Reading Article
Public date : 11, Oct 2022 (17,822 Read)
ការមិនជាប់នៅក្នុងរស

|
នៅក្នុងបិដកលេខ ៣០ ទំព័រ ១១៨ ព្រះអង្គទ្រង់ត្រាស់អំពី ការមិនជាប់នៅក្នុងរស មានសេចក្តីថា៖
សាវត្ថីនិទាន គ្រានោះ ឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ សេ្តចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍អស់វរៈពីរដង ។ លំដាប់នោះឯង ឧទយព្រាហ្មណ៍យកបាយដាក់ពេញបាត្រព្រះមានព្រះ ភាគ ។ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ សេ្តចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍ អស់វរៈបីដង ។ ឧទយព្រាហ្មណ៍ ក៏យកបាយដាក់ពេញបាត្រព្រះមានព្រះភាគជាគម្រាប់ពីរដង ។ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍ ជាគម្រប់បីដង ។ ឧទយព្រាហ្មណ៍ ក៏យកបាយដាក់ពេញបាត្រព្រះមានព្រះភាគជាគម្រប់បីដង ។ ហើយពោលពាក្យនេះ និងព្រះមានព្រះភាគថា ព្រះសមណគោតម នេះជាអ្នកជាប់ចិត្តក្នុងរស ទើបនិមន្តមករឿយៗ ។ ព្រះមានព្រះភាគត្រាស់ថាៈ ភ្លៀងបង្អុរចុះរឿយៗ ជនទាំងឡាយ ក៏ព្រោះពូជរឿយៗ អ្នកភ្ជួររាស់ទាំងឡាយ ភ្ជួររាស់ស្រែរឿយៗ តែងនាំស្រូវទៅកាន់ដែនក៏រឿយៗ ។ ស្មូមទាំងឡាយសូមរឿយៗ ម្ចាស់ទានទាំងឡាយ ក៏ឲ្យរឿយៗ លុះម្ចាស់ទានទាំងឡាយឲ្យរឿយៗហើយ រមែងទៅកាន់ឋានសួគ៌ក៏រឿយៗ ។ អ្នករូតទឹកដោះគោទាំងឡាយ រូតរឿយៗ កូនគោក៏ចូលទៅរកមេគោរឿយៗ អ្នកល្ងង់ខ្លៅលំបាកផង ញាប់ញ័រផងរឿយៗ តែងចូលទៅកាន់គក៌ក៏រឿងៗ ទាំងកើតទាំងស្លាប់ក៏រឿយៗ ។ គេនាំទៅកាន់ទីស្មសានក៏រឿយៗ ចំណែកអ្នកមានបញ្ញាដូចជាផែនដី លុះបាននូវមគ្គហើយ មិនកើតក្នុងភពថ្មីទៀតរឿយៗឡើយ ។ កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ឧទយព្រាហ្មណ៍បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ពេកណាស់ ។ល។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសកអ្នកដល់នូវព្រះរតនត្រ័យជាទីពឹង ស្មើដោយជីវិតតាំងពីថ្ងៃនេះជាដើមរៀងទៅ ។ ដកស្រង់ពីសៀវភៅ ទានយមបុណ្យ រៀបរៀងដោយ ភិក្ខុសីលប្បញ្ញោ ឆៃ សុផល្លី ដោយ៥០០០ឆ្នាំ |