Reading Article
Public date : 06, Jul 2021 (11,574 Read)
ទីដេក ទីអង្គុយដ៏ស្ងាត់

|
ទីដេក ទីអង្គុយដ៏ស្ងាត់
ដើម្បីជាគ្រឿងប្រដាប់សតិបញ្ញានិងជាវត្តប្រតិបត្តិរបស់សាធុសប្បុរសពុទ្ធបរិស័ទ ដូចតទៅនេះ៖ ព្រៃភ្នំ ឬព្រៃឈើដែលផុតពីស្រុកនិងឧបចារនៃស្រុក ដែលប្រកបដោយពួកឈើធំតូច ឬរុក្ខមូល ( គល់ឈើ ) និងសុញ្ញាគារដ្ឋាន ( ផ្ទះទំនេរឥតមនុស្សនៅ ) ដោយហោចទៅសូម្បីតែកុដិ ( ខ្ទម ) តូច ៗ ដែលសង់ក្នុងទីស្ងាត់សម្រាប់ជាទីចម្រើនសមណធម៌ ទីអម្បាលនេះជាដើម ហៅថា ទីដេកទីអង្គុយដ៏ស្ងាត់។ ឯលំនៅជាទីអាស្រ័យដេកអង្គុយរបស់យោគីអ្នកប្រាថ្នាសេចក្ដីស្ងប់រម្ងាប់នោះ, គួរឲ្យជាទីស្ងាត់ច្រៀបចាករូបារម្មណ៍និងសទ្ទារម្មណ៍ កុំឲ្យជាទីគឹកកងរំពងឡើយ បើច្របូកច្របល់ដោយមនុស្សអ៊ូរអរធ្វើម្ដេចនឹងឲ្យជាទីសម្រាន្តចិត្តទៅកើត, មិនងាយនឹងរក្សាចិត្តឲ្យស្ងប់រម្ងាប់បានទេ រឹតតែនាំឲ្យកើតអារម្មណ៍ជាគ្រឿងអផ្សុកចិត្តថែមទៀតក៏មាន។ ព្រោះហេតុនោះបានជាបណ្ឌិតច្រើនតែចូលចចិត្តនឹងសេនាសនៈដ៏ស្ងាត់មានព្រៃភ្នំជាដើម។ ធម្មតាព្រៃភ្នំរមែងជាទីស្រួល គួរឲ្យសរសើរយ៉ាងច្រើន, ទើបជាទីត្រេកអររបស់ពួកយោគី តែពួកយោគីដែលចូលទៅនៅក្នុងព្រៃនោះ គួរបង្អោនចិត្តគិតប្រៀបធៀបព្រៃហើយនិងចិត្តរបស់ខ្លួន តាមន័យដែលព្រះនាគសេនត្ថេរថ្វាយព្រះពរព្រះបាទមិលិន្ទ ដូចសំដែងតទៅនេះ៖ អង្គនៃព្រៃធំមាន ៥ ១. ព្រះធំជាទីបិទបាំងទុកនូវមនុស្សដែលមិនស្អាតបានដូចម្ដេចមិញ, ព្រះយោគាវចរក៏គប្បីបិទបាំងទុកនូវទោសកំហុសសេចក្ដីភ្លាំងភ្លាត់របស់អ្នកដទៃ ឲ្យដូចជាព្រៃធំដែលបិទបាំងទុកនូវមនុស្សមិនស្អាតដូច្នោះ ២. ព្រះធំជាទីសោះសូន្យទទេឥតមនុស្សទៅរក ដូចម្ដេចមិញ, ព្រះយោគាវចរក៏គប្បីជាអ្នកសូន្យចាកកិលេសទាំងពួងគឺ រាគៈ, ទោសៈ, មោហៈ, មានះ, ទិដ្ឋិ ដែលជាបណ្ដាញចាក់ស្រែះនៅក្នុងសន្ដាន ឲ្យដូចជាព្រៃធំដែលសូន្យចាកមនុស្សដូច្នោះ ៣. ព្រៃធំជាទីស្ងាត់ជ្រងំ ដូចម្ដេចមិញ, ព្រះយោគាវចរក៏គប្បីជាអ្នកស្ងាត់ចាកពួកអកុសលធម៌ដ៏លាមក ដែលជាចិត្តរបស់បុថុជ្ជន មិនមែនជាចិត្តព្រះអរិយៈ ឲ្យដូចជាព្រៃធំដែលស្ងាត់ជ្រងំដូច្នោះ ៤. ព្រៃធំជាទីស្ងប់រម្ងាប់ជាទីបរិសុទ្ធ ដូចម្ដេចមិញ, ព្រះយោគាវចរក៏គប្បីជាអ្នកកមានចិត្តស្ងប់រម្ងាប់បរិសុទ្ធ គប្បីជាអ្នករំលត់នូវ មានះ ( សេចក្ដីប្រកាន់ ) មក្ខៈ ( សេចក្ដីលុបគុណលោក ) ឲ្យដូចជាព្រៃធំដែលស្ងប់រម្ងាប់បរិសុទ្ធដូច្នោះ ៥. ព្រៃធំជាទីសេពគប់របស់ពួកអរិយជន ដូចម្ដេចមិញ, ព្រះយោគាវចរក៏គប្បីធ្វើខ្លួនឲ្យជាទីសេពគប់របស់អរិយជនដូច្នោះ សេចក្ដីនេះ សមដូចព្រះពុទ្ធដីកាដែលទ្រង់សំដែងទុកក្នុងសំយុត្តនិកាយដ៏ប្រសើរថា៖ បវិវិត្តេហិ អរិយេហិ បហិតត្តេហិ វិញ្ញូហិ និច្ចំ អារទ្ធវីរិយេហិ បណ្ឌិតេហិ សហាសវេ។ សេចក្ដីថា ព្រះយោគាវចរគប្បីនៅជាមួយនឹងពួកបណ្ឌិតអ្នកស្ងាត់ អ្នកឆ្ងាយចាកកិលេស អ្នកបញ្ជូនចិត្តទៅក្នុងសមាធិជាអ្នកប្រាជ្ញប្រារព្ធសេចក្ដីព្យាយាម ជានិច្ចជាកាលចុះ។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |