Reading Article
Public date : 16, Oct 2021 (10,468 Read)
ប្រាសាទព្រះគន្ធកុដិក្នុងធម្មនគរ

|
ប្រាសាទព្រះគន្ធកុដិក្នុងធម្មនគរ
ព្រះរាជា មានកម្លាំង ទ្រង់សង្កត់សង្កិន នូវពួកស្តេចជា សត្រូវ លុះទ្រង់ឈ្នះសង្គ្រាមហើយ ទើបសាងទីក្រុង ក្នុងដែន ដែលទ្រង់ឈ្នះហើយនោះ ។ ទ្រង់ឱ្យជាងធ្វើកំពែង ស្នាមភ្លោះ សសរខឿន ខ្លោងទ្វារ និង ប៉មទាំងឡាយផ្សេងៗ ជាច្រើនក្នុងនគរ ។ ទ្រង់ឱ្យជាងធ្វើ ផ្លូវត្រឡែងកែង ផ្លូវថ្នល់ រានផ្សារជាចន្លោះ ដែលតាក់តែងល្អ ព្រមទាំងសភាសម្រាប់វិនិច្ឆ័យនូវសេចក្តីចម្រើន និង សេចក្តីមិន ចម្រើនក្នុងនគរនោះ ។ ព្រះរាជាអង្គនោះទ្រង់តាំងសេនាមាត្យ ដើម្បីឱ្យសង្កត់សង្កិននូវពួកសត្រូវ ឱ្យស្គាល់ទោស និង មិនមែនទោស ដើម្បីរក្សា នូវពួកពល ។ ព្រះរាជាអង្គនោះ ទ្រង់តាំងបុរសអ្នករក្សានូវភណ្ឌៈ ជាអ្នក ឈ្លាសវៃក្នុងការទុកដាក់ ដើម្បីប្រយោជន៍រក្សានូវភណ្ឌៈ ដោយ ព្រះរាជបំណងថា កុំឱ្យភណ្ឌៈ របស់យើងវិនាសទៅបានឡើយ ។ បុរសនោះ ជាអ្នកមានស្វាមីភក្តិចំពោះព្រះរាជា ព្រោះ ព្រះរាជាប្រាថ្នាការចម្រើនដល់បុរសណា ទ្រង់ក៏ព្រះរាជទាននូវ ឥស្សរៈ ក្នុងការវិនិច្ឆ័យអធិករណ៍ដល់បុរសនោះ ដើម្បីប្រតិបត្តិ កុំឱ្យបែកមិត្ត ។ ព្រះរាជានោះ ទ្រង់តាំងបុរសអ្នកវាងវៃ ក្នុងឧប្បត្តិហេតុ ទាំងឡាយផង ក្នុងនិមិត្តទាំងឡាយផង ក្នុងលក្ខណៈទាំងឡាយផង ជាអ្នកបង្រៀនមន្ត ចេះចាំមន្ត ក្នុងឋានៈជាបុរោហិត ។ ព្រះរាជា បរិបូណ៌ដោយអង្គទាំងឡាយនោះហើយ ទើប ហៅថាក្សត្រ បុរសទាំងនោះ តែងរក្សាព្រះរាជានោះសព្វៗកាល ដូចសត្វចាក្រពាក រក្សាក្រុមញាតិ ដែលដល់នូវសេចក្តីទុក្ខ ។ បពិត្រព្រះអង្គមានព្យាយាមធំ អ្នកផងតែងហៅព្រះអង្គថា ធម្មរាជរបស់សត្វលោក ព្រមទាំងទេវលោក ដូចក្សត្រដែលបាន កម្ចាត់សត្រូវហើយ ដូច្នោះដែរ ។ ព្រះធម្មរាជនោះ ទ្រង់ញាំញីនូវពួកអន្យតិរ្ថិយទាំងឡាយផង នូវមារព្រមទាំងសេនាផង ទ្រង់ទម្លាយមោហន្ធការដ៏ងងឹត រួច ហើយ ព្រះអង្គកសាងនូវធម្មនគរ ។ បពិត្រព្រះអង្គមានបញ្ញាជាគ្រឿងទ្រទ្រង់ ឯក្នុងធម្មនគរ នោះ មានសីលជាកំពែង មានញាណរបស់ព្រះអង្គជាខ្លោងទ្វារ មានសទ្ធារបស់ព្រះអង្គជាសសរខឿន និង មានការសង្រួមជា នាយឆ្មាំទ្វារ ។ បពិត្រព្រះមុនី ព្រះអង្គមានសតិប្បដ្ឋាន ៤ ជាប៉ម បញ្ញា របស់ព្រះអង្គជាផ្លូវថ្នល់ ឥទ្ធិបាទ ៤ ជាផ្លូវត្រឡែងកែង ធម្មវិថី គឺ ពោធិបក្ខិយធម៌ទាំង ៣៧ ព្រះអង្គទ្រង់សាងទុកល្អហើយ ។ ព្រះសូត្រ ព្រះអភិធម្ម និង ព្រះវិន័យ ពុទ្ធវចនៈមានអង្គ ៩ ទាំងអស់នោះ ជាធម្មសភារបស់ព្រះអង្គ ។ សុញ្ញតវិហារ អនិមិត្តវិហារ អប្បណិហិតវិហារ ការមិន មានតណ្ហាជាគ្រឿងញាប់ញ័រ និង ការរំលត់ទុក្ខ នេះជាធម្មកុដិ របស់ព្រះអង្គ (គឺប្រាសាទព្រះគន្ធកុដិក្នុងធម្មនគរ )។ ព្រះថេរៈជាបុគ្គលប្រសើរខាងប្រាជ្ញា ដែលព្រះអង្គតាំងទុក ហើយ ជាអ្នកវាងវៃក្នុងប្រាជ្ញា មានឈ្មោះថាសារីបុត្ត គឺជា ធម្មសេនាបតីរបស់ព្រះអង្គ ។ បពិត្រព្រះមុនី ព្រះថេរៈដែលឈ្លាសវៃក្នុងចុតូបបាតញ្ញាណ គឺ ប្រាជ្ញាដែលដឹងនូវចុតិ និង បដិសន្ធិរបស់សត្វ ដល់នូវត្រើយ នៃឫទ្ធិ មានឈ្មោះថាកោលិតៈ ជាបុរោហិតរបស់ព្រះអង្គ ។ បពិត្រព្រះមុនី ព្រះថេរៈឈ្មោះកស្សបៈ អ្នកទ្រទ្រង់វង្ស បុរាណ មានតេជះដ៏ខ្ពង់ខ្ពស់ ដែលគេគ្របសង្កត់បានដោយក្រ ប្រសើរក្នុងគុណ គឺទ្រទ្រង់ធុតង្គទាំង ១៣ ជាអ្នកសម្រាប់ពិភាក្សា របស់ព្រះអង្គ ។ បពិត្រព្រះមុនី ព្រះថេរៈជាពហុស្សូត អ្នកទ្រទ្រង់ធម៌ ចេះ ចាំពុទ្ធវចនៈទាំងអស់ក្នុងសាសនា មាននាមថា អានន្ទ ជាអ្នករក្សា ធម៌របស់ព្រះអង្គ ។ ព្រះមានព្រះភាគរបស់ខ្ញុំ ជាអ្នកស្វែងរកគុណដ៏ធំ ព្រះអង្គ បានរំលងគឺវៀរនូវព្រះថេរៈទាំងអស់នោះ ហើយទ្រងប្រ់ទានការ វិនិច្ឆ័យក្នុងវិន័យ ដែលវិញ្ញុភិក្ខុទាំងឡាយសម្តែងហើយ ដល់ខ្ញុំ ព្រះអង្គ ។ ពុទ្ធសាវកណាមួយ សួរបញ្ហាក្នុងវិន័យ ( នឹងខ្ញុំព្រះអង្គ ) ខ្ញុំព្រះអង្គមិនបាច់គិត ក្នុងបញ្ហានោះទេ ខ្ញុំព្រះអង្គប្រាប់សេចក្តី នោះតែម្តង ។ ពុទ្ធក្ខេត្តកំណត់ត្រឹមណា វៀរលែងតែព្រះមហាមុនីចេញ មិនមានភិក្ខុណា ស្មើនឹងខ្ញុំព្រះអង្គក្នុងព្រះវិន័យឡើយ តើនឹងមាន ភិក្ខុប្រសើរលើសខ្ញុំព្រះអង្គពីណាមក ។ ព្រះគោតមទ្រង់គង់ក្នុងកណ្តាលជំនុំភិក្ខុសង្ឃ ហើយទ្រង់ ប្រកាសយ៉ាងនេះថា ភិក្ខុណាមួយ ជាអ្នកស្មើដោយឧបាលីក្នុង វិន័យ និង ខន្ធកៈ មិនមានឡើយ ។ សត្ថុសាសនា មានអង្គ ៩ ដែលព្រះពុទ្ធសម្តែងហើយ មាន កំណត់ត្រឹមណា ទាំងអស់នោះ ព្រះអង្គសម្តែងហើយ ក្នុងព្រះ វិន័យ ឱ្យដល់បុគ្គលអ្នកឃើញថា ( នវង្គសត្ថុសាសនាទាំងនោះ ) មានព្រះវិន័យជាឫសគល់ ។ ព្រះគោតមជាបុគ្គលប្រសើរ ក្នុងសក្យត្រកូល ទ្រង់រលឹក ឃើញនូវអំពើរបស់ខ្ញុំ ហើយព្រះអង្គទ្រង់គង់ក្នុងកណ្តាលភិក្ខុសង្ឃ បានតែងតាំងនូវខ្ញុំក្នុងតំណែងជាឯតទគ្គៈខាងវិន័យធរ ។ ខ្ញុំបានប្រាថ្នាយកនូវតំណែងនេះ មួយសែនកប្បមកហើយ ឥឡូវនេះ ប្រយោជន៍នោះ ខ្ញុំបានសម្រេចហើយ ខ្ញុំបានដល់នូវ ត្រើយក្នុងព្រះវិន័យហើយ ។ កាលពីដើម ខ្ញុំជានាយខ្មាន់ព្រះកេស ជាអ្នកបណ្តុះសេចក្តី ត្រេកអរដល់ពួកសក្យៈ ឥឡូវនេះ ខ្ញុំបានលះបង់កំណើតនោះ ចោលចេញហើយ បានមកជាបុត្ររបស់ព្រះមហេសីសម្ពុទ្ធវិញ ។ ដកស្រង់ចាក សៀវភៅ ជំនួយសតិភាគទី ១៦ រៀបរៀងដោយ អគ្គបណ្ឌិត ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |