Reading Article
Public date : 30, Jul 2019 (36,448 Read)
បិដ្ឋធីតលិកប្រេត

|
រឿងបិដ្ឋធីតលិកប្រេត
(ព្រះសម្ពុទ្ធទ្រង់សម្តែងថា) បុគ្គលមិនមានសេចក្តីកំណាញ់ គួរធ្វើនូវហេតុណានីមួយ ឲ្យជាអារម្មណ៍ ហើយគប្បីឲ្យទាន គឺប្រារព្ធនូវបុព្វបុរសទាំងឡាយ មានមាតាបិតាជាដើម ដែលរំលងខន្ធទៅកាន់បរលោក ហើយ ឬនូវទេវតាទាំងឡាយ ដែលអាស្រ័យនៅក្នុងទីទាំងឡាយ មានទីផ្ទះជាដើម នូវស្តេចធំទាំង ៤ ដែលរក្សាលោក ជាអ្នកមានយសបរិវារ គឺព្រះបាទកុវេរៈ ១ ធតរដ្ឋៈ ១ វិរូបក្ខៈ ១ វិរុឡ្ហកៈ ១ ហើយឲ្យនូវទានចុះ ជនទាំងឡាយមានស្តេចធំជាដើម នោះឈ្មោះថាជាបុគ្គលគឺទាយក នោះបានបូជាហើយ ឯអ្នកឲ្យមិនមែនជាមិនមែនផលឡើយ ។ ការយំក្តី សោកសៅក្តី ខ្សឹកខ្សួលណាដទៃក្តី បុគ្គលមិនគប្បីធ្វើទេ កិច្ចមានយំសោកជាដើមនោះ មិនជាប្រយោជន៍ ដល់អ្នកដែលទៅកាន់បរលោកឡើយ ញាតិទាំងឡាយ (ដែលទៅកាន់បរលោកនោះ) ក៏ឋិតនៅយ៉ាងនោះដដែល (ឥតបានដឹងឮឡើយ ) ។ ចំណែកទក្ខិណាទាន ដែលបុគ្គលបានឲ្យហើយនេះឯង ជាទាន ដំកល់នៅល្អក្នុងព្រះសង្ឃ រមែងសម្រេចផល ដើម្បីជាប្រយោជន៍ ដល់ញាតិ ដែលទៅកាន់លោកខាងនាយនោះ អស់កាលជាយូរអង្វែង តាមឋានៈគឺជាទីដែលគួរសម្រេចបាន ។ ដកស្រង់ពីព្រះត្រៃបិដកភាគ ៥៦ ទំព័រ ៣-៤ ដោយ៥០០០ឆ្នាំ |