Reading Article
Public date : 30, Jul 2019 (6,766 Read)
ភ្លើងជីវិត

|
ភ្លើងជីវិត
ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍៍ និងវិញ្ញាណដែលដឹងច្បាស់នូវអារម្មណ៍ទាំងនោះ ព្រមទាំងវេទនា ទាំងឡាយដែលសោយតាមទ្វារភ្នែក ទ្វារត្រចៀក ទ្វារត្រចៀក ទ្វារច្រមុះ ទ្វារអណ្ដាត ទ្វារកាយ ទ្វារចិត្ត គឺជាតួជីវិតដែលជារបស់ក្ដៅ។ នៅក្នុងអាទិត្តបរិយាយសូត្រ ព្រះមានព្រះភាគទ្រង់ត្រាស់សម្ដែងអំពីរបស់ក្ដៅ មាន ២៤ ចំណុចធំៗគឺ ១- ភ្នែក ជារបស់ក្ដៅ ២- រូប គឺពណ៌ ជារបស់ក្ដៅ ៣- ចក្ខុវិញ្ញាណ គឺវិញ្ញាណដែលដឹងច្បាស់នូវរូបនោះជារបស់ក្ដៅ ៤- ការសោយនូវអារម្មណ៍ គឺវេទនាជាសុខក្ដី ជាទុក្ខក្ដី មិនមែនទុក្ខមិនមែនសុខក្ដី កើតឡើងព្រោះចក្ខុសម្ផស្សជាបច្ច័យ ជារបស់ក្ដៅ។ ៥- ត្រចៀក ជារបស់ក្ដៅ ៦- សម្លេង ជារបស់ក្ដៅ ៧- សោតវិញ្ញាណ គឺវិញ្ញាណដែលដឹងច្បាស់នូវសម្លេងនោះ ជារបស់ក្ដៅ ៨- ការសោយនូវអារម្មណ៍ គឺវេទនាជាសុខក្ដី ជាទុក្ខក្ដី មិនមែនទុក្ខមិនមែនសុខក្ដី កើតឡើងព្រោះសោតសម្ផស្សជាបច្ច័យ ជារបស់ក្ដៅ។ ៩- ច្រមុះ ជារបស់ក្ដៅ ១០- ក្លិន ជារបស់ក្ដៅ ១១- ឃានវិញ្ញាណ គឺវិញ្ញាណដែលដឹងច្បាស់នូវក្លិន ជារបស់ក្ដៅ។ ១២- ការសោយនូវអារម្មណ៍ គឺវេទនាជាសុខក្ដី ជាទុក្ខក្ដី មិនមែនទុក្ខមិនមែនសុខក្ដី កើតឡើងព្រោះឃ្លានសម្ផស្សជាបច្ច័យ ជារបស់ក្ដៅ។ ១៣- អណ្ដាត ជារបស់ក្ដៅ ១៤- រស់ទាំងឡាយ ជារបស់ក្ដៅ ១៥- ជិវ្ហាវិញ្ញាណ គឺវិញ្ញាណដែលដឹងច្បាស់នូវរសនោះ ជារបស់ក្ដៅ ១៦- ការសោយនូវអារម្មណ៍ គឺវេទនាជាសុខក្ដី ជាទុក្ខក្ដី មិនមែនទុក្ខមិនមែនសុខក្ដី កើតឡើងព្រោះជិវ្ហាសម្ផស្សជាបច្ច័យ ជារបស់ក្ដៅ។ ១៧- កាយ ជារបស់ក្ដៅ ១៨- ផោដ្ឋព្វៈ គឺសភាព ក្ដៅ ត្រជាក់ ទន់ រឹង កម្រើក ញ័រ ជារបស់ក្ដៅ ១៩- កាយវិញ្ញាណ គឺវិញ្ញាណដែលដឹងច្បាស់នូវផោដ្ឋព្វៈនោះ ជារបស់ក្ដៅ ២០- ការសោយនូវអារម្មណ៍ គឺវេទនាជាសុខក្ដី ជាទុក្ខក្ដី មិនមែនទុក្ខមិនមែនសុខក្ដី កើតឡើងព្រោះកាយសម្ផស្សជាបច្ច័យ ជារបស់ក្ដៅ។ ២១- ចិត្ត ជារបស់ក្ដៅ ២២- ធម៌ទាំងឡាយ គឺអារម្មណ៍ទាំងឡាយ ដែលដឹងតាមផ្លូវចិត្ត ជារបស់ក្ដៅ ២៣- មនោវិញ្ញាណ គឺវិញ្ញាណដែលដឹងច្បាស់នូវធម៌ទាំងឡាយនោះ ជារបស់ក្ដៅ ២៤- ការសោយនូវអារម្មណ៍ គឺវេទនាជាសុខក្ដី ជាទុក្ខក្ដី មិនមែនទុក្ខមិនមែនសុខក្ដី កើតឡើងព្រោះមនោសម្ផស្សជាបច្ច័យ ជារបស់ក្ដៅ។ ធម៌ទាំងឡាយនេះ មិនមែនក្ដៅឯងៗទេ គឺក្ដៅព្រោះបច្ច័យ ដូច្នោះហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់បញ្ជាក់បន្ថែមថា អាទិត្តំ រាគគ្គិនា ទោសគ្គិនា មោហគ្គិនា អាទិត្តំ ជាតិយា ជរាមរណេន សោកេហិ បរិទេវេហិ ទុក្ខេហិ ទោមនស្សេហិ ឧបាយាសេហិ អាទិត្តន្តិ វទាមិ។ តថាគតពោលថា ក្ដៅដោយភ្លើងគឺ រាគៈ ដោយភ្លើងគឺទោសៈ ដោយភ្លើងគឺមោហៈ ក្ដៅដោយសេចក្ដីកើត ដោយសេចក្ដីចាស់គ្រាំគ្រា និងសេចក្ដីស្លាប់ ក្ដៅដោយសេចក្ដីសោក ដោយសេចក្ដីខ្សឹកខ្សួល ដោយសេចក្ដីទុក្ខក្នុងកាយ ដោយសេចក្ដីទុក្ខក្នុងចិត្ត ដោយសេចក្ដីចង្អៀតចង្អល់ក្នុងចិត្តទាំងឡាយ។ នាពេលបច្ចុប្បន្ននេះ បើទុកជាមិនមានអ្នកណាប្រាប់ក៏យើងអាចដឹងបានថា សត្វលោកកំពុងតែរស់នៅក្នុងកម្ដៅហើយកម្ដៅនេះ កាន់តែមានកំណើតកើនឡើងជាលំដាប់។ សភាពទាំងអស់នេះ ក៏ព្រោះតែភ្លើងគឺកិលេស មានរាគៈ ជាដើម ដែលអាស្រ័យនៅក្នុងចិត្តរបស់សត្វលោកកាន់តែមានចំហេះខ្លាំងឡើងៗ ដោយហេតុថា សត្វលោកកាន់តែឆ្លាត មានល្បិចកលពិសពុល ក្នុងការផ្គុំភ្លើងតណ្ហាឲ្យកាន់តែមានកម្លាំងខ្លាំងឡើងៗ ជាលំដាប់។ សត្វលោករឹតតែគ្មានជំនឿ គ្មានប្រកាន់យកថា ការពន្លត់ភ្លើងរាគៈ ទោសៈ មោហៈ គឺជាចំណុចត្រជាក់ដ៏កំពូលនោះទេ ផ្ទុយមកវិញ គេច្រើនតែស្វែងរកសេចក្ដីសប្បាយរីករាយលើបញ្ចកាមគុណ ដែលជាការពង្រីកភ្នក់ភ្លើងជីវិតឲ្យកាន់តែធំដោយគំនិតបញ្ជេះច្រើនជាងគំនិតពន្លត់។ សកលលោក បានក្លាយទៅជាលោកដែលមានកម្ដៅទាំងមនុស្ស ទាំងសត្វ ទាំងសកលធាតុ ក៏ព្រោះតែមនុស្សក្នុងពិភពលោក នាំគ្នាស្ទាប់អង្អែលនូវបញ្ចកាមគុណ នាំគ្នាបម្រើសេចក្ដីសប្បាយបោកប្រាស់ ប្រកបដោយចិត្តពោរពេញទៅដោយរាគៈ ទោសៈ មោហៈ លើសពីសម័យមុន ១ ជា ១០ ឬ ១ ជា ២០ ក៏អាចថាបាន។ សព្វថ្ងៃនេះ មនុស្សបាននាំគ្នាពពាក់ពពូនជំពាក់ជំពិនទៅលើអំពើដុតកម្ដៅខ្លួនឯង គឺនាំគ្នាថ្ងូរ នាំគ្នាជូរចត់ក្នុងជីវិតរបស់ខ្លួន នាំគ្នាបង្កើនកិលេសរបស់ខ្លួន ខ្លះទៀតប្រាថ្នាលើកខ្លួនរបស់គេជាម្ចាស់ពិភពលោក។ ជាងនេះទៅទៀត គំនិតរបស់សត្វលោកម្នាក់ៗ តែងមានការប្រកាន់យកនូវរបស់មិនទៀត ជាទុក្ខ ជាអនត្តាថាជារបស់ទៀង ជាសុខ ជាអត្តា។ ប៉ុន្តែការប្រកាន់ និង គំហើញទាំងនេះ លទ្ធផលចុងក្រោយ គឺសំណើចលាយទំនួញ សំអប់លាយសម្លាញ់ សម្លូតលាយកំណាចជាដើមដែលផ្លាស់ប្ដូរគ្នាទៅវិញទៅមកឥតឈប់ឈរ ស្ថិតក្រោមលក្ខណៈដុតបំផ្លាញជីវិតខ្លួនឯងដោយវិធីផ្សេងៗ យ៉ាងគួរឲ្យសង្វេគខ្លោចផ្សាដោយគ្មានដឹងខ្លួនឡើយ។ ក្នុងពិភពលោកនេះ មិនមានទីណាមួយ ដែលមានសភាពសុខត្រជាក់ពិតប្រាកដសម្រាប់សត្វលោក ដែលនៅមានកិលេសឡើយ ទោះបីសត្វលោកខំគេចពីកន្លែងមួយទៅកន្លែងមួយ ពីប្រទេសមួយទៅប្រទេសមួយយ៉ាងណាក៏ដោយ ឲ្យតែនៅមានកិលេស ជីវិតនៅតែក្ដៅជានិច្ច។ ពេលភ្លើងឆេះផ្ទះ វិធីដែលសមស្រប មិនមែនត្រូវយកឧសទៅដាក់បន្ថែម ឬលើកផ្ទះរត់ឡើង គឺត្រូវតែយកទឹកទៅពន្លត់ភ្លើងដែលកំពុងឆេះនុ៎ះឯង យ៉ាងណាមិញ ជីវិតដែលក្ដៅគគុកនេះ ក៏មិនខុសអំពីផ្ទះដែលភ្លើងកំពុងតែឆេះដែរ សេចក្ដីឧបមានោះ យ៉ាងនេះគឺ - ជីវិតដែលមានកិលេស ដូចជាផ្ទះដែលភ្លើងកំពុងឆេះ - ការស្វែងរកកាមគុណ គឺសេចក្ដីសប្បាយមកបន្លប់ ដូចជាការដាក់ឧសបន្ថែម - ការរត់គេចពីបញ្ហា ដូចជាការលើកផ្ទះដែលភ្លើងកំពុងឆេះរត់ទៅ - ការសិក្សាធម៌ចម្រើនប្រាជ្ញា ដូចជាការយកទឹកទៅពន្លត់ភ្លើង ដូច្នេះ ជិវិតដែលត្រូវភ្លើងឆេះ គឺមានចំពោះតែជីវិតដែលនៅមានកិលេសជាគ្រឿងដុតរោល បើកិលេសមិនមានហើយ ភាពក្ដៅក្រហាយនៃជីវិតរមែងមិនមាន មានតែសភាពត្រជាក់ ទាំងពេលដែលនៅមានជីវិត និងពេលដែលលាចាកលោកនេះទៅ។ សូមមនុស្សគ្រប់គ្នា បានសិក្សាអំពីវិធីពន្លត់ភ្លើងជីវិតផង សូមកុំឆ្លាតតែខាងបញ្ឆេះ។ ដកស្រង់ចេញពីសៀវភៅ ដំណើរជីវិត រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា ដោយ៥០០០ឆ្នាំ |