Reading Article
Public date : 08, Dec 2022 (21,705 Read)
ឈ្មួញលក់កណ្តុរងាប់

|
ឈ្មួញលក់កណ្តុរងាប់
( វីរិយភាព និងការដឹងគុណ ) កាលពីព្រេងនាយ មានទីប្រឹក្សាសំខាន់ម្នាក់របស់ព្រះមហាក្សត្រមួយអង្គបានចេញដំណើរទៅគាល់ព្រះមហាក្សត្រ និងជួបជាមួយទីប្រឹក្សាដទៃទៀត ។ ក្នុងពេលកំពុងធ្វើដំណើរនោះ ដោយឌៀងកន្ទុយភ្នែក លោកបានឃើញខ្មោចកណ្តុរមួយនៅលើចិញ្ចើមថ្នល់ ។ លោកក៏បាននិយាយទៅកាន់សហការីទាំងអស់ដែលរួមដំណើរជាមួយថា "សូម្បីតែការចាប់ផ្តើមរកស៊ីដោយមានដើមទុនដ៏តិចតួចបំផុតដូចជាតម្លៃខ្មោចកណ្តុរនេះក៏ដោយ ក្នេងមានកម្លាំង អាចសន្សំរកទ្រព្យសម្បត្តិស្តុកស្តម្ភសម្រាប់ខ្លួនបាន ប្រសិនបើគេខំប្រឹងប្រែងធ្វើការងារ ហើយប្រើបញ្ញារបស់គេ, គេអាចចាប់ផ្តើមរបរកស៊ីមួយ ហើយផ្គត់ផ្គង់ភរិយា និងគ្រួសារបាន ។ " មានមាណពម្នាក់ដែលដើរជិតនោះបានឮការកត់សម្គាល់នេះ ។ ហើយមាណពក៏ដឹងដែរថា អ្នកដែលពោលពាក្យសម្គាល់នោះ ជាទីប្រឹក្សាដ៏ល្បីល្បាញម្នាក់របស់ព្រះមហាក្សត្រ ដូច្នេះគេក៏សម្រេចចិត្តធ្វើតាមពាក្យរបស់ទីប្រឹក្សានោះ ។ គេបានឱនចាប់យកខ្មោចកណ្តុរនោះ ដោយកាន់កន្ទុយវាហើយដើរចេញទៅ ។ ដោយភ័ព្វសំណាងដែលត្រូវមាន គេយួរកាន់ខ្មោចកណ្តុរដើរមិនបានមួយថ្នល់ផង មានអ្នកថែរក្សាហាងទំនិញមួយហៅគេឲ្យឈប់សិន ។ អ្នកថែរក្សាហាងទំនិញនោះបាននិយាយថា៖ "ឆ្មាខ្ញុំបានរំខានខ្ញុំពេញមួយព្រឹកហើយ ។ លក់ខ្មោចកណ្តុរនេះឲ្យខ្ញុំមក ខ្ញុំនឹងឲ្យតម្លៃអ្នកពីរសេន " ។ មាណពក៏លក់ខ្មោចកណ្តុរនោះ ដោយបានកម្រៃពីរសេន ។ មាណពក៏យកលុយពីរសេននោះទៅទិញនំផ្អែម និងទឹក យកទៅលក់តាមចិញ្ចើមផ្លូវមួយ ។ ដូចតាមការនឹកគិតរបស់មាណព មានអ្នកស៊ីឈ្នួលបេះផ្កាយកទៅក្រង ខ្លះកំពុងតែវិលត្រឡប់មកពីបេះផ្កាវិញ ។ ដោយការហត់នឿយ ពួកគេឃ្លានហើយស្រេកទឹកទៀតផង ពូកគេក៏យល់ព្រមទិញនំផ្អែម និងទឹកនោះ ដោយឲ្យផ្កាមួយបាច់ជាតម្លៃនំមួយ ៗ ។ ហើយពេលរសៀលមាណពក៏យកផ្កាទាំងនោះទៅលក់នៅឯទីប្រជុំជន ។ ជាមួយលុយដែលចំណេញបានមកពីលក់ផ្កាទាំងនោះ មាណពក៏ទៅទិញនំផ្អែមថែមទៀត ហើយថ្ងៃបន្ទាប់មកគេយកទៅលក់ឲ្យអ្នកបេះផ្កា ។ គេរកស៊ីលក់ដូរបែបនេះបានមួយរយៈ រហូតដល់ថ្ងៃមួយមានខ្យល់ព្យុះដ៏កំណាចមួយ ជាមួយភ្លៀងនិងខ្យល់បានបក់បោកយ៉ាងខ្លាំង ។ នៅពេលដែលគេកំពុងតែដើរជិតឧទ្យានកំសាន្តមួយរបស់ព្រះមហាក្សត្រ គេបានឃើញមែកឈើជាច្រើនត្រូវខ្យល់ព្យុះបក់បោកជ្រុះរាយប៉ាយគ្រប់ទិសទី ។ ឃើញដូច្នេះ គេក៏សុំស្នើដល់អ្នកថែរក្សាឧទ្យាន ថាគេនិងជួយរើសសម្អាតមែកឈើទាំងនោះឲ្យស្អាតអស់ បើអ្នកថែឧទ្យានព្រមឲ្យមែកឈើទាំងនោះដល់គេ ។ អ្នកថែរក្សាឧទ្យានដ៏កំជិលនោះក៏យល់ព្រមភ្លាម ។ នៅឯសួនមួយទៀតម្ខាងថ្នល់ជិតនោះ មាណពបានឃើញមានក្មេងខ្លះកំពុងតែរត់ប្រឡែងគ្នាលែង ។ ដោយមាណពបានឲ្យនំម្នាក់មួយ ក្មេងទាំងនោះសប្បាយរីករាយនឹងនាំគ្នាជួយរើសមែកឈើ និងបោសសម្អាតច្រកចូលឧទ្យានបានយ៉ាងស្អាត ។ ហើយនៅពេលជាមួយគ្នានោះ អ្នកដាំស្លក្នុងព្រះរាជដំណាក់តែងតែត្រូវការអុសដុតជានិច្ចសម្រាប់ចង្រ្កានគុក ដែលមានអណ្តាតភ្លើងឆេះមិនឈប់ឈររបស់គេ ។ នៅពេលដែលអ្នកដាំស្លនោះ ឃើញគំនរអុសដែលពួកក្មេងកំពុងប្រមូលជាគំនរ គេក៏បានសុះទិញដោយឲ្យតម្លៃយ៉ាងសមរម្យដល់មាណព ។ គេក៏ថែមទាំងបានដោះដូរឆ្នាំងអម្បែងខ្លះជាមួយនឹងចៅមាណទៀតផង ។ ដោយបានកម្រៃមកពីលក់ផ្កា និងមែកអុស ចៅមាណពក៏យកលុយនោះទៅបើកហាងល់ភេសជ្ជៈមួយ ។ មានថ្ងៃមួយនោះ ពួកអ្នកច្រូតស្មៅទាំងអស់ដែលនាំគ្នាធ្វើដំណើរឆ្ពោះទៅទីក្រុង បាននាំគ្នាឈប់សម្រាកនៅហាងលក់ភេសជ្ជៈរបស់ចៅមាណព ។ ចៅមាណពក៏បានឲ្យនំ និងទឹកដល់អ្នកច្រូតស្មៅទាំងនោះទទួលទានដោយឥតគិតយកថ្លៃ ។ អ្នកច្រូតស្មៅទាំងនោះមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះសប្បុរសធម៌របស់ចៅមាណព ហើយក៏បានសួរថា៖ "តើពួកយើងខ្ញុំអាចធ្វើអ្វីមួយជួយដល់អ្នកបានទេ ?" ចៅមាណពឆ្លើយថា គ្មានអ្វីឲ្យពួកគេធ្វើទេពេកនេះ ប៉ុន្តែចៅមាណពនឹងប្រាប់ពួកគេឲ្យដឹងនៅពេលអនាគត ។ មួយសប្តាហ៍ក្រោយមក ចៅមាណពបានឮថាមានឈ្មួញលក់សេះម្នាក់នឹងនាំសេះ ៥០០ ក្បាលមកលក់នៅទីក្រុង ។ ដូច្នេះហើយ ចៅមាណពបានទាក់ទងជាមួយពួកអ្នកច្រូតស្មៅទាំងអស់ដោយប្រាប់ពូកគេម្នាក់ ៗ ថា សុំឲ្យគេឲ្យស្មៅមកខ្លួនម្នាក់មួយដុំ ។ ហើយចៅមាណពក៏បានប្រាប់អ្នកច្រូតស្មៅទាំងនោះថា កុំទាន់លក់ស្មៅទៅឲ្យឈ្មួយលក់សេះនោះឲ្យសោះ ចាំគេលក់ស្មៅរបស់គេឲ្យអស់ជាមុនសិន ។ ធ្វើបែបនេះចៅមាណពនឹងបានទទួលតម្លៃខ្ពស់ ។ ពេលវេលាចេះតែកន្លងទៅរហូតដល់មានថ្ងៃមួយ នៅហាងលក់ភេសជ្ជៈរបស់ចៅមាណព អតិថិជនខ្លះបាននិយាយប្រាប់គេថា មាននាវាដឹកជំនួញថ្មីមួយមកពីបរទេសទើបតែនឹងបោះយុថ្កាចតនៅកំពុងផែ ។ ចៅមាណមើលឃើញថា នេះជាឱកាសល្អមួយដែលគេកំពុងរង់ចាំ ។ គេនឹកគិតម្តងហើយ នឹកគិតម្តងទៀត រហូតទាល់តែគេរកនឹងឃើញនូវផែនការធ្វើជំនួញដ៏ល្អមួយ ។ ជាដម្បូង គេបានទៅជួបជាងធ្វើអលង្ការម្នាក់ដែលជាមិត្ត ដោយចំណាយសាហ៊ុយតែបន្តិចតែបន្តួចធ្វើចិញ្ចៀនមួយវង់ដ៏មានតម្លៃ ដោយដាក់ត្បូងទទឹមក្រហមយ៉ាងស្អាតមួយគ្រាប់ទៀតផង ។ ចៅមាណពក៏ដឹងដែរថា សំពៅនោះមកពីប្រទេសមួយដែលមិនមានរ៉ែត្បូងទទឹមទាល់តែសោះ ហើយមាសទៀតសោតក៏មានថ្លៃពេកណាស់ដែរ ។ ដូច្នេះហើយ គេបានឲ្យចិញ្ចៀនដ៏ល្អស្អាតនោះដល់នាយសំពៅជាកម្រៃជើងសារទុកជាមុន ។ ដើម្បីឲ្យបានទទួលកម្រៃជើងសារនោះ នាយសំពៅបានយល់ព្រមបញ្ជូនអ្នកដំណើរទាំងអស់ឲ្យទៅចៅមាណពធ្វើជាឈ្មួញកណ្តាល ដើម្បីជួយពួកគេក្នុងការទិញឥវ៉ាន់ផ្សេង ៗ ដោយចៅមាណពធ្វើជាមគ្គុទ្ទេសនាំអ្នកទាំងនោះទៅរកហាងជំនួញល្អ ៗ នៅក្នុងទីក្រុង ។ ហើយផលដែលបានមកវិញ គឺម្ចាស់ហាងជំនួយទាំងនោះបានឲ្យឥវ៉ាន់ផ្សេង ៗ ជាការដឹងគុណដល់ចៅមាណពដែលបានបញ្ជូនអតិថិជនឲ្យទៅទិញដូរនៅហាងរបស់ពួកគេ ។ ចៅមាណពធ្វើជាឈ្មួញកណ្តាលរបៀបនេះជាមួយសំពៅបួនប្រាំទៀតដែលបានមកចតនៅកំពង់ផែ ។ គេក៏បានក្លាយទៅជាអ្នកមានម្នាក់ដែលមានទ្រព្យយ៉ាងស្តុកស្តម្ភ ។ ដោយសោមនស្សរីករាយនឹងជោគជ័យរបស់ខ្លួន ចៅមាណពក៏បាននឹងឃើញដែរថា ជោគជ័យទាំងនេះបានចាប់ផ្តើមដោយពាក្យសម្តីរបស់ទីប្រឹក្សាម្នាក់របស់ព្រះមហាក្សត្រ ។ ដូច្នេះហើយ គេក៏បានសម្រេចចិត្តជូនកាក់មាស ដប់ម៉ឺនកាក់ ដល់ទីប្រឹក្សានោះ ។ ជំនូនទាំងនោះមានតម្លៃស្មើពាក់កណ្តាលនិងទ្រព្យទាំងអស់ដែលគេមាន ។ បន្ទាប់ពីបានចាត់ចែងដើម្បីរៀបជំនូននោះ ចៅមាណពក៏បានជូបជាមួយនឹងទីប្រឹក្សាព្រះមហាក្សត្រ ហើយក៏បានជូនជំនូនទាំងនោះដល់លោកជាមួយនឹងការអគុណដ៏សុភាពរាបសារទៀតផង ។ លោកទីប្រឹក្សាមានសេចក្តីភ្ញាក់ផ្អើលជាខ្លាំង ដោយលោកបានសួរថា៖ "តើអ្នកធ្វើយ៉ាងណាដែលអាចរកទ្រព្យសម្បត្តិបានយ៉ាងច្រើន ហើយអាចធ្វើជំនូនដ៏សន្ធឹកសន្ធាប់យ៉ាងនេះបាន ? " ចៅមាណពបាននិយាយប្រាប់ថា ទាំងអស់នេះចាប់ផ្តើមឡើងបាន ដោយសារតែសម្តីរបស់លោកទីប្រឹក្សាផ្ទាល់ នៅពេលដែលទើបនឹងកន្លងទៅមិនយូរប៉ុន្មាន ។ ឱវាទនោះបានដឹកនាំឲ្យខ្ញុំទៅជួបខ្មោចកណ្តុរមួយ, ឆ្មាឃ្លានចំណីមួយ, បាច់ផ្កាជាច្រើន, មែកឈើជាច្រើនដែលបាក់ធ្លាក់ដោយសារព្យុះភ្លៀង, ក្មេងលែងនៅក្នុងសួន, ចុងភៅព្រះមហាក្សត្រ, ហាងលក់ភេជ្ជៈ, ស្មៅសម្រាប់សេះ ៥០០, ចិញ្ចៀនមាសមួយវង់, ទំនាក់ទំនងក្នុងការរកស៊ី ហើយទីបំផុត គឺទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់ ។ ដោយបានឮគ្រប់ពាក្យរៀបរាប់ទាំងនោះ លោទីប្រឹក្សាបានគិតថា "នឹងគួរស្តាយណាស់ ប្រសិនបើត្រូវបាត់មនុស្សដែលប៉ិនប្រសប់ដ៏មានថាមពលនេះ អាត្មាអញក៏មានទ្រព្យសម្បត្តិច្រើន ហើយកូនស្រីជាទីស្រឡាញ់របស់អញក៏មានទ្រព្យសម្បត្តិច្រើនដែរ ឯមាណពនេះសោតក៏ជាមនុស្សនៅលីវ គេសមនឹងរៀបការជាមួយនឹងនាងណាស់ ។ ធ្វើដូច្នេះគេនឹងអាចស្នងទ្រព្យសម្បត្តិអាត្មាអញជាមួយនឹងសម្បត្តិរបស់គេ ហើយកូនស្រីរបស់អញក៏មានអ្នកដែរក្សាទៀតផង ។ " ហេតុការណ៍ទាំងនោះក៏កើតមានដូចបំណង ហើយបន្ទាប់ពីលោកទីប្រឹក្សាបានស្លាប់ទៅ អ្នកដែលបានធ្វើតាមឱវាទរបស់លោកបានក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងទីក្រុង ។ ព្រះមហាក្សត្រក៏បានតែងតាំងចៅមាណពឲ្យទទួលដំណែងជាទីប្រឹក្សារបស់ព្រះអង្គ ។ ដោយករុណាធម៌ក្នុងជីវិតដែលនៅសល់ជាចុងក្រោយរបស់គេ គេតែងតែធ្វើបុណ្យដាក់ទានលុយកាក់ផ្ទាល់ខ្លួន ដើម្បីសេចក្តីសុខនិងសុខុមាលភាពនៃមនុស្សម្នាជាច្រើននាក់ ។ ដំបូន្មានៈ ជាមួយថាមពល និងការប៉ិនប្រសប់, ទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភ ក៏នឹងអាចកើតមានបានដែរមកពីការចាប់ផ្តើមដ៏តូចតាចមួយ ។ ដកស្រង់ចេញពីសៀវភៅៈ ព្រហ្មចរិយេសនា រៀបរៀងដោយៈ ខេង ខេមរៈ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |