Reading Article
Public date : 04, Jan 2022 (40,271 Read)
មូលហេតុនៃទុក្ខ

|
ក្នុងអរិយសច្ចៈ៤ មូលហេតុនៃទុក្ខព្រះមានព្រះភាគត្រាស់សម្តែងសង្ខេបថា « គឺឧបាទានក្ខ័ន្ធ៥ ជាមេទុក្ខ » ហេតុនេះបើយើងចង់បានក្តីសុខពិតប្រាកដ ត្រូវខំលះឧបាទានដែលប្រែមកថា លះការប្រកាន់មាំ ! ។ តើឧបាទាននោះមានអ្វីខ្លះ ? ព្រះពុទ្ធបានត្រាស់ពន្យល់ទៀតថា ឧបាទានមាន៤យ៉ាង តើអ្វីខ្លះ ?
១- កាមុបាទានៈ លោភៈជាប់ជំពាក់ក្នុងកាម ដែលមានកិលេសកាម និង វត្ថុកាម ត្រូវលះបង់ចេញ ។
២- សីលព្វត្តុបាទានៈ ការប្រកាន់មាំក្នុងផ្លូវខុស ធ្វើខ្លួនដូចគោ ដូចសុនខ ថាជាផ្លូវរួចចាកទុក្ខ បំពេញមិច្ឆាសីលប្រាសចាកមគ្គមានអង្គ៨ជាដើម ។ ៣- អត្តវាទុបាទានៈ ការប្រកាន់មាំក្នុងតួខ្លួន គឺសក្កាយទិដ្ឋិ ប្រកាន់ថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជារបស់ខ្លួន មានតួខ្លួននៅក្នុងខន្ធ៥ (មានព្រលឹងទៀងទាត់នៅក្នុងខ្លួនដែលមិនប្រែប្រួលតាមកម្ម) ។ ៤- ទិដ្ឋុបាទានៈ ការប្រកាន់មាំក្នុងទិដ្ឋិ ប្រកាន់ថាការយល់ឃើញរបស់ខ្លួនសុទ្ធតែត្រឹមត្រូវជាងគេ ជាប់ប្រកាន់ក្នុងគំនិតទាំងពួងដែលគ្មានហេតុផល ប្រកាន់ស្អិតក្នុងគំនិតខ្លួនឯង ។ លះឧបាទានតាមទ្វារទាំង៦ លះការគិត ការជាប់ជំពាក់ ការអាល័យ ការខឹងក្រោធជាមួយលោកនេះ ឲ្យបានទើបផុតទុក្ខ បើលះមិនបានទេមិនរួចពីភពបី កំណើត៤ គតិ៥ វិញ្ញាណដ្ឋិតិ៧ និងសត្តាវាស៩ ដែលសរុបមកត្រឹមតែភព ជាតិកំណើតដែលមានតែទុក្ខនេះទេ ! តស៊ូព្យាយាមឡើង ! កុំរវល់តែទើសជាមួយអ្នកដទៃ ត្រូវទើសជាមួយខ្លួនឯងជានិច្ចបានរួចចាកទុក្ខបាន ! ។
ដោយ៥០០០ឆ្នាំប្រភព ហ្វេសប៊ុក Thong Nidamony |