Reading Article
Public date : 06, Jul 2021 (63,135 Read)
ភិក្ខុយមកៈមានទិដ្ឋិអាក្រក់

|
បរិវដ្តៈ ៣ ក្នុងខន្ធ ៥
ស្រង់ចាក យមកសូត្រ ភិក្ខុយមកៈមានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះថា អាត្មាអញយល់ច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែង ហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខ អំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យ មិនកើតទៀតទេ ។ ព្រះសារីបុត្របានជួយដោះទិដ្ឋិអាក្រក់ ឱ្យចេញអំពី សន្តាននៃព្រះភិក្ខុយមកៈ ដោយបានតាំងនូវសំនួរក្នុងបរិវដ្តៈ ៣ ដូចតទៅ ៖ សា-ម្នាលអាវុសោយមកៈ លោកសំគាល់សេចក្តី នោះដូចម្តេច លោកពិចារណាឃើញរូបថា ជាសត្វ ជា បុគ្គលឬ ? យ-មិនដូច្នោះទេ អាវុសោ ។ សា-លោកពិចារណាឃើញវេទនាថា ជាសត្វ ជា បុគ្គលឬ ? យ-មិនដូច្នោះទេ អាវុសោ ។ សា-លោកពិចារណាឃើញសញ្ញាថា ជាសត្វ ជា បុគ្គលឬ ? យ-មិនដូច្នោះទេ អាវុសោ ។ សា-លោកពិចារណាឃើញសង្ខារថា ជាសត្វ ជា បុគ្គលឬ? យ-មិនដូច្នោះទេ អាវុសោ ។ សា-លោកពិចារណាឃើញវិញ្ញាណថា ជាសត្វ ជា បុគ្គលឬ ? យ-មិនដូច្នោះទេ អាវុសោ ។ សា-ម្នាលអាវុសោយមកៈ លោកសំគាល់សេចក្តី នោះថាដូចម្តេច លោកពិចារណាឃើញ សត្វ បុគ្គល មាន ក្នុងរូប ឬ ? យ-មិនដូច្នោះទេ អាវុសោ ។ សា-លោកពិចារណាឃើញ សត្វ បុគ្គល ផ្សេងអំពី រូប ឬ ? យ-មិនដូច្នោះទេ អាវុសោ ។ សា-លោកពិចារណាឃើញសត្វ បុគ្គល មានក្នុង វេទនា ឬ ? យ-មិនដូច្នោះទេ អាវុសោ ។ សា-លោកពិចារណាឃើញ សត្វ បុគ្គល ផ្សេងអំពី វេទនា ឬ ? យ-មិនដូច្នោះទេ អាវុសោ ។ សា-លោកពិចារណាឃើញ សត្វ បុគ្គល មានក្នុង សញ្ញា ឬ ? យ-មិនដូច្នោះទេ អាវុសោ ។ សា-លោកពិចារណាឃើញ សត្វ បុគ្គល ផ្សេងអំពី សញ្ញា ឬ ? យ-មិនដូច្នោះទេ អាវុសោ ។ សា-លោកពិចារណាឃើញ សត្វ បុគ្គល មានក្នុង សង្ខារ ឬ ? យ-មិនដូច្នោះទេ អាវុសោ ។ សា-លោកពិចារណាឃើញ សត្វ បុគ្គល ផ្សេងអំពី សង្ខារ ឬ ? យ-មិនដូច្នោះទេ អាវុសោ ។ សា-លោកពិចារណាឃើញ សត្វ បុគ្គល មានក្នុង វិញ្ញាណ ឬ ? យ-មិនដូច្នោះទេ អាវុសោ ។ សា-លោកពិចារណាឃើញ សត្វ បុគ្គល ផ្សេងអំពី វិញ្ញាណ ឬ ? យ-មិនដូច្នោះទេ អាវុសោ ។ យ-ម្នាលអាវុសោយមកៈ លោកសំគាល់សេចក្តី នោះដូចម្តេច លោកពិចារណាឃើញ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណថា ជាសត្វ ជាបុគ្គល ឬ ? យ- មិនដូច្នោះទេ អាវុសោ ។ សា-ម្នាលអាវុសោយមកៈ លោកសំគាល់សេចក្តី នោះ ដូចម្តេច លោកពិចារណាឃើញ សត្វ បុគ្គល នេះថា មិនមានរូប មិនមានវេទនា មិនមានសញ្ញា មិនមានសង្ខារ មិនមានវិញ្ញាណឬ ? យ- មិនដូច្នោះទេ អាវុសោ ។ សា-ម្នាលយមកៈដ៏មានអាយុ ដោយពិត ដោយ ប្រាកដ លោកស្រាវជ្រាវរកសត្វ បុគ្គលក្នុងខន្ធ៥ ជាបច្ចុប្បន្ន នេះមិនឃើញផង គួរដែរឬ ដែលលោកបានអះអាងថា អាត្មាអញយល់ច្បាស់នូវធម៌ ដែលព្រះដ៏មានព្រះភាគទ្រង់ ត្រាស់សំដែងថា ភិក្ខុជាខីណាស្រព តែកាលណាទម្លាយ កាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យ មិនកើតទៀតទេ ។ យ-លោកម្ចាស់សារីបុត្រដ៏មានអាយុ កាលអំពី ដើម ខ្ញុំមិនដឹងថា ទិដ្ឋិរបស់ខ្ញុំនោះ ជាទិដ្ឋិអាក្រក់ តែឥឡូវនេះ ខ្ញុំលះបង់នូវទិដ្ឋិអាក្រក់នោះហើយ ព្រោះបានស្តាប់ ធម្មទេសនានេះរបស់ព្រះសារីបុត្រដ៏មានអាយុ មួយទៀត ខ្ញុំព្រះករុណាក៏បានសំរេចនូវធម៌ដ៏វិសេសហើយ ។ -ឧបាទានក្ខន្ធទុក្ខ កាលដែលរលត់ទៅ មិនមាន សត្វរលត់ផ្សេងទៀតឡើយ ។ -ក្នុងអបាយភូមិ ៤ ក៏ដោយ ក្នុងមនុស្សទេវតា ឬ ព្រហ្មក៏ដោយ ឱ្យតែជាខន្ធ គឺនៅក្នុងសាមញ្ញលក្ខណៈទាំងអស់ ។ -វិញ្ញាណដឹងអារម្មណ៍ ដ៏ជាទិព្វក្នុងទេវលោក ក៏ មិនមែនជាតួយើងអ្នកដឹងដែរ ។ -នៅក្នុងកំណើតមនុស្សពិតមែន ប៉ុន្តែបានកំណត់ ដឹងនូវកាយដែលប្រកបដោយមហាភូតរូប ៤ ហើយបាន ឃើញដោយបញ្ញាដ៏ប្រពៃ ចំពោះវិញ្ញាណដែលដឹងនូវអារម្មណ៍ថា ត្រឹមតែជាវិញ្ញាណប៉ុណ្ណោះ កំណើតមនុស្សនេះ ប្រសើរជាងសេចក្តីប្រកាន់តួខ្លួន ទោះជានៅក្នុងកំណើត ទេវតា ឬកំណើតព្រហ្មក៏ដោយ ។ -បញ្ចក្ខន្ធគឺជាព្រៃស្តុក ពោរពេញទៅដោយសត្វ សាហាវ ។ -ដូចម្តេចក៏មិនដឹងឥឡូវទៅ ដើម្បីបានទៅដល់ ទីដែលផុតទុក្ខព្រួយឆាប់ៗ ។ -បើនៅតែក្រៅសាលាទេ ពេលចេះពេលដឹងគឺ អត់មានតែម្តង ។ -ហាត់ដឹងសន្សឹមៗទៅ វាមានទៅខាតពេល វេលាឯណា ។ -សភាវធម៌សំរាប់សិក្សាឱ្យបានដឹង មានគ្រប់ ពេលវេលាទាំងអស់ ទាំងគ្រូបង្ហាត់បានដល់ព្រះធម៌ ព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងហើយ បញ្ញត្តិ ហើយ ក៏មានដោយពិត ឯចំណែកទីបំផុតថ្នាក់គឺមគ្គញ្ញាណ ក៏នៅមានដែរ តើចាំដល់ពេលណាទៀត ទើបបានចូលសិក្សា ក្នុងសាលាលោក ៦នេះ ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគ៤ រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |