Reading Article
Public date : 02, Aug 2021 (50,052 Read)
ភ័យកើតមកអំពីអាជ្ញារបស់ខ្លួន

|
អត្តទណ្ឌសូត្រទី១៥
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ) ភ័យកើតមកអំពីអាជ្ញារបស់ខ្លួន (សេចក្តីប្រព្រឹត្តកាចអាក្រក់របស់ខ្លួន ) អ្នកទាំងឡាយ ចូរមើលជនអ្នកទាស់ទែងគ្នា តថាគត (កាលនៅជាពោធិសត្វ) បានតក់ស្លុតហើយ យ៉ាងណា តថាគត នឹងសម្តែងនូវសេក្តីតក់ស្លុត យ៉ាងនោះ (ដល់អ្នកទាំងឡាយ) ។ ភ័យមកកាន់តថាគត ព្រោះឃើញនូវពពួកសត្វ កំពុងញាប់ញ័រ (ដោយតណ្ហាជាដើម) ដូចពួកមច្ឆជាតិ ក្នុងទីមានទឹកតិច ព្រោះឃើញសត្វលោកបៀតបៀនគ្នានឹងគ្នា ។ លោកមិនមានខ្លឹមសារ ដោយជុំវិញទិសទាំងពួង រមែងញាប់ញ័រ តថាគត កាលប្រាថ្នានូវភព (ជាទីពឹង) របស់ខ្លួន ក៏មិនបានឃើញភពណាមួយដែលជរាធម៌ជាដើម ជិះជាន់មិនបាន សេចក្តីមិនរីករាយ បានកើតមាន ដល់តថាគតហើយ ព្រោះបានឃើញសត្វទាំងឡាយត្រូវជរាធម៌ជាដើម បៀតបៀនហើយ ក្នុងកាលជាទីបំផុត តពីនោះមក តថាគតបានឃើញសរ ដែលគេឃើញបានដោយកម្រអាស្រ័យ នៅក្នុងហឫទ័យ ក្នុងសត្វទាំងឡាយនោះ ។ សត្វលោកដែលសរដោតជាប់ហើយ រមែងស្ទុះទៅកាន់ទិសផ្សេងៗ បុគ្គលជាបណ្ឌិត ដកសរនោះបាន ទើបមិនស្ទុះទៅ មិនលិចចុះ ។ (អារម្មណ៍ជាទីស្រឡាញ់ គឺបញ្ចកាមគុណណា មានក្នុងលោក) ប្រជុំជន តែងសម្តែងនូវភាសិត ជាគ្រឿងសិក្សា (មានការសិក្សាដំរីជាដើម) ដើម្បីឲ្យបានអារម្មណ៍ជាទីស្រឡាញ់នោះ បណ្ឌិតមិនគួរខ្វល់ខ្វាយក្នុងបញ្ចកាមគុណ ឬក្នុងកិច្ចសិក្សានោះឡើយ គប្បីនឿយណាយ ក្នុងកាមារម្មណ៍ ដោយប្រការទាំងពួង គប្បីសិក្សានូវព្រះនិព្វាន បម្រុងខ្លួន ។ បុគ្គលជាអ្នកប្រាជ្ញ គប្បីជាអ្នកមានសច្ចៈ (១) ជាបុគ្គលមិនឃ្នើសឃ្នង មិនមានមាយា លះបង់ពាក្យញុះញង់ មិនក្រេវក្រោធ ឆ្លងឲ្យរួចនូវលោភៈដ៏លាមក នឹងមច្ឆរិយៈ ។ នរជនមានចិត្តឱនទៅរកព្រះនិព្វាន គប្បីគ្របសង្កត់នូវការដេកលក់ សេចក្តីខ្ជិលច្រអូស ការរួញរា មិនគប្បីដំអក់នៅ ដោយសេចក្តីប្រហែសធ្វេស មិនគប្បីតាំងខ្លួនក្នុងមានះដ៏ក្រៃលែង ។ បុគ្គលអ្នកបង្អោនចិត្តទៅរកព្រះនិព្វាន មិនគប្បីដឹកនាំ ក្នុងពាក្យមុសាវាទ មិនគប្បីធ្វើសេចក្តីស្នេហាក្នុងរូប ត្រូវកំណត់ដឹងនូវមានះ ហើយគប្បីវៀរចេញចាកអំពើដ៏រួសរាន់ ។ មិនគប្បីស្រើបស្រាលទៅរកបញ្ចក្ខន្ធ ដែលជារបស់ចាស់ គឺជាអតីត មិនគប្បីធ្វើសេចក្តីពេញចិត្តនឹងបញ្ចក្ខន្ធ ដែលជារបស់ថ្មីគឺជាបច្ចុប្បន្ន មិនត្រូវសោកស្តាយនិងបញ្ចក្ខន្ធ ដែលសាបរលាបទៅហើយ មិនត្រូវជាប់ស្អិតនៅក្នុងតណ្ហា ។ តថាគតពោលនូវសេចក្តីជាប់ចិត្ត គឺតណ្ហាថា ជាអន្លង់ធំ តថាគតពោលនូវសេចក្តីជក់ចិត្ត គឺតណ្ហា ថាជាគ្រឿងលឿនទៅនៃចិត្ត ថាជាគ្រឿងជាប់ញ៉មនៅនៃចិត្ត ថាជាអារម្មណ៍នៃចិត្ត ថាជាគ្រឿងត្រិះរិះ (ព្រោះ) កាមតណ្ហា ដូចជាភក់ សត្វទាំងឡាយ អាចឆ្លងបានដោយលំបាក ។ អ្នកប្រាជ្ញ ជាព្រាហ្មណ៍ មិនគេចចេញចាកសច្ចៈ រមែងតាំងនៅលើទីទួលគឺព្រះនិព្វាន តថាគតហៅបុគ្គលនោះថាជាអ្នកស្ងប់ ព្រោះលះអាយតនៈ ទាំងអស់ ។ បុគ្គលនោះ ជាអ្នកប្រាជ្ញ បុគ្គលនោះ ជាអ្នកដល់នូវវេទ ជាបុគ្គលដែលតណ្ហា និងទិដ្ឋិមិនអាស្រ័យនៅហើយ ព្រោះឃើញសង្ខារធម៌ (ថាជារបស់មិនទៀត ជាទុក្ខ មិនមែនខ្លួន) បុគ្គលនោះ រមែងប្រព្រឹត្តនៅក្នុងលោកដោយប្រពៃ មិនជាប់ចិត្ត នឹងបុគ្គលណាមួយឡើយ ។ បុគ្គលណា បានឆ្លងផុតនូវកាមផងនូវកិលេស គ្រឿងជាប់ ដែលឆ្លងបានដោយកម្រ ក្នុងលោកផង បុគ្គលនោះ ឈ្មោះថា កាត់ខ្សែតណ្ហា មិនមានចំណង រមែងមិនសោក មិនសុបសៅ ។ កិលេស ជាតណ្ហា កើតឡើង (ព្រោះប្រារព្ធ) សង្ខារជាអតតី អ្នកចូរធ្វើកិលេស នោះ ឲ្យរីកស្ងួត ទៅកិលេសគ្រឿងកង្វល់ (មានរាគៈ ជាដើមកើតឡើងព្រោះប្រារព្ធ) សង្ខារដែលនឹងមានទៅខាងក្រោយ ចូរកុំមានដល់អ្នកឡើយ បើអ្នកមិនប្រកាន់ក្នុងធម៌ជាកណ្តាល (មានរូបជាដើមដែលជាបច្ចុប្បន្ន) អ្នកនឹងទៅជាបុគ្គលស្ងប់ ។ បុគ្គលណា មិនមានសេចក្តីប្រកាន់ក្នុងនាមនិងរូប ថាជារបស់អញសព្វកន្លែងទេ បុគ្គលនោះឯង រមែងមិនសោក ព្រោះនាមរូបដែលមិនមានផង មិនទ្រុឌទ្រោមទៅក្នុងលោកផង ។ កង្វល់ថា នេះរបស់អញ នោះជារបស់ជនដទៃ មិនមាន ដល់បុគ្គលនោះ កាលមិនបាននូវវត្ថុដែលប្រកាន់ថា របស់អញ រមែងសោកថា អញគ្មានដូច្នេះឡើយ ។ បុគ្គលដែលមិនមានឫស្សា មិនមានសេចក្តីត្រេកអរ ជាអ្នកមិនញាប់ញ័រ ជាអ្នកស្ងប់រម្ងាប់ ក្នុងអាយតនៈខាងក្នុង ខាងក្រៅ ទាំងអស់ តថាគត កាលបើមានបុគ្គលចូលមកសួរអានិសង្សរបស់បុគ្គលមិនញាប់ញ័រនោះ ក៏នឹងសម្តែង (អានិសង្សទាំង ៤ មិនមានឫស្សាជាដើមនោះ ) ។ (បណ្តាសង្ខារទាំង ៣ មាន បុញ្ញភិសង្ខារជាដើម) សង្ខារណាមួយ មិនមានដល់បុគ្គល អ្នកមិនញាប់ញ័រ អ្នកដឹងច្បាស់ (នូវត្រៃលក្ខណ៍) បុគ្គលនោះ វៀរស្រឡះចាកសង្ខារទាំង ៣ នោះ រមែងឃើញសេចក្តីក្សេមក្នុងទីទាំងពួង ។ អ្នកប្រាជ្ញ រមែងមិននិយាយអួត (ដោយមានះថា អញជាបុគ្គលស្មើគ្នា ) ក្នុងពួកបុគ្គលស្មើគ្នា (ថាអញជាបុគ្គលថោកទាប) ក្នុងពួកបុគ្គលដែលថោកទាប (ថាអញជាបុគ្គលប្រសើរ) ក្នុងពួកដែលប្រសើរ បុគ្គលនោះជាអ្នកស្ងប់ ប្រាសចាកសេចក្តីកំណាញ់ រមែងមិនប្រកាន់ មិនអន្ទះសារ ។ ចប់ អត្តទណ្ឌសូត្រទី ១៥ ___________________________________ (១) សច្ចៈ ៣ យ៉ាងគឺ វាចាសច្ចៈ ញាណសច្ចៈ មគ្គសច្ចៈ ។ អដ្ឋកថា ។ ដកស្រង់ពីព្រះត្រៃបិដកភាគ ៥៤ ទំព័រ ៣១៣-៣១៧ ដោយ៥០០០ឆ្នាំ |