Reading Article
Public date : 30, Jul 2019 (8,165 Read)
ក្រោមម្លប់សំពត់កាសាវៈ

|
ក្រោមម្លប់សំពត់កាសាវៈ
នៅក្នុងធម្មបទដ្ឋកថា ព្រាហ្មណវគ្គ មានសម្តែងអំពីដំណើរ ជីវិតរបស់កុលបុត្រមួយរូប ឈ្មោះ សុន្ទរសមុទ្ទកុមារ កើតក្នុង ត្រកូលសេដ្ឋីក្រុងសាវត្ថីមានសម្បត្តិ ៤០ កោដិ ។ ថ្ងៃមួយ សុន្ទរសមុទ្ទកុមារមានសេចក្តីជ្រះថ្លាទៅវត្តស្តាប់ ធម៌ជាមួយនឹងមហាជន ។ ព្រះបរមសាស្តាទ្រង់ជ្រាបអធ្យាស្រ័យ របស់គេ ទើបព្រះអង្គទ្រង់ត្រាស់សម្តែងឱ្យគេមានសទ្ធាក្នុងផ្នួស ។ សុន្ទរសមុទ្ទកុមារ ប្រឹងប្រែងខ្លាំងណាស់ ទម្រាំតែមាតាបិតា អនុញ្ញាតឱ្យបួស របៀបដូចកុលបុត្រឈ្មោះរដ្ឋបាល ដូច្នោះដែរ ។ កាលដែលបានបួសហើយ មិនជាប់ជំពាក់នឹងត្រកូល មិន ជាប់ជំពាក់នឹងទីកន្លែង លោកបានចេញពីក្រុងសាវត្ថីទៅកាន់ក្រុង រាជគ្រឹះ ប្រព្រឹត្តបិណ្ឌបាត ញ៉ាំងកាលឱ្យកន្លងទៅដោយការរស់ នៅក្រោមម្លប់កាសាវពស្ត្រ ។ ក្រោយមក ថ្ងៃមួយ មាតាបិតារបស់ព្រះសុន្ទរសមុទ្ទត្ថេរៈ នោះ បានឃើញប្រុសៗដែលធ្លាប់ជាមិត្តសម្លាញ់របស់កូន កំពុង តែរីករាយដោយកាមគុណក្នុងគំនរនៃទ្រព្យសម្បត្តិ ក្នុងថ្ងៃមហោស្រព ក៏នឹករលឹកដល់កូន ប្រាថ្នាឱ្យកូនសប្បាយដូចគេដែរ ។ កាលនោះ មានស្រីសោភិនីម្នាក់ទៅកាន់ត្រកូលនោះ ឃើញមាតារបស់ សុន្ទរសមុទ្ទត្ថេរៈកំពុងអង្គុយយំ ក៏បានសាកសួរ ៖ សោភិនី : ម៉ែ ហេតុអ្វីបានជាម៉ែយំ ? មាតា : យើងគិតដល់កូន បានជាយើងយំ ។ សោភិនី : ចុះកូនម៉ែ ទៅណា ? មាតា : បួសក្នុងសម្នាក់ភិក្ខុទាំងឡាយ ។ សោភិនី : បើឱ្យលោកសឹកមកវិញ មិនគួរឬ ? មាតា : គួរ ប៉ុន្តែលោកមិនចង់សឹក លោកចេញពីសាវត្ថី នេះទៅកាន់ក្រុងរាជគ្រឹះហើយ ។ សោភិនី : បើនាងខ្ញុំធ្វើឱ្យលោកសឹកបាន តើម៉ែឱ្យអ្វីខ្ញុំ ? មាតា : ពួកយើងនឹងឱ្យនាងបានជាម្ចាស់នៃកំណប់ទ្រព្យ ក្នុងត្រកូលនេះ ។ សោភិនី : បើដូច្នោះ សូមម៉ែឱ្យប្រាក់មួយចំនួនដល់នាងខ្ញុំ ដើម្បីចាត់ចែងក្នុងរឿងនេះ ។ នាងសោភិនី បានទៅកាន់ក្រុងរាជគ្រឹះ ព្រមដោយបរិវារដ៏ ច្រើន កំណត់ផ្លូវបិណ្ឌបាតនៃព្រះថេរៈហើយ ជួលប្រាសាទ ៧ ជាន់ ជាទីសម្នាក់ក្នុងទីនោះ រៀបចំអាហារប្រណីតទុកតាំងពីព្រលឹម ហើយប្រគេនដល់ព្រះថេរៈដែលនិមន្តបិណ្ឌបាត ។ ពីរបីថ្ងៃក្រោយ មក បាននិមន្តព្រះថេរៈឱ្យឆាន់នៅនឹងប្រាសាទតែម្តង ។ នាងបាន ធ្វើល្បិចឱ្យក្មេងមកលេងដី ហើយស្រែកលេងខ្លាំងៗ ហាមមិន ស្តាប់ ដើម្បីបានកិច្ចនិមន្តលោកឡើងទៅជាន់លើបំផុត ។ ព្រះថេរៈ សូម្បីជាភិក្ខុដែលប្រព្រឹត្តបិណ្ឌបាតជាវត្តយ៉ាងឧក្រិដ្ឋ ក៏ត្រូវជាប់ ជំពាក់នឹងរសនៃអាហារ ត្រូវរសតណ្ហាគ្របសង្កត់ ទើបព្រមឡើង ទៅលើប្រាសាទជាន់ទី ៧ តាមពាក្យរបស់នាង ។ នាងសោភិនី បានប្រើមាយារបស់ខ្លួនជាស្ត្រី ដោយពាក្យ សម្តី ដោយអាកប្បកិរិយាសព្វគ្រប់ នាងតាក់តែងខ្លួនប្រាណ ស្អាត ដោយសម្លៀកបំពាក់ ស្អិតស្អាងដោយកម្រងផ្កា មានជើងលាប និង ដុសខាត់ដោយទឹកល័ក្ត ពាក់ស្បែកជើងមាស ។ លុះដោះ ស្បែកជើងចេញហើយ ក៏ធ្វើអញ្ជលីចំពោះមុខ ហើយពោលវាចា ចែចង់ ដោយសម្តីដ៏ទន់ពីរោះដូច្នេះថា ៖ លោកនៅកំលោះហើយ បួសយ៉ាងនេះសូមលោកជឿពាក្យរបស់នាងខ្ញុំម្ចាស់ចុះ សូមលោក បរិភោគកាមជារបស់មនុស្សសិន ខ្ញុំព្រះករុណា នឹងប្រគល់នូវ សម្បត្តិដ៏ជាទីពេញចិត្តដល់លោក ។ បើលោកមិនជឿ ខ្ញុំសូមស្បថ មុខភ្លើង ខ្ញុំព្រះករុណា និយាយនូវពាក្យពិត កាលណាយើង ទាំងពីរនាក់ ជាមនុស្សចាស់កាន់ឈើច្រត់ហើយ យើងនឹងបួស ទាំងអស់គ្នា ដូច្នោះយើងនឹងកាន់យកបាននូវជ័យជម្នះក្នុងលោក ទាំងពីរ ។ គ្រានោះ សេចក្តីសង្វេគបានកើតឡើងដល់ព្រះថេរៈថា ៖ ឱហ្ន៎ ! អំពើដែលយើងធ្វើហើយដោយមិនបានពិចារណា នេះជា កម្មដ៏ធ្ងន់ ។ ក្នុងខណៈនោះ ព្រះបរមសាស្តា ទ្រង់គង់ប្រថាប់នៅព្រះជេតពន ៤៥ យោជន៍ពីក្រុងរាជគ្រឹះ ទ្រង់ប្រារឰរឿងនោះ ហើយ ទ្រង់ព្រះញញឹមឱ្យប្រាកដ ។ កាលដែលព្រះអានន្ទក្រាបទូលសួរ ព្រះអង្គទ្រង់ត្រាស់ថា សង្គ្រាមកើតមានដល់សុន្ទរសមុទ្ទភិក្ខុជាមួយ នឹងនាងសោភិនី នៅលើប្រាសាទជាន់ទី ៧ នាក្រុងរាជគ្រឹះ ។ ព្រះអានន្ទក្រាបទូលសួរជាបន្តថា នរណាឈ្នះព្រះអង្គ ? ព្រះអង្គ ត្រាស់ថា បុត្ររបស់តថាគតជាអ្នកឈ្នះ ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនាព្រះជេតពនមហាវិហារនោះឯង ទ្រង់ផ្សាយព្រះ រស្មីទៅ ហើយត្រាស់ថា ៖ ម្នាលភិក្ខុ អ្នកចូរអស់អាល័យ ចូរលះនូវ កាមទាំងពីរចេញ រួចត្រាស់នូវព្រះគាថា ៖ យោធ កាមេ បហន្តាន អនាគារោ បរិព្វជេ កាមភវបរិក្ខីណំ តមហំ ព្រូមិ ព្រាហ្មណំ ។ បុគ្គលណា លះកាមទាំងឡាយក្នុងលោកនេះហើយ ជា បុគ្គលមិនមានផ្ទះ គេចចេញចាកកាមបាន តថាគតហៅបុគ្គល នោះ ដែលជាអ្នកមានកាមអស់ហើយ និង ជាអ្នកមានភពអស់ ហើយ ថាជាព្រាហ្មណ៍ ។ កាលចប់ព្រះធម៌ទេសនា ព្រះថេរៈសម្រេចព្រះអរហត្ត ព្រមដោយឫទ្ធិ លោកហោះចេញអំពីប្រាសាទ មកថ្វាយបង្គំ ព្រះបរមសាស្តា ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគ១៦ រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |