Reading Article
Public date : 11, Oct 2022 (16,360 Read)
កញ្ជិកទាយិកាវិមាន

|
កញ្ជិកទាយិកាវិមាន
ព្រះមោគ្គល្លានសួរថា ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង ។ល។ ដូចផ្កាយព្រឹក សម្បុររបស់នាងប្រាកដដូច្នោះ តើសម្រេចដោយបុណ្យ ដូចម្តេច ។ល។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់ សព្វទិស ។ ទេវតានោះដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ល។ ផលនៃកម្មនេះថា ខ្ញុំបានប្រគេន នូវទឹកបបរ ដែលចំអិនលាយ ដោយផ្លែពុទ្រា អប់ដោយប្រេង ដល់ព្រះពុទ្ធជាអាទិច្ចពន្ធុ ក្នុងស្រុកឈ្មោះអន្ធកវិន្ទៈ ខ្ញុំមានចិត្តជ្រះថ្លា ចំពោះព្រះពុទ្ធអ្នកទៀងត្រង់ បានប្រគេនវត្ថុលាយច្រឡំដោយដីប្លី ខ្ទឹមមើម និងវត្ថុមានក្លិនប្រហើរ នារីណា មានអវយវៈល្អសព្វ មានរូបមិនថោកថយ គួរមើលរបស់ភស្តា គប្បីធ្វើជាអគ្គមហេសីនៃស្តេចចក្រពត្តិ នារីនោះមិនដល់ចំណិតទី ១ នៃចំណែកដែលគេចែកជា ១៦ ដងនៃការឲ្យទឹកបបរនេះឡើយ មាសឆ្តោរ ១០០ សេះ ១០០ រថទឹមដោយមេសេះអស្សតរ ១០០ កញ្ញា ១សែន ដែលពាក់កុណ្ឌលកែវមណី ក៏មិនដល់ចំណិតទី ១ នៃចំណែកដែលគេចែកជា ១៦ អស់វារៈ ១៦ដង នៃការឲ្យទឹកបបរនេះឡើយ ពួកដំរីដែលកើតក្នុងប្រទេសឈ្មោះហិមវន្តចំនួន ១០០ មានភ្លុក ង ដូចចន្ទោលរថ ចម្រើនដោយកម្លាំងនិងសន្ទុះនិងការប្រឹងប្រែង មានខ្សែដង្គន់ជាវិការៈនៃមាស មានគ្រឿងប្រដាប់សម្រេចដោយមាស ក៏មិនដល់ចំណិតទី ១ នៃចំណែកដែលគេចែកអស់ ១៦ អស់វារៈ ១៦ដង នៃការឲ្យទឹកបបរនេះឡើយ បុគ្គលណា ក្នុងលោកនេះ គប្បីធ្វើនូវភាពនៃខ្លួនជាធំ ក្នុងទ្វីបទាំង ៤ បុគ្គលនោះ ក៏នៅតែមិនទាន់ដល់ចំណិតទី ១ នៃចំណែកដែលគេចែកជា ១៦ អស់វារៈ ១៦ដង នៃការឲ្យទឹកបបរនេះឡើយ ។ ចប់កញ្ជិកទាយិកាវិមាន ដកស្រង់ពីព្រះត្រៃបិដក ភាគ ៥៥ ទំព័រ ៨៩-៩០ ដោយ៥០០០ឆ្នាំ |