Reading Article
Public date : 11, Oct 2022 (73,741 Read)
អនិមិត្តតោ

|
អនិមិត្តតោ
(ជីវិតមិនមាននិមិត្ត) បទថា អនិមិត្តតោ គឺមិនមានការកំណត់ អធិប្បាយថា ព្រោះមិនមានព្រំដែន។ ពិតហើយ ធម៌ ៥ ប្រការ គឺជីវិត ព្យាធិ កាល ទីកន្លែង ដាក់ចុះសាកសព និងគតិ របស់សត្វទាំងឡាយក្នុងជីវលោកមិនមាននិមិត្ត ដឹងមិនបាន។ ក្នុងធម៌ ៥ ប្រការនោះ ជីវិត ឈ្មោះថា មិនមាននិមិត្តព្រោះមិនមានការកំណត់ថា នឹងរស់នៅត្រឹមប៉ុណ្ណេះ មិនរស់នៅបន្ទាប់ពីនេះទៅ ព្រោះថា សត្វទាំងឡាយរមែងស្លាប់ក្នុងកាលនៅជាកលលៈក៏មាន ក្នុងកាលនៅជាអម្ពុទៈក៏មាន ជាបេសិ ជាឃនៈ នៅក្នុងគភ៌បាន១ខែ បាន២ខែ បាន៣ខែ បាន៤ខែ បាន ៥ខែ បាន១០ខែ ក៏មាន ក្នុងសម័យដែលចេញចាកផ្ទៃក៏មាន បន្ទាប់ពីនោះ ស្លាប់ក្នុងរវាង ១០០ឆ្នាំ ក៏មាន ជាង១០០ឆ្នាំក៏មាន។ ព្យាធិ ឈ្មោះថា មិនមាននិមិត្ត ព្រោះមិនមានការកំណត់ថា សត្វទាំងឡាយត្រូវស្លាប់ដោយជំងឺនេះប៉ុណ្ណោះមិនស្លាប់ដោយជំងឺដទៃ ព្រោះថាសត្វទាំងឡាយ ស្លាប់ដោយរោគភ្នែកក៏មាន ដោយរោគក្រៅពីនោះ មានរោគត្រចៀក ជាដើម យ៉ាងណាមួយក៏មាន។ កាល ឈ្មោះថា មិនមាននិមិត្ត ព្រោះមិនមានការកំណត់យ៉ាងនេះថា ត្រូវស្លាប់ក្នុងកាលនេះប៉ុណ្ណោះ មិនស្លាប់ក្នុងកាលដទៃ ព្រោះថាសត្វទាំងឡាយ រមែងស្លាប់ក្នុងពេលព្រឹកក៏មាន ក្នុងពេលដទៃ មានថ្ងៃត្រង់ជាដើម ក្នុងពេលណាមួយក៏មាន។ ទីកន្លែងដាក់ចុះសាកសព ឈ្មោះថា មិនមាននិមិត្តព្រោះមិនមានការកំណត់យ៉ាងនេះថា សត្វទាំងឡាយត្រូវតែស្លាប់ក្នុងទីនេះប៉ុណ្ណោះ មិនស្លាប់ក្នុងទីដទៃ ព្រោះថារាងកាយរបស់បុគ្គលទាំងឡាយ កើតក្នុងស្រុក ស្លាប់ក្រៅស្រុកក៏មានរាងកាយរបស់បុគ្គលកើតក្រៅស្រុក ស្លាប់ក្នុងស្រុកក៏មាន ដោយន័យដូចគ្នាដែរ បណ្ឌិតអធិប្បាយឲ្យពិស្ដារគ្រប់ប្រការ ជាដើមថា រាងកាយរបស់សត្វទាំងឡាយ កើតលើគោក អាចស្លាប់ក្នុងទឹក ឬថា កើតក្នុងទឹក អាចស្លាប់លើគោក...។ គតិ ឈ្មោះថា មិនមាននិមិត្ត ព្រោះមិនមានការកំណត់យ៉ាងនេះថា សត្វដែលចុតិចាកគតិនេះ នឹងកើតក្នុងគតិនេះព្រោះថាសត្វទាំងឡាយ ដែលចុតិចាកទេវលោក កើតក្នុងមនុស្សលោកក៏មាន ចុតិចាកមនុស្សលោក កើតក្នុងលោកដទៃ មានទេវតាលោកជាដើម ទីណាមួយក៏មាន ព្រោះហេតុនេះ លោកទើបវិលទៅក្នុងគតិ ៥ ដូចគោដែលគេចងនឹងបង្គោលស្នឹង ក៏ដើរវិលជុំវិញទៅ។ ព្រះយោគាវចរ គប្បីរឮកដល់សេចក្ដីស្លាប់ ព្រោះជីវិតមិនមាននិមិត្ត ដូចពោលមកដូច្នេះចុះ។ ដកស្រង់ចេញពីសៀវភៅ មរណស្សតិ ដោយ៥០០០ឆ្នាំ |