Reading Article
Public date : 27, Nov 2023 (26,111 Read)
វិនិច្ឆ័យក្នុងសីលបាណាតិបាត

|
សិក្ខាបទទី១ថា បាណាតិបាតា វេរមណី គឺចេតនាវៀរចាក ការសម្លាប់ជីវិតសត្វ។ សត្វមានជីវិតសំដៅយកពួកសត្វទាំងអស់ ទោះតូចល្អិតក្ដី ធំក្ដី មានវិញ្ញាណ ឬមិនមានវិញ្ញាណ កាលបើមានចេតនាក្លែងសម្លាប់ឲ្យស្លាប់ហើយ ក៏ឈ្មោះថា បែកធ្លាយឬដាច់សីលបាណាតិបាត។
ពួករុក្ខជាតិ តិណជាតិ ដូចជាដើមឈើ ស្មៅជាដើម ដែលវានៅស្រស់មិនទាន់ងាប់ ដែលយើងតែងហៅថា "ដើមឈើរស់នៅមានជីវិត" វត្ថុទាំងនេះមិនរាប់ចូលថាជាសត្វមានជីវិតដែលជាវត្ថុនៃបាណាតិបាតទេ ព្រោះជីវិតក្នុងទីនេះសំដៅយកជីវិតរបស់សព្វសត្វដែលកើតអំពីកម្មជាបច្ច័យតែម្យ៉ាង ដូច្នេះអ្នករក្សាសីលក៏អាចកាប់ដក ស្មៅឬដើមឈើបាន លើកលែងតែភិក្ខុជាបព្វជិតចេញ ដែលលោកមានសិក្ខាបទ គឺព្រះពុទ្ធជាម្ចាស់ទ្រង់ហាម។ - ការទម្លាយមេកំណើតបដិសន្ធិរបស់បុរស ការដែលគ្រូពេទ្យទម្លាយមេកំណើត បដិសន្ធិរបស់បុរសដើម្បីមិនឲ្យកើតបដិសន្ធិឡើង មិនឈ្មោះថា បាណាតិបាតទេ ព្រោះមេពូជកំណើតបដិសន្ធិរបស់បុរសដែលហៅថា ស្ពែម៉ាតូសូអេ នេះ សូម្បីផ្លូវពេទ្យពោលថាកម្រើកបានក៏ពិតមែន តែពូជនោះមិនមានវិញ្ញាណបដិសន្ធិ។ នៅក្នុងកាមភូមិតនេះ សត្វដែលកើតឡើងប្រាសចាកវិញ្ញាណរមែងមិនមាន ដូច្នេះក្នុងផ្លូវព្រះពុទ្ធសាសនាទើបមិនរាប់ថាជាសត្វ។ ពូជបដិសន្ធិបុរសឬស្ត្រី ត្រឹមតែជាឧតុជ្ជរូបកលាបៈ (សំណុំនៃ រូបកើតអំពីឧតុ) ដែលកើតអំពីលោភរបស់ បុរស ឬស្ត្រី ប៉ុណ្ណោះ ក្នុងការដែលញ័របាននោះ ក៏ព្រោះរូបកលាបៈនោះមានវាយោធាតុដែលមានលក្ខណៈកម្រើកញ័រទើបធ្វើឲ្យញ័របាន ដូចជាកន្ទុយជីងចក់ដែលដាច់ចេញអំពីខ្លួន ហើយអាចនៅកម្រើកបានដូច្នោះ។បើការទម្លាយនោះ ជាការទម្លាយក្នុងកាលដែលពូជបដិសន្ធិរបស់បុរសនិងស្ត្រីដែលបានផ្សំគ្នា ហើយមានសត្វមកចាប់កំណើត ហើយការធ្វើនោះ ចាត់ជាបាណាតិបាត។ (ដកស្រង់ពីមតិរបស់អាចារ្យសទ្ធម្មជោតិកៈ) - អំពីការចាក់ថ្នាំបំបាត់រោគ លោកគ្រូពេទ្យចាក់ថ្នាំសម្លាប់មេរោគផ្សេងៗនោះ មិនចាត់ជាបាណាតិបាតទេ ព្រោះមេរោគទាំងនោះមិនមានវិញ្ញាណនិងជីវិតដែលកើតពីកម្ម គ្រាន់តែជាឧតុជ្ជរូបកលាបៈជាប់ទាក់ទងជាមួយអកុសលកម្មខ្លះ កើតអំពីឧតុខាងក្នុងខ្លះ ខាងក្រៅខ្លះ និងកើតអំពីអាហារខ្លះ ក្នុងការដែលមេរោគនោះអាចកម្រើកបានដូចសត្វខាងក្រៅដែរ ក៏ព្រោះអំណាចនៃវាយោធាតុដែលមាននៅរូបកលាបៈនោះៗធ្វើឲ្យរូបកលាបៈនោះកើតជាប់គ្នាមានចំនួនច្រើនឡើង ប្រៀបដូចដើមឈើដែលបានទទួលធាតុត្រជាក់ និងក្ដៅអំពីដីជាដើម រមែងចម្រើនលូតលាស់បែកមែកសាខាចេញទៅបានដូច្នោះ ម្យ៉ាងទៀត ត្រង់ដែលមេរោគទាំងនោះមិនចេះស្លាប់ដោយខ្លួនឯង ក៏សម្ដែងឲ្យឃើញថា មេរោគនោះមិនមែនសត្វ ព្រោះបើជាសត្វហើយត្រូវតែស្លាប់តាមកំណត់វេលាដូច្នេះមេរោគទាំងនោះ មានសភាពដូចច្រែះដែកស្នឹមដែក ឬស្លែទឹកតោងខឿនជញ្ជាំងដូច្នោះ។ - ការបរិភោគពងមាន់ឬពងទាដែលមិនមានពូជឈ្មោលផ្សំ អ្នកដែលបរិភោគនូវពងមាន់ឬពងទា ដែលមិនមានពូជឈ្មោលផ្សំនោះ រមែងឈ្មោះថា ជាអ្នកបរិភោគនូវសត្វមានជីវិតគឺជា បាណាតិបាតកម្ម ព្រោះថា សូម្បីពងនោះមិនមានពូជឈ្មោះផ្សំក៏ដោយ តែមានសត្វបដិសន្ធិឡើងហើយ ទើបកើតជាពងឡើងបាន ព្រោះហេតុដែលនាំឲ្យតាំងគគ៌មាន ៨ យ៉ាង គឺ ១- ដោយការសេពមេថុនធម្ម ២- ដោយការយកទឹកអសុចិរបស់បុរសមកដាក់ត្រង់ទ្វារមគ្គ។ ៣- ដោយបុរសចាប់ពាល់រាងកាយ ៤- ដោយបុរសស្ទាបផ្ចិត ៥- ដោយស៊ីទឹកអសុចិរបស់បុរស ៦- ដោយឃើញរូបរាងរបស់បុរស ៧- ដោយឮសម្លេងរបស់បុរស ៨- ដោយធំក្លិនបុរស (ដកស្រង់អំពីសមន្តប្បាសាទិកា អដ្ឋកថាព្រះវិន័យ) សេចក្ដីនេះសម្ដែងឲ្យឃើញថា ការកើតឡើងនៃសត្វក្នុងគគ៌ សូម្បីមិនបានផ្សំដោយពូជបុរស ក៏អាចមានហេតុដទៃៗធ្វើឲ្យសត្វកើតឡើងបានដែរ ឧទាហរណ៍ដូចជាសត្វកុក ជាធម្មតាមិនដែលមានសត្វកុកឈ្មោល តែកាលមេកុកដល់រដូវកាលហើយ គ្រាន់តែឮសម្លេងផ្គរលាន់ មេសត្វកុកក៏តាំងគគ៌ឡើង ឧទាហរណ៍មួយទៀត អំពីមនុស្ស ដូចមាតារបស់សុវណ្ណសាមពោធិសត្វ គ្រាន់តែតាបសជាស្វាមីយកដៃស្ទាបអង្អែលផ្ចិតប៉ុណ្ណោះ ក៏តាំងគគ៌ គឺសុវណ្ណសាមឡើង។ តែបញ្ហានេះ តាមមតិវិទ្យាសាស្ត្របច្ចុប្បន្នដោយច្រើនគេយល់ថា មិនមានសត្វ តែសូមលោកអ្នករក្សាសីលទាំងឡាយ គួរពិចារណាឲ្យបានល្អិតល្អន់តទៅទៀតចុះ។ ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស រៀបរៀងដោយ មេត្តាបាលោ ទឹម សឿត ដោយ៥០០០ឆ្នាំ |