Reading Article
Public date : 30, Nov 2022 (3,848 Read)
ឈ្មោះរបស់ មាតាបិតា

|
ឈ្មោះរបស់ មាតាបិតា
សុត្តន្តបិដក អង្គុតរនិកាយ តិកនិបាត ទេវទូតវគ្គ ( បិ. ៤១ ទំ ៧៧ ) ម្នាលភិក្ខុទាំងឡាយ កូនរបស់ត្រកូលទាំងឡាយណា បានបូជា ( គោតរពប្រណិប័តន៍ ) មាតាបិតាក្នុងផ្ទះរបស់ខ្លួន ត្រកូលនោះ ឈ្មោះថា ប្រកបដោយព្រហ្ម ។
ម្នាលភិក្ខុទាំងឡាយ កូនរបស់ត្រកូលទាំងឡាយណា បានបូជា ( គោតរពប្រណិប័តន៍ ) មាតាបិតាក្នុងផ្ទះរបស់ខ្លួន ត្រកូលនោះ ឈ្មោះថា ប្រកបដោយបុព្វាចារ្យ ( អាចារ្យដើម ) ។ ម្នាលភិក្ខុទាំងឡាយ កូនរបស់ត្រកូលទាំងឡាយណា បានបូជា ( គោតរពប្រណិប័តន៍ ) មាតាបិតាក្នុងផ្ទះរបស់ខ្លួន ត្រកូលនោះ ឈ្មោះថាប្រកបដោយអាហុនេយ្យ ( អ្នកទទូលរបស់ដែលកូនប្រុសស្រីបូជា ) ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រហ្ម នុ៎ះ ជាឈ្មោះ មាតាបិតា ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុព្វាចារ្យ នុ៎ះ ជាឈ្មោះ មាតាបិតា ម្នាលភិក្ខុទាំងឡាយ ពាក្យថា អាហុនេយ្យ នុ៎ះ ជាឈ្មោះ មាតាបិតា ។ ដំណើរនោះ ព្រោះហេតុអ្វី? ម្នាលភិក្ខុទាំងឡាយ ព្រោះមាតាបិតា ជាអ្នកមានឧបការៈច្រើន ជាអ្នកបីបាច់រក្សាចិញ្ចឹមកូន ជាអ្នកឲ្យកូនបានឃើញលោកនេះ ។ មាតាបិតា លោកហៅថា ព្រហ្មផង ជាបុព្វាចារ្យផង ថាអាហុនេយ្យផង របស់កូនទាំងឡាយ ព្រោះជាអ្នកអនុគ្រោះនូវពពួកសត្វ ។ ព្រោះហេតុនោះ បណ្ឌិត ត្រូវតែនមស្ការ ធ្វើសក្ការៈមាតាបិតាទាំងនោះដោយបាយ ទឹក ទីដេក គ្រឿងដុសខាត់ ទឹកងូត និង ទឹកលាងជើង, បណ្ឌិត រមែងសរសើរកូននោះ ព្រោះការបម្រើមាតាបិតានោះ ក្នុងលោកនេះ ( កូននោះ ) លុះលះលោកនេះទៅកាន់បរលោក រមែងរីករាយក្នុងស្ថានសួគ៌ ។
ដកស្រង់ចេញពីសៀវភៅ ព្រហ្មចរិយធម៌ រៀបរៀងដោយៈ ព្រហ្ម មេត្តា (គតិបណ្ឌិតោ) ហៅ ជយវរិន្ទ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |