Reading Article
Public date : 30, Jul 2019 (75,974 Read)
អាត្មាអញម្នាក់ឯង នឹងស្រោចស្រប់ខ្លួនចង្រ្កម ក្នុងព្រៃត្រជាក់

|
បើបុគ្គលដទៃ មិនមានអំពីមុខក្តី ក្រោយក្តី សេចក្តីសប្បាយក្រៃពេក រមែងមានដល់បុគ្គលម្នាក់ឯងនៅក្នុងព្រៃ ។ បើដូច្នោះអាត្មាអញតែម្នាក់ឯង នឹងទៅកាន់ព្រៃ ដែលព្រះពុទ្ធទ្រង់សរសើរហើយ ជាទីសប្បាយរបស់ភិក្ខុអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ជាអ្នកនៅតែម្នាក់ឯង ។ អាត្មាអញតែម្នាក់ឯង ជាអ្នកស្ងាត់ក្នុងប្រយោជន៍ នឹងចូលយ៉ាងឆាប់ទៅកាន់ព្រៃ ជាទីធ្វើឲ្យចិត្តកើតបីតិដល់ យោគាវចរ ជាទីរីករាយ ដែលដំរីចុះប្រេង សេពគប់ហើយ ។
អាត្មាអញ ម្នាក់ឯង នឹងស្រោចស្រប់ខ្លួន ហើយចង្រ្កម ក្នុងព្រៃត្រជាក់ មានផ្ការីកស្គុះស្គាយ ក្បែរជ្រោះភ្នំ ដ៏ត្រជាក់ អង្កាល់ណា អាត្មាអញនឹងទៅជាបុគ្គលម្នាក់ឯង មិនមានបុគ្គលជាគម្រប់ពីរ មានសោឡសកិច្ចធ្វើហើយ ជាអ្នកមិនមានអាសវៈ នៅក្នុងព្រៃធំ ដែលគួររីករាយ ។ សូមសេចក្តីប៉ុនប៉ងរបស់អាត្មាអញ ដែលប្រាថ្នាដើម្បីធ្វើសេចក្តីសម្រេច យ៉ាងនេះបានសម្រេច អាត្មាអញនឹងធ្វើឲ្យសម្រេច (ព្រោះថា) អ្នកដទៃ ធ្វើជួសអ្នកដទៃពុំបានទេ ។ ឥឡូវនេះ អាត្មាអញនោះនឹង ចងក្រោះគឺព្យាយាម ហើយចូលទៅកាន់ព្រៃ បើអាត្មាអញមិនទាន់សម្រេចនូវធម៌ជាគ្រឿងអស់អាសវៈ ទេ នឹងមិនចេញពីព្រៃនោះ ឡើយ ។ កាលបើខ្យល់ត្រជាក់ មានក្លិនក្រអូបបកផ្សាយទៅ អាត្មាអញនឹងអង្គុយលើកំពូលភ្នំ ហើយទំលាយអវិជ្ជា ឲ្យបាន ។ អាត្មាអញ ទទួលសេចក្តីសុខ ដោយវិមុត្តសុខក្នុងព្រៃ មានផ្កាដេរដាស ក្បែរញកភ្នំដ៏ត្រជាក់ រួចហើយ នឹងត្រេកអរ ក្នុងក្រុងរាជគ្រឹះ មានភ្នំព័ទ្ធជុំវិញ ដូចក្រោលគោ ។ អាត្មាអញនោះ មានតម្រិះគ្រប់គ្រាន់ ដូចព្រះចន្ទ្រក្នុងថ្ងៃ ១៥កើត អស់អាសវៈ ទាំងពួងហើយ ឥឡូវនេះ ភពថ្មីមិនមានទេ ។ ឯកវិហារយត្ថេរ ដកស្រង់ពីព្រះត្រៃបិដកភាគ ៥៧ ទំព័រ ១៦-១៧ ដោយ៥០០០ឆ្នាំ |