Reading Article
Public date : 31, Jul 2019 (5,592 Read)
មង្គលទី១

|
មង្គលទី១
កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ ជាមង្គលដ៏ឧត្តម អសេវនា ច ពាលានំ កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ ជាមង្គលដ៏ឧត្តម ។ គ្រាន់តែមិនសេពគប់នូវបុគ្គលពាលទុកជាមង្គលទី ១ បាននោះ ព្រោះថាមិនបានខូចចិត្ត មិនបានខូចខ្លួន មិនបានបង់ខាតខូចទ្រព្យសម្បត្តិអ្វីសោះ ទើបឲ្យឈ្មោះថាមង្គលទី ១, ឯពាលនោះមានច្រើនប្រការណាស់ មិនងាយនឹងចំណាំរូបពាលបាន, ពាលនេះមិនមែននោះគ្រហស្ថ ឬនៅលើរូបបព្វជិតណាមួយ ៗ ឡើយ ស្រេចហើយតែបុគ្គលណាកាត់ប្រយោជន៍ ២ ប្រការគឺ ប្រយោជន៍ខ្លួននិងប្រយោជន៍ជនដទៃចោល ហៅថា ពាល, បុគ្គលពាលនោះ ឥតស្គាល់គុណទោស ឥតស្គាល់ខុសត្រូវអ្វីទេ មានតែដង្ហើមដកចេញចូលដូចជាស្នប់ឃូរ ៗ ឥតចេះដឹងធម៌បណ្ឌិតអ្វីបន្តិចបន្តួចសោះឡើយ ហើយបុគ្គលពាលនោះ រមែងកាត់ប្រយោជនក្នុងជាតិនេះផង កាត់ប្រយោជន៍ក្នុងជាតិខាងមុខផង កាតប្រយោជន៍ក្នុងព្រះនិព្វានផង បុគ្គលពាល មានលក្ខណៈឲ្យចំណាំបានដោយសណ្ឋាន ៣ យ៉ាងគឺ គំនិតអាក្រក់ ១ ធ្វើអំពើអាក្រក់ដោយកាយ ១ ដោយវាចា ១ ទាំង ៣ នេះជាលក្ខណៈពាល, ឯរូបបុគ្គលពាលនោះ មិនមែនអាក្រក់ស្មើគ្នាប៉ុនគ្នាដូចគ្នាទាំងអស់ទេ មានធ្ងន់ស្រាលលើសខ្វះគ្នាជា ៣ ប្រការគឺៈ ពាលោ បុគ្គលពាលតែល្ងង់ក៏ហៅថាពាលដែរ, ពាលោខោ បុគ្គលល្ងង់ហើយធ្វើអាក្រក់ដោយកាយវាចាចិត្ត ដ៏ក្លៀវក្លាយ៉ាងក្រៃលែងផង ហៅថាមហាពាល ឬហៅថាមហាពាលពិតពេកណាស់, មានពិសក្រៃលែងជាងពិសពស់ គួរឲ្យខ្លាចគួរជៀសវាងចេញឲ្យឆ្ងាយ អ្នកប្រាជ្ញទាំងឡាយមានអកិត្តិតាបសជាដើមលោកផ្តាំកូនថាៈ បើទុកជាមនុស្សនៅក្នុងជម្ពូទ្វីបនេះ មានតែពីរនាក់នឹងជនពាលនោះក៏ដោយលោកថា កុំឲ្យនៅជាមួយនឹងបុគ្គលពាលនោះសោះឡើយ បានជាខ្លាចជនពាលខ្លាំងម៉្លេះ ព្រោះពាលនោះ បើសេពគប់ទៅកាលណាហើយ ពាលនោះវានាំឲ្យធ្វើអំពើពាលផ្សេង ៗ មានសម្លាប់លួចប្លន់យកទ្រព្យសម្បត្តិ និងលួចកូនប្រពន្ធេះជនដទៃ ភូតកុហកផឹកទឹកស្រវឹងជាដើម កុំថាឡើយអ្នកដទៃ សូម្បីមាតាបិតាបង្កើតខ្លួន ក៏ជនពាលនោះវានាំកូនឲ្យសម្លាប់ចោលបានដែរ, ដូចរឿងអជាសត្តុកុមារទៅសេពគប់នឹងភិក្ខុទេវទត្តជាបុគ្គលពាល ៗ នោះ ញុះញង់ឲ្យសម្លាប់ព្រះបាទពិម្ភិសារជាបិតាដោយដាក់ទ្រុងដែក ពុះព្រះបាទា បង្អត់អាហារទាល់តែទីវង្គតទៅ ដើម្បី ជ្រែកយករាជសម្បត្តិ សូម្បីព្រះនាងវេទេហកាទេវីជាព្រះមាតា សូមអង្វរយ៉ាងណាថាដូចម្តេច ៗ ក្តី ក៏ពុំព្រមតាមសោះឡើយ, នេះហើយការសេពគប់នឹងពាល ៗ នាំឲ្យធ្វើបិតុឃាត គឺសម្លាប់បិតា ហើយខ្លួនត្រូវធ្លាក់ទៅសោយទុក្ខវេទនា នៅក្នុងលោហគម្ពីនរកដរាបដល់សព្វថ្ងៃនេះពុំទាន់រួចឡើយ ។ ការសេពគប់នេះធំបំផុត កុំចាំបាច់និយាយថ្វីដល់ជាតិមនុស្សនិងមនុស្ស សូម្បីតែសត្វតិរច្ឆាននិងមនុស្ស លុះអាស្រ័យគ្នាហើយក៏ប្រព្រឹត្តយកតម្រាប់តាមគ្នាទៅបាន ដូចរឿងសេកឈ្មោះសត្តិគុម្ពៈ និងបុប្ផក សេកទាំងពីរនេះបងប្អូនបង្កើតនឹងគ្នា ទៅវេលាសត្វសេកទាំងពីរនេះដុះស្លាបក្រាសហើយ មានខ្យល់កំបុតត្បូងកួចសេកទាំងពីរនេះប៉ើងឡើងតាមខ្យល់ទៅ សេកមួយឈ្លាក់ទៅនៅនឹងជម្រំលំពែងចោរ ៗ រើសយកទៅថែរក្សា សេកនោះឈ្មោះថាសត្តិគុម្ពៈ ៗ នេះចេះនិយាយភាសាមនុស្សអសប្បុរសតាមចោរ មានកាយវាចាចិត្តជាចោរ ។ ឯសេកមួយទៀត ខ្យល់កួចធ្លាក់ទៅនៅនឹងសួនផ្កាឥសី ៗ រើសយកទៅចិញ្ចឹមដែរក្សា សេកនោះឈ្មោះថាបុប្ផកៈ ៗ នេះចេះនិយាយភាសាមនុស្សតាមឥសី មានកាយវាចាចិត្ត ជាអ្នកមានសីល មានធម៌អាថិតាមឥសីទាំងអស់ នេះព្រោះអាស្រ័យធម៌សេពគប់មិត្រពាល មិត្របណ្ឌិត សរសេចក្តីឲ្យឃើញថាច្បាស់ថាៈ អសប្បុរិសោ អសប្បុរិសគរោ ការសេពគប់ ស្មាគមរួបរួមរាប់មនុស្សជាអសប្បុរស ៗ នោះនឹងធ្វើខ្លួនឲ្យទៅជាមនុស្សអសប្បុរសផងបាន, សប្បុរសោ សប្បុរិសករោ ការសេពគប់ ស្មាគមរួបរួមរាប់រកមនុស្សជាសប្បុរស ៗ នោះនឹងធ្វើខ្លួនឲ្យទៅជាមនុស្សសប្បុរសផងបានដោយពិត ។ ដកស្រង់ចេញពីសៀវភៅ អធិប្បាយមង្គលសូត្រសង្ខេប រៀបរៀងដោយៈ ព្រះវិន័យធរ អនុគុណ ឯក-ញឹម ធម្មិស្សរោ វត្តធម្មិស្សរារាម ខែត្រសៀមរាប វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |