Reading Article
Public date : 23, Jun 2021 (22,601 Read)
បទពិចារណានូវរូបកាយនេះ

|
រដ្ឋបាលត្ថេរ (សុ. ខុ. ថេរគាថា បិ. ៥៧ , ទំ. ៥៥ - ៦០)
អ្នកចូលមើលនូវអត្តភាព ដែលធ្វើឲ្យវិចិត្រ ជាទីប្រជុំនៃដម្បៅដែលតាំងឡើងព្រមហើយ ( ដោយឆ្អឹង ៣០០ កំណាត់ ) ជាអត្តភាពក្តៅក្រហាយ ដែលជនពាលត្រិះរិះដោយច្រើន ជាអត្តភាពមិនទៀងទាត់ ឋិតថេរ ។ អ្នកចូរមើលនូវរូប ដែលធ្វើឲ្យវិចិត្រដោយកែវមណី និង កណ្ឌល ដែលឆ្អឹង និងស្បែករួបរឹតហើយ ( រូបនោះ ) រមែងល្អដោយសារសម្ពត់ទាំងឡាយ ។ ជើងទាំងឡាយលាបដោយល័ខស្រស់ មុខលាបដោយគ្រឿងលម្អិត អាចញុំាងជនពាលឲ្យវង្វេង តែមិនអាចញុំាងបុគ្គលអ្នកស្វែងរកត្រើយ គឺព្រះនិព្វានឲ្យវង្វេងបានទេ ។ សក់ទាំងឡាយដែលគេរចនាដូចជាក្រឡាចតុរង្គ ភ្នែកទាំងឡាយលាបដោយថ្នាំសម្រាប់បន្តក់ភ្នែក អាចញុំាងជនពាលឲ្យវង្វេង តែមិនអាចញុំាងបុគ្គលអ្នកស្វែងរកត្រើយ គឺព្រះនិព្វានឲ្យវង្វេងបានឡើយ ។ កាយស្អុយដែលគេតាក់តែងហើយ ដូចជានាឡិសម្រាប់ដាក់ថ្នាំបន្តក់ ដែលគេវិចិត្រហើយថ្មី ៗ អាចញុំាងជនពាលឲ្យវង្វេង តែមនអាចញុំាងបុគ្គលអ្នកស្វែងរកនូវត្រើយ គឺព្រះនិព្វានបានឡើយ ។ ព្រានម្រឹគដាក់អន្ទាក់ ម្រឹគក៏មិនបានប៉ះពាល់នូវអន្ទាក់ ហើយស៊ីនូវចំណី កាលដែលព្រានម្រឹគកំពុងកន្ទក់កន្ទេញ ( ក៏បោលចេញទៅយ៉ាងណាមិញ ) ពួកយើងក៏ដើរចេញទៅ ( យ៉ាងនោះដែរ ) ។ អន្ទាក់របស់ព្រានម្រឹគដាច់ហើយ ម្រឹគក៏មិនប៉ះពាល់នូវអន្ទាក់ ហើយស៊ីនូវចំណី កាលព្រានម្រឹគកំពុងសោកស្តាយ ( ក៏បោលចេញទៅយ៉ាងណាមិញ ) ពួកយើងក៏ដើរចេញទៅ ( យ៉ាងនោះដែរ ) ។ អាត្មាបានឃើញនូវមនុស្សទាំងឡាយ បរិបូណ៌ដោយទ្រព្យសម្បត្តិក្នុងលោក ( ពួកមនុស្សទាំងនោះ ) លុះបានទ្រព្យគាប់ចិត្តហើយ មិនឲ្យ ( ដល់បុគ្គលណាមួយឡើយ ) ព្រោះតែសេចក្តីវង្វេង ។ ពួកមនុស្ស បានទ្រព្យហើយ ក៏ធ្វើនូវការសន្សំទុក ទាំងប្រាថ្នាក្នុងកាមដ៏លើសលប់ ។ ព្រះរាជាឈ្នះនូវផែនដី ដែលព្រះអង្គរឹបជាន់បានហើយ នៅគ្រប់គ្រងផែនដី មានសាគរជាទីបំផុត មានសភាពមិនឆ្អែតនឹងត្រើយសមុទ្រខាងអាយ ក៏ប្រាថ្នានូវត្រើយសមុទ្រខាងនាយ ។ ព្រះរាជាក្តី ពួកមនុស្សដទែច្រើននាក់ក្តី មិនទាន់ប្រាសចាកតណ្ហា រមែងដល់នូវសេចក្តីស្លាប់ គឺថាជាអ្នកមានសេចក្តីខ្វះខាត លះបង់រាងកាយ ព្រោះថាសេចក្តីឆ្អែតដោយកាមទាំងឡាយក្នុងលោក មិនមាន ។ ពួកញាតិ រំសាយសក់កន្ទក់កន្ទេញ ចំពោះបុគ្គលដែលស្លាប់ហើយនោះ ទាំងបាននិយាយថា ធ្វើម្តេចហ្ម៎ ញាតិរបស់យើងទាំងឡាយកុំស្លាប់វិញ ក៏នាំខ្មោចនោះដែលរុំដោយសម្ពត់ទៅកាន់ជើងថ្ករ ប្រជុំគ្នាដុតក្នុងទីនោះ ។ បុគ្គលដែលស្លាប់នោះ ត្រូវពួកអ្នកដុតចាក់ដោយឈើសូលដុត បុគ្គលនោះលះបង់នូវភោគៈទាំងឡាយ ឬសម្លាញ់ទាំងឡាយក្តី ជាទីពឹងមិនមានទេ ។ ពួកទាយាទ ( អ្នកត្រូវទទួលមត៌ក ) រមែងនាំទៅនូវទ្រព្យរបស់សត្វដែលស្លាប់នោះ ចំណែកសត្វដែលស្លាប់នោះ ក៏ទៅតាមយថាកម្ម ទ្រព្យតិចតួច កូនប្រពន្ធ មាសប្រាក់ និង ដែន ក៏មិនមែនជាប់តាមសត្វដែលស្លាប់នោះទេ ។ បុគ្គលមិនមែនបាននូវអាយុវែងដោយសារទ្រព្យទេ ទាំងមិនមែនកម្ចាត់បង់នូវជរាដោយសារទ្រព្យបានទេ ព្រោះថាអ្នកប្រាជ្ញទាំងឡាយ បានពោលនូវជីវិតនោះថាតិច មិនទៀងមានការប្រែប្រួលទៅជាធម្មតា ។ ជនទាំងឡាយ អ្នកស្តុកស្តម្ភ និង ទាល់ក្រ រមែងប៉ះពាល់នូវផស្សៈ ( មិនជាទីប្រាថ្នា ) បុគ្គលពាល និង អ្នកប្រាជ្ញ រមែងប៉ះពាល់ដូចគ្នា ប៉ុន្តែបុគ្គលពាល បើមានសេចក្តីទុក្ខបៀតបៀនហើយ រមែង (សោកស្តាយ) ព្រោះភាវៈនៃខ្លួនពាល ឯអ្នកប្រាជ្ញ បើទុកជាប៉ះពាល់នូវផស្សៈ ក៏មិនបានញាប់ញ័រ ។ ព្រោះហេតុនោះ បុគ្គលបាននូវព្រះនិព្វាន ជាទីបំផុតនៃភព ក្នុងលោកនេះ ដោយបញ្ញាណា បញ្ញានោះជាធម្មជាតិប្រសើរជាងទ្រព្យ ដ្បិតបុគ្គលទាំងឡាយ មិនទាន់បានសម្រេចប្រយោជន៍ រមែងធ្វើនូវបាបកម្មទាំងឡាយ ក្នុងភពតូច និង ភពធំ ព្រោះហេតុមោហៈ ។ បុគ្គលណា (បានធ្វើបាបកម្ម) ក៏ដល់នូវការអន្ទោលទៅមក រមែងចូលទៅកាន់គភ៌ និងបរលោក បុគ្គលអ្នកអ័ប្បប្រាជ្ញា ( ឯទៀត ) កាលបើជឿបុគ្គលអ្នកធ្វើបាបកម្មនោះ ក៏ទៅកាន់គភ៌ និង បរលោក ។ ចោរអ្នកមានធម៌ដ៏លាមក ដែលគេចាប់បានត្រង់មុខតំណ ( នៃផ្ទះ ) រមែងក្តៅក្រហាយដោយកម្មរបស់ខ្លួន យ៉ាងណាមិញ សត្វអ្នកមានធម៌ដ៏លាមក លុះស្លាប់ទៅ រមែងក្តៅក្រហាយ ក្នុងលោកខាងមុខ ដោយកម្មរបស់ខ្លួន ក៏យ៉ាងនោះដែរ ។ កាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់ ជាទីរីករាយនៃចិត្ត តែងញាំញីចិត្តដោយសភាពផ្សេង ៗ, បពិត្រមហារាជ ហេតុនោះ អាត្មាភាពឃើញទោសក្នុងកាមគុណទាំងឡាយ ទើបចេញទៅបួស ។ សត្វទាំងឡាយ ទោះក្មេងក្តី ចាស់ក្តី តែងបែក ធ្លាយនូវសរីរៈ ដូចជាផ្លែឈើជ្រុះ ( ចាកដើម ), បពិត្រមហារាជ អាត្មាភាពបានឃើញនូវរបស់មិនទៀងនេះឯង បានជាចេញបួស, ភាពជាសមណៈ មិនសូវខុសភ្លាត់ ជារបស់ប្រសើរលើសលប់ ។ អាត្មាភាពបួសដោយសទ្ធា បានប្រកបដោយសេចក្តីប្រតិបត្តិក្នុងសាសនានៃព្រះជិនស្រី បព្វជ្ជារបស់អាត្មាភាព មិនមានទោស អាត្មាភាពបរិភោគភោជន មិនមានបំណុលទេ ។ អាត្មាភាពឃើញនូវកាមទាំងឡាយ ហាក់ដូចជាភ្លើងឆេះសព្វហើយ ឃើញនូវជាតរូប ហាក់ដូចជាគ្រឿងសស្ត្រាវុធ ឃើញហេតុនាំមកនូវទុក្ខ តាំងតែអំពីការចុះចាប់បដិសន្ធិក្នុងគភ៌ ឃើញនូវភ័យធំក្នុងនរកទាំងឡាយ ។ អាត្មាឃើញនូវទោសនេះឯង ក៏បាននូវសេចក្តីសំវេគ ក្នុងកាលនោះ អាត្មាភាពហ្នឹងឯង ជាអ្នកត្រូវសរមុតហើយ ក្នុងកាលនោះ ( ឥឡូវនេះ ) បានដល់ហើយនូវការអស់ទៅនៃអាសវៈ ។ ព្រះសាស្តា អាត្មាភាពបានបម្រើហើយ, ព្រះពុទ្ធសាសនា អាត្មាភាពបានធ្វើហើយ, ភារៈដ៏ធ្ងន់ អាត្មាភាពបានដាក់ចុះហើយ, តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព អាត្មាភាពបានដកចោលហើយ ។ កុលបុត្របានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺការអស់ទៅនៃសំយោជនៈទាំងពួង អាត្មាភាពបានដល់ហើយ ។ ដកស្រង់ចេញពីសៀវភៅ វត្តប្រតិបត្តិពុទ្ធសាសនិកជន រៀបរៀងដោយៈ ព្រហ្ម មេត្តា (គតិបណ្ឌិតោ) ហៅ ជយវរិន្ទ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |