Reading Article
Public date : 05, Dec 2020 (20,624 Read)
យល់ដឹងធម៌ពិត

|
យល់ដឹងធម៌ពិត
បើមិនបានយល់ដឹងធម៌ពិត ដែលប្រាកដផ្លូវភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ក្នុងខណៈនេះឱ្យបានត្រឹមត្រូវតាម សេចក្តីពិតទេ គឺមិនអាចបដិបត្តិធម៌បានឡើយ ។ មិនមានអ្នកណាបដិបត្តិធម៌បានទេ បើមិនបានយល់ មិន បានដឹងថា អ្វីជាធម៌ពិត ហើយធម៌ពិតកើតប្រាកដនៅទីណាទេ នោះ ។ ដូច្នេះ ចាប់ផ្តើមមុនអ្វីៗទាំងអស់ គឺសិក្សាស្តាប់ឱ្យបាន យល់ថា បដិបត្តិគឺអ្វី ។ កុំឱ្យយល់ច្រឡំថាបដិបត្តិបានសេចក្តីថាធ្វើ ក៏ចេះតែធ្វើៗទៅ ឱ្យតែបានពាក្យថាធ្វើធម៌ដែរនោះ ការអប់រំ ចម្រើនបញ្ញាមិនមែនដូច្នោះឡើយ ។ កំពុងឃើញខណៈនេះ មាន សភាវធម៌ប្រាកដផ្លូវភ្នែក ជាធម៌ដែលមានពិតៗ ។ ខណៈឮមាន សំឡេង ហើយមានអាការដឹងសំឡេងទៀត ជាបរមត្ថ ជាធម៌ ដែលមានពិត ធ្វើកិច្ចធ្វើនាទីទៀតផង ។ ប្រសិនបើ មិនមានធម៌ ពិតដែលមានពិតៗទេ តើអ្វីដឹងក្លិន ហើយបើអត់ក្លិនទេបានអ្វីមក ឱ្យធុំ ដូច្នេះដឹងក្លិនធម្មតាៗ តែនេះជាធម៌ដែលមានពិត ធម៌ជា បរមត្ថមិនមែនសត្វ កើតហើយរលត់រលាយបាត់ទៅវិញ ។ មានតែផ្លូវមួយគត់ គឺស្តាប់ពិចារណាឱ្យយល់ធម៌ក្នុងខណៈ នេះឯង ដឹងរសមានពិតនៅនឹងអណ្តាត មិនមែននៅនឹងភ្នែកឬ ត្រចៀក ឬក៏នៅនឹងចុងដៃចុងជើងអ្វីឡើយ ។ ក្តៅប្រាកដត្រង់ កាយ ក្តៅមានពិត ប៉ុន្តែជាយើងដែរឬទេ ? កុំចេះតែពីយើងគ្រុន យើងឈឺ យើងក្តៅខ្លួននោះ តើក្តៅជាតួខ្លួនយើងយ៉ាងម៉េចទៅ រលឹកឱ្យឃើញធម៌ពិតទៅមើល៍ ។ ធាតុត្រជាក់ប្រាកដត្រង់កាយ ត្រជាក់ពីក្រៅមកក្តី ត្រជាក់កើតខាងក្នុងក្តី គឺជាធាតុត្រជាក់ពិតៗ តើខ្លួនយើងនៅឯណា ? ឯការដឹងផោដ្ឋព្វៈនោះៗ ជានាមធម៌ មួយបែបប៉ុណ្ណោះ ដឹងក្នុងផុស្សនកិច្ច គឺកិច្ចប៉ះពាល់ហើយក៏រលត់ ទៅ ។ តឹងញ័រប្រាកដត្រង់កាយ រឹងទន់ប្រាកដត្រង់កាយ តើមាន យើងក្នុងលោកកាយនេះដែរឬទេ ? លោកកាយគឺជាកាយប្បសាទ មានសុទ្ធតែសភាវធម៌ពិត លោកភ្នែក លោកត្រចៀក លោកច្រមុះ លោកអណ្តាត និង លោកចិត្ត សុទ្ធតែសភាវធម៌ពិត ជាតួបរមត្ថ ពិត ធ្វើកិច្ចតាមភាពនៃធម៌នោះៗ សត្វបុគ្គលតួខ្លួនជាអ្នកធ្វើកិច្ច ទាំងនោះ មិនមានឡើយ ។ បើមិនដឹងសេចក្តីពិតនៃធម៌ជាបរមត្ថ ជាប្រក្រតីធម្មតា គឺ វាមានតែសេចក្តីសម្គាល់ថា មានយើង មានគេ ដូច្នេះ បដិបត្តិធម៌ មិនកើតឡើងឡើយ ព្រោះមិនមែនយើងឬតួខ្លួនយើងជាអ្នកបដិបត្តិ ឬជាអ្នកឱ្យធម៌បដិបត្តិកើតឡើងនោះទេ ។ បរិយត្តិ គឺសិក្សាឱ្យយល់លក្ខណៈនៃសភាវធម៌ជាធម៌ពិត ដែលមានពិតៗ ដែលកំពុងប្រាកដក្នុងខណៈនេះ ។ ធម៌ពិតក្នុង លោក ៦ ជាប្រក្រតី អត់ត្រូវទៅស្វែងរកធម៌ពិតក្នុងទីដទៃណា ឡើយ ខណៈនេះក៏មានធម៌ពិតកំពុងប្រាកដ ធម៌អ្វីក៏បានដែរ មិន សំខាន់នៅត្រង់ធម៌នេះឬធម៌នោះឡើយ ស្រេចហើយតែធម៌ពិត នោះជាបរមត្ថប្រាកដដល់បញ្ញា ។ មានពុទ្ធបរិស័ទខ្លះទាំងបព្វជិត ទាំងគ្រហស្ថ ស្វែងរកធម៌ទៅតាមកន្លែងផ្សេងៗ ទាំងក្នុងស្រុក ទាំងក្រៅស្រុក លុះដល់បានសិក្សាព្រះធម៌យល់អំពីធម៌ពិត ក៏ដឹង ថា ទាន់ពេលដែលបើកភ្នែកភ្ញាក់ឡើង ក៏មានធម៌ពិតប្រាកដ រហូត ដល់សិងលក់ សម្រាន្តលក់ទៅវិញ ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគ១៦ រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |