Reading Article
Public date : 06, Jul 2021 (55,182 Read)
របៀបបង្ហាញខ្លួនដល់ភ្ញៀវ

|
របៀបបង្ហាញខ្លួនដល់ភ្ញៀវ
គេត្រូវបង្ហាញខ្លួនចំពោះភ្ញៀវរបៀបដូចម្ដេច? ការបង្ហាញខ្លួននេះបានពីរយ៉ាងគឺ បង្ហាញខ្លួនដោយខ្លួនឯងនិងបង្ហាញខ្លួនដោយអ្នកដទៃ។ បង្ហាញខ្លួនដោយខ្លួនឯង : តាមការនិយមថ្លៃថ្នូរ។ បុរសដែលបង្ហាញខ្លួនទៅស្ត្រី ឬទៅបុរសគ្នាឯង ត្រូវបង្ហាញខ្លួនដោយនិយាយថា ខ្ញុំបាទ ឬខ្ញុំឈ្មោះ ក ខ ដោយប្រាប់ទាំងគោត្តនាម និងនាមខ្លួន។ ស្ត្រីដែលបង្ហាញខ្លួនទៅស្ត្រីគ្នាឯង ឬទៅបុរសគួរនិយាយប្រាប់តែនាមរបស់ខ្លួនក៏ជាការគួរសមគ្រប់គ្រាន់ហើយ។ បង្ហាញខ្លួនដោយអ្នកដទៃ: មនុស្សម្នាក់បង្ហាញខ្លួនមនុស្សម្នាក់ទៀត ទៅអ្នកដទៃត្រូវចេះគិតបន្តិចគឺត្រូវសំឡឹងគិត តើមនុស្សទាំងពីរនាក់ដែលយើងត្រូវបង្ហាញឲ្យស្គាល់គ្នានេះមានអាយុប៉ុន្មាន នរណាចាស់ជាងគេនរណាអ្នកមានបុណ្យសក្ដិធំជាងនរណា។ គេត្រូវបង្ហាញមនុស្សក្មេងចាស់ប្រាប់មនុស្សចាស់ អ្នកតូចប្រាប់អ្នកធំ។ តាមធម្មតាគេបង្ហាញមនុស្សប្រុសប្រាប់មនុស្សស្រី លើកលែងតែបុរសដែលត្រូវបង្ហាញជាប្រមុខរដ្ឋ គឺជាអ្នកបួសក្នុងសាសនា។ ក្នុងការបង្ហាញខ្លួននេះយើងជាអ្នកបង្ហាញគេ ត្រូវនិយាយកុំឲ្យមានការសង្ស័យចង់សួរខ្លាំងពេក គួរនិយាយប្រាប់ថា ៖ លោក ក ត្រូវជាប្អូន ជាបង ជាមា ជាឪពុក ជីតា ឬជាមិត្តរបស់ខ្ញុំ មុខងាររាល់ថ្ងៃរកស៊ីធ្វើការអ្វី។ បើយើងបង្ហាញខ្លួនស្រីត្រូវនិយាយថានាងនេះ លោកស្រីនេះ ។ល។ ឈ្មោះ ខ ត្រូវជាប្អូន បង ម្ដាយ ជីដូន ឬជាមិត្តនារី ។ល។ របស់ខ្ញុំ សព្វថ្ងៃធ្វើការនៅកន្លែងណា ។ល។ បើស្ត្រីនោះមិនបានធ្វើការធ្វើអ្វីៗឡើយបើនាងជាសិស្សសាលាយើងត្រូវប្រាប់ថា រៀននៅថ្នាក់ណា សាលាណា ។ល។ បើមនុស្សដែលយើងគួរបង្ហាញគេនោះត្រូវជាប្ដី ឬត្រូវជាប្រពន្ធរបស់យើងយើងត្រូវនិយាយប្រាប់គេដោយស្មោះត្រង់ដោយនិយាយថា ៖ លោកជំទាវ លោកស្រី ឯកឧត្ដម លោកនេះត្រូវជាប្រពន្ធរបស់ខ្ញុំបាទ ឬនេះត្រូវជាប្ដីរបស់នាងខ្ញុំ ។ល។ បើនិយាយអោយសមតាមរបៀបជាតិយើង យើងគួរនិយាយអោយបានសមរម្យ អោយទន់ភ្លន់ ដោយនិយាយថា ជម្រាបប្រសាសន៍លោកជំទាវ លោកស្រី ឯកឧត្ដម លោក នាងនេះ ឬលោកនេះត្រូវជាប្រពន្ធ ឬប្ដីរបស់ខ្ញុំបាទ ឬនាងខ្ញុំ។ នៅពេលដែលគេនាំឲ្យស្គាល់ដំបូងនេះ ភ្ញៀវម្ខាង ឬម្ខាងទៀត មិនគប្បីជជីកសាកសួរឫសគល់ កំណើតកើតជាតាំងពីតូចក្រូចឆ្មាររហូតដល់ចាស់សក់ស្កូវសោះឡើយ។ គេត្រូវសាកសួរគ្នាខ្លះៗដែរ ប៉ុន្តែឲ្យសមល្មមតាមការដែលយើងទើបនឹងស្គាល់គេដំបូង។ ដល់ពេលដែលគេបង្ហាញខ្លួនយើង ដល់អ្នកម្នាក់ទៀតនោះយើងសំពះគួរសមគ្នាដោយសម្លឹងមុខឲ្យចំ ហើយយើងត្រូវបញ្ចេញទឹកមុខឲ្យញញឹមប្រិមប្រិយ សម្តែងឲ្យភ្ញៀវម្នាក់ទៀតនោះដឹងថា យើងចូលចិត្តការគួរសមតាមប្រពៃណីជាតិ យើងមិនត្រូវបញ្ចេញទឹកមុខក្រញូវសម្លឹង ខ្ពើមរអើមគេសោះឡើយគួរយើងយល់ថាគ្នាក៏ជាមនុស្សមានជីវិតតែមួយដូច យើងដែរហើយជាពិសេសគេក៏ជាមនុស្សមានចិត្តចេះយល់ល្អ អាក្រក់ដែរ។ ដកស្រង់ចេញពីសៀវភៅ សុជីវធម៌ ដោយ៥០០០ឆ្នាំ |