Reading Article
Public date : 23, Jun 2021 (12,219 Read)
ចៅស្រីជាទីស្រឡាញ់របស់នាងវិសាខាធ្វើមរណភាព

|
សុត្តន្តបិដក ខុទ្ទកនិកាយ ឧទាន បិដកលេខ ៥២ ( ទំព័រ ៣៤៧ )
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើប្រាសាទរបស់មាគារមាតាក្នុងបុព្វារាម ជិតក្រុងសាវត្ថី ។ សម័យនោះឯង ចៅស្រីដែលជាទីស្រឡាញ់ពេញចិត្ត របស់នាងវិសាខាមិគារមាតា ធ្វើមរណភាព ។ គ្រានោះ វិសាខាមិគារមាតា មានសម្ពត់សើម មានសក់សើម ចូលទៅគាល់ព្រះមានព្រះភាគទាំងថ្ងៃត្រង់ លុះចូលទៅដល់ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះនាងវិសាខាមាគារមាតា អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលវិសាខា ចុះនាងមកពីណា មានសម្ពត់សើម សក់សើម ចូលមកក្នុងទីនេះទាំងថ្ងៃត្រង់ ។
បពិត្រព្រះអង្គស៏ចម្រើន ចៅស្រីជាទីស្រឡញ់ ពេញចិត្តរបស់ខ្ញុំព្រះអង្គធ្វើមរណភាព ព្រោះហេតុនោះ ទើបបានជាខ្ញុំព្រះអង្គមាន សម្ពត់សើម សក់សើម ចូលមកក្នុងទីនេះទាំងថ្ងៃត្រង់ ។ ម្នាលវិសាខា តើមនុស្សក្នុងក្រុងសាវត្ថី មានចំនួនប៉ុន្មាន ចង់បានកូន និង ចៅចំនួនប៉ុណ្ណោះឬ ។ បពិត្រព្រះមានព្រះភាគដ៏ចម្រើន មនុស្សក្នុងក្រុងសាវត្ថីមានចំនួនប៉ុន្មាន ខ្ញុំព្រះអង្គក៏ចង់បានកូន និង ចៅចំនួនប៉ុណ្ណោះដែរ ។ ម្នាលវិសាខា ចុះមនុស្សទាំងឡាយ ក្នុងក្រុងសាវត្ថីជាច្រើននាក់ តែងតែធ្វើមរណភាពជារៀងរាល់ថ្ងៃ មានប៉ុន្មាននាក់ ។ បពិត្រព្រះអង្គដ៏ចម្រើនមនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរៀងរាល់ថ្ងៃមាន ១០ នាក់ខ្លះ ៩ នាក់ខ្លះ ៨ នាក់ខ្លះ ៧ នាក់ខ្លះ ៦ នាក់ខ្លះ ៥ នាក់ខ្លះ ៤ នាក់ខ្លះ ៣ នាក់ខ្លះ ២ នាក់ខ្លះ បពិត្រព្រះអង្គដ៏ចម្រើន មនុស្សក្នុងក្រុងសាវត្ថី ធ្វើមរណភាពរាល់ ៗ ថ្ងៃ តែម្នាក់ខ្លះគ៏មាន បពិត្រព្រះអង្គដ៏ចម្រើន ពួកមនុស្សក្នុងក្រុងសាវត្ថី តែងតែធ្វើមរណភាពមិនដែលស្ងាត់ទេ ។ ម្នាលវិសាខា នាងសម្គាល់ហេតុនោះដូចម្តេច ចុះនាងជាង្នកមានសម្ពត់សើម សក់សើម ក្នុងកាលម្តង ៗ ដែរឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ដំណើរនោះមិនមែនដូច្នោះទេ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ល្មមត្រឹមតែកូន និង ចៅច្រើនប៉ុណ្ណោះ ។ ម្នាលវិសាខា បុគ្គលណាមានវត្ថុជាទីស្រឡាញ់ ១០០ បុគ្គើនោះ មានសេចក្តីទុក្ខ ១០០ បុគ្គលណាមានវត្ថុជាទីស្រឡញ់ ៩០ បុគ្គលនោះមានសេចក្តីទុក្ខ ៩០ បុគ្គលណាមានវត្ថុជាទីស្រឡញ់ ៥០ បុគ្គលនោះមានសេចក្តីទុក្ខ ៥០ ។ ល ។ បុគ្គលណា មានវត្ថុជាទីស្រឡញ់ ១ បុគ្គលនោះ មានសេចក្តីទុក្ខ ១ បុគ្គលណាមិនមានវត្ថុជាទីស្រឡាញ់ បុគ្គលនោះ ក៏មិនមានសេចក្តីទុក្ខសោះដែរ ។ តថាគតទើបពោលថា បុគ្កលទាំងនោះ ជាអ្នកមិនមានសោក ជាបុគ្គលប្រាសចាកធូលី គឺកិលេស ជាអ្នកមិនមានសេចក្តីចង្អៀតចង្អល់ ។ លុះព្រះមានព្រះភាគទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឧទាន នេះ ក្នុងវេលានោះថា៖ សេចក្តីសោកក្តី សេចក្តីខ្សឹកខ្សួលក្តី ណាមួយ ឬ សេចក្តីទុក្ខជាច្រើនយ៉ាងក្នុងលោក ធម៌នុ៎ះ រមែងកើតឡើង ព្រោះអាស្រ័យសត្វ និង សង្ខារជាទីស្រឡាញ់ កាលបើមិនមាន សត្វ និងសង្ខារ ជាទីស្រឡាញ់ធម៌ទាំងនុ៎ះ ក៏រមែងមិនមាន ។ ព្រោះហេតុនោះឯង បុគ្គលណាមិនមានសត្វ និង សង្ខារជាទីស្រឡាញ់ក្នុងលោកណាមួយទេ បុគ្កលនោះ ទើបមានសេចក្តីសុខ ប្រាសចាកសេចក្តីសោ ព្រោះថា បុគ្គលប្រាថ្នាសេចក្តីមិនសោក និង ការប្រាសចាកធូលីគឺកិលេស មិនគប្បីធ្វើសត្វ និង សង្ខារ ឲ្យជាទីស្រឡាញ់ ក្នុងលោកណាមួយឡើយ ។ ដកស្រង់ចេញពីសៀវភៅ ឧវាទព្រះសាស្តា ភាគទី ១ រៀបរៀងដោយៈ វ៉ាង ស៊ីណា ហៅម៉ុម វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |