Reading Article
Public date : 31, Jul 2019 (15,441 Read)
ពាក្យថារបស់ក្នុងលោក

|
៙ សេចក្ដីសុខ មិនមែនកំណត់នៅត្រង់ថា អ្នកណាមានរបស់អ្វី ឬមានអ្នកណា ៗ នោះទេ ប៉ុន្តែកំណត់នៅត្រង់ចិត្ត តើកំពុងក្ដៅក្រហាយ ឬកំពុងស្ងប់ត្រជាក់ ។ មនុស្សយើងកើតទុក្ខ ព្រោះគិតថា របស់យើងបានបាត់បង់ទៅ ប៉ុន្តែ បើរបស់នោះ បានប្រាកដនូវលក្ខណៈ ប្រាប់មកថា ជារបស់ក្នុងលោក ដូច្នេះ យើងក៏មិនមានអ្វី ដែលត្រូវបាត់បង់ដែរ ហើយក៏មិនមានទុក្ខសោកអ្វីឡើយ ។ ពាក្យថា របស់ក្នុងលោក គឺដូចជារបស់អ្នកដទៃអ៊ីចឹង យើងគ្រាន់តែចាប់ប្រកាន់ថា ជារបស់យើង ប៉ុន្តែ គឺជារបស់លោកនេះដដែល មិនមានអ្នកណាយកអ្វីបានទេ ទាំងខ្លួនយើងនេះផង ក៏សុទ្ធតែជារបស់លោកនេះហ្នឹងឯង ។ ហិរិ ថ្នាក់សីល ខ្មាសខ្ពើមការចាប់យករបស់អ្នកដទៃ ដែលគេមិនបានឲ្យ ចំណែក ហិរិ ថ្នាក់សតិប្បដ្ឋាន ខ្មាស់ខ្ពើមការចាប់យករបស់ក្នុងលោក ហើយមានការលះបង់ហ្នឹងឯង ជាទីពឹងតែម្ដង មិនមានទីពឹងអ្វីដទៃផ្សេងទៀតឡើយ ៕៚
៙ ការសប្បាយចិត្ត មិនមែននៅត្រង់ការព្យាយាមធ្វើអ្វី ៗ គ្រប់យ៉ាង ឲ្យបានដូចចិត្តនោះទេ ប៉ុន្តែ នៅត្រង់ការព្រមទទួលថា មិនមានអ្វីចេះតែបានដូចចិត្តយើង ទាំងអស់នោះឡើយ ត្រង់នេះហើយ ដែលធ្វើឲ្យយើងសប្បាយចិត្ត ដឹងខ្លួនថាមានទីពឹង ប្រាសចាកការហួងហែង ស្ងប់ ត្រជាក់ ៕៚
៙ ក្នុងលោកនេះ មិនមានអ្នកណា ចេះតែបានអ្វី ៗ ដូចចិត្តចង់នោះទេ ប៉ុន្តែ ក្នុងលោកនេះ អ្វី ៗ គ្រប់យ៉ាង ជាការពិត ។ បុគ្គលល្ងង់ រវល់តែកើតទុក្ខ ព្រោះមិនបានដូចចិត្ត ចំណែកអ្នកមានប្រាជ្ញា រស់នៅជាសុខ ជាមួយនឹងការពិត ត្រង់ដែល ប្រាជ្ញាចេះតែចម្រើនឡើង ៗ ដឹងការពិតក្នុងជីវិត នេះហៅថា វិបស្សនាភាវនា ៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
|