដែលជាជាងកោរកាត់ម្នាក់ ។ ភរិយារបស់ ជាងកោរកាត់នោះ ប្រគល់ជាងកោរកាត់ដល់ឧបាសកនោះថា បពិត្រអ្នកអើយ សុខទុក្ខ ស្វាមីរបស់ខ្ញុំ សូមប្រគល់ឲ្យជាភារៈរបស់អ្នកហើយ ។ លុះដល់ថ្ងៃទី ៧ ទូករបស់ជាងកោរកាត់នោះបានលិចកណ្តាលសមុទ្ទ ។ ជនទាំង ពីរនាក់នោះ បានតោងបន្ទះក្តារមួយផ្ទាំងអណ្តែតមកដល់កោះមួយ ។ ជាងកោរកាត់ នោះ បានសម្លាប់បក្សីអាំងស៊ី ហើយឲ្យឧបាសកនោះ ។ ឧបាសកមិនព្រមបរិភោគដោយ ពោលថា កុំបន្សល់ទុកសម្រាប់ខ្ញុំឡើយ ។ ឧបាសកនោះគិតថា ក្រៅពីព្រះរតនត្រៃហើយ មិនមានទីអ្វីដទៃសម្រាប់អញទេ ទើបគាត់រឭកគុណព្រះរតនត្រៃ ។ គ្រានោះ កាលគាត់ កំពុងរឭកគុណព្រះរតនត្រៃ ស្តេចនាគដែលកើតក្នុងកោះនោះ ក៏និម្មិតរាងកាយរបស់ ខ្លួនជាទូកធំ មានទេវតាប្រចាំសមុទ្ទជាមាណពនៅក្បាលទូក ។ ទូកនោះពេញទៅដោយ រតនៈ ៧ ប្រការ សសរក្តោងទាំង ៣ សម្រេចអំពីកែវមណីពណ៌ឥន្ទនិល ទូកសម្រេច អំពីមាស ខ្សែសម្រេចអំពីប្រាក់ ច្រវាសម្រេចអំពីមាស ។ ទេវតារក្សាសមុទ្ទឈរនៅលើទូកស្រែកប្រកាសថា អត្ថិ ជម្ពុទីបំ គមិកា មានអ្នកចង់ទៅជម្ពូទ្វីបទេ ? ឧបាសកឆ្លើយថា មយំ គមិស្សាម ពួកយើងចង់ទៅ ។ ទេវតាពោលថា បើដូច្នោះ ចូរឡើងទូកមក ។ ឧបាសកឡើងទូក ហើយហៅជាងកោរកាត់ឲ្យឡើងទូកដែរ ។ ទេវតាប្រចាំសមុទ្ទពោលថា បានតែអ្នកម្នាក់ប៉ុណ្ណោះ អ្នកនោះមិនបានទេ ។ ឧបាសកសួរថា ព្រោះហេតុអ្វី ? ទេវតាប្រចាំសមុទ្ទឆ្លើយថា ព្រោះបុរសនោះមិនមានគុណ គឺសីលនិងអាចារៈ ព្រោះហេតុនោះ ទើបខ្ញុំនាំទូកមកដើម្បីអ្នក មិនមែនដើម្បីបុរសម្នាក់នោះទេ ។ (កាល ទេវតាពោលដូច្នេះហើយ ឧបាសកក៏ពោលថា) ណ្ហើយចុះ ខ្ញុំនឹងឲ្យចំណែកបុណ្យដល់ បុរសនេះ ដោយទានដែលខ្ញុំបានឲ្យហើយ ដោយសីលដែលខ្ញុំបានរក្សាហើយ ដោយ ភាវនាដែលខ្ញុំបានអប់រំហើយ ។ ជាងកោរកាត់ឆ្លើយថា អនុមោទាមិ សាមិ បពិត្រលោកម្ចាស់ ខ្ញុំសូម អនុមោទនា ។ ទេវតារក្សាសមុទ្ទពោលថា ខ្ញុំនឹងនាំទៅឥឡូវនេះ ហើយបីឧបាសកនិងជាងកោរកាត់ទាំងពីរនាក់ទៅ (ដាក់ក្នុងទូក) ចេញអំពីសមុទ្ទទៅដល់នគរពារណសីតាមស្ទឹង ហើយញ៉ាំងទ្រព្យឲ្យតាំងនៅក្នុងផ្ទះ របស់អ្នកទាំងពីរ ដោយអានុភាពរបស់ខ្លួន ។ (សមុទ្ទទេវតានោះ) បានពោលអំពីគុណនៃការសេពគប់បណ្ឌិតថា ឈ្មោះថាសេចក្តី ស្និទ្ធស្នាលនឹងបណ្ឌិតទាំងឡាយ គឺគេគួរធ្វើមែនពិត ប្រសិនបើជាងកោរកាត់នេះ មិនបានសេពគប់នឹងឧបាសកនេះទេ ត្រូវវិនាសកណ្តាលសមុទ្ទនេះឯង ទើបពោល គាថាទាំងនោះថា បស្ស សទ្ធាយ សីលស្ស, ចាគស្ស ច អយំ ផលំ; នាគោ នាវាយ វណ្ណេន, សទ្ធំ វហតុបាសកំ។ អ្នកចូរឃើញផលនៃសទ្ធា សីល ចាគៈ នាគនេះ មានភេទដូចជាសំពៅ នាំ ឧបាសកមានសទ្ធា ។ សព្ភិរេវ សមាសេថ, សព្ភិ កុព្ពេថ សន្ថវំ; សតញ្ហិ សន្និវាសេន, សោត្ថិំ គច្ឆតិ ន្ហាបិតោ។ បុគ្គលគប្បីសេពគប់ជាមួយនឹងពួកសប្បុរស គប្បីធ្វើនូវសេចក្តីសិទ្ធជាមួយនឹងពួក សប្បុរស ដូចជាងផ្ងូតទឹកដល់នូវសួស្តី ព្រោះនៅរួមជាមួយនឹងពួកសប្បុរស ។ បណ្តាបទទាំងនោះ បទថា បស្ស បានដល់ (ទេវតា) ហៅថាចូរមើលចុះ មិនកំណត់បុគ្គលណាមួយ ។ បទថា សទ្ធាយ គឺដោយលោកិយសទ្ធា និងលោកុត្តរសទ្ធា ។ សូម្បីសីលក៏មានន័យដូច្នេះដែរ ។ បទថា ចាគស្ស បានដល់ ទេយ្យធម្មបរិចា្ចគ និង កិលេសបរិច្ចាគ ។ បទថា អយំ ផលំ បានដល់ នេះជាផល គឺជាគុណ ជាអានិសង្ស ។ ម្យ៉ាងទៀត គប្បីឃើញសេចក្តីអធិប្បាយក្នុងបទនេះយ៉ាងនេះថា ចូរមើលផលនៃការបរិច្ចាគចុះ ស្តេចនាគនេះក្លែងភេទជាទូក ។ បទថា នាវាយ វណ្ណេន គឺដោយសណ្ឋានជាទូក ។ បទាថា សទ្ធំ គឺសទ្ធាដែលតាំងនៅក្នុងព្រះរតនត្រៃ ។ បទថា សព្ភិរេវ គឺពួកបណ្ឌិតនោះឯង ។ បទថា សមាសេថ បានដល់ ចូរមកនៅ គឺមកនៅជាមួយគ្នា រស់នៅជាមួយគ្នា ។ បទថា កុព្វេថ បានដល់ គប្បីធ្វើ ។ បទថា សន្ថវំ បានដល់ សិទ្ធស្នាលក្នុងឋានៈជាមិត្ត ប៉ុន្តែមិនគួរធ្វើសេចក្តីស្និទ្ធស្នាលដោយតណ្ហានឹងបុគ្គលណាឡើយ ។ បទថា ន្ហាបិតោ បានដល់ ក្ដុម្ពីជាជាងកោរកាត់ ។ បាលីខ្លះថា នហាបិតោ ក៏មាន ។ ទេវតាប្រចាំសមុទ្ទឈរនៅលើអាកាសសម្តែងធម៌ទូន្មានយ៉ាងនេះហើយ ទើបនាំ ស្តេចនាគត្រឡប់ទៅកាន់វិមានរបស់ខ្លួនវិញ ។ ព្រះបរមសាស្តា លុះទ្រង់នាំយកព្រះធម្មទេសនានេះមកសម្តែងហើយ ទើបទ្រង់ ប្រកាសសច្ចធម៌ កាលចប់សច្ចធម៌ ឧបាសកនោះបានសម្រេចសកទាគាមិផល ហើយទ្រង់ប្រជុំជាតកថា ឧបាសកជាសោតាបន្នបុគ្គលក្នុងកាលនោះ (លុះចម្រើនមគ្គខ្ពស់ៗ ឡើងទៅ) ក៏បានបរិនិព្វានហើយ សេ្តចនាគបានមកជាព្រះសារីបុត្រ ចំណែកទេវតា ប្រចាំសមុទ្ទ គឺ តថាគត នេះឯង ៕ ចប់ សីលានិសំសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត អសទិសវគ្គ បិដកលេខ ៥៨ ទំព័រ ៩៣) ដោយ៥០០០ឆ្នាំ |