Reading Article
Public date : 31, Jul 2019 (53,337 Read)
សប្បុរិសទាន

|
សប្បុរិសទាន
សប្បុរិសទាន ប្រែថា អំណោយរបស់ជនសប្បុរស ឬអំណោយរបស់ជនអ្នកមានចិត្តស្ងប់ចាកបាប។ សប្បុរសធ្វើទានដោយស្មារតីខ្ពស់ក្នុងរបៀប ៥ យ៉ាងគឺ៖ ១- សទ្ធា ទានំ ទេតិ ឲ្យទានដោយសទ្ធាគឺឲ្យដោយចិត្តជឿកម្ម និងផលវិបាករបស់កម្ម ជឿថាសត្វទាំងឡាយ មានកម្មដែលខ្លួនបានធ្វើហើយជារបស់ខ្លួន...។ ២- សក្កច្ចំ ទានំ ទេតិ ឲ្យទានដោយគោរព គឺគោរពទេយ្យវត្ថុផង គោរពបដិគ្គាហកៈ អ្នកទទួលផង។ គោរពទេយ្យវត្ថុគឺ សំអាតទានវត្ថុដោយផ្ចិតផ្ចង់ មិនខ្ជីខ្ជាតាមតែបាន។ ឯគោរពបដិគ្គាហកៈ គឺ សំដែងសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់ ចំពោះអ្នកទទួលទានមិនរើសមុខ រើសវណ្ណៈ។ ៣- កាលេន ទានំ ទេតិ ឲ្យទានតាមកាលគួរ គឺឲ្យតាមកាលតាមរដូរដែលគេត្រូវធ្វើ ត្រូវឲ្យ ដូចជាចូលវស្សា ចេញវស្សា រដូវរងាឲ្យគ្រឿងស្លៀកដណ្ដប់ រដូវក្ដៅឲ្យទឹក ឬ ក៏ពេលមានវត្ថុថ្មីថ្មោងមានផ្លែឈើជាដើម។ ៤- អនុគ្គហិតចិត្តោ ទានំ ទេតិ ឲ្យទានដោយសេចក្ដីអនុគ្រោះគឺឲ្យដោយចិត្តមេត្តាអាណិតអាសូរយ៉ាងទោរទន់ចំពោះសមណៈ ឬ ជនក្រីក្រលំបាកដែលរងទុក្ខវេទនា ដោយសេចក្ដីស្រេកឃ្លានជាដើម ឲ្យបានសុខស្រួលផុតអំពីទុក្ខព្រួយ ហើយឥតតាំងចិត្តថា នឹងទារយកគុណបំណាច់អ្វី អំពីបដិគ្គាហកៈនោះមកវិញឡើយ។ ៥- អត្តានញ្ច បរញ្ច អនុបហច្ច ទានំ ទេតិ ឲ្យទានដោយមិនបានតាំងចិត្តបៀតបៀនខ្លួនឯង និង អ្នកដទៃ គឺឲ្យដើម្បីបន្ទោបង់លាភៈ និង មច្ឆរិយៈ ព្រមទាំងអាសវកិលេស ដែលនាំឲ្យវិលវល់ក្នុងសង្សារវដ្តតែប៉ុណ្ណោះ មិនអួតអាងឲ្យអ្នកដទៃស្ងើចសរសើរ។ ដែលថាមិនបៀតបៀនខ្លួន គឺ មិនឲ្យអ្នកដទៃសរសើរខ្លួន មិនបៀតបៀនអ្នកដទៃ គឺ មិនបង្អាប់បន្ទាបអ្នកដទៃ។ សប្បុរសធ្វើទានក្នុងរបៀបថ្លៃថ្នូរ ៥ យ៉ាងទៀតគឺ៖ ១- សក្កច្ចំ ទេតិ ឲ្យទានដោយសេចក្ដីគោរព ចំពោះវត្ថុដែលត្រូវឲ្យ។ ២- ចិតឹ កត្វា ទេតិ ឲ្យទានដោយតាំងចិត្តគោរព ចំពោះទេយ្យវត្ថុ និង បដិគ្គាហកៈ។ ៣- សហត្ថា ទេតិ ឲ្យទានដោយដៃខ្លួនឯង។ ៤- អនបវិដ្ឋំ ទេតិ ឲ្យទានដោយមិនបោះឲ្យ។ ៥- អាគមនទិដ្ឋិកោ ទេតិ ឲ្យទានដោយចិត្តជឿថា នឹងទទួលផលដោយពិត។ សប្បុរសធ្វើទាន លោកពុំបានរើសបដិគ្គាហកៈអ្នកទទួលទេ មនុស្សល្អ ក៏លោកជួយសង្គ្រោះ មនុស្សអាក្រក់ ក៏លោកជួយសង្គ្រោះ។ លោកជួយសង្គ្រោះមនុស្សអាក្រក់ ក្នុងន័យថា លោកមានចិត្តអាណិត ព្រោះមនុស្សយើងកាលណាមានទុក្ខ ឬ មានគ្រោះថ្នាក់កើតឡើង រមែងបួងសួងសុំជំនួយពីអ្នកដទៃ។ ចរិយាល្អរបស់សប្បុរសក្នុងផ្នែកទាននេះ អាចធ្វើឲ្យមនុស្សអាក្រក់ ប្រែចិត្តមកជាមនុស្សលល្អវិញក៏មាន។ សប្បុរសមួយពួកទៀត វេលាធ្វើទានលោកពុំបាននឹកនាដល់កិរិយាប្រព្រឹត្តិ ជំនឿ ទិដ្ឋិ ជាតិសាសន៍ លទ្ធិ និង សាសនារបស់មនុស្សឡើយ។ លោកលះបង់ចិត្តធម្មតា គឺ ចិត្តដែលសហគត ជាមួយសោមនស្សវេទនាអស់ហើយ លោកអាស្រ័យតែជាមួយចិត្ត ដែលសហគតដោយឧបេក្ខាវេទនា។ ដូចធ្លាប់បានជំរាបខាងដើមមកហើយថា សោមនស្សវេទនា ជាវេទនាមានមកឯងជាមួយធម្មជាតិ វេទនានេះមានគូជាមួយទោមនស្ស។ ចំណែកឧបេក្ខាវេទនា ជាវេទនាកើតឡើងពីការអប់រំ (តាមរយៈសមថកម្មដ្ឋាន វិបស្សនាកម្មដ្ឋាន) ជាវេទនាមិនមានគូ។ មនុស្សធម្មតាធ្វើទានបានចំពោះតែវត្តដែលខ្លួនចូលចិត្ត មនុស្សដែលខ្លួនរាប់អាន សាសនាដែលខ្លួនកាន់ លទ្ធិនិកាយដែលខ្លួនស្រឡាញ់ ព្រោះចិត្តរបស់គេអាស្រ័យជាមួយសោមនស្សវេទនា ហើយច្រើនធ្លាក់ទៅជាបាដិបុគ្គលិកទាន។ ទានដែលគេធ្វើដោយអាស្រ័យ ឧបេក្ខាវេទនាច្រើនតែជាសង្ឃទាន ឬ សាធារណទាន។ ដកស្រង់ចេញពីសៀវភៅ អមិសទាននិងធម្មទាន រៀបរៀងដោយ ឈុន គឹមអៀត ដោយ៥០០០ឆ្នាំ |