Reading Article
Public date : 03, Nov 2022 (21,178 Read)
ការសង្រួមក្នុងបាតិមោក្ខ

|
ការសង្រួមក្នុងបាតិមោក្ខ
ធម៌ដែលជាដើម ជាប្រធាន របស់ភិក្ខុ ជាគ្រឿងហាមឃាត់ គ្រឿងការពារ នូវមារយាទអាក្រក់ ដែលកើតឡើងដោយកាយ ឬវាចា, អាចញ៉ាំងបុគ្គលអ្នករក្សាឲ្យរួចចាកអបាយទុក្ខបាន ហៅថា បាតិមោក្ខ សេចក្ដីសង្រួម, សេចក្ដីរវាំង, សេចក្ដីប្រុងប្រយ័ត្ន មិនហ៊ានកន្លងល្មើសនូវអាបត្តិទាំង ៧ កង ហៅថា សំវរៈ រួមពាក្យទាំង ២ ម៉ាត់ចូលគ្នាជា បាតិមោក្ខសំវរៈ ប្រែថា ការសង្រួមក្នុង បាតិមោក្ខ ។ បាតិមោក្ខនេះបើសំដែងដោយសេចក្ដី ក៏គឺជាឈ្មោះបាលីដែលរួបរួមសិក្ខាបទពុទ្ធប្បញ្ញត្តិ ដែលព្រះសម្មាសម្ពុទ្ធទ្រង់តែងតាំងឡើង សម្រាប់ឲ្យភិក្ខុសិក្សាជាខាងដើមនៃការប្រព្រឹត្តព្រហ្មចរិយៈ មានពុទ្ធានុញ្ញាតឲ្យសូត្រក្នុងទីប្រជុំសង្ឃគ្រប់ៗកន្លះខែ, បើសំដែងដោយសម្លឹងយកបុគ្គលអ្នករក្សា ក៏បានជា ២ យ៉ាង គឺ ភិក្ខុប្បាតិមោក្ខ១, ភិក្ខុនីបាតិមោក្ខ ១, ភិក្ខុបាតិមោក្ខមានសិក្ខាបទ ២៧៧, ភិក្ខុនីបាតិមោក្ខមានសិក្ខាបទ ៣១១។ សេចក្ដីល្មើស ឬទោសដែលកើតព្រោះសេចក្ដីល្មើសនឹងវិនយប្បញ្ញត្តិ ដែលព្រះសម្ពុទ្ធទ្រង់ហាម ហៅថា អាបត្តិ, អាបត្តិនេះ បើសំដែងតាមន័យដែលមកក្នុងបាតិមោក្ខ មាន ៥ កងគឺ ៖ ១- បារាជិក ២- សង្ឃាទិសេស ៣- បាចិត្តិយៈ ៤- បាដិទេសនីយៈ ៥- ទុក្កដ តាមន័យក្រៅពីបាតិមោក្ខ មាន៧កងគឺ៖ ១- បារាជិក ២- សង្ឃាទិសេស ៣- ថុល្លច្ច័យ ៤- បាចិត្តិយៈ ៥- បាដិទេសនីយៈ ៦- ទុក្កដ ៧- ទុព្ភាសិត។ បារាជិកនោះ បើភិក្ខុត្រូវហើយ រមែងដាច់ចាកភាវៈជាភិក្ខុមិនមែនជាសមណៈ មិនមែនជាសក្យបុត្រ ចាលចាញ់ព្រះពុទ្ធសាសនា មិនមានសំវាស គឺរួមធ្វើសង្ឃកម្មជាមួយនឹងសង្ឃតទៅមិនបាន ឥតផ្លូវកែខ្លួនឲ្យត្រឡប់ជាភិក្ខុឡើងវិញបានឡើយ។ - បឋមបារាជិក បើភិក្ខុត្រូវហើយ ប្រៀបដូចបុរសកំបុតក្បាលមិនអាចនឹងរស់នៅដោយការភ្ជាប់សរីរៈឡើងវិញបាន។ - ទុតិយបារាជិក ដូចស្លឹកឈើទុំជ្រុះចាកទង មិនត្រឡប់លូតលាស់ខៀវខ្ចីឡើងវិញបាន។ - តតិយបារាជិក ដូចថ្មតាន់បែកចេញជាពីរភាគ នឹងតឲ្យជិតស្និទ្ធដូចដើមឡើងវិញមិនបាន។ - ចតុត្ថបារាជិត ដូចដើមត្នោតកំបុតក មិនគួរនឹងដុះល្អឡើងវិញបាន។ ចំណែកអាបត្តិដទៃក្រៅពីបារាជិក នៅមានផ្លូវកែខៃបានដូចអាបត្តិសង្ឃាទិសេស បើភិក្ខុត្រូវហើយ ត្រូវធ្វើបរិវាសកម្មទើបរួចទោសនោះ ។ អាបត្តិ ៥ កងទៀត បើភិក្ខុត្រូវហើយត្រូវសំដែងចំពោះមុខសង្ឃ គឺភិក្ខុតាំងពី ៤ រូបឡើងទៅ, ចំពោះគណៈ គឺភិក្ខុ ២ រូបឬ ៣ រូប, ចំពោះបុគ្គល គឺភិក្ខុ ១ រូប ទើបរួចចាកទោសនោះបាន។
ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |