Reading Article
Public date : 14, Oct 2021 (11,313 Read)
លំហាត់សម្រាកចិត្ត-កាយ

|
លំហាត់សម្រាកចិត្ត-កាយ
តើលំហាត់សម្រាកចិត្ត-កាយគឺជាអ្វីុ? លំហាត់សម្រាកចិត្ត-កាយគឺជាបច្ចេកទេសនៃការប្រើប្រាស់សមាធិ ( ជាវិធីសាស្ត្រមួយក្នុងការគ្រប់គ្រងអារម្មណ៍ឲ្យស្ងប់ល្អ) គួបផ្សំនឹងលំហាត់ដកដង្ហើម ការសម្រួលសាច់ដុំ និងសម្រួលឥរិយាបថឲ្យបានសម្រាកព្រមជាមួយនឹងចិត្ត ដែលជាមធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយការតានតឹងចិត្ត។
នៅពេលដែលយើងមានការតានតឹងចិត្ត យើងគប្បីហ្វឹកហាត់និងអនុវត្តជាប្រចាំនូវលំហាត់សម្រាកចិត្ត-កាយមួយ ឬច្រើនប្រភេទទៅតាមលទ្ធភាពដែលអាចធ្វើបាន។ លំហាត់ទាំងនេះមាន ៤ ប្រភេទគឺ៖ ១- លំហាត់ដកដង្ហើម ២- លំហាត់សម្រាកសាច់ដុំជាដំណាក់ៗ ៣- លំហាត់ពោលពាក្យផ្ទួនៗ ៤- លំហាត់សមាធិតាមរបៀបផ្សេងៗ។ ដើម្បីធ្វើលំហាត់ចិត្ត-កាយនីមួយៗដូចខាងលើ យើងគួរមានសម្លៀកបំពាក់ធូររលុង រើសទីកន្លែងស្ងៀមស្ងាត់គ្មានការរំខាន។ គួរធ្វើលំហាត់ឲ្យបានពីរដងក្នុងមួយថ្ងៃ គឺពេលព្រឹក១ដង ពេលល្ងាច ១ដងនៅមុនពេលបរិភោគអាហារ។ យើងអាចជ្រើសរើសយកលំហាត់ណាមួយដែលងាយស្រួលសម្រាប់ខ្លួនឬធ្វើលំហាត់ផ្សេងទៀតតាមតែយើងអាចធ្វើបាន។ វិធីធ្វើលំហាត់សម្រាកចិត្ត-កាយ ១- លំហាត់ដកដង្ហើម ក្នុងពេលដែលផ្លូវចិត្តរបស់យើងមានការរំខាន ដំណើរដកដង្ហើមរបស់យើងមានលក្ខណៈខ្លីៗ និងមិនធម្មតា បើយើងអាចប្រឆាំងនឹងការប្រែប្រួលផ្នែកផ្លូវកាយ និងផ្លូវចិត្ត ហើយអាចបង្កើតឡើងនូវភាពសុខសាន្តផ្លូវចិត្ត និងផ្លូវកាយរបស់យើងបាន។ ដើម្បីធ្វើលំហាត់ដកដង្ហើម យើងអាចជ្រើសរើសយកឥរិយាបថ ដែលមានលក្ខណៈងាយស្រួលសម្រាប់យើងដូចជា ឈរ អង្គុយលើកៅអី ឬដេកត្រង់ខ្លួនលើគ្រែក្នុងលក្ខណៈសម្រាកយ៉ាងស្ងៀមស្ងាត់ហើយដកដង្ហើមចេញចូលវែងៗរយៈពេល២ទៅ៣នាទី ឬអាចលើសពីនេះ។ តាមធម្មតាយើងសម្គាល់ឃើញថា ដើមទ្រូងរបស់យើងមានចលនាពេលណាយើងដកដង្ហើមចេញ-ចូល។ ចំពោះការធ្វើលំហាត់នេះ យើងត្រូវរៀនធ្វើចលនាពោះរបស់យើង រួមជាមួយនឹងការដកដង្ហើម។ យើងនឹងសង្កេតឃើញថា ដើមទ្រូងនិងពោះរបស់យើង ក៏រីកឡើងនៅពេលដែលយើងដកដង្ហើមចូល។ យើងត្រូវរៀនដកដង្ហើមចូល និងចេញយឺតៗជាបន្តបន្ទាប់ឲ្យបានវែងៗ។ យើងអាចនឹងធ្វើលំហាត់នេះដោយងាយស្រួល ប្រសិនបើយើងប្រមូលអារម្មណ៍ឲ្យមូលទៅលើពោះ ដែលវានឹងរីកឡើងសន្សឹមៗនៅពេលយើងដកដង្ហើមចូលវែងៗ។ បន្ទាប់ពីនោះមក យើងដកដង្ហើមចេញដោយស្វ័យប្រវត្តិដើម្បីឲ្យសាច់ដុំទ្រូងនិងពោះបានសម្រាក។ យើងគួរព្យាយាមធ្វើបែបនេះយ៉ាងយឺតៗនិងជាបន្តបន្ទាប់ ដោយការដកដង្ហើមពុំឲ្យឮសូរសម្លេង។ ក្នុងការធ្វើលំហាត់ដកដង្ហើមនេះ យើងត្រូវព្យាយាមបំភ្លេចចោលរឿងរ៉ាវអវិជ្ជមានទាំងឡាយដេលបានកើតឡើងដោយខិតខំប្រមូលអារម្មណ៍របស់យើងសមាធិតែលើការដកដង្ហើមចេញ និងចូល តាមរយៈការរាប់លេខ ឬនឹកក្នុងអារម្មណ៍នូវពាក្យដូចជា " ពុទ្ធោ " គឺ " ពុទ្ធ " ពេលដកដង្ហើមចូល និង " ទ្ធោ " ពេលដកដង្ហើមចេញ។ តាមបែបនេះជាបណ្ដើរៗ យើងត្រូវបង្កើនរយៈពេលនៃការពោលពាក្យ " ពុទ្ធោ " នេះ ឬបង្កើនចំនួននៃការរាប់តាមខ្យល់ដកដង្ហើម។ ការដកដង្ហើមនេះ មិនត្រូវប្រឹងធ្វើដោយលំបាកនោះឡើយ គឺត្រូវធ្វើដោយសម្រួលជានិច្ច ក៏ប៉ុន្តែត្រូវព្យាយាមគ្រប់គ្រងអារម្មណ៍សមាធិរបស់ខ្លួនលើខ្យល់ដកដង្ហើមឲ្យបានល្អ។ លំហាត់សម្រាកសាច់ដុំជាដំណាក់ៗ ក្នុងខណៈដេលលយើងមានការតានតឹងចិត្ត ពេលនោះសាច់ដុំទាំងឡាយ នឹងស្ថិតនៅក្នុងសភាពកន្ត្រាក់ និងតានតឹង។ ព្រមជាមួយគ្នានេះដែរ អាការៈមួយចំនួនក៏បានលេចចេញលើរាងកាយរបស់យើងដូចជា ឈឺក្បាល ឈឺខ្នង រោយក ឈឺសន្លាក់ដៃជើង ខ្សោយកម្លាំង និងនឿយហត់។ ក្រៅពីនេះអាការៈដែលកើតឡើងលើផ្លូវចិត្តមានដូចជា ការភ័យខ្លាច អារម្មណ៍មួម៉ៅ ឬងាយភ្ញាក់ផ្អើលក្នុងចិត្តជាដើម។ អាការៈផ្នែកផ្លូវចិត្តនេះ បានជម្រុញឲ្យមានការកន្ត្រាក់សាច់ដុំជាប្រចាំ ជាហេតុនាំឲ្យមានរោគសញ្ញាលើរាងកាយដូចខាងលើ។ ការអនុវត្តលំហាត់សម្រាកសាច់ដុំជាដំណាក់ៗដូចខាងក្រោមនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការតានតឹងចិត្តដ៏មានប្រសិទ្ធភាពដូចជាលំហាត់ដង្ហើមខាងដើមដែរ។ ដើម្បីធ្វើលំហាត់សាច់ដុំជាដំណាក់ៗ យើងត្រូវផ្ទង់អារម្មណ៍លើផ្នែកនីមួយៗនៃរាងកាយក្នុងស្ថានភាពដេកត្រង់ខ្លួន បន្ទាប់មកចាប់ផ្ដើមគិតពីម្រាមជើងជាដំណាក់ៗរហូតដល់ក្បាល គឺ ម្រាមជើងប្រអប់ជើងទាំងសង្ខាង កជើង សាច់ដុំកំភួនជើង ក្បាលជង្គង់ សាច់ដុំភ្លៅ ត្រគាក ចង្កេះ គូទ ខ្នង ក្បាល ពោះ ដើមទ្រូង ម្រាមដៃ និងប្រអប់ដៃទាំងសងខាង កំភួនដៃ កែងដៃ ដើមដៃ ស្មា ក កញ្ចឹងក ក្បាល មុខ និងច្រមុះ។ ពេលគិតត្រង់កន្លែងណាមួយរួចហើយ ត្រូវទុកសាច់ដុំកន្លែងនេះឲ្យស្ថិតក្នុងលក្ខណៈសម្រាកដូចជា + គិតដល់ម្រាមជើង បន្ទាប់មកពោលក្នុងចិត្តថា " ម្រាមជើងខ្ញុំបានសម្រាកដោយសុខហើយ! " ។ + គិតដល់ប្រអប់ជើង បន្ទាប់មកពោលក្នុងចិត្តថា " ប្រអប់ជើងរបស់ខ្ញុំបានសម្រាកដោយសុខហើយ! " ។ + គិតដល់កជើង បន្ទាប់មកពោលក្នុងចិត្តថា " កជើងរបស់ខ្ញុំបានសម្រាកដោយសុខហើយ " ។ អនុវត្តនូវវិធីដូចខាងលើនេះត្រង់ផ្នែននីមួយៗ ដូចបានរៀបរាប់ខាងដើមជាដំណាក់ៗ និងបន្តបន្ទាប់រហូតដល់ក្បាល មុខ និង ច្រមុះ។ លំហាត់សម្រាកសាច់ដុំជាដំណាក់ៗនេះ នៅពេលដែលយើងអនុវត្តបានល្អប្រសើរហើយនោះ ចិត្តរបស់យើងបានស្ងប់ចុះយ៉ាងល្អ ចំណែកឯរាងកាយក៏បានស្ថិតនៅក្នុងស្ថានភាពសម្រាកមួយដ៏ស្ងៀមស្ងាត់ ប្រៀបបីដូចជាគល់ឈើមួយដេលនៅនឹងថ្កល់។ ៣- លំហាត់ពោពាក្យផ្ទួនៗ លំហាត់ពោលពាក្យផ្ទួនៗជាវិធីសាស្ត្រសមាធិបែបបុរាណមួយបែបក្នុងចំណោមវិធីសាស្ត្រសមាធិផ្សេងៗទៀត ដែលអាចបង្កើនឲ្យមានភាពសុខសាន្តផ្នែកអារម្មណ៍នឹងការកាត់បន្ថយការតានតឹងចិត្តបានយ៉ាងល្អ។ អ្នកធ្វើលំហាត់សមាធិដោយពោលពាក្យផ្ទួនៗនេះ ត្រូវសម្រួលឥរិយាបថឲ្យបានធូរស្រួលតាមតែចិត្តយើងចង់ធ្វើ បន្ទាប់មកក៏ព្យាយាមបំភ្លេចចោលនូវរឿងរ៉ាវអវិជ្ជមានទាំងឡាយ ហើយចាប់ផ្ដើមបិទភ្នែកសមាធិដោយពោលក្នុងអារម្មណ៍ ឬពោលខ្សឹបៗនូវពាក្យដដែលៗឧទាហរណ៍ដូចជាពាក្យថា " ពុទ្ធោ " ជាដើម ឬក៏ជាគាថាខ្លីៗណាមួយនៃព្រះធម៌របស់ព្រះពុទ្ធដែលយើងចេះក៏បានដូចជា៖ - ចិត្តំ ទន្តំ សុខាវហំ ( មានន័យថា ចិត្តដែលគេទូន្មានបានហើយ នាំមកនូវសេចក្ដីសុខ ។ ) - ចិត្តំ គុត្តំ សុខាវហំ ( មានន័យថា ចិត្តដេលគេគ្រប់គ្រងបានហើយ នាំមកនូវសេចក្ដីសុខ ។ ) - ន ហិ សាធុ កោធោ ( មានន័យថា សេចក្ដីក្រោធ មិនល្អសោះឡើយ ។ ) - អនត្ថជននោ កោធោ ( មានន័យថា សេចក្ដីក្រោធ បង្កនូវសេចក្ដីវិនាស ។ ) -នត្ថិ សន្តិ បរំ សុខំ ( មានន័យថា មិនមានសេចក្ដីសុខណា ក្រៅពីសេចក្ដីស្ងប់ឡើយ ។ ) ការពោលពាក្យផ្ទួនៗដដែលៗនេះ គឺអាចអនុវត្តទៅតាមចង្វាក់នៃខ្យល់ដកដង្ហើមចេញ និងចូលដោយពោលពាក្យ " ពុទ្ធ " នៅពេលដកដង្ហើមចូល និង ពាក្យ " ទ្ធោ " នៅពេលដកដង្ហើមចេញ។ លំហាត់ពោលពាក្យផ្ទួនៗនេះ ក៏អាចអនុវត្តផងដែរតាមរយៈការទន្ទេញក្នុងអារម្មណ៍ ( ភាវនា ) នូវពាក្យដដែលៗ ឬគាថាខ្លីណាមួយដែលជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធបរមគ្រូដែលយើងចេះតាមរយៈឧទាហរណ៍ដូចបានលើកឡើងខាងដើម។ ការផ្ទង់អារម្មណ៍ពោលពាក្យដដែលៗនេះ អាចអនុវត្តក្នុងរយៈពេលប្រមាណជា១០នាទី ឬលើសពីនេះតាមតែលទ្ធភាពដែលអាចធ្វើបាន។ ៤- លំហាត់សមាធិផ្សេងៗ សមាធិ គឺជាការហ្វឹកហាត់ចិត្ត ប្រមូលផ្ដុំអារម្មណ៍ឲ្យមូលតាមរយៈការគ្រប់គ្រងអារម្មណ៍ប្រកបដោយភាពស្ងប់ស្ងាត់និងវិន័យខ្ពស់បំផុង។ សមាធិ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយការតានតឹងចិត្តដែលមានចំណាស់ជាយូរយាណាស់មកហើយក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសមួយចំនួនទៀតនៃទ្វីបអាស៊ី។ នៅក្នុងការអនុវត្តលំហាត់សមាធិបែបបុរាណ យើងអាចប្រើប្រាស់ឥរិយាបថអង្គុយពែនភ្នែនឲ្យត្រង់ខ្លួន ដោយដាក់ជើងស្ដាំត្រួតលើជើងឆ្វេង ដោយបាត់ដៃស្ដាំត្រួតលើបាតដៃឆ្វេង ហើយមេដៃទាំងពីរដាក់ទល់គ្នា ( ស្ទើប៉ះ ស្ទើរមិនប៉ះ ) ។ ចំពោះការអង្គុយបែបនេះ ត្រូវមានឥរិយាបថដែលសម្រាកយ៉ាងស្រួយបំផុតដោយមិនមានការខំប្រឹងឡើយ។ ចំពោះអ្នកដែលពុំស្ទាត់ជំនាញក្នុងការអង្គុយបែបនេះអាចអង្គុយសំយុងជើងលើកៅអី ដោយដាក់ដៃ ទាំងពីរលើភ្លៅដូចអធិប្បាយខាងដើម ឬប្រើប្រាស់ឥរិយាបថផ្សេងៗទៀតដែលយើងយល់ថា ធ្វើឲ្យរាងកាយរបស់យើងឋិតក្នុងស្ថានភាពសម្រួលឥរិយាបថណាមួយ ឲ្យបានសម្រាកយ៉ាងស្រួលបំផុតហើយពុំតឹងតែងចំពោះខ្លួនយើង។ បន្ទាប់ពីអង្គុយសម្រួលឥរិយាបថបានស្រួលហើយយើងអាចបិទភ្នែកប្រមូលផ្ដុំអារម្មណ៍សមាធិទៅលើខ្យល់ដកដង្ហើមចេញ និងចូល តាមដំណើរខ្យល់ដង្ហើមជាធម្មតា ក្នុងនោះត្រូវតាំងអារម្មណ៍ឲ្យដឹងថា ខ្លួនយើងដកដង្ហើមចូល ( ដឹង ) និងដកដង្ហើមចេញ ( ដឹង ) ដោយរក្សាអារម្មណ៍កុំឲ្យឃ្លានឆ្ងាយពីការដកដង្ហើមចេញចូលនោះ ឬក៏អនុវត្តដូចគ្នានេះដែរ ក៏ប៉ុន្តែបើកភ្នែកព្រឹកៗសម្លឹងចុះស្របងងតាមចុងច្រមុះគួបផ្សំនឹងការដកដង្ហើម។ បច្ចុប្បន្ននេះ អ្នកជំនាញការផ្នែកសុខភាពផ្លូវចិត្តបានអភិវឌ្ឍរបៀបសមាធិ ដោយផ្ចង់អារម្មណ៍លើខ្យល់ដកដង្ហើមចេញ-ចូល មួយបែបទៀតដែលមាន៣ដំណាក់កាលគឺ៖
១- ដកដង្ហើមចូល ២- ទប់ដង្ហើម ( រក្សាខ្យល់ដកដង្ហើមក្នុងសួតប្រហែល ៣ វិនាទី ) ៣- ដកដង្ហើមចេញ ។ វិធីសាស្ត្រនេះមានគុណប្រយោជន៍មួយចំនួនបន្ថែមគឺ ធ្វើឲ្យអ្នកសមាធិផ្ទង់អារម្មណ៍លើការដកដង្ហើមបានល្អជាងវិធីសាស្ត្របុរាណ។ ម្យ៉ាងទៀតអាចរក្សាខ្យល់ដកដង្ហើមដែលស្រូបចូលក្នុងសួតបានរយៈពេលយូរធ្វឲ្យឈាមអាចស្រួបយកអុកស៊ីសែនបានយ៉ាងល្អប្រសើរលើសពីការដកដង្ហើមធម្មតា។ ក្រៅពីរបៀបសមាធិដោយផ្ទង់អារម្មណ៍លើខ្យល់ដង្ហើមចេញ-ចូល យើងអាចជ្រើសរើសវត្ថុផ្សេងៗទៀតនៅជុំវិញខ្លួនយើងធ្វើជាគោលការផ្ដោតអារម្មណ៍ទៅរកវត្ថុនោះដូចជា ផ្កាឈូក ផ្កាផ្សេងៗ អណ្ដាតភ្លើងទៀន ឬពណ៌ផ្សេងៗជាដើម។ បន្ទាប់មកយើងក៏ចាប់ផ្ដើមចម្រើនសមាធិប្រមូលផ្ដុំអារម្មណ៍បើកភ្នែកសម្លឹងមើលទៅវត្ថុដែលយើងបានកំណត់នោះ ដោយព្យាយាមធ្វើចិត្តឲ្យជ្រះថ្លា រីករាយ បំភ្លេចទុក្ខកង្វល់ និងរឿងរ៉ាវអវិជ្ជមានទាំងឡាយ ហើយក៏ចាប់ផ្ដើមគ្រប់គ្រងអារម្មណ៍សមាធិ កុំឲ្យបែកចេញពីវត្ថុដែលយើងសម្លឹងនោះ។ បើអារម្មណ៍របស់យើងបែកទៅគិតអំពីផ្សេងទៀត យើងត្រូវព្យាយាមទាញអារម្មណ៍របស់យើងមកកាន់វត្ថុដែលយើងកំពុងផ្ដោតនោះវិញដោយសន្សឹមៗ តាមរយៈការដកដង្ហើមចេញនិងចូលមួយដងយ៉ាងវែង ជាការរំលឹកចិត្តឲ្យងាកមករកវត្ថុដែលយើងកំពុងផ្ដោតអារម្មណ៍ទៅរកនោះ។ ការធ្វើសមាធិបែបនេះ ត្រូវធ្វើនៅពេលដូចគ្នាជាប្រចាំ និងនៅទីកន្លែងស្ងៀមស្ងាត់គ្មានការរំខាន។ យើងអាចប្រើប្រាស់ពេលវេលាវែង ឬខ្លីក្នុងការធ្វើសមាធិតាមតែយើងអាចធ្វើបាន ( ៥នាទី ១០ នាទី ២០នាទី ឬវែងជាងនេះ) ។ ដកស្រង់ចេញពីសៀវភៅ យុវជននិងការថែទាំសុខភាពផ្លូវចិត្ត ដោយ៥០០០ឆ្នាំ |