Reading Article
Public date : 27, Nov 2023 (61,872 Read)
សីល ៥ ជាធម៌របស់មនុស្ស តើដូចម្ដេច?

|
សីល ៥ ជាធម៌របស់មនុស្ស តើដូចម្ដេច?
១- ភាពជាមនុស្ស ត្រូវមានអារម្មណ៍ គឺត្រូវមានចិត្ត មេត្តា ករុណា ចំពោះមនុស្សសត្វទាំងឡាយ ដែលមានខ្លួនជាទីស្រឡាញ់ មានមាតាបិតា ញាតិមិត្តបងប្អូនជាទីស្រឡាញ់ មិនគួរសម្លាប់បៀតបៀនគ្នានិងគ្នា យើងជាមនុស្សត្រូវប្រព្រឹត្តល្អ គឺត្រូវវៀរចាកការសម្លាប់សត្វដទៃ ដែលមានជីវិត (បាណាតិបាតា វេរមណី)។ ២- ការកើតមកជាមនុស្ស ឈ្មោះថា ជាអ្នកមានបញ្ញាអាចមានគំនិតគិតបានល្អ ត្រូវចេះប្រឹងប្រែងរកស៊ីខ្លួនឯង មិនគួរឆក់ដណ្ដើមទ្រព្យសម្បត្តិរបស់អ្នកដទៃ មកបរិភោគ ដូចជាសត្វដែលល្ងង់ខ្លៅ ឆក់ដណ្ដើមយកចំណីអាហារគ្នាស៊ីនោះទេ ដូច្នេះយើងជាមនុស្សត្រូវប្រព្រឹត្តអំពើល្អ គឺ ត្រូវវៀរចាកការកាន់យកទ្រព្យរបស់អ្នកដទៃ ដែលម្ចាស់គេមិនបានឲ្យ (អទិន្នាទានា វេរមណី)។ ៣- ភាពជាមនុស្ស ត្រូវចេះហាមឃាត់ចិត្ត កុំឲ្យត្រេកអរ ផ្លូវភេទចំពោះប្រពន្ធកូនអ្នកដទៃ គប្បីត្រេកអរផ្លូវភេទតែនឹងប្រពន្ធរបស់ខ្លួន ប៉ុណ្ណោះ គឺ មិនត្រូវប្រព្រឹត្តដូចជាសត្វ ដែលមិនចេះអប់រំទូន្មានចិត្តរបស់ខ្លួន ពេលដល់រដូវការហើយ តែងឆក់ដណ្ដើមយកសត្វញីអំពីគ្នា ពេលខ្លះ រហូតដល់ស្លាប់ខ្លួនទៀតដ៏មាន ដូច្នេះ ជាមនុស្សត្រូវប្រព្រឹត្តអំពើល្អ គឺ វៀរចាកការប្រព្រឹត្តខុសក្នុងកាមចំពោះប្រពន្ធកូនអ្នកដទៃ (កាមេសុមិច្ឆាចារា វេរមណី)។ ៤- ភាពជាមនុស្ស ត្រូវចេះពិតត្រង់ដល់គ្នានឹងគ្នា គឺត្រូវនិយាយតែពាក្យពិតចំពោះគ្នានិងគ្នា មិនគួរធ្វើដូចជាសត្វដែលមិនចេះពិតត្រង់ដល់អ្នកណានោះទេ ដូច្នេះ យើងជាមនុស្សត្រូវប្រព្រឹត្តអំពើល្អ គឺ ត្រូវវៀរចាកការនិយាយពាក្យមិនពិត (មុសាវាទា វេរមណី)។ ៥- ភាពជាមនុស្ស ត្រូវមានសតិមាំមួន បញ្ញាបរិបូរណ៍ដើម្បីប្រព្រឹត្តកិច្ចការងារបានល្អ ជាការងារនាំមកនូវសេចក្ដីសុខស្ងប់ដល់ខ្លួននិងអ្នកដទៃ និងកសាងសេចក្ដីសុខ គុណធម៌ដ៏ប្រសើរដើម្បីឲ្យខ្លួនបានក្លាយជាមនុស្សវិសេស ជាងសង្គមមនុស្ស និងទេវតាមារព្រហ្ម។ ដូច្នេះ យើងជាមនុស្ស ដែលជាសត្វចេះដឹងមិនគួរបរិភោគទឹកស្រវឹង ដែលជាហេតុឲ្យខូចស្មារតី និងមានទុក្ខទោសច្រើនប្រការដល់ខ្លួននោះទេ គឺ ត្រូវវៀរចាកការបរិភោគទឹកស្រវឹង គឺ សុរានិងមេរ័យ (សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី) ។ ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស រៀបរៀងដោយ មេត្តាបាលោ ទឹម សឿត ដោយ៥០០០ឆ្នាំ |