Reading Article
Public date : 22, Feb 2022 (24,486 Read)
គោឈ្មោះឧសភរាជៈ

|
គោឈ្មោះឧសភរាជៈ
( មនុស្សម្នាក់ ៗ ត្រូវមានការគោរពពីអ្នកដទៃ ) កាលពីព្រេងនាយ នៅនគរគ្ហាន់ដារា ក្នុងភូមិភាគខាងជើងនៃប្រទេសឥណ្ឌាមានបូរីមួយឈ្មោះហៅថាតក្កសិលា ។ ហើយនៅក្នុងបូរីតក្កសិលានោះមានព្រះពោធិសត្វ ទ្រង់បានយោឃយកកំណើតជាកូនគោមួយ ។ ដោយហេតុថា គេបានបង្កាត់ពូជឲ្យមានកម្លាំងខ្លាំងក្លា កូនគោនោះក៏ត្រូវបានកុដុម្ពីក៏ម្នាក់ទិញយក ។ ដោយមានភាពទន់ភ្លន់ កូនគោនោះបានធ្វើឲ្យកុដុម្ពីក៏ស្រឡាញ់ពេញចិត្តជាខ្លាំង ហើយក៏ដាក់ឈ្មោះថា "ឧសភរាជ" ។ កុដុម្ពីក៏ចិញ្វឹមថែរក្សា និងបំប៉នឧសភរាជតែចំណីអាហារល្អ ៗ តែប៉ុណ្ណោះ ។ នៅពេលដែលឧសភរាជធំពេញវ័យជាគោមួយយ៉ាងសង្ហា និងមានកម្លាំងមាំមួន គេបានគិតថា៖ "យើងបានត្រូវបុរសដ៏មានសប្បុរសធម៌នេះចិញ្ចឹមថែរក្សារហូតដល់ធំពេញរូបរាង ។ គាត់បំប៉ងយើងតែចំណីអាហារល្អ ៗ និងតែងតែយកចិត្តថែរក្សារូបយើងជានិច្ចជាកាល ទោះបីពេលខ្លះមានការលំបាកយ៉ាងណាក៏ដោយ ។ នៅពេលនេះ យើងបានធំពេញរូបរាង ហើយក៏គ្មានគោមួយណាអាចអូសរទះដែលផ្ទុកទម្ងន់ធ្ងន់ខ្លាំងដូចជាយើងអាចអូសបានឡើយ ។ ដូច្នេះ យើងចង់ប្រើកម្លាំងមាំមួនរបស់យើងដើម្បីធ្វើអ្វីមួយជាផលប្រយោជន៍ជូនដល់ម្ចាស់យើងវិញ ។ " អញ្ជឹងហើយ ឧសភរាជក៏បាននិយាយទៅកាន់ម្ចាស់ថា៖ បពិត្រលោកម្ចាស់ សូមលោករកមើលកូនអ្នកមានទ្រព្យណាម្នាក់ ដែលមានអំនួតអួតអាងដោយសារមានគោមានកម្លាំងខ្លាំងច្រើនក្បាល ។ ចូរលោកម្ចាស់ភ្នាល់នឹងគេចុះ ដោយនិយាយប្រាប់ថា គោរបស់លោកអាចអូសរទេះគោផ្ទុកទំនិញធ្ងន់បានម្តងមួយរទេះ ។ " ធ្វើតាមការណែនាំរបស់ឧសភរាជ កុដុម្ពីក៏បានទៅជួបឈ្មួញម្នាក់បែបនោះ ហើយក៏បានជាប់មាត់ ជាប់កនិយាយពិភាក្សាគ្នាលេង ។ មួយសន្ទុះក្រោយមក កុដុម្ពីក៏បានបញ្ចេញគំនិត ថាតើនៅក្នុងធានីនេះ តើគោអ្នកណាដែលមានកម្លាំងខ្លាំងក្លាជាងគេ ។ ឈ្មួញនោះបាននិយាយថា៖ "មនុស្សច្រើននាក់ណាស់ដែលមានកម្លាំងខ្លាំង ប៉ុន្តែ គ្មាននរណាម្នាក់ដែលមានគោខ្លាំង ដូចជាគោរបស់ខ្ញុំទេ ។ " កុដុម្ពីក៏និយាយថា លោក ខ្ញុំមានគោមួយអាចអូសរទេះគោផ្ទុកទំនិញយ៉ាងធ្ងន់ បានម្តងមួយរទេះ ។ " " ទេសម្លាញ់ តើធ្វើម្តេចឡើយនិងមានគោបែបនេះទៅកើត? នេះ មិនគួរឲ្យជឿបានទេ! " ឈ្មួញបាននិយាយ ។ កុដុម្ពីក៏ឆ្លើយតបថា " ខ្ញុំពិតជាមានគោខ្លាំងបែបនេះមែន ហើយខ្ញុំមានបំណងចង់ភ្នាល់គ្នាទៀតផង ។ " ឈ្មួញបាននិយាយថា ៖ " ខ្ញុំហ៊ានភ្នាល់បើគោនោះអាចអូសរទេះផ្ទុកទំនិញបានម្តងមួយរទេះនោះ ។ " ឈ្មួញនោះក៏និយាយទៀតថា៖ " ខ្ញុំភ្នាក់ដាក់កាក់មាសមួយពាន់ ថាគោរបស់លោកមិនអាចអូសរទេះផ្ទុកទំនិញធ្ងន់ម្តងមួយរទេះបានឡើយ ។ ដូច្នេះហើយ គេក៏នាំគ្នាភ្នាល់ដាក់លុយ ហើយយល់ព្រមណាត់ថ្ងៃ និងពេលវេលាដើម្បីធ្វើការភ្នាល់គ្នា ។ ឈ្មួញបានចងរទេះមួយរយភ្ជាប់បន្តកន្ទុយគ្នាដោយផ្ទុកខ្សាច់ និងគ្រួសយ៉ាងធ្ងន់លើរទេះនោះ ។ កុដុម្ពីក៏បានបំប៉នស្រូវល្អបំផុតជាចំណីដល់គោឧសភរាជ ។ គេផ្ងួតទឹកឲ្យឧសភរាជ ហើយតុបតែឲ្យឧសភរាជ និងពាក់ផ្កាកម្រងយ់ាងស្រស់ស្អាតជុំវិញឧសភរាជទៀតផង ។ បន្ទាប់មក កុដុម្ពីក៏បានដាក់នឹមទឹមឧសភរាជនឹងរទេះទីមួយ ហើយឡើងបរទេះនោះតែម្តង ។ ដោយមានវណ្ណៈស្រាប់ខ្ពស់ផង កុដុម្ពីក៏មិនអាចទប់នឹងចិត្តអំនួត ដែលធ្វើខ្លួនគេហាក់ដូចជាមនុស្សកាន់តែសំខាន់ខ្លាំងទ្វេឡើង ។ ដូច្នេះ គេក៏បានរលាស់រំពាត់ខ្សែតី ទៅលើខ្យល់មួយឆ្វាច់ ហើយស្រែកទៅកាន់គោដ៏មានភក្តីថា៖ "អូសភ្លាមទៅអាសត្វភ្លើ ! អញបញ្ជាឲ្យឯងអូស រទេះអាសត្វភ្លើ ! " គោឧសភរាជបាននឹងគិតថា ៖ " ការបបួលប្រកួតនេះជាគំនិតរបស់យើង ។ តែយើងមិនដែលធ្វើអ្វីអាក្រក់លើម្ចាស់យើងទេ ប៉ុណ្ណឹងហើយ លោកនៅតែជេរប្រមាថមាក់ងាយដល់យើង ដោយប្រើពាក្យធ្ងន់មិនពិរោះពិសារលើយើងបែបយ៉ាងនេះ ។ " គិតដូច្នេះហើយ ឧសភរាជក៏នៅស្ងៀមហ្នឹងមួយកន្លែង មិនព្រមអូសរទេះទាំងនោះឡើយ ។ ឈ្មួញបានសើចចម្អក ហើយទាមទាយកប្រាក់ឈ្នះពីការដាក់ភ្នាល់របស់ខ្លួន ។ កុដុម្ពីក៏បានសងកាក់មាសមួយពាន់ដល់ឈ្មួញនោះ ។ គេបានវិលត្រឡប់ទៅផ្ទះវិញ ហើយអង្គុយសំកុកទុក្ខព្រួញនឹងការចាញ់ភ្នាល់របស់គេ ព្រមទាំងមានការអាម៉ាសជាខ្លាំងនឹងអំនួតរបស់ខ្លួន ។ ឧសភរាជស៊ីស្មៅដោយស្ងៀមស្ងាត់ពេលដើរត្រឡប់មកផ្ទះវិញ ។ នៅពេលមកដល់ផ្ទះ ឧសភរាជបានឃើញម្ចាស់ដេកផ្អៀងខ្លួនដោយក្រៀមក្រំ ។ ឧសភរាជក៏បានសួរថា ៖ " លោកម្ចាស់ ហេតុអ្វីលោកដេកសន្ធឹងសន្ធៃបែបនេះ ? លោកងងុយសម្រានឬយ៉ាងម៉េច ? លោកដូចមានការព្រួយបារម្មណ៍ក្នុងចិត្ត ។ " កុដុម្ពីក៏បានតបថា ៖ "យើងចាញ់ភ្នាល់អស់កាក់មាសដល់មួយពាន់កាក់ដោយសារតែឯង ។ បើចាញ់ម្លឹង ៗ ឲ្យយើងធ្វើម៉េចដេកលក់ទៅបាន ? " ឧសភរាជបានតបថា ៖ " លោកម្ចាស់ លោកបានហៅខ្ញុំថាអាសត្វគោភ្លឺ ! ហើយថែមទាំងរលាស់រំពាត់ខ្សែតីទៅលើខ្យល់មួយឆ្វាច់លើក្បាលខ្ញុំទៀតផង ។ មួយជីវិតខ្ញុំនេះ តើខ្ញុំដែលធ្វើឲ្យបាក់អ្វី, ជាន់លើអ្វី, ពង្រាយអ្វីខុសកន្លែង ឬក៏ធ្វើកិរិយាណាមួយជាគោភ្លីភ្លឺម្តងណាទេ ? " កុដុម្ពីក៏បុរសបានឆ្លើយថា ៖ " មិនមានទេ គោសំណប់ចិត្តខ្ញុំ ។ " ឧសភរាជនិយាយថា ៖ " បើអញ្ចឹង ហេតុដូចម្តេចបានជាលោកម្ចាស់ហៅខ្ញុំថាអាសត្វភ្លឺ ហើយជេរប្រមាថខ្ញុំនៅចំពោះមុខអ្នកដទៃទៀតផង ។ កំហុសនេះជាកំហុសរបស់លោក ។ ខ្ញុំមិនបានធ្វើខុសឆ្គងសោះឡើយ ។ ប៉ុន្តែដោយសារខ្ញុំមានការសោកស្តាយជំនួសលោក ដូច្នេះចូរលោកម្ចាស់ទៅជួបឈ្មួញនោះ និងធ្វើការភ្នាល់ដូចពីលើកមុន តែដាក់ប្រាក់ពីរពាន់កាក់មាស ហើយត្រូវចាំថា សូមប្រើតែពាក្យគោតគោរពណាដែលខ្ញុំសមនឹងទទួល ។ អញ្ចឹងហើយ កុដុម្ពីក៏បានត្រឡប់ទៅជួបឈ្មួញ ហើយភ្នាល់គ្នា ដោយដាក់ប្រាក់ពីរពាន់កាក់មាស ។ ឈ្មួញបាននឹងគិតថានេះជាលុយដែលរកបានដោយងាយៗ លើកនេះក៏ដូចពេលមុនដែរ ឈ្មួញបានចងរទេះមួយរយភ្ជាប់បន្តកន្ទុយគ្នា ដោយផ្ទុកឥវ៉ាន់យ៉ាងធ្ងន់លើរទេះទាំងនោះ ៗ ។ ហើយលើកនេះក៏ដូចជាលើកមុនដែរ កុដុម្ពីក៏បានបំប៉នហើយផ្ងួតទឹកឲ្យឧសភរាជ និងបានពាក់កម្រងផ្កាមួយនៅជុំវិញឧសភរាជ ។ នៅពេលដែលពិធីភ្នាល់គ្នាបានប្រុងប្រៀបជាស្រេចហើយនោះ កុដុម្ពីក៏លែងប្រើរំពាត់ខ្សែតី ហើយបែជាស្ទាបថ្ងាសឧសភរាជនិងផ្កាឈូកមួយទងទៅវិញ ។ គិតដោយសេចក្តីស្រឡាញ់ដល់ឧសភរាជ ប្រៀបដូចជាកូនបង្កើតរបស់ខ្លួន កុដុម្ពីក៏បាននិយាយថា ៖ " កូនប្រុស ត្រូវផ្តល់កិត្តិយសដល់ឪពុក ចូរកូនអូសរទេះទាំងមួយរយនេះឲ្យបានចុះ ។ " មើលចុះ ដោយកម្លាំងដ៏មហិមា ឧសភរាជដ៏អស្ចារ្យបានអូសរទេះដ៏ធ្ងន់ទាំងនោះទៅមុខ រហូតទាល់តែរទេះចុងក្រោយបំផុតបានមកដល់កន្លែងរបស់រទេះទីមួយ ។ ឈ្មួញឈរភ្លឹកធ្លាក់ចង្កាមកក្រោម ដោយមិនជឿភ្នែកខ្លួនឯង ។ គេក៏បានប្រគល់ប្រាក់ពីរពាន់កាក់មាសឲ្យទៅកុដុម្ពីក៏ ។ អ្នកឈរមើលទាំងអស់មានការស្ញើចជាខ្លាំង ហើយគេបានផ្តល់រង្វាន់ផ្សេង ៗ ជាកិត្តិយសដល់ឧសភរាជ ។ ប៉ុន្តែ ដែលសំខាន់ជាងជោគជ័យ គឺការធ្វើឲ្យអាម៉ាសមុខ និងសេចក្តីគោរព ជាមេរៀនដ៏មានតម្លៃបំផុតសម្រាប់កុដុម្ពីក៏ ។ ដំបូន្មាន៖ ពាក្យមិនពិរោះពិសារនឹងមិននាំមកនូវរង្វាន់ជាទីគាប់ចិត្តឡើយ ។ ពាក្យដែលប្រកបដោយសេចក្តីគោរព នឹងនាំមកនូវកិត្តិយសដល់មនុស្សគ្រប់រូប ។ ដកស្រង់ចេញពីសៀវភៅៈ ព្រហ្មចរិយេសនា រៀបរៀងដោយៈ ខេង ខេមរៈ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |