Reading Article
Public date : 25, Feb 2020 (10,008 Read)
ឧទ្ធុមាតកអសុភ

|
ឧទ្ធុមាតកអសុភ
កាលបើព្រះយោគាវចរ មានប្រាថ្នាដើម្បីនឹងចម្រើនយកនិមិត្តក្នុងឧទ្ធុមាតកអសុភ គប្បីចូលទៅកាន់សំណាក់កល្យាណមិត្ត ដូចន័យដែលពោលមកក្នុងខាងដើម រៀនយកនូវវិធីដើរទៅកាន់អសុភនិមិត្ត វិធីកំណត់នូវនិមិត្តជិតខាង វិធីកាន់យកនូវនិមិត្ត វិធីពិចារណាតាមផ្លូវដែលដើរទៅដើរមក រហូតដល់អប្បនាវិធីជាទីបំផុត ចេញទៅនៅក្នុងទីសេនាសនៈដ៏សមគួរដល់សមាធិភាវនា ហើយសឹមស្វែងរកអសុភនិមិត្តនឹងចម្រើន។ ត្រង់ដែលថារៀនយកនូវវិធីដើរទៅកាន់អសុភនិមិត្តនោះដូចម្ដេច? ត្រូវរៀនឲ្យដឹងថា មុនដែលនឹងដើរទៅកាន់កន្លែងដែលរូបអសុភតម្កល់នៅ ត្រូវប្រាប់ដល់លោកដែលជាសង្ឃត្ថេរជាមុន សឹមដើរចេញទៅ មិនត្រូវទៅ ២ ឬ ៣ រូប ត្រូវធ្វើទុកក្នុងចិត្តនូវមូលកម្មដ្ឋានជានិច្ច ត្រូវកាន់ឈើច្រត់ដើរទៅ ដើម្បីការពារនូវអន្តរាយមានឆ្កែជាដើម ត្រូវដើរប្រុងស្មារតីសង្រួមឥន្ទ្រីយ៍ទាំង ៦ ត្រូវកំណត់ឲ្យដឹងទិស ដឹងទ្វារ ដឹងផ្លូវដែលខ្លួនចេញដើរទៅ ត្រូវឲ្យដឹងខាងឆ្វេង ខាងស្ដាំ ទៅទីណមានវត្ថុអ្វី មិនត្រូវដើរចូលទៅកាន់អសុភអំពីខាងក្រោមខ្យល់។ ត្រង់ដែលថារៀនយកនូវវិធីកំណត់និមិត្តជិតខាងនោះដូចម្ដេច? ត្រូវរៀនឲ្យដឹងថា ពេលណាចូលទៅដល់រូបអសុភហើយ មិនត្រូវសម្លឹងមើលរូបអសុភជាដំបូងឡើយ ត្រូវកំណត់រកទិសដែលសម្លឹងមើលទៅឃើញអសុភប្រាកដ ត្រូវឈរនៅក្នុងជាទីចន្លោះ មិនជាខាងក្រោមខ្យល់ ខាងលើខ្យល់ មិនឆ្វាយពេកជិតពេក មិនបែរខាងក្បាលពេក បែរខាងចុងជើងពេក ត្រូវកំណត់ទីជុំវិញដឹងថាខាងណាមានវត្ថុអ្វី ថ្ម ឬដំបូកជាដើម ធំ ឬ តូច ខ្ពស់ ឬ ទាប ជាមុនត្រូវធ្វើទុកក្នុងចិត្តនូវវត្ថុជិតខាងផ្អែបជាមួយនឹងតួអសុភ ថា "នេះថ្ម នេះអសុភ" ជាដើម។ ត្រង់ដែលថា រៀនយកនូវវិធីកាន់យកនុវនិមិត្តនោះដូចម្ដេច? ត្រូវរៀនឲ្យដឹងនូវវិធីកាន់យកនូវនិមិត្តដោយអាការ ១១ យ៉ាងគឺ ១- វណ្ណតោ កំណត់ឲ្យដឹងថា នេះជាសរីរៈរបស់មនុស្ស សម្បុរស ឬខ្មៅ ជាដើម។ ២- លិង្គតោ កំណត់ឲ្យដឹងថា នេះជាសរីរៈរបស់មនុស្សស្ថិតនៅក្នុងបឋមវ័យ មជ្ឍិមវ័យ ឬ បច្ឆិមវ័យ។ ៣- សណ្ឋានតោ កំណត់ឲ្យដឹងថា នេះជាសណ្ឋានក្បាល ឬ សណ្ឋានកជាដើម ៤- ទិសតោ ក្នុងសរីរៈនេះតាំងអំពីផ្ចិតចុះទៅ ចាត់ជាទិសខាងក្រោម អំពីផ្ចិតឡើងលើចាត់ជាទិសខាងលើ ត្រូវកំណត់ឲ្យដឹងថា នេះជាទិសខាងក្រោម នេះជាទិសខាងលើ ឬកំណត់ឲ្យដឹងថា អញឈរនៅក្នុងទិសនេះ អសុភនៅក្នុងទិសនេះ។ ៥- ឱកាសតោ កំណត់ឲ្យដឹងថា ដៃនៅក្នុងឱកាសនេះ ជើងនៅក្នុងឱកាសនេះ ជាដើម ឬកំណត់ឲ្យដឹងថា អញឈរនៅក្នុងឱកាសនេះ អសុភនៅក្នុងឱកាសនេះ។ ៦- បរិច្ឆេទតោ កំណត់ឲ្យដឹងថា សរីរៈខាងក្រោម ត្រឹមបាទជើង ខាងលើត្រឹមចុងសក់ ជុំវិញត្រឹមស្បែកក្នុងចន្លោះនេះ ពេញដោយសាកអសុភ ៣២ ប្រការ ឬកំណត់ឲ្យដឹងថា ដៃត្រឹមនេះ ជើងត្រឹមនេះ ជាដើម។ ៧- សន្ធតោ កំណត់ឲ្យដឹងទីតនៃសរីរៈទាំង ១៨០ ៨- វិវរតោ កំណត់ឲ្យដឹងទីចន្លោះរបស់អសុភមានចន្លោះដៃ ចន្លោះជើង ចន្លោះពោះជាដើម។ ៩- និន្នតោ កំណត់ឲ្យដឹងទីទំនាបក្នុងសរីរៈរបស់អសុភ មានរណ្ដៅភ្នែក និងក្នុងមាត់ជាដើម ឬកំណត់ឲ្យដឹងថា អញឈរនៅក្នុងទីទំនាប ឯអសុភស្ថិតនៅក្នុងទីទួល។ ១០- ឧន្មតតោ កំណត់ឲ្យដឹងទីខ្ពស់ក្នុងសរីរៈរបស់អសុភ មានជង្គង់ និងទ្រូងជាដើម ឬកំណត់ឲ្យដឹងថា អញឈរនៅក្នុងទីខ្ពស់ ឯអសុភស្ថិតនៅក្នុងទីទំនាប។ ១១- សមត្តតោ ត្រូវបញ្ជូនញាណឲ្យប្រព្រឹត្តទៅសព្វក្នុងសរីរៈ អសុភទាំងមូល បើត្រង់ណាតាំងឡើងប្រាកដ សឹមកំណត់ធ្វើទុកក្នុងចិត្តត្រង់ណោះ។ ដកស្រង់ចេញពីសៀវភៅ កម្មដ្ឋាននិទ្ទេស រៀបរៀងដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ៥០០០ឆ្នាំ |