Reading Article
Public date : 03, Dec 2021 (74,943 Read)
សង្ឃទាន

|
សង្ឃទាន
សង្ឃទាន ប្រែថា "ប្រគេនសង្ឃ" ។ ទានដែលទាយកប្រគេនចំពោះព្រះសង្ឃដោយគោរព និង ដោយតាំងចិត្តជ្រះថ្លាមិនគិតប្រកាន់ថា មិនគិតប្រកាន់ថា ភិក្ខុដែលគេនិមន្តពីសំណាក់ភិក្ខុសង្ឃ ជាភិក្ខុប្រភេទណាមានសីល ឬ ទ្រូស្ដសីលហៅថា សង្ឃទាន ឬសង្ឃគតាទក្ខិណាទាន ឬ សង្ឃគតាទាន។ សង្ឃទាន ចែកតាមប្រភេទបុគ្គលអ្នកទទួលមាន៧ គឺ៖ ១- ភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ២- ភិក្ខុនីសង្ឃមានព្រះពុទ្ធជាប្រធាន ៣- ភិក្ខុសង្ឃ និង ភិក្ខុនីសង្ឃមានព្រះពុទ្ធជាប្រធាន ៤- ភិក្ខុសង្ឃ និង ភិក្ខុនីសង្ឃ ៥- ភិក្ខុសង្ឃ ៦- ភិក្ខុនីសង្ឃ ៧- សមណេរ។ ពាក្យថា សង្ឃ មានន័យ ២ យ៉ាង គឺ សង្ឃក្នុងព្រះធម៌ និង សង្ឃក្នុងព្រះវិន័យ។ ១- សង្ឃក្នុងព្រះធម៌ បានដល់សង្ឃរតនៈសំដៅយកព្រះអរិយបុគ្គល ៤ ពួក ដែលបានសម្រេចសោតាបត្តិមគ្គ១, សោតាបត្តិផល១, សកទាគាមិមគ្គ១, អរហត្តផល១, ដែលជាសាវ័ករបស់ព្រះសម្មាសម្ពុទ្ធបរមនាថ អ្នកប្រតិបត្តិដោយប្រពៃ ប្រតិបត្តិដើម្បីដឹងច្បាស់នូវអរិយសច្ចធម៌ប្រតិបត្តិដើម្បីគួរដល់ការថ្វាយបង្គំ ការបូជាជាដើម។ ២- សង្ឃក្នុងព្រះវិន័យ សំដៅយកពួកនៃបព្វជិត គឺ ភិក្ខុតាំងពី ៤ រូបឡើងទៅ។ ក្នុងវចនាក្រមខ្មែរ ពាក្យថា សង្ឃ តាមលទ្ធិពុទ្ធសាសនាសំដៅចំពោះភិក្ខុតាំងពី៤ឡើងទៅ។ តាមសេចក្ដីពន្យល់ របស់ភិក្ខុធម្មបាលោ ខៀវ ជុំ ថាភិក្ខុសង្ឃ ឬ ភិក្ខុនីសង្ឃ ឬ សាមណេរ ទាំងនៅបុថុជ្ជនទាំងបានសម្រេចអរិយមគ្គ អរិយផលហើយ ត្រូវមានចំនួនយ៉ាងតិច ៤ អង្គឡើងទៅ ទើបហៅថាសង្ឃ។ ពាក្យថាសង្ឃ ក្នុងវិន័យ ហៅបានតែចំពោះភិក្ខុសង្ឃ និង ភិក្ខុនីសង្ឃ ចំណែកសាមណេរ មិនឃើញមាន ហៅថា សាមមណេរសង្ឃ ទេ ព្រោះសមណេរប្រើប្រាស់បានចំពោះតែសង្ឃចតុវគ្គ សម្រាប់ទាយកទាយិកាធ្វើបុណ្យសង្ឃទាន។ ឯសង្ឃបញ្ចវគ្គ សម្រាប់ធ្វើសង្ឃកម្ម (កិច្ចការរបស់សង្ឃដែលប្រជុំគ្នាក្នុងសីមា) នានា មិនឃើញមានសាមណេរឡើយ។ ដកស្រង់ចេញពីសៀវភៅ អមិសទាននិងធម្មទាន រៀបរៀងដោយ ឈុន គឹមអៀត ដោយ៥០០០ឆ្នាំ |