Reading Article
Public date : 03, Nov 2022 (13,784 Read)
ការរលឹកដល់សេចក្តីស្លាប់

|
មរណស្សតិ
ឥឡូវនេះ ភាវនានិទ្ទេសនៃមរណស្សតិ បន្ទាប់ពីទេវតានុស្សតិ ដល់ហើយតាមលំដាប់ ៖ ការដាច់នៃជីវិតិន្ទ្រិយ ដែលបន្តទៅក្នុងភពមួយ ឈ្មោះថា មរណ ក្នុងពាក្យថា មរណស្សតិ នោះ, ឯ សមុច្ឆេទមរណ ពោល គឺ ការដាច់ជាសមុច្ឆេទនៃវដ្ដទុក្ខ របស់ព្រះអរហន្តទាំងឡាយក្ដី, ខណិកមរណ បានដល់ ការរលត់ក្នុងខណៈៗនៃសង្ខារទាំងឡាយក្ដី, សម្មតិមរណ ក្នុងពាក្យនិយាយរបស់អ្នកស្រុកថា ដើមឈើងាប់ លោហៈងាប់ជាដើមក្ដី ឯណាមរណៈនោះ ទ្រង់មិនបានបំណងយកក្នុងមរណស្សតិនេះទេ ចំណែកមរណៈ ដែលទ្រង់បំណងយកនោះ មាន ២ យ៉ាង គឺ កាលមរណ អកាលមរណ, ក្នុងមរណៈពីរយ៉ាងនោះ កាលមរណ រមែងមានព្រោះអស់បុណ្យខ្លះ ព្រោះអស់អាយុខ្លះ ព្រោះអស់ទាំងបុណ្យទាំងអាយុខ្លះ, អកាលមរណៈ រមែងមានដោយអំណាចកម្មចូលទៅកាត់ផ្ដាច់ ( ជនកៈ ) កម្ម។ ក្នុងមរណៈទាំងឡាយនោះ មរណៈណា កាលបច្ច័យ ដែលជាគ្រឿងញ៉ាំងអាយុឲ្យបន្តទៅនៅមាន តែមរណៈ ក៏កើតឡើងបាន ព្រោះកម្មដែលឲ្យបដិសន្ធិ មានវិបាកទុំជោហើយ ឈ្មោះថា មរណៈ ព្រោះអស់បុណ្យ, មរណៈណា ប្រាកដឡើងដោយអំណាចការអស់អាយុ ដូចអាយុដែលមាន ១០០ ឆ្នាំ របស់មនុស្សសព្វថ្ងៃ ព្រោះការមិនមានសម្បត្តិ ដូចជា គតិ កាល និងអាហារជាដើម នេះឈ្មោះថា មរណៈ ព្រោះអស់អាយុ ចំណែកមរណៈណា មានដល់បុគ្គលទាំងឡាយ ដែលជាបច្ច័យជាគ្រឿងបន្ត ( អាយុ ) ត្រូវកម្ម ដែលអាចញ៉ាំងសត្វឲ្យឃ្លាតចាកឋានៈ ( ការរស់នៅ ) ទាន់ហន់ ចូលមកកាត់ផ្ដាច់ ដូចបុគ្គលបាបទាំងឡាយ មានទុស្សីមារ និងស្ដេចកលាពុ ជាដើមក្ដី ដល់បុគ្គលទាំងឡាយ ដែលបច្ច័យជាគ្រឿងបន្ត ( អាយុ ) មកកាត់ផ្ដាច់ ដោយឧបក្កម ( ការប្រទូសរ៉ាយ ) មានការប្រើសស្ដ្រាជាដើម ដោយអំណាចនៃកម្មដែលបានធ្វើទុក ក្នុងកាលមុនក្ដីមរណៈនេះ ឈ្មោះថា អកាលមរណ។ មរណៈទាំងអស់នោះ សង្គ្រោះចូលដោយការដាច់ជីវិតិន្ទ្រិយ មានប្រការដូចពោលហើយ ការរឭកដល់មរណ ពោល គឺ ការដាច់នៃជីវិតិន្ទ្រិយ ដូចពោលមកនេះ ឈ្មោះថា មរណស្សតិ។ ដកស្រង់ចេញពីសៀវភៅ មរណស្សតិ ដោយ៥០០០ឆ្នាំ |