Reading Article
Public date : 30, Jul 2019 (6,827 Read)
មុនកូនមកចាប់បដិសន្ធិ

|
បេក្ខជនអាពាហ៍ពិពាហ៍គួរដឹងថា បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ និងរួមរស់អស់ឋានៈជាស្វាមីភរិយាហើយ អ្នកនឹងមានបុត្រជាមិនខាន។ ដូច្នេះ គួរអ្នកគិតគូរឲ្យបានមែនទែនដែរ ចំពោះការសម្រេចចិត្តដែលមានតែម្ដងរបស់អ្នក ដែលមិនត្រឹមតែប៉ះពាល់ដល់ជីវិតរបស់អ្នកទេ តែចំពោះកូនអ្នកទៀតផង ព្រោះការរៀបអាពាហ៍ពិពាហ៍ពីក្មេងពេក តាមក្បួនវេជ្ជសាស្ត្របាននិយាយថានឹងនាំឲ្យកូនមានសុខភាពមិនមាំទាំ ព្រោះមេជីវិតរបស់បុរសស្ត្រី មិនទាន់មាំមួនល្អ។
ក្បួនវេជ្ជសាស្ត្របាននិយាយថា បុរសស្ត្រី គួររៀបអាពាហ៍ពិពាហ៍ពេលបុរសអាយុបាន ២៥ ឆ្នាំ និងស្ត្រី ២៣ ឆ្នាំ។ ម្យ៉ាងទៀត អាយុប៉ុណ្ណោះក៏រយះពេលដែលបានទទួលការសិក្សាល្មម នឹងចិញ្ចឹមជីវិតខ្លួនបាន និងស្គាល់សុខទុក្ខរបស់ជីវិតបានគួរសមហើយ។ ការរៀបអាពាហ៍ពិពាហ៍ពីអាយុ ១៦ ឬ ១៨ ឆ្នាំ ពេលនេះជាពេលកំពុងរៀនសូត្រ បើរៀបហើយនឹងមិនបានរៀនសូត្រទៀតឡើយ បើតាមច្បាប់ប្រទេសខ្លះ យកអាយុ ១៨ ឆ្នាំ ខ្លះ ២០ ឆ្នាំ ទើបជាអាយុដែលពេញនីតិភាវៈ។
គូស្រករដែលមានមាឌតូចៗ លុះបានកូនមក កូននោះក៏នឹងមិនធំជាងឪពុកម្ដាយដែល។ រឿងនេះ ទាក់ទងទៅនឹងកម្លាំងសមត្ថភាពក្នុងការការពារប្រទេសផងដែរ ។ ការយកសាច់ញាតិជិតៗពេក មកធ្វើជាគ្រួសារ ក៏មានពាក្យថា សតិបញ្ញាមិនសូវមានខ្លាំងពូកែដែរ ព្រោះ Gene របស់យើងមិនមានការអភិវឌ្ឍន៍។ បើមាតាបិតា ជាអ្នកមានជំងឺកាមរោគផងនោះ ជំងឺនេះអាចនឹងឆ្លងដល់កូន និងអាចធ្វើឲ្យកូនមានពិការភាព ឬ សតិបញ្ញាទន់ខ្សោយ ជាពិសេស សព្វថ្ងៃនេះ ជំងឺអេដស៍ (AIDS) ជាជំងឺមួយដ៏កាចសាហាវដែលឆ្លងទៅកូន ហើយដែលគ្មានថ្នាំព្យាបាល បានឡើយ រង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។ បើគូស្រករយើងគ្មានសីល ជាមនុស្សទុច្ចរិត ដល់ពេលរៀបអាពាហ៍ពិពាហ៍ហើយ ស្រាប់តែមានទោសទណ្ឌ ត្រូវគេចាប់ដាក់ឃុំឃាំងនោះ កូនយើងក៏ប្រាកដជាកំព្រា និងខ្វះទីពឹងសម្រាប់អភិវឌ្ឍន៍ខ្លួនគ្នាជាមិនខាន ។ល។ ចំណុចទាំងនេះ ជាចំណុចដែលអនាគតមាតាបិតា គួរពិចារណានិងទទួលខុសត្រូវចំពោះកូនយើងដែលនឹងត្រូវកើតពីយើង ពេលដែលយើងរៀបការហើយ។ ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍ រៀបរៀងដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា ដោយ៥០០០ឆ្នាំ |