Reading Article
Public date : 30, Jul 2019 (8,105 Read)
ពួកបុថុជ្ជន មិនដឹងថា ជរាមរណៈជាទុក្ខ

|
ពួកបុថុជ្ជន មិនដឹងថា ជរាមរណៈជាទុក្ខ ហើយជាប់ជំពាក់ ក្នុងឧបាទានក្ខន្ធណា អ្នកប្រាជ្ញមានស្មារតី បានកំណត់ដឹង (នូវឧបាទានក្ខន្ធនោះ) ថាជាទុក្ខហើយចម្រើនឈាន ក្នុងកាលណា កាលនោះរមែងមិនបាននូវសេចក្តីត្រេកអរលើសលុបជាងឈាននោះឡើយ ។
បណ្ឌិតលុះលះបង់នូវតណ្ហា ដែលនាំមកនូវសេចក្តីទុក្ខ ជាធម្មជាតិផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗ នាំមកនូវកិលេសជាគ្រឿង នាំសត្វឲ្យយឺតយូរ និងសេចក្តីទុក្ខដូចជាឃ្នាប មានស្មារតីចម្រើនឈាន ក្នុងកាលណា កាលនោះរមែងមិនបាន នូវសេចក្តីត្រេកអរដ៏លើសលុបជាង ឈាននោះឡើយ ។ បុគ្គលពាល់ត្រូវមគ្គដ៏ឧត្តមប្រកបដោយអង្គ៤ពីរដង ដ៏ក្សេម ជាគ្រឿងជម្រះនូវកិលេសទាំងអស់ ដោយបញ្ញា ជាអ្នកមានស្មារតី ចម្រើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏ក្រៃលែងជាងឈាននោះឡើយ ។ បុគ្គលចម្រើននូវសន្តបទដែលឥតមានសោក ប្រាសចាកធុលីគឺកិលេស ឥតមានបច្ច័យតាក់តែង ជាគ្រឿងជម្រះនូវកិលេសទាំងអស់ ផ្តាច់នូវចំណងគឺ សញ្ញោជនៈ ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏ក្រៃលែង ជាងការចម្រើននូវសន្តបទ នោះឡើយ ។ ផ្គរលាន់ក្នុងអាកាស ទទឹកភ្លៀងពាសពេញ ដោយជុំវិញ ឰដ៏អាកាសក្នុងកាលណា កាលនោះ ភិក្ខុចូលទៅនៅក្នុងញកភ្នំចម្រើនឈាន រមែងមិនបាននូវសេចក្តីត្រេកអរជាង ឈាននោះឡើយ ។ ភិក្ខុអង្គុយក្បែរឆ្នេរស្ទឹងទាំងឡាយ ដ៏ដេរដាសដោយផ្កា មានផ្កាឈើក្នុងព្រៃដ៏វិចិត្រជាគ្រឿងប្រដាប់ មានចិត្តល្អ ចម្រើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏លើសលុប ជាងឈាននោះឡើយ ។ កាលបើភ្លៀងធ្លាក់ចុះក្នុងព្រៃស្ងាត់ ពេលយប់ ពួកសត្វមានចង្កូម បន្លឺឡើង ចំណែកភិក្ខុចូលទៅកាន់ញកភ្នំ ហើយចម្រើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរ ដ៏លើសលុបជាងឈាននោះឡើយ ។ ភិក្ខុអាស្រ័យនូវចន្លោះភ្នំ ក្នុងកណ្តាលនៃភ្នំ បិទនូវវិត្តកៈ ទាំងឡាយរបស់ខ្លួន ប្រាសចាកសេចក្តីខ្វល់ ប្រាសចាកសេចក្តីរឹងត្អឹងនៃចិត្ត ហើយចម្រើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវ សេចក្តីត្រេកអរដ៏លើសលុបជាង ឈាននោះឡើយ ។ (ភិក្ខុ) ជាអ្នកមានសេចក្តីសុខ ជាអ្នកធ្វើសេចក្តីរឹងត្អឹងជាមន្ទិល និងសេចក្តីសោកឲ្យវិនាស ជាអ្នកគ្មានសន្ទះទ្វារគឺអវិជ្ជា គ្មានតណ្ហា ប្រាសចាកសរ គឺរាគាទិក្កិលេស ធ្វើនូវអាសវៈ ទាំងអស់ ឲ្យវិនាស ចម្រើនឈាន ក្នុងកាលណា កាលនោះ រមែងមិនឲ្យវិនាស ចម្រើនឈាន ក្នុងកាលណា កាលនោះ រមែងមិនបាននូវសេចក្តីត្រេកអរដ៏លើសលុប ជាងឈាននោះឡើយ ។ ភូតត្ថេរ ដកស្រង់ពីព្រះត្រៃបិដកភាគ ៥៧ ទំព័រ ១១-១៣ ដោយ៥០០០ឆ្នាំ |