Reading Article
Public date : 09, Jan 2022 (78,415 Read)
ឱវាទព្រះសាស្ដា

|
ឱវាទព្រះសាស្ដា
បណ្ដាំលោកគ្រូ លោកគ្រូជាម្ចាស់បានសម្ដែង ខ្ញុំព្រះករុណានាងខ្ញុំបានស្ដាប់មកថា ព្រះសម្មាសម្ពុទ្ធបរមគ្រូសាស្ដាទ្រង់ត្រាស់ថាម្នាលភិក្ខុទាំងឡាយ តថាគតបានសម្រេចដល់សេចក្ដីសុខដែលមិនអាស្រ័យកាមទៀតទេ។ ព្រមជាមួយគ្នានោះ ព្រះអង្គបានសម្ដែងដាស់តឿនអ្នកប្រព្រឹត្តធម៌ឲ្យចាំទុកថា បើអរិយសាវ័ក បានឃើញច្បាស់តាមសេចក្ដីពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនោះថា កាមទាំងឡាយមានសេចក្ដីសុខតិច មានទុក្ខច្រើន មានសេចក្ដីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយមានច្រើនពេកក្រៃ។ អរិយសាវ័កនោះឯង បានវៀរចាកកាមទាំងឡាយ វៀរចាកអកុសលទាំងឡាយហើយ តែមិនទាន់បាននូវបីតិ និងសុខៈនោះទេ កាលបើដូច្នេះ អរិយសាវ័កនោះនឹងឈ្មោះថា មិនវិលត្រឡប់មករកកាមទាំងឡាយនោះ មិនមែនឡើយ។ ឈ្មោះថាកាមមាន កាមតណ្ហា គឺចំណង់ក្នុងកាម បានដល់ការចង់បាន ចង់យក និង សេពសោយ។ កាមទាំងឡាយមានឧបមាដូចជាលំពែង និង អណ្ដោត ជាទីកាប់ចិញ្ច្រាំនូវខន្ធទាំងឡាយ។ ខន្ឌទាំងឡាយមាន ៥ គឺ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ។ ព្រះសាស្ដា ព្រះអង្គទ្រង់ត្រាស់ថា បុគ្គលឃើញ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលជាទីរបស់មិនទៀង ថាមិនទៀង ការឃើញរបស់បុគ្គលនោះ ជាសម្មាទិដ្ឋិ។ កាលដែលបុគ្គលបានឃើញត្រូវដូច្នេះ ក៏រមែងនឿយណាយ។ សម្មាទិដ្ឋិ គឺជាការយល់ត្រូវ តាមហេតុផលពិតយល់ត្រូវក្នុងសច្ចធម៌។ សម្មាទិដ្ឋិ យល់ត្រូវក្នុងជីវិតដែលមានបរមត្ថធម៌ ជាធម៌ដែលអាស្រ័យបច្ច័យកើតឡើង ហើយរលត់ទៅវិញ។ ជីវិតរស់នៅមានតែចិត្តដឹងអារម្មណ៍ និងអារម្មណ៍របស់ចិត្តតៗគ្នា។ នេះជាការកើតឡើងនៃសង្ខារធម៌សុទ្ធ និងជាតំណនៃសង្ខារធម៌នោះ។ អ្វីៗគ្រប់យ៉ាង ជាអារម្មណ៍របស់ចិត្ត។ ចិត្តកើតឡើង ចិត្តរស់នៅ ចិត្តបែកធ្លាយ។ ការរស់នៅជាប្រក្រតី គឺចិត្តដឹងអារម្មណ៍ កើតហើយរលត់ទៅមិនមានទេ។ ចិត្តគិតបានសាងប្រឌិតនូវលោក និងសាងគ្រប់រឿងរ៉ាវទាំងអស់ដូចក្នុងសុបិន។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូលយកខ្លួនជាទីពឹង យកខ្លួនជាទីរឮក កុំយករបស់ដទៃជាទីពឹងទរឮកឡើយ ចូរយកធម៌ជាទីពឹងយកធម៌ជាទីរឮក កុំយករបស់ដទៃជាទីពឹងទីរឮកឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលបើយកខ្លួនជាទីពឹង យកខ្លួនជាទីរឮក មិនយករបស់ទៃជាទីរឮក យកធម៌ជាទីពឹង យកធម៌ជាទីរឮកហើយ គប្បីពិចារណារកហេតុផលដោយយោបល់ថា សេចក្ដីសោក សេចក្ដីខ្សឹកខ្សួល សេចក្ដីទុក្ខទោមនស្ស និងសេចក្ដីចង្អៀតចង្អល់ចិត្ត កើតមកអំពីអ្វី មានមកអំពីអ្វី។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងអរិយធម៌ មិនសិក្សាក្នុងអរិយធម៌ មិនបានឃើញពួក សប្បុរស មិនឈ្លាសវៃក្នុងសប្បុរសធម៌ មិនសិក្សាក្នុងសប្បុរសធម៌ រមែងពិចារណាឃើញនូវ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាខ្លួន ឃើញនូវខ្លួនថា មានក្នុង រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ លុះ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ នោះ របស់បុគ្គលនោះប្រែប្រួលវិបត្តិផ្សេងៗទៅ សេចក្ដីសោក សេចក្ដីខ្សឹកខ្សួលសេចក្ដីទុក្ខទោមនស្ស សេចក្ដីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងដល់បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុដឹងច្បាស់នូវសេចក្ដីមិនទៀត សេចក្ដីប្រែប្រួល សេចក្ដីវិនាស និង សេចក្ដីរលត់ទៅនៃ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ហើយឃើញច្បាស់តាមពិតដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ក្នុងកាលមុនក្ដី ក្នុងកាលឥឡូវនេះក្ដី របស់ទាំងអស់នេះ មិនទៀត ជាទុក្ខ មានសេចក្ដីប្រែប្រួលជាធម្មតា ភិក្ខុនោះក៏លះបង់សេចក្ដីសោក សេចក្ដីខ្សឹកខ្សួល សេចក្ដីទុក្ខ ទោមនស្ស និង សេចក្ដីចង្អៀតចង្អល់ចិត្តចេញបាន កាលបើភិក្ខុនោះលះបង់សេចក្ដីសោកជាដើមទាំងនោះចេញហើយ រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ រមែងនៅជាសុខ ភិក្ខុអ្នកមានធម៌ ជាគ្រឿងនៅជាសុខ ហៅថា អ្នករំលត់កិលេស ដោយអង្គនៃវិបស្សនានោះៗ។ ម្នាលភិក្ខុ អរិយសាវ័កជាអ្នកចេះដឹង បានឃើញនូវព្រះអរិយៈទាំងឡាយ អ្នកឈ្លាសវៃក្នុងអរិយធម៌ បានទូន្មានខ្លួនក្នុងសប្បុរសធម៌ ក៏រមែងមិនពិចារណាឃើញ រូប ថាជាខ្លួនខ្លះ។ មិនឃើញ វេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាខ្លួនខ្លះ។ អរិយសាវ័កនោះ ដឹងច្បាស់តាមពិតនូវ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលមិនទៀតថា ជាទុក្ខ ជាអនត្តា។ ម្នាលភិក្ខុ អរិយសាវ័ក កាលដឹងច្បាស់យ៉ាងនេះ កាលឃើញច្បាស់យ៉ាងនេះ ទើបអស់អាសវៈក្នុងលំដាប់បាន។ ដកស្រង់ចេញពីសៀវភៅ ឱវាទព្រះសាស្តា រៀបរៀងដោយ វ៉ាង ស៊ីណា ដោយ៥០០០ឆ្នាំ |