Reading Article
Public date : 06, Jul 2021 (19,188 Read)
ផ្លូវតែមួយគត់

|
ផ្លូវតែមួយគត់
វិសាខា ជាបញ្ចពិធកល្យាណី សម្រេចធម៌ជាព្រះសោតាបន្នា តាំងពីអាយុ ៧ ឆ្នាំ ។ នាងជាបុត្ររបស់សុមនាទេវី ជាមួយនឹងធនញ្ជ័យសេដ្ឋី ហើយត្រូវជាចៅស្រីសម្លាញ់នៃមេណ្ឌកសេដ្ឋី ក្នុងភទ្ទិយនគរ ដែនអង្គៈ ។
ក្នុងកាលនោះ គឺព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបនូវឧបនិស្ស័យនៃអ្នកដែលត្រូវបានសម្រេចមគ្គផល ក្នុង ភទ្ទិយនគរ ទើបព្រះអង្គស្តេចយាងទៅកាន់នគរនោះ ព្រមដោយ ព្រះភិក្ខុសង្ឃជាច្រើនអង្គ ។ កាលដែលព្រះអង្គទ្រង់យាងទៅដល់ ហើយ មេណ្ឌកសេដ្ឋីក៏បានឱ្យចៅស្រីសម្លាញ់ទៅទទួលព្រះដ៏មានព្រះភាគជាមួយនឹងគាត់ ព្រមដោយកុមារីជាបរិវាររបស់ចៅ ៥០០ នាក់ ។ ក្នុងកាលនោះ វិសាខាបានឡើងកាន់យានរបស់នាង ចំណែកកុមារីដទៃទាំង ៥០០ នាក់ សុទ្ធតែមានយានរៀងៗខ្លួន ឆ្ពោះទៅរកព្រះដ៏មានព្រះភាគទាល់តែអស់ផ្លូវយាន ទើបនាំគ្នាដើរ ចូលទៅ ថ្វាយបង្គំព្រះបរមសាស្តា ហើយនាំគ្នាឈរក្នុងទីដ៏សមគួរ ព្រះសព្វញ្ញពុទ្ធទ្រង់ត្រាស់សម្តែងធម៌ ដោយអំណាចនៃបុព្វចរិយា របស់នាង ។ ក្នុងពេលចប់ធម៌ទេសនា នាងព្រមទាំងកុមារី ៥០០ នាក់ តាំងនៅក្នុងសោតាបត្តិផល ។ ចំណែកមេណ្ឌកសេដ្ឋី ចូល គាល់ព្រះបរមសាស្តា ស្តាប់ធម្មកថាហើយសម្រេចសោតាបត្តិផល ទើបបាននិមន្តព្រះភិក្ខុសង្ឃមានព្រះសម្មាសម្ពុទ្ធជាប្រមុខ ទទួល ចង្ហាន់ក្នុងថ្ងៃស្អែក ។ នេះជាការសម្តែងដល់បារមី និង ឥន្ទ្រិយដែលបានអប់រំ ចម្រើនហើយ មិនមែននៅត្រង់សម្នាក់បដិបត្តិ កន្លែងនេះឬ កន្លែងនោះឡើយ ។ពន្លឺភ្លឺស្វាងកម្ចាត់អវិជ្ជា ឃើញធម៌ដែលកើត ឡើង ដែលមានពិត ដែលកំពុងប្រាកដ ជាបរមត្ថ នេះជាបដិបត្តិធម៌ ជាបដិបទាចូលទៅរកការអស់សេចក្តីប្រកាន់ ។ ពុទ្ធបរិស័ទ ជាប់ចិត្តនឹងការធ្វើធម៌ តើធ្វើធម៌អ្វី ? ធ្វើចិត្ត ឱ្យស្ងប់ ។ ឥឡូវនេះ ចិត្តមានហើយតើ ជារបស់ដែលមានពិត ប្រាកដមិនមែនជាខ្លួនយើងហើយស្រេច រស់នៅសប្បាយៗជាមួយ ធម៌ពិត នេះជាការអប់រំចិត្ត លះសេចក្តីប្រកាន់ ជាដំណើរចេញ ចាកលោក ។ បើនិយាយពីធ្វើវិញ តើយើងធ្វើអ្វីបានខ្លះ ព្រោះធម៌ ទាំងពួងអាស្រ័យបច្ច័យកើតឡើង ។ បដិបត្តិធម៌ មិនមែនធ្វើធម៌អ្វី ទាំងអស់ បដិបត្តិធម៌ គឺយល់ត្រូវ ឃើញត្រូវ តាមសេចក្តីពិត នៃ ធម៌ដែលមានពិត ។ ឧបាសិកាខុជ្ជុត្តរា លួចប្រាក់រាល់ថ្ងៃ ក្នុងតម្លៃទិញផ្កា ពេលស្តាប់ព្រះធម៌ទេសនាសម្រេចសោតាបត្តិផល ដូច្នេះ តើអ្វីជាតួ បដិបត្តិធម៌ ? បដិបត្តិធម៌ចេញចាកទុក្ខ មានតែម៉្យាងគត់ ទោះជា បែបព្រះចក្ខុបាលត្ថេរៈ នាំគ្នាលោកទៅនៅព្រៃក្តី ឬបែបបណ្ឌិត សាមណេរ លាព្រះឧបជ្ឈាយ៍ពេលកំពុងនិមន្តបិណ្ឌបាត ត្រឡប់ មកប្រព្រឹត្តសមណធម៌ក្នុងកុដិក្តី បដិបត្តិធម៌គឺកំណត់ដឹងធម៌ដែល មានពិត គឺគ្រប់ព្រះអរិយបុគ្គលទាំងអស់ ទាំងគ្រហស្ថ ទាំង បព្វជិត ទាំងមនុស្ស ទាំងទេវតាឥន្ទព្រហ្ម ទាំងក្នុងអតីតកាល ទាំង ក្នុងអនាគតកាល ទាំងក្នុងបច្ចុប្បន្នកាល ពោលគឺផ្លូវតែមួយគត់ សូម្បីព្រះដ៏មានព្រះភាគ ក៏ស្តេចយាងតាមផ្លូវនេះដែរ ។ នៅក្នុងបុណ្ណោវាទសូត្រ បិដកលេខ ២៨ , ទំព័រ ២៦១ ព្រះបុណ្ណៈដ៏មានអាយុ ចូលគាល់ព្រះដ៏មានព្រះភាគ សូមឱវាទ ទូន្មាន ។ ព្រះបរមសាស្តា ទ្រង់ត្រាស់អំពីរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និង ធម្មារម្មណ៍ បើបុគ្គលមានតណ្ហាឧបាទានរីករាយក្នុង អារម្មណ៍នោះៗហើយ ព្រះអង្គត្រាស់ថា ការកើតឡើងនៃសេចក្តី ទុក្ខ ព្រោះការកើតឡើងនៃសេចក្តីរីករាយ ឯការរលត់សេចក្តីទុក្ខ ព្រោះការរលត់សេចក្តីរីករាយ រួចហើយព្រះអង្គត្រាស់សួរព្រះបុណ្ណៈដូច្នេះថា ម្នាលបុណ្ណៈ តថាគតទូន្មានអ្នក ដោយឱវាទយ៉ាង សង្ខេបនេះហើយ តើអ្នកនឹងទៅនៅជនបទណា ? អ្នកដែលចូលទៅគាល់ព្រះបរមសាស្តា ព្រះអង្គតែងតែ ប្រទាននូវព្រះធម៌ទេសនា រំលឹកដាស់តឿន ទូន្មានប្រៀនប្រដៅ ប្រាប់ពន្យល់ ឯចំណែកវិហារធម៌ រស់នៅយ៉ាងណា នៅកន្លែង ណា គឺទៅតាមអធ្យាស្រ័យ បើជាបព្វជិត ក៏ឱ្យសមរម្យតាម ព្រះវិន័យរបស់អ្នកបួស ។ ទៅក្តី នៅក្តី ទីណាៗ ក៏មានភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និង មានចិត្តដែរ ធម៌ពិតមានក្នុងលោក ៦ បើមិនដឹងធម៌ ក្នុងលោក ៦ ទេ ឈ្មោះថា រកធម៌ពិតមិនឃើញឡើយ ឬថា ជា បុគ្គល ខ្វាក់ភ្នែក ពោលគឺមិនមានបញ្ញាចក្ខុ ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគ១៦ រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |