Reading Article
Public date : 05, Dec 2020 (22,841 Read)
ផលនៃការថ្វាយភិក្ខាមួយវែក

|
ភិក្ខទាយត្ថេរាបទាន
ខ្ញុំបានឃើញព្រះសម្ពុទ្ធមានវណ្ណៈដូចមាស ទ្រង់គួរទទួលគ្រឿងបូជា ទ្រង់ចេញចាកព្រៃធំគឺតណ្ហាមកកាន់ព្រះនិព្វាន ។ ខ្ញុំទៅតាមស្នាមព្រះបាទានៃព្រះពុទ្ធ ទ្រង់ញ៉ាំងជនឲ្យរលត់ទុក្ខ ហើយបានថ្វាយភិក្ខាមួយវែក ដល់ព្រះមហេសីព្រះនាមសិទ្ថត្ថៈ ទ្រង់មានប្រាជ្ញា មានព្រះហឫទ័យស្ងប់រម្ងាប់ មានព្យាយាមច្រើន ទ្រង់មិនញាប់ញ័រ ដោយលោកធម៌ ។ សេចក្តីត្រេកអររបស់ខ្ញុំ មានប្រមាណច្រើនចំពោះព្រះពុទ្ធ ជាអាទិច្ចពន្ធុ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំ បានថ្វាយទាន ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយភិក្ខា ។ ក្នុងកប្បទី ៨៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ៧ ជាតិ ព្រះនាមមហារេណុដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ បានឮថា ព្រះភិក្ខទាយកត្ថេរ មានអាយុ បានសម្តែងហើយនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។ ចប់ ភិក្ខទាយកត្ថេរាបទាន ។ ដកស្រង់ពីព្រះត្រៃបិដកភាគ ៧៣ ទំព័រ ១-២ ដោយ៥០០០ឆ្នាំ |